ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​កាត់​កម្មវិធី​ផ្តល់​ទិដ្ឋាការ​និស្សិត​អន្តរជាតិ​អាច​ធ្វើ​ឱ្យ​ខូចខាត​​ដល់​សេដ្ឋកិច្ច​អាមេរិក


លោក Chad Wolf រដ្ឋមន្ត្រី​ស្តីទី​នៃ​ក្រសួង​សន្តិសុខ​មាតុភូមិ​ធ្វើ​សក្ខីកម្ម​នៅ​មុខ​គណៈកម្មាធិការ​សភា​ កាលពី​ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។
លោក Chad Wolf រដ្ឋមន្ត្រី​ស្តីទី​នៃ​ក្រសួង​សន្តិសុខ​មាតុភូមិ​ធ្វើ​សក្ខីកម្ម​នៅ​មុខ​គណៈកម្មាធិការ​សភា​ កាលពី​ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​បានរាយការណ៍​ថា រដ្ឋបាល​លោក ត្រាំ កំពុង​ពិចារណា​ដាក់​កំហិត​ ឬ​ហាម​ឃាត់​និស្សិត​អន្តរជាតិ​មិន​ឲ្យ​ធ្វើ​ការ​ក្រោយ​បញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​នានា​នៅ​សហរដ្ឋ​អាមេរិក។ ក្រុម​មន្ត្រី​ថ្លែងថា គម្រោង​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ពលរដ្ឋ​អាមេរិកាំង​ដែល​អត់​ការងារ​ធ្វើ។

សមាជិក​ព្រឹទ្ធសភា​អាមេរិក​៤នាក់​អំពាវនាវ​ឲ្យ​ព្យួរ​កម្មវិធី​ហ្វឹកហ្វឺន​ការងារ​ក្រោយ​បញ្ចប់​ការសិក្សា​សម្រាប់​និស្សិត​អន្តរជាតិ​ដែល​ហៅកាត់​ថា OPT នៅ​ក្នុង​លិខិត​មួយ​ផ្ញើ​ទៅ​កាន់​សេតវិមាន។ ចំណាត់ការ​នេះ​ធ្វើឡើង​បន្ទាប់​ពី​រដ្ឋមន្ត្រី​ស្តីទី​នៃ​ក្រសួង​សន្តិសុខ​មាតុភូមិ​បាន​ថ្លែង​នៅ​ក្នុង​បទសម្ភាសន៍​ក្នុង​វិទ្យុ​មួយ​ថា និស្សិត​អន្តរជាតិ​ដែល​ប្រើប្រាស់​កម្មវិធី​ហ្វឹកហ្វឺន​ក្រោយ​បញ្ចប់​ការសិក្សា​ ឬ OPT នេះ​បង្ក​ការ​ព្រួយបារម្ភ​ដល់​រដ្ឋបាល​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ (Donald Trump)។

ក្រុម​អ្នក​ជំនាញ​បាន​ប្រាប់ ​VOA ថា ប្រសិន​បើ​អាមេរិក​ព្យួរ​កម្មវិធី OPT លទ្ធផល​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រាក់​ចំណូល​សម្រាប់​សេដ្ឋកិច្ច​អាមេរិក​ហើយ​ចំនួន​និស្សិត​ចុះ​ឈ្មោះ​នៅ​សាកលវិទ្យាល័យ​នានា​នៅ​អាមេរិក​នឹង​ធ្លាក់​ចុះ​ខ្លាំង ដែល​វិស័យ​ឧត្តមសិក្សា​នេះ​រក​ប្រាក់​ចំណូល​បាន​ជាង​៤០ពាន់​លាន​ដុល្លារ​អាមេរិក​ជា​រៀងរាល់​ឆ្នាំ។

សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​មាន​ដូចជា​លោក Tom Cotton នៃ​រដ្ឋ Arkansas លោក Ted Cruz នៃ​រដ្ឋ Texas លោក Chuck Grassley នៃ​រដ្ឋ Iowa និងលោក Josh Hawley នៃរដ្ឋ Mississippi បាន​សរសេរ​លិខិត​មួយ​ទៅ​កាន់​សេតវិមាន​កាលពី​ថ្ងៃ​ទី៧ ខែ​ឧសភា​ថា៖ «មិនមាន​ហេតុផល​ណា​ដែល​ត្រូវ​អនុញ្ញាត​ឲ្យ​និស្សិត​អន្តរជាតិ​ស្នាក់​នៅ​អាមេរិក​បីឆ្នាំ​បន្ថែម​ទៀត​ដើម្បី​យក​ការងារ​ ដែល​អាច​ទុក​សម្រាប់​ពលរដ្ឋ​អាមេរិកាំង​ដែល​គ្មាន​ការងារធ្វើ​ ខណៈ​ដែល​សេដ្ឋកិច្ច​របស់​យើង​ងើប​ឡើង​វិញ»។

លោក David Bier អ្នកវិភាគ​គោលនយោបាយ​អន្តោប្រវេសន៍​នៅ​វិទ្យាស្ថាន​ CATO ថ្លែង​ប្រកែក​តប​នឹង​ការ​វាយតម្លៃ​នេះ​ដោយ​លើក​ឡើង​ថា៖ «មូលហេតុ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​អត់​ការងារ​ធ្វើគឺ​បណ្តាល​មកពី​ជំងឺ​រាតត្បាត ហើយ​នៅ​ពេល​ដែល​ជំងឺ​រាតត្បាត​នេះ​ចុះ​ថមថយ អត្រា​អ្នក​អត់ការងារ​ធ្វើក៏​នឹងថយ​ចុះ​ផងដែរ​សម្រាប់​ទាំង​ជន​អន្តោប្រវេសន៍​ និង​ពលរដ្ឋ​អាមេរិក»។

លោក Tom Cotton ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ស្តីពី​ច្បាប់​អន្តោប្រវេសន៍​នៅ​វិមាន​សភា Capitol Hill កាលពី​ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។
លោក Tom Cotton ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ស្តីពី​ច្បាប់​អន្តោប្រវេសន៍​នៅ​វិមាន​សភា Capitol Hill កាលពី​ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​បានរាយការណ៍​ថា រដ្ឋបាល​លោក ត្រាំ កំពុង​ពិចារណា​ដាក់​កំហិត​ ឬ​ហាម​ឃាត់​និស្សិត​អន្តរជាតិ​មិន​ឲ្យ​ធ្វើ​ការ​ក្រោយ​បញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​នានា​នៅ​សហរដ្ឋ​អាមេរិក។ ក្រុម​មន្ត្រី​ថ្លែងថា គម្រោង​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ពលរដ្ឋ​អាមេរិកាំង​ដែល​អត់​ការងារ​ធ្វើ។

លោក Bier មិន​យល់​ស្រប​នោះ​ទេ។ លោក​បាន​ថ្លែងថា៖ «ជា​ការ​ពិត​ទៅ ការ​ដាក់​កំហិត​លើ​ការ​ធ្វើអន្តោប្រវេសន៍​នឹង​បង្ក​ហានិភ័យ​ដល់​ការ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ ព្រោះ​ប្រសិន​បើ​ក្រុមហ៊ុនត្រូវ​ចំណាយ​ពេល​កាន់​តែ​យូរ​ដើម្បី​រក​មនុស្ស​មាន​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​ការងារ​មួយ​ នោះ​ក្រុមហ៊ុន​ត្រូវ​ខាត​ដំណើរការ​ ដែល​នេះ​ក៏​ធ្វើ​ឲ្យ​យឺតយ៉ាវ​ដល់​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​ដែរ»។

