ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីនធឺណិត​សម្រាប់​ឧបករណ៍​គ្រប់​យ៉ាង៖ ថាមពល​នៃ​ការ​ប្រើប្រាស់​កុំព្យូទ័រ​​ជំនាន់​ថ្មី


រូបថតឯកសារ៖ ឡាន​ Lexus ដែល​ដំណើរ​ការ​ដោយ​ខ្លួន​ឯង​របស់​ក្រុមហ៊ុន​ Google។
រូបថតឯកសារ៖ ឡាន​ Lexus ដែល​ដំណើរ​ការ​ដោយ​ខ្លួន​ឯង​របស់​ក្រុមហ៊ុន​ Google។

រាប់​ចាប់​ពី​នាឡិកា​ឆ្លាតវៃ​រហូត​ដល់​ប្រព័ន្ធ​សន្តិសុខ​ឆ្លាត​វៃ ចំនួន​ឧបករណ៍​មាន​កាន់​តែ​ច្រើន​ឡើងៗ​ដែល​តភ្ជាប់​ជាមួយ​គ្នា​ និង​តភ្ជាប់​ទៅ​នឹង​បណ្តាញ​អ៊ីនធឺណិត​ ហើយ​អាច​បង្កើត​បាន​ជា​ទិន្នន័យ។​ ការត​ភ្ជាប់​គ្នា​ជា​បណ្តាញ​នេះ​ ត្រូវ​បាន​គេ​ហៅ​ថា​ «អ៊ីនធឺណិត​សម្រាប់​ឧបករណ៍​គ្រប់​យ៉ាង»។ អ្នក​ជំនាញ​និយាយ​ថា​ «អ៊ីនធឺណិត​សម្រាប់​ឧបករណ៍​គ្រប់​យ៉ាង»​នេះ​ ធ្វើ​ឲ្យ​យើងដឹង​អំពី​ខ្លួន​យើង​បាន​កាន់​តែ​ច្រើន និង​ដឹង​អំពី​ពិភព​លោក​នៅ​ជុំវិញ​ខ្លួន​យើង។

ពេល​បើកបរ​នៅ​ក្នុង​ចរាចរណ៍​នៃ​ទីក្រុង​ Los Angeles​ គឺ​ហាក់​ដូច​ជា​យើង​កំពុង​លេង​ហ្គេម​អញ្ជឹង​ដែរ​ ដែល​អ្នក​បើកបរ​ត្រូវ​គេច​ចេញ​ពី​អ្នក​បើកបរ​ដ៏​អាក្រក់​ផ្សេងទៀត។

«អ្នក​ត្រូវ​តែ​ដឹង​ឲ្យ​បាន​ច្បាស់​ ពីព្រោះ​ថា​ មាន​ការ​បើក​បរ​ច្រើន​ណាស់​ដែល​ឈប់​ភ្លាមៗ​រួច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត គឺ​ដូច​ការ​បើក​បរ​មួយ​នេះ​អញ្ជឹង»។

លោក​ Jordi Ortega​ កំពុង​ធ្វើតេស្ត​សាកល្បង​កម្មវិធីមួយ​នៅ​លើ​ទូរស័ព្ទ​របស់​លោក​ ដើម្បី​ពិនិត្យ​មើល​ថា​តើ​លោក​បើកបរ​យ៉ាង​ដូចម្តេច។ កម្មវិធីទូរស័ព្ទ​មួយ​ដែល​មាន​ឈ្មោះ​ថា​ «មតិ​វាយ​តម្លៃ​ទៅ​លើ​អ្នក​បើកបរ»​ ឬ​ Driver Feedback™​ ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ធានារ៉ាប់រង​ State Farm ​បាន​ផ្លាស់​ប្តូរ​ទូរស័ព្ទ​ដៃ​របស់​លោក​ Ortega​ ឲ្យ​ក្លាយ​ជា​ឧបករណ៍​មួយ​ដែល​អាច​តាមដាន​ឥរិយាបទ​នៃការ​បើកបរ។ កម្មវិធីនេះ​ ប្រើ​ប្រាស់​ប្រព័ន្ធ​កំណត់​ទីតាំង​ GPS របស់​ទូរស័ព្ទ​ដៃ​ និង​ឧបករណ៍​សម្រាប់​វាស់​ល្បឿន​ ដើម្បី​ប្រមូល​ព័ត៌មាន​នៅ​ខណៈ​ពេល​ដែល​រថយន្ត​កំពុង​មានចលនា​ ហើយ​វា​ដាក់​ពិន្ទុ​លើ​អ្នក​បើកបរ។ នេះ​បើ​តាម​ការ​អះអាង​របស់​នាង​ Irene Henry​ ដែល​ជា​ភ្នាក់ងារ​របស់​ក្រុមហ៊ុន​ State Farm។

