សម្ព័ន្ធអ៊ីនធឺណិតអាស៊ី (Asia Internet Coalition) ដែលមានសមាជិកជាក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនក្នុងនោះ ក៏មានក្រុមហ៊ុន Apple, Meta (អតីតហ្វេសប៊ុក) និង Google បានប្រតិកម្មធ្ងន់ៗទៅនឹងការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មានដែលសម្ព័ន្ធនេះអះអាងថា នឹងធ្វើឱ្យខូចខាតដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសិទ្ធិពលរដ្ឋ។ នេះបើតាមសេចក្តីថ្លែងការណ៍មួយចេញផ្សាយ កាលពីថ្ងៃពុធ។
សេចក្តីថ្លែងការណ៍របស់សម្ព័ន្ធអ៊ីនធឺណិត ដែលវីអូអេទទួលបាន កាលពីថ្ងៃពុធ ទី៧ ខែកញ្ញា ឆ្នាំ២០២២នេះ បានលើកឡើងថា បទបញ្ញត្តិជាច្រើនក្នុងសេចក្តីព្រាងច្បាប់នេះមានលក្ខណៈគំរាមកំហែងឯកជនភាពរបស់អ្នកប្រើប្រាស់ និងមិនស្របតាមការអនុវត្តជាលក្ខណៈអន្តរជាតិ។
សេចក្តីថ្លែងការណ៍បានស្រង់សម្តីនាយកគ្រប់គ្រងសម្ព័ន្ធអ៊ីនធឺណិតអាស៊ី លោក Jeff Paine ជាភាសាអង់គ្លេស និងត្រូវប្រែសម្រួលជាខេមរភាសាតាមន័យដើមថា៖ «បច្ចេកវិទ្យាឌីជីថលបានជួយគំាទ្រសកម្មភាពជំនួញតូចៗ និងផ្តល់សិទ្ធិអំណាចដល់បុគ្គលនៅក្នុងប្រទេស ហើយច្បាប់នេះនឹងធ្វើឱ្យមានការធាក់ថយក្រោយនៃផលចំណេញខាងសេដ្ឋកិច្ច និងការតភ្ជាប់សង្គម ដែលបានផ្តល់ប្រយោជន៍ដល់ពលរដ្ឋកម្ពុជាគ្រប់រូប»។
សេចក្តីថ្លែងការណ៍ដដែលបន្ថែមថា៖ «យើងសូមផ្តល់អនុសាសន៍យ៉ាងមុតមាំថា រដ្ឋាភិបាលកម្ពុជាគួរពិចារណាឡើងវិញទៅលើសេចក្តីព្រាងច្បាប់នេះ បើពិនិត្យទៅលើផលប៉ះពាល់នៃគ្រោះថ្នាក់ដែលសេចក្តីព្រាងច្បាប់នេះអាចមានទៅលើអនាគតឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា»។
សេចក្តីថ្លែងការណ៍របស់សម្ព័ន្ធអ៊ីនធឺណិតអាស៊ីកើតមានឡើងតែប៉ុន្មានថ្ងៃ ក្រោយសេចក្តីព្រាងច្បាប់ស្តីពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនេះត្រូវបានលើកយកមកពិភាក្សាជាថ្មីដោយក្រុមមន្ត្រីកម្ពុជាដែលពាក់ព័ន្ធក្នុងការតាក់តែងសេចក្តីសើ្នច្បាប់នេះ ក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង។
បើតាមការអត្ថាធិប្បាយលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ស ខេង សេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាននេះត្រូវបានក្រសួងមហាផ្ទៃរៀបចំតាក់តែងឡើង តាំងពីឆ្នាំ២០១៦ ដោយបានឆ្លងកាត់កិច្ចប្រជុំពិគ្រោះយោបល់ជាច្រើនលើកជាច្រើនសារ និងក៏មានការចូលរួមពីភាគីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាផងដែរ។
រដ្ឋមន្ត្រីមហាផ្ទៃ លោកស ខេង បានឱ្យដឹងទៀតថា ដំណាលគ្នានឹងពេលមានការពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់នេះ ក៏មានការចូលរួមពីក្រុមហ៊ុនធំៗអាមេរិកចំនួន៥ ហើយសម្រាប់ភាគីកម្ពុជាវិញ មានការចូលរួមពីអន្តរក្រសួង រួមមានក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងព័ត៌មាន ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងយុត្តិធម៌។ សេចក្តីព្រាងច្បាប់នេះ មាន៨ជំពូក និង៥០មាត្រា។
