ប្រទេសគុយបា គឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូច ដែលការប្រើប្រាស់អ៊ីនធឺណិតរបស់ប្រជាពលរដ្ឋនៅមានកម្រិតទាបនៅឡើយ។ នៅខណៈដែលប្រជាពលរដ្ឋកំពុងរង់ចាំការធ្វើតាមសន្យារបស់រដ្ឋាភិបាលក្នុងការពង្រីកការតភ្ជាប់អ៊ីនធឺណិតនេះ ក៏មានពលរដ្ឋមួយចំនួនដែលចង់ប្រើអ៊ីនធឺណិតខ្លាំង បានតំឡើងបណ្តាញអ៊ីនធឺណិតក្នុងតំបន់របស់ពួកគេ ដើម្បីធ្វើការទំនាក់ទំនងគ្នា ចែកចាយនូវឯកសារ និងលេងហ្គេម។
នៅឯមជ្ឈមណ្ឌលសហគមន៍ដែលគ្រប់គ្រងដោយក្រសួងវប្បធម៌ យុវជនក្មេងៗអាចប្រើទូរស័ព្ទដៃដើម្បីប្រើប្រាស់អ៊ីនធឺណិតតាមរយៈការភ្ជាប់ Wi-Fi ដោយឥតគិតថ្លៃ។
អ្នកមកទស្សនាមជ្ឈមណ្ឌលសហគមន៍ម្នាក់គឺលោក Kevin៖ «ទោះបីជាល្បឿនអ៊ីនធឺណិតនេះមិនសូវលឿនក៏ដោយ ក៏ប៉ុន្តែយើងអាចប្រើប្រាស់វាដោយឥតគិតថ្លៃ។ អ្នកអាចប្រើប្រាស់អ៊ីនធឺណិតបានសឹងតែគ្រប់ពេល»។
មានប្រជាពលរដ្ឋគុយបាតែមួយចំនួនតូចប៉ុណ្ណោះ ដែលមានភ្ជាប់ប្រព័ន្ធអ៊ីនធឺណិតប្រើប្រាស់ផ្ទាល់ខ្លួនហើយវាមានតម្លៃថៃ្លថែមទៀតផង។ ចំណែកឯជនបរទេសវិញ ពួកគេអាចប្រើប្រាស់អ៊ីនធឺណិតនៅតាមសណ្ឋាគារ ដែលនៅទីនោះ សេវាអ៊ីនធឺណិតក៏មានតម្លៃខ្ពស់ផងដែរ។ រដ្ឋាភិបាលនៅមិនទាន់បានបំពេញតាមសន្យារបស់ខ្លួនអំពីការតភ្ជាប់ប្រព័ន្ធអ៊ីនធឺណិតដែលមានភាពប្រសើរជាងនេះនៅឡើយ។
ក៏ប៉ុន្តែ ប្រជាពលរដ្ឋមួយចំនួនមានកុំព្យូទ័រផ្ទាល់ខ្លួន ហើយអ្នកខ្លះបានបង្កើតជាបណ្តាញក្នុងតំបន់របស់ខ្លួនដើម្បីធ្វើការសាកល្បង តភ្ជាប់ទំនាក់ទំនងគ្នា និងដើម្បីបង្កើតភាពជិតស្និទ។
អ្នកចូលចិត្តប្រើកុំព្យូទ័រម្នាក់គឺលោក Marlon និយាយថា៖ «ជំនួសឲ្យប្រព័ន្ធអ៊ីនធឺណិតដែលយើងមិនទាន់មានគ្រប់គ្នា យើងបានបង្កើតឡើងនូវបណ្តាញក្នុងតំបន់ ដែលជាវេទិការបស់យើង។ យើងបានបង្កើតប្រព័ន្ធផ្ទុកទិន្នន័យ (Servers) ដោយមានហ្គេមសម្រាប់លេងផង ហើយមនុស្សអាចចែករំលែក ផ្លាស់ប្តូរគំនិត និងជជែកពិភាក្សាលើប្រធានបទទាំងឡាយដូចជា កីឡា វប្បធម៌ និងតន្រ្តី»។