ក្រោម​កម្មវិធី​ OPT និស្សិត​អន្តរជាតិ​អាច​ធ្វើការ​នៅ​សហរដ្ឋ​អាមេរិក​បាន​រយៈ​ពេល​១២ខែ​បន្ទាប់​ពី​បញ្ចប់​ការសិក្សា។ ប្រសិន​បើ​និស្សិត​រៀន​មុខវិជ្ជា​វិទ្យាសាស្ត្រ បច្ចេកវិទ្យា​ វិស្វកម្ម​ ឬ​គណិត​វិទ្យា​ ដែលហៅ​សង្ខេប​ថា​ជំនាញ​ស្ទែម​ (STEM) កម្មវិធី​ OPT អាច​ឲ្យ​ពួកគេ​ហ្វឹកហ្វឺន​ការងារ​បាន​២ឆ្នាំ។

​និស្សិត​ប្រហែល​អាច​ដាក់​ពាក្យ​សុំ​សិទ្ធិ​ធ្វើ​ការ​មុន​បញ្ចប់​ការសិក្សា​ ឬ​ហៅថា OPT ដែល​អនុញ្ញាត​ឲ្យ​ពួកគេ​ធ្វើ​ការ​ក្រៅ​ម៉ោង​សិក្សា​ ២០ម៉ោង​ ឬ​តិចជាង​នេះ​ក្នុង​មួយ​សប្តាហ៍​ ខណៈ​ពេល​ពួកគេ​កំពុង​សិក្សា ហើយ​ពួកគេ​អាច​ធ្វើការ​ពេញ​ម៉ោង​ពេល​សាលា​អត់រៀន។ បើ​សិស្ស​ម្នាក់​សម្រេច​ចិត្ត​ស្នាក់​នៅ​ក្នុង​អាមេរិក​បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ ពេលវេលា​ដែល​គាត់​បាន​ធ្វើការ​ក្រោម​កម្មវិធី​ OPT រួច​ហើយ​ពេល​នៅ​រៀន នឹង​កាត់​បន្ថយ​ចេញ​ពី​អំឡុង​ពេល​ដែល​អាច​ធ្វើការ​បាន​តាមរយៈ​កម្មវិធី​ OPT។

សមាជិក​ព្រឹទ្ធសភា​លោក Cotton លោក Cruz លោក Grassley និង​លោក Hawley បាន​ថ្លែង​នៅ​ក្នុង​លិខិត​នោះ​ថា៖ «ពលរដ្ឋ​អាមេរិកាំង​សង្ឃឹម​ថា ​ការ​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ​នឹង​ដំណើរ​ការ​ទៅ​ដោយ​ឆាប់រហ័ស​ ដោយ​ពលរដ្ឋ​អាមេរិកាំង​នឹង​ត្រឡប់​ទៅ​ធ្វើការ​វិញ​ក្នុង​ចំនួន​ច្រើន​លើសលុប​ នៅ​ពេល​ដែល​ពួកគេ​មាន​សុវត្ថិភាព​នឹង​ចេញ​ទៅ​ធ្វើការ​វិញ​បាន។ ប៉ុន្តែ​ជាអកុសល វា​នឹង​ត្រូវការ​ពេល​វេលា​សម្រាប់​ឲ្យ​អាជីវកម្ម​ភាគច្រើន​អាចចាប់​ផ្តើម​រក​ចំណូល​ឲ្យ​បាន​ដូច​មុន​ពេល​មាន​ជំងឺ​រាតត្បាត​នេះ»។

លោក Charles Grassley (រូប​ឆ្វេង) ចូលរួម​ក្នុង​សន្និសីទ​កាសែត​មួយ​អំពី​ច្បាប់​កំណែ​ទម្រង់​កាត់​ទោស​បទឧក្រិដ្ឋ​នៅ​វិមាន​សភា Capitol ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦។
លោក Charles Grassley (រូប​ឆ្វេង) ចូលរួម​ក្នុង​សន្និសីទ​កាសែត​មួយ​អំពី​ច្បាប់​កំណែ​ទម្រង់​កាត់​ទោស​បទឧក្រិដ្ឋ​នៅ​វិមាន​សភា Capitol ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦។