ទោះបីមានការរិះគន់សេចក្តីព្រាងច្បាប់នេះថា នឹងបង្កផលប៉ះពាល់ដល់ឯកជនភាពនៃអ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតក្តី ក្រសួងមហាផ្ទៃបានបកស្រាយថា សេចក្តីព្រាងច្បាប់នេះនឹងការពារសិទ្ធិសេរីភាពបុគ្គលដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសបច្ចេកវិទ្យាព័ត៌មាន និងធានាសុចរិតភាពនៃការប្រើប្រាស់ ការគ្រប់គ្រងប្រព័ន្ធកុំព្យូទ័រ និងការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។
វីអូអេព្យាយាមសុំការអត្ថាធិប្បាយបន្ថែមពីសម្ព័ន្ធអ៊ីនធឺណិតអាស៊ីតាមសារអេឡិចត្រូនិកអ៊ីមែល តែមិនទាន់ទទួលបានការឆ្លើយតបទេ នៅថ្ងៃព្រហស្បតិ៍នេះ។
សេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាននេះមានមាត្រាមួយចំនួនដែលមានចែងអំពីការរក្សាទុកទិន្នន័យកុំព្យូទ័រ និងទិន្នន័យចរាចរណ៍ ដីកាបង្គាប់ឱ្យផ្តល់ទិន្នន័យ និងការឆែកឆេរ និងការរឹបអូសទិន្នន័យកុំព្យូទ័រ។
មាត្រា១២នៃច្បាប់នេះ ដែលនិយាយអំពីការរក្សាទុកទិន្នន័យកុំព្យូរទ័រ និងទិន្នន័យចរាចរណ៍នោះ បានចែងថា ក្នុងករណីដែលមានការសង្ស័យសមហេតុផលថា ភស្តុតាងនៃបទល្មើសមាននៅលើប្រព័ន្ធកុំព្យូទ័ររបស់អ្នកផ្តល់សេវា ឬនៅក្រោមការគ្រប់គ្រងរបស់អ្នកផ្តល់សេវា អ្នកផ្តល់សេវានោះត្រូវរក្សាទុក និងឬផ្តល់ផ្នែកណាមួយនៃទិន្នន័យកុំព្យូទ័រ ទិន្នន័យចរាចរណ៍ ឬព័ត៌មានអ្នកប្រើប្រាស់សេវាឱ្យបានលឿនតាមការស្នើសុំរបស់អាជ្ញាធរមានសមត្ថកិច្ចសម្រាប់ការប្រមូលភស្តុតាង។
សេចក្តីព្រាងច្បាប់ដដែលក៏មានចែងអំពីនីតិវិធីប្តឹងតវ៉ា ការផាកពិន័យ កិច្ចសហប្រតិបត្តិការអន្តរជាតិ និងទោសប្បញ្ញត្តិ ដែលសំដៅលើបទល្មើសនៃការចែកចាយទិន្ន័យកុំព្យូទ័រ ទិន្នន័យចរាចរណ៍ ឬទិន្នន័យផ្សេងទៀតរបស់បុគ្គលដែលស្ថិតក្រោមការស៊ើបអង្កេតដោយចេតនា ការធ្វេសប្រហែសរបស់មន្ត្រីមានសមត្ថកិច្ច និងបទលើ្មសមិនរក្សាការសម្ងាត់ជាដើម។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន ដែលទទួលបន្ទុកលើការតាក់តែងសេចក្តីព្រាងច្បាប់នេះ សុំមិនទាន់ផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានទេ ដោយលើកហេតុផលថា សេចក្តីស្នើច្បាប់នេះកំពុងស្ថិតក្នុងការពិភាក្សាផ្ទៃក្នុងនិងមិនទាន់ដាក់ជូនប្រមុខរាជរដ្ឋាភិបាលដើម្បីសម្រេចនៅឡើយ។ ប៉ុន្តែលោកថា អ្នករិះគន់លើសេចក្តីស្នើច្បាប់នេះទំនងជាមិនទាន់បានឃើញខ្លឹមសារសេចក្តីស្នើច្បាប់នេះទេ។
លោកថ្លែងថា៖ «អានេះ នៅក្នុងផ្ទៃក្នុងក្រសួងទេ។ ខ្ញុំអត់ទាន់ហ៊ានសម្ភាសអីឱ្យ ដោយសារវាមិនទាន់មានការសម្រេចពីប្រមុខរាជរដ្ឋាភិបាលនៅឡើយ។ អ៊ីចឹងហើយសុំអធ្យាស្រ័យសិន»។
លោកបន្ថែមថា៖ «គាត់បានឃើញអត្ថបទច្បាប់ហ្នឹងឬនៅ? គាត់ចេះតែនិយាយសិន និយាយអត់មានមូលដ្ឋាន»។
នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត ប្រាប់វីអូអេថាសង្គមស៊ីវិលមិនទាន់ដឹងប្រាកដថា តើសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាននេះត្រូវបានរដ្ឋាភិបាលកែសម្រួលយ៉ាងណាទេ ដែលនាំឱ្យមានការបារម្ភថា សេចក្តីព្រាងច្បាប់នេះនឹងដាក់គំនាបលើសិទ្ធិពលរដ្ឋ បើសិនខ្លឹមសារចុងក្រោយនៃសេចក្តីព្រាងច្បាប់នេះមិនមានការកែប្រែច្រើននោះ ដូចជាមាត្រា៤៥ ដែលចែងអំពីការផ្តល់ព័ត៌មានមិនពិត។
លោកបន្ថែមថា ប្រទេសដទៃក៏បង្កើតច្បាប់ស្រដៀងគ្នានេះដែរ ក្នុងបំណងការពារឯកជនភាពអ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត មិនមែនក្នុងចេតនាបំបិទសិទ្ធិពលរដ្ឋទេ។
លោកថ្លែងថា៖ «បណ្តាប្រទេសមួយចំនួន គេមានច្បាប់នេះ។ ក៏ប៉ុន្តែច្បាប់គេ គឺក្នុងន័យដើម្បីទីមួយគឺទប់ស្កាត់បទល្មើសបច្ចេកវិទ្យាព័ត៌មាន ដែលជាបទល្មើសឧក្រិដ្ឋ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ឬក៏សន្តិសុខជាតិរបស់គេ ជាបទល្មើសឧក្រិដ្ឋ។ ហើយមួយទៀតគឺក្នុងគោលបំណងគេលើកកម្ពស់ និងការពារទៅដល់ក្រុមហ៊ុន ឬសិទ្ធិអ្នកប្រើប្រាស់ ជាពិសេសឯកជនភាពរបស់បុគ្គលមួយៗ មិនមែនជាច្បាប់មួយដើម្បីរឹតត្បិតសេរីភាពនៅក្នុងការបញ្ចេញមតិ ឬក៏រឹតត្បិតទៅលើឯកជនភាពរបស់បុគ្គលទេ»។
បើតាមសេចក្តីព្រាងច្បាប់ ដែលវីអូអេទទួលបានកាលពីខែតុលា ឆ្នាំ២០២០ មាត្រា៤៥ចែងថាអនុញ្ញាតឱ្យអាជ្ញាធរដាក់ពិន័យ ឬដាក់ពន្ធនាគារលើបុគ្គលណាដែលប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន «ដោយមានបំណង ឬចេតនា» ដើម្បីធ្វើសេចក្តីថ្លែងការណ៍ក្លែងក្លាយ ដែលអាចប៉ះពាល់ដល់ «សុវត្ថិភាពសាធារណៈ» «សន្តិសុខជាតិ» «ទំនាក់ទំនងល្អរវាងកម្ពុជា និងប្រទេសដទៃ» និងប៉ះពាល់លទ្ធផលនៃការបោះឆ្នោតជាតិ ញុះញង់ឱ្យមានភាពអមិត្ត មានការស្អប់ខ្ពើម និងការរើសអើងពូជសាសន៍ជាដើម។ ប្រសិនបើត្រូវបានកាត់ឱ្យមានទោស បុគ្គលមួយរូបអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ៣ ឆ្នាំ និងការពិន័យជាប្រាក់រហូតដល់ ២៥០០ ដុល្លារអាមេរិក។
សេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាននេះ មានបទបញ្ញត្តិស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មានផ្សេងទៀត ដូចជាការលួចអត្តសញ្ញាណ ការក្លែងបន្លំ និងការលួចពាក់ព័ន្ធនឹងកុំព្យូទ័រ បទល្មើសកម្មសិទ្ធិបញ្ញា និងបទល្មើសទាក់ទងនឹងរូបភាពអាសអាភាស។
ក្រៅពីការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មានខាងលើ រដ្ឋាភិបាលកម្ពុជាបានខិតខំបង្កើតបទប្បញ្ញត្តិផ្សេងៗទៀត ដែលក្រុមអ្នកការពារសិទ្ធិមនុស្សចាត់ទុកថា មានចេតនាធ្វើឱ្យរួមតូចទៅនូវសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ ក្នុងនោះគឺវិធានការច្រកទ្វារអ៊ីនធឺណិតជាតិថ្មី។ វិធានការច្រកទ្វារអ៊ីនធឺណិតនេះត្រូវបានសកម្មជននានានិយាយផងដែរថា នឹងអនុញ្ញាតឱ្យរដ្ឋាភិបាលបំបិទសំឡេងប្រឆាំងបន្ថែមទៀតនៅក្នុងប្រទេស។ ក៏ប៉ុន្តែប្រតិបត្តិការនៃវិធានការនេះត្រូវបានសម្រេចលើកពេលកាលពីខែកុម្ភៈ ឆ្នាំ២០២២ ដោយមន្ត្រីកម្ពុជាលើកហេតុផលពីការរីករាលដាលនៃជំងឺកូវីដ១៩៕