លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកាន់អំណាច៣៨ឆ្នាំមកហើយ នៅថ្ងៃពុធនេះ បានប្រកាសថា លោកនឹងលែងធ្វើជានាយករដ្ឋមន្រ្តីទៀតហើយ ដោយឱ្យកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត ទទួលតំណែងនេះជំនួស ចាប់ពីខែក្រោយ។
ការប្រកាសរបស់លោក ហ៊ុន សែន ក្រោយគណបក្សប្រជាជនកម្ពុជាឈ្នះការបោះឆ្នោត ដែលអវត្តមានគណបក្សភ្លើងទៀន ដែលជាគណបក្សជំទាស់ដ៏ចម្បង។
នៅក្នុងវីដេអូថតទុកមួយ លោក ហ៊ុន សែន បានថ្លែងថាលោក ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្រ្តីចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ។
លោកបញ្ជាក់ថា៖ «ខ្ញុំព្រះកុរណាខ្ញុំ សូមការយោគយល់ពីប្រជាពលរដ្ឋ ដើម្បីប្រកាសថាខ្ញុំព្រះករុណាខ្ញុំនឹងមិនបន្តមុខតំណែងនាយករដ្ឋមន្រ្តីទៀតនោះទេ...»។
លោក ហ៊ុន សែន បន្ថែមថា៖ «ប្រសិនបើខ្ញុំព្រះករុណាខ្ញុំ បន្តធ្វើក្នុងរយៈ១ឆ្នាំឬ២ឆ្នាំរួចហើយទើបលាលែងចេញពីតំណែង សភាពការណ៍នឹងមានការអស្ថិរភាពក្នុងមួយរយៈកាល។ ដូច្នេះវាមានការចាំបាច់ណាស់ ដើម្បីឱ្យគណៈរដ្ឋមន្រ្តីថ្មីមួយ ដែលសុទ្ធតែភាគច្រើនជាមនុស្សវ័យក្មេង ទទួលបាននូវកិច្ចការដែលពួកគេត្រូវទទួលខុសត្រូវសម្រាប់ទៅថ្ងៃអនាគត»។
ទោះជាយ៉ាងណា លោក ហ៊ុន សែន ថាលោកនៅតែបន្តមុខនាទីជាប្រធានគណបក្ស និងតួនាទីសមាជិករដ្ឋសភាម្នាក់។ ប៉ុន្តែលោកថាលោកនឹងក្លាយជាប្រធានព្រឹទ្ធសភា ក្រោយការបោះឆ្នោតព្រឹទ្ធសភា នាខែកុម្ភៈ ឆ្នាំ២០២៤។
បើតាមលោក ហ៊ុន សែន លោកនៅតែជា«តួអង្គអ្នកនយោបាយដឹកនាំប្រទេស» បន្តទៀតតាមរយៈជាប្រធានគណបក្សប្រជាជនកម្ពុជា។ បន្ថែមពីនេះ លោក ហ៊ុន សែន ថា លោកនឹងទទួលតំណែងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ។
លោកនាយករដ្ឋមន្រ្តីឱ្យដឹងទៀតថា លោក ស ខេង លោក ទៀ បាញ់ លោក ហេង សំរិន និងអ្នកស្រី ម៉ែន សំអន នឹងត្រូវបានតែងតាំងជាឧត្តមក្រុមប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្រ។
ទោះជាយ៉ាងណា លោក ហ៊ុន សែន មិនបានប្រកាសថាតើអ្នកណានឹងក្លាយជាប្រធានរដ្ឋសភានៅឡើយទេ។ ប៉ុន្តែលោកថា លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ នឹងចាកចេញផុតពីតំណែង។
លោក ហ៊ុន សែន បន្ថែមថាលោកមិនជ្រៀតជ្រែកកិច្ចការរបស់នាយករដ្ឋមន្រ្តីឡើយ បើទោះលោកជាឪពុកនាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សកាន់អំណាច។
លោកបញ្ជាក់ថា៖ «ហើយខ្ញុំព្រះករុណាខ្ញុំសូមបញ្ជាក់ថាបើទោះបីអំណាចនយោបាយស្ថិតនៅក្នុងដៃរបស់ខ្ញុំដែល តែខ្ញុំព្រះករុណាខ្ញុំនឹងមិនជ្រៀតជ្រែកទៅលើកិច្ចការរដ្ឋាភិបាលឬនាយករដ្ឋមន្រ្តីថ្មីនោះឡើយ»។