ប៉ុន្តែ​ពួកគេ​នៅ​តែ​ជំរុញ​ឲ្យ​ព្យួរ​ទិដ្ឋាការ​សម្រាប់​ជន​បរទេស​ថ្មី​មក​ធ្វើ​ការ​នៅ​អាមេរិក​រយៈ​ពេល៦០ថ្ងៃ ហើយ​ព្យួរ​ប្រភេទ​ទិដ្ឋាការ​សម្រាប់​ជនបរទេស​ផ្សេង​ទៀត​រយៈ​ពេល​យ៉ាង​ហោចណាស់​១ឆ្នាំ។

លិខិត​នោះ​ក៏​បាន​លើក​ឡើង​ពី​ចំនួន​អ្នក​អត់​ការងារ​ធ្វើ​ច្រើន​មិនធ្លាប់​មាន​ពី​មុន​មក​នៅ​សហរដ្ឋ​អាមេរិក។ កាលពី​ខែ​មេសា អត្រា​អ្នក​អត់ការងារ​ធ្វើ​មាន​១៤,៧ភាគរយ​ ឬមាន​មនុស្ស​២២លាន​នាក់​បាត់បង់​ការងារ​ធ្វើ។

លោក Bier ថ្លែងថា​ គោល​បំណង​នៅ​ក្នុង​ពេល​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​នេះ​គឺ​ដើម្បី​បំពេញ​ការងារ​នៅ​តាម​ក្រុមហ៊ុន​នានា​ឲ្យ​បាន​កាន់​តែ​ឆាប់​កាន់តែ​ល្អ។

លោក​បាន​ថ្លែង​ថា៖ «នៅ​ពេល​ណា​ដែល​អ្នក​ពន្យារពេល​ នៅ​ទីបំផុត​អ្នកនឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គ្រប់​ក្រុមហ៊ុន​ដែល​ពឹង​ផ្អែក​ទៅ​លើ​ធនធាន​ពី​ក្រុមហ៊ុន​មួយ​នោះ។​ អ្នក​កំពុង​ធ្វើឲ្យ​ប៉ះពាល់​ដល់​អ្នកប្រើប្រាស់ ដែល​កំពុង​ព្យាយាម​ចេញ​ទៅ​ក្រៅ​ដើម្បី​ទិញ​អ្វីមួយ​ដែល​ពួកគេ​ត្រូវការ ដែល​រំខាន​ដល់​សង្វាក់​ផ្គត់ផ្គង់​ និង​តម្រូវការ​នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច។ នេះ​ជា​មូលហេតុ​មួយ​ដែល​កម្មវិធី OPT នេះ​ជា​គំនិត​ល្អ»។

លោក Bier ដែល​ថ្មីៗ​នេះ​ចេញ​ផ្សាយ​របាយ​ការណ៍​មួយ​ក្រោម​ចំណង​ជើង​ថា «ការ​ពិត​នៃ​កម្មវិធី​ OPT សម្រាប់​និស្សិត​អន្តរជាតិ» បាន​ពន្យល់ថា​ តួនាទី​គ្រប់គ្រង​ភាគ​ច្រើន​នៅ​ក្នុង​ក្រុមហ៊ុន​បច្ចេកវិទ្យា​សុទ្ធ​តែ​កាន់កាប់ដោយ​អ្នក​ដែល​កើត​នៅ​អាមេរិក​ ឬ​ជាជនជាតិ​អាមេរិកាំង។ មុខ​តំណែង​ជា​អ្នក​សរសេរ​កម្មវិធី​កុំព្យូទ័រ​មាន​ជន​អន្តោប្រវេសន៍​ច្រើន​ជាង។

និស្សិត​បរទេស​ និង​សេដ្ឋកិច្ច​អាមេរិក

យោងតាម​សមាគម​អ្នក​អប់រំ​អន្តរជាតិ​ឈ្មោះ NAFSA ​ និស្សិត​អន្តរជាតិ​ជាង​១លាន​នាក់​នៅ​សាកលវិទ្យាល័យ​នានា​នៅ​អាមេរិក​រួម​ចំណែក​ប្រាក់​ចំណូល​ដល់​ទៅ​ជិត​៤១ពាន់​លាន​ដុល្លារ​ដល់​សេដ្ឋកិច្ច​អាមេរិក​ និង​បាន​បង្កើត​ការងារ​ជាង​៤៥ម៉ឺន​ការងារ​ ក្នុង​អំឡុង​ឆ្នាំ​សិក្សា​២០១៨ ដល់ ២០១៩។

