ក្រសួងសន្តិសុខមាតុភូមិបានលើកសំណើកាលពីថ្ងៃទី១៧ខែកក្កដា ឲ្យតម្លើងថ្លៃទិដ្ឋាការសម្រាប់និសិ្សតបរទេសទៅសិក្សានៅសហរដ្ឋអាមេរិក និងទិដ្ឋាការតាមរយៈកម្មវិធីនិស្សិតនិងការផ្លាស់ប្តូរនិស្សិតហៅកាត់ថា SEVP និងតាមកម្មវិធីប្រព័ន្ធព័ត៌មាននិស្សិតនិងការផ្លាស់ប្តូរនិសិ្សតហៅកាត់ថា SEVIS។
តម្លៃដាក់ពាក្យសុំទិដ្ឋាការតាមរយៈសំណុំបែបបទ I-910 SEVIS សម្រាប់សុំទិដ្ឋាការប្រភេទ F M និងJ នឹងឡើងថ្លៃពី២០០ដុល្លារដល់៣៥០ដុល្លារសម្រាប់ទិដ្ឋាការប្រភេទ F និងM។ តម្លៃសម្រាប់ទិដ្ឋាការប្រភេទ J នឹងឡើងថ្លៃពី១៨០ដុល្លារដល់២២០ដុល្លារ។ សម្រាប់តម្លៃទិដ្ឋាការប្រភេទ J ដែលមានសុពលភាពរយៈពេល៤ខែនៅរក្សាតម្លៃដដែលគឺ៣៥ដុល្លារសម្រាប់ពាក្យសុំទិដ្ឋាការមួយ។
សាលាណាដែលសុំការបញ្ជាក់សារជាថ្មីតាមរយៈកម្មវិធី SEVP និងសាលាណាដែលផ្លាស់ប្តូរអស័យដ្ឋានរបស់ខ្លួន នឹងត្រូវបង់ថ្លៃតាមតម្លៃថ្មីដែលនឹងត្រូវឡើងថ្លៃដូចគ្នានេះផងដែរ។ ដើម្បីក្លាយជាសាលាដែលមានក្នុងកម្មវិធី SEVP សាលានឹងត្រូវបង់ថ្លៃបន្ថែមចំនួន១.៣០០ដុល្លារ។
ក្រសួងសន្តិសុខមាតុភូមិបានប្រកាសថា ការតម្លើងថ្លៃនេះធ្វើឡើងតាមការចាំបាច់នៃកង្វះខាតថវិកាប្រចាំឆ្នាំ។ តាមរយៈព្រឹត្តិបត្រមួយរបស់ក្រសួងសន្តិសុខមាតុភូមិបានសរសេរថា៖ «ប្រសិនបើកម្មវិធីនៅបន្តប្រតិបត្តិដោយយកតម្លៃដូចនាពេលបច្ចុប្បន្ននេះ កម្មវិធី SEVPនឹងប្រឈមនឹងកង្វះខាតថវិកាប្រចាំឆ្នាំចំនួន៦៨លាន៩សែនដុល្លារចាប់ផ្តើមពីឆ្នាំ២០១៩ទៅ។ សំណើតម្លើងថ្លៃនេះនឹងជួយលុបបំបាត់កង្វះខាតថវិកា និងអនុញ្ញាតឲ្យកម្មវិធី SEVP អាចបន្តសម្រេចគោលដៅអទិភាពរបស់ខ្លួនក្នុងការពង្រឹងសន្តិសុខជាតិ និងរារាំងអន្តោប្រវេសន៍ខុសច្បាប់ចូលក្នុងសហរដ្ឋអាមេរិក»។
អ្នកប្រើប្រាស់ Twitter ឈ្មោះ Michael Dixonបានបញ្ចេញមតិទៅលើច្បាប់ផ្នែកអប់រំក្នុងប្រទេសថា៖ «ក្នុងនាមជាអ្នកធ្វើការនៅក្នុងផ្នែកសិក្សាអន្តរជាតិយើងចង់ដឹងពីមូលហេតុនៃការតម្លើងថ្លៃនេះបន្ថែមពីលើមូលហេតុខ្វះថវិកាចំនួន៨៦លាន៩សែនដុល្លារចាប់ផ្តើមពីឆ្នាំ២០១៩ខាងមុខនេះ។ តើអ្វីដែលជាមូលហេតុនៃការតម្លើងថ្លៃនេះ? តើដោយសារតែគេជួលបុគ្គលិកបន្ថែម?»។
