ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោនថា កាលពីថ្ងៃអង្គារពួកសាធារណរដ្ឋនៅក្នុងសភាតំណាងរាស្ត្រអាមេរិកាំងបានលាតត្រដាងសេចក្តីព្រាងច្បាប់មួយដើម្បីទប់នឹងវិធានការកាលពីពេលថ្មីៗរបស់រដ្ឋបាលអូបាម៉ាដែលបានបន្ធូរការរិតត្បិតស.រ.អា.លើការធ្វើដំណើរទៅកាន់ប្រទេសគុយបា។
មាត្រាច្បាប់នេះដែលរៀបចំឡើងដោយអ្នកតំណាងរាស្ត្រ Mario Diaz-Balart ដែលជាពលរដ្ឋអាមេរិកាំងដើមកំណើតគុយបា មកពីរដ្ឋ Florida អាចរារាំងជើងហោះថ្មីៗនិងការធ្វើដំណើរតាមនាវាកម្សាន្តទៅកាន់ប្រទេសគុយបា។ មាត្រានេះបានត្រូវភ្ជាប់ជាមួយសេចក្តីព្រាងច្បាប់ស្តីពីចំណាយខាងការដឹកជញ្ជូនដែលសភាតំណាងរាស្ត្រអាមេរិកាំងនឹងពិចារណានៅខែក្រោយ។
ចំណាត់ការនេះរបស់លោក Diaz-Balart មានឡើងជាការឆ្លើយតបដល់បទបញ្ញត្តិថ្មីៗចេញផ្សាយដោយរដ្ឋបាលស.រ.អា.កាលពីខែមករាដែលអាចបន្ធូរបន្ថយច្រើនក្រាស់ក្រែលដល់ការរិតត្បិតការធ្វើដំណើរទៅកាន់ប្រទេសគុយបា
ហើយអនុញ្ញាតឱ្យមានការហោះហើរជាទៀងទាត់តាមការកំណត់ជាលើកដំបូងទៅកាន់ប្រទេសគុយបា ដែលជាលទ្ធផលនៃការទាក់ទងគ្នាល្អជាថ្មីរវាងស.រ.អា.និងប្រទេសគុយបា នៅក្រោយរយៈពេលមានអរិភាពកន្លះសតវត្សរ៍នៃសង្គ្រាមត្រជាក់។
ផែនការនេះរបស់ពួកសាធារណរដ្ឋនឹងបង្អាក់ជើងហោះថ្មីៗ ក៏ប៉ុន្តែនឹងរក្សាទុកបទបញ្ញត្តិថ្មីៗដែលអនុញ្ញាតឱ្យមានការដឹកជញ្ជូនចូលក្នុងស.រ.អា.នូវចំនួននៃទំនិញខ្លះៗដែលមានកម្រិត ដូចជាបារី Cigars និងស្រា Rum ជាដើម។
មាត្រានេះប្រាកដជានឹងបណ្តាលឱ្យមានរឿងចម្រូងចម្រាស់និងការគំរាមវ៉េតូពីសេតវិមាន។ មាត្រានេះក៏ប្រឈមមុខនឹងការបោះឆ្នោតនៅក្នុងគណៈកម្មាធិការទទួលបន្ទុកចាត់ប្រាក់ចំណាយនិងក្នុងសភាតំណាងរាស្ត្រអាមេរិកាំងដែលនៅទីនោះមានមនោសញ្ចេតនាច្រើនក្រាស់ក្រែល ទោះណាជានៅក្នុងចំណោមពួកសាធារណរដ្ឋអភិរក្សនិយមក៏ដោយ ក៏មានចំណង់ឱ្យបន្ធូរបន្ថយការរាំងខ្ទប់ខាងពាណិជ្ជកម្មនិងការរិតត្បិតការធ្វើដំណើរជាង៥ទសវត្សរ៍មកហើយប្រឆាំងនឹងប្រទេសជាកោះនេះដែរ៕