សហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា សេវាកម្មទិដ្ឋាការពេញលេញសម្រាប់ពលរដ្ឋតួកគីដែលប្រាថ្នាធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក នឹងបន្តឡើងវិញហើយបាននិយាយទៀតថា ខ្លួនបានទទួលការធានាអះអាងថា រដ្ឋាភិ បាលតួកគីនឹងផ្តល់ព័ត៌មានដល់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមុនពេលចាត់វិធានការចាប់ខ្លួនបុគ្គលិកស្ថានទូតណាម្នាក់នោះ។
តួកគីបានស្វាគមន៍ការសម្រេចស្តីពីទិដ្ឋាកានេះ ក៏ប៉ុន្តែ បាននិយាយថា ខ្លួនមិនបានផ្តល់ឲ្យសហរដ្ឋអាមេរិកនូវការធានាបែបនេះទេ។
សហរដ្ឋអាមេរិកបានផ្អាកសេវាកម្មទិដ្ឋាការមិនមែនអន្តោប្រវេសន៍ទាំងអស់នៅក្នុងប្រទេសតួកគីកាលពីដើមឆ្នាំនេះ នៅក្នុងការឆ្លើយតបទៅនឹងការចាប់ខ្លួនលោក Metin Topuz ជាបុគ្គលិកកុងស៊ុលនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលលើបទចោទប្រកាន់ភេរវកម្ម។ តួកគីបានបិទសេវាកម្មទិដ្ឋាការក្នុងសហរដ្ឋអាមេរិកជាការសងសឹក។ ក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បត៍ ក្រសួងការបរទេសអាមេរិកបានប្រាប់ឲ្យដឹងថា ចាប់តាំងពីខែតុលាមក តួកគីបានធ្វើទៅតាមការសន្យាថា មិនមានបុគ្គលិកក្នុងស្រុករបស់ស្ថានទូតត្រូវបានស៊ើបអង្កេត មិនមានបុគ្គលិកណាត្រូវបានចាប់ខ្លួនចំពោះការបំពេញភារៈកិច្ចរបស់ខ្លួនទេ ហើយថា រដ្ឋាភិបាលតួកគីនឹងពិគ្រោះជាមួយសហរដ្ឋអាមេរិកមុនពេលឃុំខ្លួនឬចាប់ខ្លួនបុគ្គលិកក្នុងស្រុករបស់ស្ថានទូតនៅពេលអនាគត។
សេចក្តីថ្លែងការណ៍បានប្រាប់ឲ្យដឹងថា «ផ្អែកលើការធានាអះអាងទាំងនេះ ក្រសួងការបរទេសសហរដ្ឋអាមេរិកមានទំនុកចិត្តថា សន្តិសុខនឹងមានភាពប្រសើរឡើងដើម្បីអនុញ្ញាតឲ្យបន្តសេវាកម្មទិដ្ឋាការនៅក្នុងប្រទេសតួកគី»៕