ជាធម្មតា ពួកគេមានខ្សែកាបជាច្រើនដែលស្ថិតនៅលើដំបូលផ្ទះរបស់ពួកគេ ហើយខ្សែកាបមួយអាចតភ្ជាប់សម្រាប់ការប្រើប្រាស់របស់មនុស្សដប់នាក់ក្នុងមួយតំបន់។
លោក Marlon បន្ថែមថា៖ «ខ្សែកាបទី១០ គឺជាខ្សែកាបមេដែលអាចតភ្ជាប់ទៅមនុស្សគ្រប់គ្នាបាននៅក្នុងតំបន់។ ខ្សែកាបទី១០នេះ ត្រូវបានតភ្ជាប់ទៅនឹងកុងតាក់មួយបន្តទៀត ហើយកុងតាក់មួយផ្សេងទៀតក៏បន្តតភ្ជាប់បែបនេះរហូតដល់គ្រប់អ្នកប្រើប្រាស់។ នេះគឺជារបៀបនៃការបង្កើតបណ្តាញជាមួយនឹងមនុស្សដទៃ។»
ការចែករំលែកតន្រ្តីនិងខ្សែភាពយន្តជាមួយគ្នា ក៏ដូចជាការលេងហ្គេមផ្សេងៗ ហាក់មិនបានធ្វើឲ្យអាជ្ញាធរមានការចាប់អារម្មណ៍អ្វីឡើយ ក៏ប៉ុន្តែការជជែកពិភាក្សាគ្នាគឺជារឿងដោយឡែកមួយផ្សេងទៀត។
លោក Adrian គឺជាអ្នកចូលចិត្តប្រើកុំព្យូទ័រម្នាក់ទៀត។ លោនិយាយថា៖ «យើងគ្រប់គ្នាដឹងថា ពួកយើងកំពុងត្រូវគេតាមដាន ហើយពួកយើងមានការរអ៊ូរទាំនិងជ្រួលច្រាលខ្លាំងណាស់ ពីព្រោះគ្មានអ្នកណាម្នាក់ចង់បាត់បង់ការវិនិយោគរបស់ខ្លួនទេ គ្មានអ្នកណាម្នាក់ចង់បាត់បង់ការកំសាន្តរបស់ខ្លួនទេ។ វាជាជម្រើសតែមួយគត់ដែលពួកយើងមាន។ នេះពិតជារឿងដ៏ស្មុគស្មាញមួយ»។
ដោយដឹងថា អ្នកលេងហ្គេមតាមកុំព្យូទ័រនៅប្រទេសផ្សេងទៀត ចូលចិត្តប្រកួតជាមួយអ្នកលេងហ្គេមនៅកន្លែងផ្សេងខុសគ្នា យុវជនគុយបាសង្ឃឹមថា ថ្ងៃណាមួយពួកគេនឹងអាចលេងហ្គេមតាមប្រព័ន្ធអ៊ីនធឺណិតបាន។
លោក Marlon បន្ថែមថា៖ «មិនចាំបាច់តែនៅសហរដ្ឋអាមេរិកទេ នៅប្រទេសផ្សេងទៀតក៏គេមានដែរ។ ក៏ប៉ុន្តែ ដើម្បីធ្វើដូច្នេះបាន លុះត្រាតែយើងប្តូរពីប្រព័ន្ធតភ្ជាប់តាមតំបន់ដែលយើងកំពុងប្រើប្រាស់នេះ ឲ្យទៅជាប្រព័ន្ធអ៊ីនធឺណិតជាមុនសិន»។
ជាអកុសល ការព្រួយបារម្ភរបស់រដ្ឋាភិបាលគុយបាពីលំហូរនៃព័ត៌មានដោយសេរី ទំនងជាបង្អាក់បំណងប្រាថ្នារបស់អ្នកចង់ប្រើប្រាស់អ៊ីនធឺណិតជាបន្តទៀត៕
ប្រែសម្រួលដោយ អ៊ុច នីដា