«អ្នក​អាច​ហៅ​វា​ដោយ​ខ្លី​ថា​ ABC ដែល​មាន​ន័យ​ថា​ សំទុះ​ ការ​ចាប់​ហ្វ្រាំង​ និង​ការ​រុញផ្អឹប ដែល​នេះ​គឺដើម្បី​ពិនិត្យ​មើល​កត្តា​គ្រោះ​ថ្នាក់​ផ្សេងៗ​ និង​ធ្វើ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​ជាង​មុន»។

ផ្នែក​ផ្សេងៗ​នៃ​«អ៊ីនធឺណិត​សម្រាប់​ឧបករណ៍​គ្រប់​យ៉ាង»​ ឬ​ហៅ​ដោយ​ខ្លី​ថា​ IoT​ មាន​សមត្ថភាព​ជា​ច្រើន​ចេញ​ពី​កម្មវិធី​ទូរស័ព្ទ​មួយ​ដែល​អាច​ប្តូរ​ទូរស័ព្ទ​ទៅ​ជា​ឧបករណ៍​ស្រាវជ្រាវ​ ឬឧបករណ៍​វាស់​ស្ទង់​នៅ​លើ​ដង​ផ្លូវ​អំពី​កម្រិត​នៃ​ការ​ធ្វើចរាចរណ៍​ និង​ល្បឿន​របស់​រថយន្ត។ ឧបករណ៍​ទាំង​នេះ​តភ្ជាប់​ជា​មួយ​គ្នា​ គឺ​តភ្ជាប់​ទៅ​កាន់​មនុស្ស​ និង​ភ្ជាប់​ទៅ​ប្រព័ន្ធ​អ៊ីនធឺណិត។ ទិន្នន័យ​ទាំង​នេះ​ត្រូវ​បាន​ប្រមូល​ និង​វិភាគ។

លោក​ Bhaskar Krishnamachari​ អ្នក​ឯកទេស​ខាង​ IoT ​និយាយ​ថា​ បច្ចេកវិទ្យា​ដែល​ត​ភ្ជាប់​គ្នា​បែប​នេះ​ អាច​ជួយ​ដល់​អ្នក​រៀប​ចំ​គម្រោង​ទីក្រុង​ឲ្យ​កាន់​តែ​ងាយ​ដឹង​អំពី​បញ្ហាបរិស្ថាន​ ហើយ​អាច​ជួយ​ពួក​គេ​ក្នុង​ការ​ធ្វើ​គម្រោង​ការ​ទុក​មុន។

«ឧបករណ៍​វាស់​ស្ទង់​ទាំង​នេះ​វាស់វែង​វត្ថុ​គ្រប់​យ៉ាង​ រាប់​ចាប់​តាំង​ពី​ការ​បញ្ចេញ​ធាតុ​កខ្វក់ រហូត​ដល់​ស្ថាន​ភាព​នៅ​លើ​ដង​ផ្លូវ​របស់​យើង ក៏​ដូចជា​ការត្រួត​ពិនិត្យ​រចនាសម្ព័ន្ធ​អាគារ​ ស្ពាន​ និង​វត្ថុ​ផ្សេងៗ​ទៀត ជា​ពិសេសឧបករណ៍​ដែលធ្វើការ​វាស់​ស្ទង់​បរិស្ថាន​ជុំវិញ ​អាច​តភ្ជាប់​គ្នា​តាមរយៈ​«អ៊ីនធឺណិត​សម្រាប់​ឧបករណ៍​គ្រប់​យ៉ាង» សម្រាប់​អ្នក​ដែល​មាន​អំណាច​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រចដើម្បី​ឲ្យ​ដឹង​កាន់​តែ​ច្បាស់​អំពី​សភាព​នៃ​ហេដ្ឋារចនា​សម្ព័ន្ធ​របស់​យើង»។

IoT ​មិនត្រឹម​តែ​ផ្តល់​ការ​យល់​ដឹង​កាន់​តែ​ប្រសើរ​ឡើង​ទាក់​ទង​នឹង​ពិភព​ជុំវិញ​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​អាច​ជួយ​មនុស្ស​ឲ្យ​មើល​ឃើញ​អំពី​ខ្លួន​ឯង​ក្នុង​របៀប​មួយ​ថ្មី។ ជា​ឧទាហរណ៍​ ក្រុមហ៊ុន​មួយ​ឈ្មោះ​ MemoMi Labs​ បាន​ផលិត​កញ្ចក់​ឌីជីថល​មាន​ភ្ជាប់​កាមេរ៉ា​នៅ​ខាង​លើ​ ដែល​អាច​ថត​យក​មនុស្ស​ចេញ​ពី​គ្រប់​ជ្រុង​ទាំង​អស់​ ហើយ​ក៏អាច​ប្តូរ​ពណ៌​នៃ​សម្លៀក​បំពាក់​របស់​អ្នក​ផងដែរ។ រូបភាព​ដែល​ថត​បាន​ អាច​ត្រូវ​បាន​ផ្ញើ​តាម​សារអេឡិច​ត្រូនិច (Email) ទៅ​កាន់​មិត្តភក្តិ​ ដើម្បី​សុំ​មតិ​ត្រឡប់​មក​វិញ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Salvador Vilcovsky​ ស្ថាបនិក​ក្រុមហ៊ុន​ ដែល​បាន​ប្រាប់​វីអូអេ​តាម​រយៈ​ប្រព័ន្ធ​ Skype។

«នាពេល​អនាគត​ យើង​មិន​ត្រឹម​តែ​អាច​ប្តូរពណ៌​សម្លៀក​បំពាក់​ប៉ុណ្ណោះ​ទេ យើង​ក៏​នឹង​អាច​បំពាក់​សម្ភារៈ​ផ្សេងៗ​ទៅ​លើ​រូប​របស់​អ្នក​បាន​ផង​ដែរ។ យើង​នឹង​អាច​ផ្តល់​ជា​មតិ​យោបល់​អំពី​វត្ថុ​ដែល​មាន​នៅ​ក្នុង​ហាង​ ឬ​នៅ​ខាង​ក្រៅហាង នៅ​ក្នុង​ទីផ្សារ​លក់​ដូរ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត»។

អ្នក​ស្រី​ Bridget Karlin​ នៃ​ក្រុមហ៊ុន​ Intel​ និយាយ​ថា​ នៅ​ឆ្នាំ​២០២០​ ក្រុមហ៊ុន​របស់​អ្នកស្រីរំពឹង​ថា​នឹង​អាច​ផលិត​ឧបករណ៍​នោះ​បាន​៥០​លាន​លាន​គ្រឿង​ ហើយ​ដាក់​លក់​ក្នុង​ទីផ្សារ​ក្នុង​សាកលលោក។

«អ៊ីនធឺណិត​សម្រាប់​ឧបករណ៍​គ្រប់​យ៉ាង​ វា​ជា​ទីផ្សារ​ដ៏​ធំមួយ។ តាម​ពិត​ យើង​ចាត់ទុកវា​ថា​ជា​ការ​វិវត្ត​ថ្មី​នៃ​ប្រព័ន្ធ​កុំព្យូទ័រ»។
ក៏ប៉ុន្តែ​ លោក​ Bhaskar Krishnamachari ​បានិយាយ​ថា​ ការ​វិវត្ត​នេះក៏នាំ​មក​ជាមួយ​នូវ​ការ​ព្រួយ​បារម្ភ​ផងដែរ​ទាក់ទង​នឹង​ឯកជនភាព​ និង​សន្តិសុខ។

«បើសិន​ជា​យើង​ភ្ជាប់​ហេដ្ឋារចនា​សម្ព័ន្ធ​របស់​យើង​មិនត្រឹម​តែ​ទៅ​នឹង​ផ្ទះ​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទៅ​នឹង​ទីក្រុង​ផ្សេងៗ​ជាមួយ​នឹង​«អ៊ីនធឺណិត​សម្រាប់​ឧបករណ៍​គ្រប់យ៉ាង»​នេះ​ យើង​ត្រូវ​តែ​ធ្វើ​ឲ្យ​ប្រាកដ​ដាច់​ខាត​ថា​ ប្រព័ន្ធ​នោះ​មិន​អាច​ត្រូវ​បាន​គេលួច​ចូលជា​ដាច់​ខាត​ មានន័យ​ថា​ អ្នក​ផ្សេង​ទៀត​មិន​អាច​គ្រប់គ្រង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​យើង​ដោយ​យើង​មិន​បាន​ដឹង​នោះ​ទេ ឬ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​យើង​ឡើយ។ តាម​ពិត​ទៅ​វា​ធ្លាប់​មាន​ឧប្បត្តិហេតុ​រួច​មក​ហើយ​ គឺ​ថា​មាន​មនុស្ស​បាន​លប​លួច​ចូល​ក្នុង​ប្រព័ន្ធ​សញ្ញាចរាចរណ៍»។

សម្រាប់​លោក​ Jordi Ortega ​លោក​ចូល​ចិត្ត​គំនិត​ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ដែល​ធ្វើ​ឲ្យ​លោក​ដឹង​អំពី​ខ្លួន​លោក​កាន់​តែ​ច្បាស់។ បន្ទាប់​ពី​ការ​ធ្វើដំណើរ​របស់​លោក​ កម្មវិធី​ទូរស័ព្ទ​នោះ​បាន​ផ្តល់​ពិន្ទុ​ចុង​ក្រោយ​អំពី​ការ​បើក​បរ​របស់​លោក។
លោក​និយាយ​ថា៖ «ខ្ញុំ​ទទួល​បាន​៨៨​ពិន្ទុ»។

កម្មវិធី​ទូរស័ព្ទ​នោះ​បញ្ជាក់​ថា​ លោក​ត្រូវ​តែ​ព្យាយាម​បន្ថែម​ទៀត​លើ​ការ​ប្រើប្រាស់​ហ្វ្រាំង​រថយន្ត៕

ប្រែសម្រួល​ដោយ​ នៀម ឆេង

XS
SM
MD
LG