មន្រ្តីជាន់ខ្ពស់ម្នាក់របស់សហរដ្ឋអាមេរិកនិយាយថា សហរដ្ឋអាមេរិក និងប្រទេស គុយបាបានព្រមព្រៀងគ្នាបើកស្ថានទូតឡើងវិញនៅក្នុងរដ្ឋធានីនៃប្រទេសទាំង២ជាលើកទីមួយនៅក្នុងរយៈពេលជាង៥០ឆ្នាំនេះ។
សេតវិមានបានប្រាប់ឲ្យដឹងថា លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា មានគម្រោងធ្វើសេចក្តីថ្លែងការណ៍ស្តីពីប្រទេសគុយបាពីសួនកុលាប Rose Garden នៅថ្ងៃពុធនេះ ខណៈដែលលោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក John Kerry នឹងថ្លែងនៅក្នុងទីក្រុងវីយែន (Vienna) ដែលនៅទីនោះលោកកំពុងចូលរួមនៅក្នុងការចរចានុយក្លេអ៊ែរជាមួយប្រទេសអ៊ីរ៉ង់។
ក្រសួងការបរទេសនៃប្រទេសគុយបាបានប្រាប់ឲ្យដឹងថា លោក Jeffrey DeLaurentis ប្រធានផ្នែកប្រយោជន៍សហរដ្ឋអាមេរិកក្នុងរដ្ឋធានីឡាហាវ៉ាន (Havana) នឹងប្រគល់លិខិតមួយនៅថ្ងៃពុធនេះពីលោកប្រធានាធិបតីអូបាម៉ាស្តីពីការបើកស្ថានទូតនេះឡើងវិញ។
លោកប្រធានាធិបតីអូបាម៉ា និងប្រធានាធិបតី Raul Castro នៃប្រទេសគុយបាបានប្រកាសកាលពីខែធ្នូឆ្នាំទៅថា ប្រទេសទាំង២បានប្រុងប្រៀបខ្លួនជាស្រេចហើយដើម្បីធ្វើឲ្យមានទំនាក់ទំនងខាងការទូតទៅជាប្រក្រតីឡើងវិញដែលត្រូវបានកាត់ផ្តាច់នៅពេលសង្គ្រាមត្រជាក់ឡើងខ្លាំង និងបន្ទាប់ពីការចរចាសម្ងាត់អស់រយៈពេលជាច្រើនខែមក។ ចាប់តាំងពីពេលនោះមក គណៈប្រតិភូពីភាគីទាំង២បានធ្វើការជួបប្រជុំជាច្រើនលើកនៅក្នុងរដ្ឋធានីរបស់ប្រទេសនីមួយៗដើម្បីធ្វើសេចក្តីលម្អិតនៃការបើកស្ថានទូតរបស់ខ្លួនឡើងវិញ។ លោកប្រធានាធិបតីអូបាម៉ា និងប្រធានាធិបតី Castro បានជួបទល់មុខគ្នាជាប្រវត្តិសាស្រ្តកាលពីខែមេសានៅខាងក្រៅសន្និសីទកំពូលប្រចាំតំបន់នៅក្នុងប្រទេសប៉ាណាម៉ា (Panama) បន្ទាប់មកសហរដ្ឋអាមេរិកបានដកប្រទេសគុយបាចេញពីបញ្ជីរដ្ឋគាំទ្រភេរវកម្ម៕