ការប្រកាសចុះចេញពីតំណែងជានាយករដ្ឋមន្រ្តីរបស់លោក ហ៊ុន សែន ធ្វើឡើងមិនដល់មួយសប្តាហ៍ផង ក្រោយគណបក្សប្រជាជនកម្ពុជាឈ្នះការបោះឆ្នោតមួយដែលមិនមានវត្តមានគណបក្សជំទាស់ដ៏ចម្បង គឺគណបក្សភ្លើងទៀន។ ការណ៍នេះនាំឱ្យមានការរិះគន់ពីប្រទេសលោកខាងលិចមួយចំនួនអំពីការបន្តធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យក្នុងប្រទេស ដែលរៀបចំការបោះឆ្នោតពីរដងជាប់គ្នាចុងក្រោយនេះ មិនមានវត្តមានគណបក្សជំទាស់ដ៏ចម្បង។
លោក ហ៊ុន សែន អាយុ៧០ឆ្នាំ ដែលកាន់អំណាច៣៨ឆ្នាំមកនេះ ពោលគឺចាប់ពីឆ្នាំ១៩៨៥ ត្រូវបានមើលឃើញថាមានស្នាដៃបញ្ចប់សង្រ្គាមស៊ីវិលក្នុងប្រទេសកម្ពុជា និងការកសាងប្រទេសមួយនេះក្នុងរយៈពេលជិត៤០ឆ្នាំមកនេះ។ ប៉ុន្តែការដឹកនាំរបស់លោករងការរិះគន់ថាបំផ្លាញលទ្ធិប្រជាធិបតេយ្យដែលកម្ពុជាបានប្តេជ្ញាតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ រំលោភបំពានការគោរពសិទ្ធិមនុស្ស ហើយប្រទេសមួយនេះកាន់តែខិតជិតប្រទេសចិន ដែលលោក ហ៊ុន សែន បានពឹងអាស្រ័យជាច្រើន ដើម្បីបានប្រាក់មកកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស។
លោក Volker Türk ឧត្តមស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស កាលពីថ្ងៃទី២៦ ខែកក្កដា បានចេញសេចក្តីថ្លែងការណ៍មួយ ដោយលើកឡើងថា ការបោះឆ្នោតនៅកម្ពុជាកាលពីថ្ងៃទី២៣ ខែកក្កដា ត្រូវបានរៀបចំឡើងក្នុងបរិយាកាសរឹតត្បិតខ្លាំង ហើយវាប៉ះពាល់ដល់សិទ្ធិរបស់ប្រជាពលរដ្ឋកម្ពុជា។
លោកបញ្ជាក់ថា៖ «វាជាការព្រួយបារម្ភមួយដែលកម្ពុជាមានការរួមតូចនៃលំហប្រជាធិបតេយ្យនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលវាធ្វើឱ្យប៉ះពាល់សេរីភាពជាមូលដ្ឋាន និងសិទ្ធិក្នុងការចូលរួមកិច្ចការសាធារណៈ»។
លោកបន្ថែមគណបក្សនយោបាយជំទាស់ សកម្មជន និងប្រព័ន្ធផ្សព្វផ្សាយបានប្រឈមនឹងការរឹតបន្តឹងជាច្រើន។
លោក Phil Robertson នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិប្រចាំតំបន់អាស៊ី ប្រាប់វីអូអេតាមសារអ៊ីម៉ែលថាលោក ហ៊ុន សែន នឹងមិនទៅណាឆ្ងាយទេ បើទោះលោកឈប់ធ្វើជានាយករដ្ឋមន្រ្តី ហើយលោកនឹងបន្តមើលពីលើស្មារបស់លោក ហ៊ុន ម៉ាណែត ដែលនឹងទទួលតំណែងនាយករដ្ឋមន្រ្តីចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។
លោក Phil Robertson ថ្លែងថា៖ «លោក ហ៊ុន សែន បានបំពានជាប្រព័ន្ធលើការសន្យានៃប្រជាធិបតេយ្យដែលមានគណបក្សច្រើន ចាប់តាំងពីថ្ងៃនៃអាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ ហៅកាត់ថាអ៊ុនតាក់…»។ លោកបន្ថែមថាក្នុងរយៈពេលជិត៤០ឆ្នាំមកនេះ បញ្ហាជាច្រើនបានកើតឡើងក្នុងប្រទេសកម្ពុជា ដូចជាការបំពានសិទ្ធិមនុស្ស មន្រ្តីគណបក្សកាន់អំណាចប្រព្រឹត្តអំពើពុករលួយ បញ្ហាអភិបាលកិច្ចល្អ ការបំផ្លាញធនធានធម្មជាតិ គម្លាតរវាងអ្នកមាននិងអ្នកក្រ និងបញ្ហាចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសជាដើម។