ដំណើរការសុំទិដ្ឋការសម្រាប់ទៅសិក្សានៅសហរដ្ឋអាមេរិកមានលក្ខណៈស្មុគស្មាញ។ កម្មវិធី SEVPគឺជាផ្នែកមួយនៃនាយកដ្ឋានស៊ើបអង្កេតសន្តិសុខជាតិ និងធ្វើការងារក្នុងនាមឲ្យអង្គការរបស់រដ្ឋាភិបាលដែលត្រួតពិនិត្យលើព័ត៌មានរបស់ជនមិនមែនអន្តោប្រវេសន៍ដែលស្នើសុំទិដ្ឋាការមកសិក្សាក្នុងសហរដ្ឋអាមេរិក។ នេះបើយោងតាមគេហទំព័ររបស់រដ្ឋាភិបាលសហព័ន្ធសហរដ្ឋអាមេរិក។
កម្មវិធី SEVP ជាអ្នករៀបចំសាលារៀន និងជាអ្នកកំណត់ប្រភេទទិដ្ឋាការប្រភេទ F និង ប្រភេទ M ចំពោះសិស្សដែលមិនមែនអន្តោប្រវេសន៍ដើម្បីបញ្ជូនទៅឲ្យក្រសួងសន្តិសុខមាតុភូមិ។ នេះបើយោងគេហទំព័រនេះបានប្រកាសឲ្យដឹង។ ក្រសួងការបរទេសសហរដ្ឋអាមេរិកជាអ្នករៀបចំកម្មវិធីនិស្សិតនិងការផ្លាស់ប្តូរនិស្សិត និងជាអ្នកកំណត់ទិដ្ឋាការប្រភេទ J សម្រាប់ជនមិនមែនអន្តោប្រវេសន៍ និងសមាជិកគ្រួសារនៅក្នុងបន្ទុក។
ទាំងកម្មវិធី SEVP និងក្រសួងការបរទេសសហរដ្ឋអាមេរិកប្រើប្រាស់កម្មវិធី SEVIS ដើម្បីតាមដាន និងត្រួតពិនិត្យលើសាលា កម្មវិធីផ្លាស់ប្តូរការសិក្សា និងជនអន្តោប្រវេសន៍ដែលកាន់ទិដ្ឋាការប្រភេទ F, M និងJ ខណៈពួកគេស្នាក់នៅក្នុងសហរដ្ឋអាមេរិក និងខណៈពួកគេចូលរួមកម្មវិធីសិក្សាក្នុងសហរដ្ឋអាមេរិក។ កម្មវីធី SEVIS គឺជាប្រព័ន្ធគ្រប់គ្រងទិន្នន័យដែលមានផ្ទុកព័ត៌មានរបស់និស្សិតអន្តរជាតិដែលទទួលបានការឧបត្ថម្ភឲ្យមកសិក្សានៅសហរដ្ឋអាមេរិកតាមរយៈនាយកដា្ឋនអន្តោប្រវេសន៍និងគយសហរដ្ឋអាមេរិក។
សំណើច្បាប់នេះត្រូវបានស្នើឡើងកាលពីថ្ងៃពុធ ខណៈមានការកើនឡើងក្តីបារម្ភអំពីគោលនយោបាយអន្តោប្រវេសន៍សហរដ្ឋអាមេរិក។
កាលពីមួយខែមុនរដ្ឋបាលលោក ត្រាំ បានកំណត់រយៈពេលទិដ្ឋាការដល់និស្សិតចិនដែលមករៀនផ្នែកបច្ចេកវិទ្យាឲ្យមានសុពលភាពត្រឹមតែមួយឆ្នាំប៉ុណ្ណោះ។ ហើយតុលាការកំពូលសហរដ្ឋអាមេរិកនាពេលថ្មីៗនេះបានតម្កល់ទុកបម្រាមធ្វើដំណើរនិងកំណត់ចំនួនអ្នកធ្វើដំណើរមកពីប្រទេសដែលមានអ្នកកាន់សាសនាឥស្លាមច្រើនលើសលុប។
សាធារណជនអាចផ្ញើមតិយោបល់ចំពោះសំណើច្បាប់នេះរហូតដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨។ បន្ទាប់ពីថ្ងៃដែលអាចបញ្ចេញយោបល់នេះបញ្ចប់ សំណើច្បាប់នេះនឹងបញ្ជូនបន្តដើម្បីធ្វើការត្រួតពិនិត្យមុននឹងត្រូវគេអនុម័តឬមិនអនុម័ត។ ដំណើរការនេះអាចត្រូវការរយៈពេលជាច្រើនខែដើម្បីអាចសម្រេចបាន៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា