រដ្ឋាភិបាលបន្តរៀបចំសេចក្តីព្រាងច្បាប់ស្តីពីឧក្រិដ្ឋកម្មព័ត៌មានវិទ្យា និងសេចក្តីព្រាងច្បាប់ស្តីពីទូរគមនាគមន៍។ ក្រុមអ្នករិះគន់ព្រួយបារម្ភថា ច្បាប់ទាំងពីរនេះនឹងមានការរិតត្បិតទៅលើមធ្យោបាយមួយចំនួនដែលប្រជាជនប្រើសម្រាប់ការបញ្ចេញមតិដោយសេរីពិតៗនៅក្នុងប្រទេសនេះ។
អ៊ីនធើណិត និងប្រព័ន្ធផ្សព្វផ្សាយ ដូចជាបណ្តាញសង្គម និងឧបករណ៍អេឡិចត្រូនិកចល័តផ្សេងៗទៀតទាំងអស់បានអនុញ្ញាតឲ្យប្រជាជនបានបញ្ចេញមតិ ដែលនេះជានិន្នាការមួយមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសនេះ។
ការសន្ទនាអំពីភាពក្រីក្រ ការកាប់បំផ្លាញព្រៃឈើ និងការរំលោភយកដីធ្លីមានជាហូរហែនៅលើប្រព័ន្ធអ៊ីនធើណិត និងបណ្តាញសង្គម ហើយវាមិននៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលនោះទេ។
នៅក្នុងរបាយការណ៍ថ្មីមួយរបស់អង្គការសិទ្ធិមនុស្សលីកាដូ Licadho ដែលមានចំណងជើងថា៖ «ដំណើរឃ្លាតចេញពីអ៊ីនធើណិត? ការគំរាមកំហែងចំពោះសេរីភាពលើប្រព័ន្ធអ៊ីនធើណិត ដែលទើបរកឃើញថ្មីនៅកម្ពុជា»នោះ អង្គការនេះបាននិយាយថា ប្រសិនបើត្រូវបានអនុម័ត សេចក្តីព្រាងច្បាប់ថ្មីទាំងពីរនេះនឹងផ្តល់អំណាចដល់រដ្ឋាភិបាលក្នុងការគ្រប់គ្រងប្រព័ន្ធព័ត៌មាន និងទប់ស្កាត់សេរីភាពបញ្ចេញមតិតាមរយៈប្រព័ន្ធអ៊ីនធើណិត និងបណ្តាញសង្គមទាំងនោះដោយរដ្ឋាភិបាលតាមដាន និងគាបសង្កត់ក្រុមហ៊ុនដែលជាអ្នកផ្តល់សេវាអ៊ីនធើណិត។
លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសរបស់អង្គការលីកាដូ បាននិយាយនៅក្នុងរបាយការណ៍នេះថា៖«សេរីភាពក្នុងការបញ្ចេញមតិគឺជាសិទ្ធិដែលប្រជាពលរដ្ឋកម្ពុជាភាគច្រើនពិតជាមិនធ្លាប់មានពីមុន។ មិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលនោះទេ ដែលថា ភ្លាមៗបន្ទាប់ពីប្រជាពលរដ្ឋកម្ពុជាបានរកឃើញមធ្យោបាយថ្មីដែលអាចឲ្យពួកគេបញ្ចេញមតិរបស់ខ្លួនឲ្យគេបានដឹងនោះ រាជរដ្ឋាភិបាលនឹងចាប់ផ្តើមព្យាយាមយ៉ាងខ្លាំងក្លាដើម្បីបំបិទសំឡេងរបស់ប្រជាពលរដ្ឋជាថ្មីម្តងទៀត»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បាននិយាយថា សេចក្តីព្រាងច្បាប់ស្តីពីឧក្រិដ្ឋកម្មព័ត៌មានវិទ្យានេះស្ថិតនៅក្នុងសភាព«អសកម្ម» (dormant) ហើយថា របាយការណ៍របស់អង្គការលីកាដូមិនបានឆ្លុះបញ្ចាំងពីចេតនារបស់រដ្ឋាភិបាលទេ។ លោកមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់នេះត្រូវបង្កើតឡើងដើម្បីបង្ក្រាបពួកអ្នកលួចទិន្នន័យតាមឧបករណ៍អេឡិចត្រូនិកផ្សេងៗ ដែលត្រូវគេហៅថា Hacker។
ទោះយ៉ាងណា លោក អំ សំអាត បាននិយាយថា របាយការណ៍ដែលក្រុមការងាររបស់លោកចំណាយពេលពីរឆ្នាំដើម្បីចងក្រងនោះ គឺជាប្រភពល្អមួយដែលអាចផ្តល់គំនិតដល់រដ្ឋាភិបាល ដើម្បីធ្វើការសម្រេចចិត្តលើការបង្កើតគោលនយោបាយ។ រហូតមកដល់ពេលនេះ ច្បាប់នេះត្រូវបានរក្សាជាសម្ងាត់។ លោកបាននិយាយថា ច្បាប់នេះគួរតែផ្សព្វផ្សាយជាសាធារណៈ«ដើម្បីឲ្យក្រុមដែលពាក់ព័ន្ធអាចផ្តល់ជាមតិយោបល់»។
លោក មាស ប៉ូ ដែលជាអ្នកនាំពាក្យរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ថា ច្បាប់ទូរគមនាគមន៍នេះនឹងត្រូវផ្ញើទៅកាន់ទីស្តីការគណៈរដ្ឋមន្រ្តី ហើយបន្ទាប់ពីនោះច្បាប់នេះនឹងត្រូវត្រូវផ្ញើរទៅរដ្ឋសភាពិភាក្សាដេញដោលនៅចុងឆ្នាំនេះ។
លោកបាននិយាយថា៖ «យើងបង្កើតច្បាប់នេះឡើងដើម្បីតម្រង់ទិស និងគ្រប់គ្រង មិនមែនបង្កើតឡើងដើម្បីឲ្យមានបញ្ហានោះទេ»។
លោក មាស ប៉ូ បានមានប្រសាសន៍ថា ក្រសួងកំពុងបន្តសិក្សាស្រាវជ្រាវបន្ថែមទៀតពីប្រទេសដទៃ ដើម្បីឲ្យច្បាប់ឧក្រិដ្ឋកម្មព័ត៌មានវិទ្យានេះកាន់តែល្អ។ ឆ្លើយតបទៅនឹងសំណួរដែលថា សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទូរគមនាគមន៍អាចនឹងត្រូវប្រើ ដើម្បីគ្រប់គ្រងអ្នកផ្តល់សេវាប្រព័ន្ធអ៊ីនធើណិតឬទេ លោកបាននិយាយថា៖ «អ្នកមួយចំនួនមិនទាន់ដឹងច្បាប់»។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឱ្យដឹងថា លោកមិនបានដឹងអំពីព័ត៌មានលម្អិតនៃសេចក្តីព្រាងច្បាប់នេះទេ ប៉ុន្តែលោកបានមានប្រសាសន៍ថា ជាទូទៅការដែលមានច្បាប់គឺប្រសើរជាងគ្មានច្បាប់។
លោកបាននិយាយថា៖ «និយាយរួម អ្វីៗនៅក្រោមច្បាប់ល្អជាង»។
នាយករបស់អង្គការលីកាដូគឺលោកស្រី ណាលី ពីឡូក Naly Pilorge បាននិយាយថា ច្បាប់ទាំងពីរនេះគឺមានន័យថា ជាការផ្តល់នូវអំណាចទៅឲ្យគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចឲ្យមានអំណាចគ្រប់គ្រងលើប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយវានឹងបន្ទុចបង្អាក់សេរីភាពនៃការបញ្ចេញមតិ។
លោកស្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នេះថា៖«សេចក្តីព្រាងច្បាប់ស្តីពីឧក្រិដ្ឋកម្មព័ត៌មានវិទ្យា និងសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទូរគមនាគមន៍នេះគឺជាការព្យាយាមយ៉ាងក្រឡែតរបស់គណបក្សកាន់អំណាចក្នុងការបង្កើតឲ្យមានការត្រួតពិនិត្យពេញលេញទៅលើប្រព័ន្ធអ៊ីនធើណិត និងទូរគមនាគមន៍នៅក្នុងប្រទេសកម្ពុជា»។
លោកស្រីបានមានប្រសាសន៍បន្ថែមថា៖ «វិធានការស្ងាត់ៗក្រែលែងដែលរាជរដ្ឋាភិបាលកម្ពុជានឹងធ្វើឡើងដោយយោងលើច្បាប់ទាំងពីរនេះ អាចនឹងត្រូវបានប្រើប្រាស់ ហើយហាក់ដូចជានឹងត្រូវបានប្រើប្រាស់ដើម្បីធ្វើការគាបសង្កត់គ្រប់ទម្រង់ទាំងអស់ទៅលើអត្ថបទទាំងអស់ដែលរិះគន់អាជ្ញាធររដ្ឋ»។
លោក អ៊ូ វីរៈ ប្រធាននៃវេទិកាអនាគតបាននិយាយថា អ៊ីនធើណិត និងប្រព័ន្ធផ្សព្វផ្សាយសង្គមមានសារៈសំខាន់ណាស់ចំពោះសេរីភាពនៃការបញ្ចេញមតិរបស់ប្រជាជនខ្មែរ ហើយប្រព័ន្ធនេះផ្តល់ព័ត៌មានជាច្រើនអំពីពិភពលោកទាំងមូលទៅដល់ប្រជាពលរដ្ឋកម្ពុជា។ លោកបានបន្ថែមផងដែរថា ប្រព័ន្ធនេះបានផ្តល់ឱកាសឲ្យមានវេទិកាពិភាក្សា បន្ថែមលើការធ្វើបាតុកម្មតវ៉ា។
លោកបាននិយាយថា៖ «ចំនួននៃការតវ៉ានេះបានថយចុះ។ ប្រជាជនបញ្ចេញមតិរបស់គាត់តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមតាមអ៊ីនធើណិត ដូចជាហ្វេសប៊ុក។ វាមានការរីកចម្រើន»។
លោកបានបន្ថែមថា មនុស្សរាប់លាននាក់កំពុងប្រើប្រាស់អ៊ីនធើណិត និង បណ្តាញសង្គម ដូចជាហ្វេសប៊ុក ដោយសារតែភាពរីកចម្រើននៃបច្ចេកវិទ្យា និង ទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិកដទៃទៀតដែលមានតម្លៃទាប។
លោក អ៊ូ វីរៈ បាននិយាយថា ច្បាប់ត្រូវតែមានដើម្បីទប់ស្កាត់ការរំលោភបំពាននិងឧក្រិដ្ឋកម្មផ្សេងៗតាមប្រព័ន្ធព័ត៌មានវិទ្យា ដែលអាចប៉ះពាល់ដល់សុវត្ថិភាពរបស់រដ្ឋ ហើយសេចក្តីព្រាងច្បាប់នេះគួរតែផ្តោតទៅលើចំណុចនេះ៕