អ្នកស្រី Sarah Spreitzer នាយក​ទំនាក់​ទំនង​ជាមួយ​រដ្ឋាភិបាល​នៅ​ឯ​ក្រុម​ប្រឹក្សា​អាមេរិកាំង​ផ្នែក​អប់រំ​ (American Council on Education) បាន​ថ្លែង​ថា ពួកគេ​រំពឹង​រួច​ជា​ស្រេចថា​ ចំនួន​និស្សិត​អន្តរជាតិ​នឹង​ធ្លាក់​ចុះ​២៥ភាគរយ។

អ្នកស្រី Spreitzer ថ្លែងថា៖ «ខ្ញុំ​គិត​ថា ចំនួន​នេះ​ប្រហែល​មាន​ការប្រែប្រួល​ទៀត ផ្អែក​ទៅ​តាមចំនួន​ជាក់​ស្តែង​ដែល​គ្រឹះស្ថាន​អប់រំរបស់​អាមេរិក​នឹង​ឃើញ​ចំនួន​ពាក្យ​សុំ​និង​ប្រាក់​កក់​សម្រាប់​វិស្សមកាល​រដូវ​ស្លឹក​ឈើ​ជ្រុះ​ឆ្នាំ​នេះ។ ប៉ុន្តែ​២៥ភាគរយ​នោះ​ផ្អែក​ទៅ​តាម​ការ​តួលេខ​ដែល​យើង​ទទួល​បាន​ពី​គ្រឹះស្ថាន​អប់រំ​ឧត្តម​សិក្សា​នានា​កន្លង​មក»។

អ្នកស្រី Spreitzer ថ្លែងថា កម្មវិធី​ OPT ជាមូលហេតុ​មួយដែលធ្វើ​ឲ្យ​និស្សិត​សម្រេច​ចិត្តទៅ​រៀន​នៅ​សហរដ្ឋ​អាមេរិក។

អ្នកស្រី​ក៏​បាន​ថ្លែងថា និស្សិត​អន្តរជាតិ​ធ្វើការ​តាម​រយៈ​កម្មវិធី​ OPT មាន​ជះ​ឥទ្ធិពល​ខ្លាំង​លើ​សេដ្ឋកិច្ច​ក្នុង​ស្រុក (ក្នុង​មូលដ្ឋាន)​ និង​តំបន់។

អ្នកស្រី​ថ្លែងថា៖ «ពួកគេ​ជួយ​សេដ្ឋកិច្ច​ដោយ​ការ​ទិញ​ទំនិញ ម្ហូប​អាហារ ទៅ​ភោជនីយដ្ឋាន​ ជួល​ផ្ទះ ទិញ​ឡាន​ និង​អ្វីៗ​ផ្សេងៗ​ទៀត​ដែល​ពួកគេ​ធ្វើ​ពេល​គេ​នៅ​អាមេរិក»។

សមាគម​ NAFSA បានរាយការណ៍​កាលពីឆ្នាំ២០១៩​ថា ​សិស្ស​អន្តរជាតិ​៧នាក់​ជួយ​បង្កើត​ការងារ​នៅ​អាមេរិក​បាន​ចំនួន៣ ដោយសារ​តែ​ការ​ចាយវាយ​របស់​ពួកគេ​ទៅ​លើ​ថ្លៃ​សិក្សា​ថ្នាក់​ឧត្តម​សិក្សា​ កន្លែង​ស្នាក់​នៅ ម្ហូប​អាហារ​ ទិញ​ទំនិញ​នានា​ មធ្យោបាយ​ធ្វើ​ដំណើរ​ ទូរគមនាគមន៍​ និង​ធានា​រ៉ាប់រង​សុខភាព៕

ប្រែសម្រួល​ដោយ ស្រេង លក្ខិណា

XS
SM
MD
LG