លោក ហ៊ុន សែន ក៏អំពាវនាវឱ្យប្រជាពលរដ្ឋកុំបារម្ភនៅពេលលោកមិនធ្វើជានាយករដ្ឋមន្រ្តី ហើយមន្រ្តីជាន់ខ្ពស់នានាក្នុងវ័យចំណាស់ត្រូវតែហ៊ានលះបង់ ហើយលោកជាអ្នកលះបង់ធំជាងគេ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់វីអូអេនៅថ្ងៃពុធនេះថា គណបក្សមិនមានការបែកបាក់ផ្ទៃក្នុងឡើយ ដោយសារការសម្រេចឱ្យលោក ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្រ្តីនៅអាណត្តិនេះ។
លោកថ្លែងថា៖ «ហើយចេះតែមានការសង្ស័យអ៊ីចេះអ៊ីចោះ អាហ្នឹងគឺការយល់ច្រឡំគណបក្សប្រជាជនអត់មានបញ្ហារកាំរកូសឬបែកបាក់ផ្ទៃក្នុងទេ។ អាហ្នឹងឱ្យចាំ អាហ្នឹងរាប់សិបឆ្នាំហើយដែលជនមួយចំនួនយល់ច្រឡំថាគណបក្សប្រជាជនមានការបែកបាក់ផ្ទៃក្នុង ក៏ប៉ុន្តែអ្នកដែលថានោះបែកបាក់ខ្លួនឯងប៉ុន្មានលើក ប៉ុន្មានគ្រាទៅហើយ»។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា ប្រាប់វីអូអេថា ការសម្រេចឱ្យលោក ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្រ្តីភ្លាមៗ ជារបត់នយោបាយមួយថ្មីនៅក្នុងការផ្លាស់ប្តូរថ្នាក់ដឹកនាំជំនាន់ចាស់។ លោកបន្ថែមថា ប្រជាពលរដ្ឋរង់ចាំមើលថា តើអ្នកដឹកនាំថ្មីនឹងដើរតាមគន្លងចាស់ ឬមានទស្សនវិស័យថ្មីមកដឹកនាំប្រទេស។ លោកបន្ថែមថា នាយករដ្ឋមន្រ្តីថ្មីត្រូវដោះស្រាយទំនាក់ទំនងរកាំរកូសជាមួយលោកខាងលិច និងបញ្ហាសេដ្ឋកិច្ច។
លោកបញ្ជាក់ថា៖ «ក៏ប៉ុន្តែសម្រាប់បរិបទការដឹកនាំសម្រាប់កសាងជាតិ បរិយាកាសសេដ្ឋកិច្ចហាក់ដូចជាមិនល្អ ហើយនិងបរិយាកាសនៃការប្រតិកម្មពីសហគមន៍អន្តរជាតិ គឺរឿងការបោះឆ្នោតថ្មីៗ នេះគឺជារឿងមិនល្អសម្រាប់រដ្ឋាភិបាលថ្មីនេះទេ។ វាទាមទារនូវអ្នកដឹកនាំថ្មី នាយករដ្ឋមន្ត្រីថ្មីហ្នឹងមានឆន្ទៈនៅក្នុងការកសាងទំនាក់ទំនងជាមួយលោកខាងលិចហ្នឹងឱ្យល្អឡើងវិញ ទីមួយ។ទីពីរបញ្ហាសេដ្ឋកិច្ច ក៏ជាបញ្ហាប្រឈមដែលកម្ពុជាត្រូវដោះស្រាយដែរ»។
គួរបញ្ជាក់ថាលោក ហ៊ុន ម៉ាណែត ជានិស្សិតបញ្ចប់ការសិក្សានៅបណ្ឌិតសភាយោធា West Point សហរដ្ឋអាមេរិក និងបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យ Bristol នៅចក្រភពអង់គ្លេស។ លោក ហ៊ុន ម៉ាណែត មានតួនាទីជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ត្រូវបានសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាបោះឆ្នោតជ្រើសរើសជាឯកច្ឆន្ទ ជាបេក្ខជននាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។ ក្រៅពីនេះ លោកជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាផងដែរ។ ក្រោយគណបក្សសម្រេចឱ្យរូបលោកក្លាយជាបេក្ខជនអនាគតនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត នៅក្នុងអាណត្តិនេះ ក៏បានឈានជើងចូលជាបេក្ខជនតំណាងរាស្ត្រមួយរូបក្នុងរាជធានីភ្នំពេញផងដែរ៕