ក្រៅពីដឹកនាំប្រទេសមករកសន្តិភាព លោក ហ៊ុន សែន ត្រូវបានគេមើលឃើញថាបានកសាងប្រទេស កាត់បន្ថយភាពក្រីក្រ កសាងហេដ្ឋារចនាសម្ព័ន្ធ រៀបចំប្រព័ន្ធសុខាភិបាល និងអប់រំជាដើម។ លោក ហ៊ុន សែន បានថ្លែងកាលពីថ្ងៃពុធថាការចាកចេញរបស់លោក គឺដើម្បី«រៀបចំដំណើរផ្លូវវែងឆ្ងាយទៅមុខទៀត»។
លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សសង្រ្គោះជាតិដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ថ្លែងថាការបោះឆ្នោតកាលពីពេលថ្មីៗនេះ មិនបានឆ្លុះបញ្ចាំងឆន្ទៈរបស់ប្រជាពលរដ្ឋ ហើយការបោះឆ្នោតនេះ ជាការបោះឆ្នោត«លេងសើច»។
លោកបញ្ជាក់ថា៖ «ដូច្នេះលោក ហ៊ុន ម៉ាណែត អត់មានមូលដ្ឋាន អត់មានមូលដ្ឋានអ្វីទាល់តែសោះ ចង់មកធ្វើនាយករដ្ឋមន្រ្តីជំនួសឪគាត់»។
លោកបន្ថែមថា៖ «ប៉ុន្តែលោក ហ៊ុន ម៉ាណែត មកកាន់តំណែង ចង់ធ្វើជានាយករដ្ឋមន្រ្តីជំនួសឪនោះ គឺឈរលើអី ដោយសារអ្វី ពឹងពាក់អ្វី សម្អាងអ្វី សម្អាងខ្យល់»។
បើទោះមានការរិះគន់លោក ហ៊ុន ម៉ាណែត អាយុ៤៥ឆ្នាំ ដែលនឹងក្លាយជានាយករដ្ឋមន្រ្តីចាប់ពីខែក្រោយ លើកឡើងថាប្រជាពលរដ្ឋខ្មែរបានបង្ហាញនូវឆន្ទៈរបស់ខ្លួនយ៉ាងច្បាស់តាមរយៈការអញ្ជើញទៅបោះឆ្នោតជាង៨៤%។ លោកបញ្ជាក់ថាលោកនឹង«ប្តេជ្ញាចិត្តបន្តចូលរួមបម្រើប្រទេសជាតិនិងប្រជាជនឱ្យបានកាន់តែល្អប្រសើរទៅថ្ងៃអនាគត»។
អ្នកតាមដានសង្គមមួយចំនួនកត់សម្គាល់ថាបញ្ហាលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស គឺរដ្ឋាភិបាលកម្ពុជាមិនទាន់បំពេញបានល្អប្រសើរទេ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃសមាគមការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ឃើញថា រដ្ឋាភិបាលកម្ពុជាមានចំណុចល្អ គឺការរក្សាសន្តិភាព ប៉ុន្តែរដ្ឋាភិបាលមិនទាន់បំពេញបានល្អប្រសើរនៅឡើយទេ ទាក់ទងបញ្ហាលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។
លោកថ្លែងថា៖ «ចំណុចល្អ យើងទទួលស្គាល់ទាំងអស់គ្នាក្នុងការដឹកនាំប្រទេសរបស់សម្តេចនាយករដ្ឋមន្ត្រី៣៨ឆ្នាំកន្លងមក គឺការកសាងសន្តិភាពដែលបញ្ចប់សង្គ្រាមស៊ីវិល អាហ្នឹងជាចំណុចល្អមួយដែលយើងមើលឃើញនិងអភិវឌ្ឍប្រទេសជាតិមួយចំនួនទៀត។ ក៏ប៉ុន្តែអ្វីជាការកត់សម្គាល់ថាវានៅខ្វះចន្លោះ ហើយយើង[កម្ពុជា]មិនបានបំពេញឱ្យបានពេញលេញនោះ គឺទាក់ទងជាមួយនឹងបញ្ហាលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា»។
បើតាមលោក អំ សំអាត បញ្ហាលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា គឺជាបញ្ហាដ៏ចម្រូងចម្រាសជាមួយសហគមន៍អន្តរជាតិ ជាពិសេសចម្រូងចម្រាសខ្លាំងក្នុងមួយរយៈពេលចុងក្រោយនេះ។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា កត់សម្គាល់ថានៅពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋក្នុងប្រទេសមិនហ៊ាននិយាយចំៗរិះគន់រដ្ឋាភិបាល និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឡើយ ដោយបារម្ភប្រឈមនឹងការធ្វើទុក្ខបុកម្នេញ។
លោកថ្លែងថា៖ «ការអភិវឌ្ឍ យើងឃើញមានការរីកចម្រើន ក៏ប៉ុន្តែធនធានជាតិយើងក៏អស់ច្រើនដែរ។ អាហ្នឹងបើយើងធៀបវាយតម្លៃមើលថាតើតម្លៃមរតកនយោបាយដែលនៅសល់ វាអាចឆ្លើយតបនឹងសេចក្តីត្រូវការរបស់ពលរដ្ឋ ឬពលរដ្ឋមានការពេញចិត្តក្របខណ្ឌណា។ អានេះជាកិច្ចការមួយដែលពលរដ្ឋកម្ពុជាដឹងច្បាស់ ពីព្រោះពលរដ្ឋកម្ពុជាមិនហ៊ានសម្តែងទស្សនៈមតិត្រង់ទេ ប៉ុន្តែបានគិតក្នុងចិត្ត បានទទួលស្គាល់ ឬក៏យល់ពីតម្លៃនយោបាយមួយនៅក្នុងការដឹកនាំកន្លងមកហើយ។ តែគ្រាន់ថាឱ្យហ៊ាននិយាយចំ វាមានបញ្ហារសើបដែលអ្នកនៅក្នុងប្រទេសពិបាកនិយាយ រួមទាំងខ្ញុំផងដែរ»។
ក្រោយការប្រកាសឈប់ធ្វើនាយករដ្ឋមន្រ្តីរបស់លោក ហ៊ុន សែន ប្រជាពលរដ្ឋមួយចំនួនដែលអ្នកសារព័ត៌មានវីអូអេបានសម្ភាសហាក់ស្ទាក់ស្ទើរមិនហ៊ានលើកឡើងអំពីចំណុចអវិជ្ជមានរបស់រដ្ឋាភិបាល ជាពិសេសពាក់ព័ន្ធនឹងការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
យុវជន គីន សុគាន អាយុ២០ឆ្នាំ និស្សិតឆ្នាំទី១ដែលសិក្សាជំនាញអក្សរសាស្រ្តខ្មែរ ប្រាប់វីអូអេថាក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ប្រទេសមានការរីកចម្រើនច្រើន ដូចជាការសាងសង់សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ជាដើម។ ប៉ុន្តែយុវជនរូបនេះចង់ឃើញរដ្ឋាភិបាលរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ជនបទដាច់ស្រយាលបន្ថែមទៀត ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «ខ្ញុំចង់ឱ្យមានការអភិវឌ្ឍទៅលើតាមបណ្តាខេត្តដាច់ស្រយាល ដូចជាផ្លូវ សាលារៀន គ្រូបង្រៀន និងភ្លើង[អគ្គិសនី] ទាក់ទងនឹងខ្វះខាតគ្រូបង្រៀន។ និយាយរួមទៅរឿងប្រាក់ខែ ហ្នឹង ក៏អាចត្រូវដំឡើងឱ្យតិចតួចអ៊ីចឹង ហើយជួយពង្រឹងខាងគ្រូបង្រៀន ឱ្យមានការពង្រឹងសមត្ថភាពរបស់គាត់ឱ្យកាន់តែខ្លាំង»។
ចំណែកលោក ស៊ុន ធី អាយុ៧០ឆ្នាំ អ្នករត់កង់បីខ្មែរ ក្នុងរាជធានីភ្នំពេញ ប្រាប់វីអូអេថា ការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កន្លងទៅ ប្រទេសកម្ពុជាមានការរីកចម្រើនស្ទើរតែគ្រប់វិស័យ។
លោកប្រាប់វីអូអេថា៖ «សូម្បីតែប្រទេសជាតិយើង គឺលូតលាស់ យើងមើលសម័យណាដែលខ្ញុំទាន់ អត់លូតដូចសម័យ ហ៊ុន សែន ទេ»។
មុនចាកចេញពីតំណែង លោក ហ៊ុន សែន ក៏ផ្តាំឱ្យលោក ហ៊ុន ម៉ាណែត កូនប្រុសរបស់លោកឱ្យបន្តការពារសន្តិភាពឱ្យខានតែបាន។ ការការពារសន្តិភាពនេះ ត្រូវបានលោក ហ៊ុន សែន ប្រើប្រាស់ ដើម្បីវាយកម្ទេចក្រុមប្រឆាំង ដែលលោកថាមានបំណងផ្តួលរំលំរដ្ឋាភិបាលរបស់លោក ហើយនាំកម្ពុជាទៅរកសង្រ្គាម។
ឆ្លើយតបនឹងបណ្តាំនេះ លោក ហ៊ុន ម៉ាណែត បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកនាថ្ងៃព្រហស្បតិ៍នេះថា៖ «បណ្តាំរបស់ពុកដែលកូននឹងចងចាំជានិច្ច និងប្តេជ្ញាអនុវត្តឱ្យបានដាច់ខាតនៅក្នុងគ្រប់កាលៈទេសៈ»៕