ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សំណើ​ច្បាប់​អន្តោប្រវេសន៍​របស់​លោក Trump ផ្ដល់​អាទិភាព​ដល់​អ្នក​មាន​ជំនាញ ជាង​សាច់ញាតិ​របស់​ពលរដ្ឋ​អាមេរិកាំង


រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump និយាយ​ទៅ​កាន់​ពលករ​អំឡុងពេលដំណើរទស្សនកិច្ចទៅកាន់​រោងចក្រមួយ​ក្នុង​ក្រុង Hackberry រដ្ឋ Louisiana សហរដ្ឋអាមេរិក។ 
រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump និយាយ​ទៅ​កាន់​ពលករ​អំឡុងពេលដំណើរទស្សនកិច្ចទៅកាន់​រោងចក្រមួយ​ក្នុង​ក្រុង Hackberry រដ្ឋ Louisiana សហរដ្ឋអាមេរិក។ 

នា​ពេល​បច្ចុប្បន្ន​នេះ ជន​អន្តោប្រវេសន៍ ១២ ភាគរយនឹង​ត្រូវ​ផ្ដល់​សិទ្ធិ​ឲ្យ​មក​រស់នៅ​សហរដ្ឋ​អាមេរិក ផ្អែក​លើ​ជំនាញ​របស់​ពួកគេ ហើយ ៦៦ ភាគរយ​ផ្អែក​លើ​ទំនាក់ទំនង​សមាជិក​គ្រួសារ​ដែល​រស់នៅ​ស្រប​ច្បាប់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump គ្រោង​នឹង​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​អំពី​សំណើ​ច្បាប់​អន្តោប្រវេសន៍​របស់​លោក​ដែល​គេ​ទន្ទឹង​រង់ចាំ​ជា​យូរ​មក​ហើយ។

មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​នៃ​រដ្ឋបាល​របស់​លោក Trump បាន​និយាយ​ថា គម្រោង​នេះ​នឹង​បង្កើន​សន្តិសុខ​ព្រំដែន និង​បង្កើត​នូវ​ប្រព័ន្ធ​មួយ​ដែល​ផ្អែក​លើ​ភាព​ល្អ​ត្រឹមត្រូវ​ពិត​ប្រាកដ។

សំណើ​របស់​លោក Trump នេះ នឹង​កំណត់​ចំនួន​នៃ​ការ​ផ្ដល់​ប័ណ្ណ​រស់នៅ​អចិន្ត្រៃយ៍ ដែល​ហៅ​ថា green cards ឲ្យ​នៅ​ត្រឹមតែ​ប្រហែល ១ លាន ១ សែន​កាត​ប៉ុណ្ណោះ​ជា​រៀងរាល់​ឆ្នាំ ប៉ុន្តែ​នឹង​ផ្ដល់​អាទិភាព​នៃ​ការ​ផ្ដល់​ប័ណ្ណ​នេះ​ដល់​អ្នក​ដែល​មាន​ជំនាញ និង​ការ​អប់រំ​ខ្ពស់ ដែល​មាន​បំណង​ចង់​ធ្វើ​ការ ឬ​ក៏​វិនិយោគ​ផ្សេងៗ ជាជាង​ផ្ដល់​អាទិភាព​ដល់​អ្នក​ដែល​ទំនាក់ទំនង​គ្រួសារ​ជាមួយ​នឹង​ពលរដ្ឋ​អាមេរិកាំង ឬ​ក៏​តម្រូវការ​មនុស្សធម៌​នានា។

នា​ពេល​បច្ចុប្បន្ន​នេះ ជន​អន្តោប្រវេសន៍ ១២ ភាគរយ នឹង​ត្រូវ​ផ្ដល់​សិទ្ធិ​ឲ្យ​មក​រស់នៅ​សហរដ្ឋ​អាមេរិក ផ្អែក​លើ​ជំនាញ​របស់​ពួកគេ ហើយ ៦៦ ភាគរយ​ផ្អែក​លើ​ទំនាក់ទំនង​សមាជិក​គ្រួសារ​ដែល​រស់នៅ​ស្រប​ច្បាប់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

ប៉ុន្តែ​នៅ​ក្រោម​គម្រោង​នេះ ទិដ្ឋាការ​អន្តោប្រវេសន៍ ៥៧ ភាគរយ នឹង​ផ្ដល់​ជូន​អ្នក​ដែល​មាន​ជំនាញ ឬ​អ្នក​ដែល​គេ​ជ្រើសរើស​ឲ្យ​ធ្វើ​ការ ហើយ​ទិដ្ឋាការ​អន្តោប្រវេសន៍​នេះ​តែ ៣៣ ភាគរយ​ប៉ុណ្ណោះ​នឹង​ត្រូវ​ផ្ដល់​ជូន​អ្នក​ដែល​មាន​ទំនាក់ទំនង​គ្រួសារ។ ចំណែក​ឯ​ទិដ្ឋាការ​ដែល​ផ្ដល់​ជូន​ផ្អែក​លើ​តម្រូវការ​មនុស្សធម៌​នឹង​ត្រូវ​កាត់​បន្ថយ​ពី ២២ ភាគរយ មក​នៅ​ត្រឹម ១០ ភាគរយ។

សំណើ​ច្បាប់​នេះ​នឹង​លុប​ចោល​ទាំង​ស្រុង​នូវ​កម្មវិធី​អន្តោប្រវេសន៍​តាម​រយៈ​ឆ្នោត​ផ្សង​សំណាង ដែល​ហៅ​ថា Diversity Immigrant Visa Program ដោយ​នៅ​ពេល​បច្ចុប្បន្ន​នេះ កម្មវិធី​នេះ​ផ្ដល់​ប័ណ្ណ​រស់នៅ​អចិន្ត្រៃយ៍​ចំនួន ៥ ម៉ឺន​ប័ណ្ណ​ជា​រៀងរាល់​ឆ្នាំ ដល់​ប្រទេស​ដែល​មាន​អត្រា​អន្តោប្រវេសន៍​ទាប​នៅ​ក្នុង​សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG