ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​បក្ស​ភ្លើងទៀន​ថា ​​អាជ្ញាធរ​​សួរ​រក​អ្នក​​មិន​ទៅ​បោះ​ឆ្នោត​ និង​​អ្នក​គូស​បំផ្លាញ​​សន្លឹក​ឆ្នោត


រូបឯកសារ៖ សកម្មជននិងក្រុមអ្នកគាំទ្រគណបក្សភ្លើងទៀនចូលរួមពិធីហែក្បួនក្នុងអំឡុងយុទ្ធការឃោសនា​បោះឆ្នោត​ក្រុមប្រឹក្សាឃុំសង្កាត់ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២២។
រូបឯកសារ៖ សកម្មជននិងក្រុមអ្នកគាំទ្រគណបក្សភ្លើងទៀនចូលរួមពិធីហែក្បួនក្នុងអំឡុងយុទ្ធការឃោសនា​បោះឆ្នោត​ក្រុមប្រឹក្សាឃុំសង្កាត់ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២២។

ក្រោយ​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​បាន​បញ្ចប់ អាជ្ញាធរ​មូល​ដ្ឋាន​បាន​ដើរ​ស្វែង​រក​អ្នក​មិន​ទៅ​បោះ​ឆ្នោត និង​អ្នក​គូស​ខ្វែង​សន្លឹក​ឆ្នោត​ចោល។ នេះ​បើ​យោង​តាម​មន្ត្រីជាន់​ខ្ពស់​គណ​បក្ស​ភ្លើង​ទៀន។

មន្ត្រី​ជាន់​ខ្ពស់​គណ​បក្ស​ភ្លើង​ទៀន​ចាត់​ទុក​រូប​ភាព​បែប​នោះ​ ​គឺ​ជា​ការ​អនុវត្ត​ផ្ទុយ​ពី​ច្បាប់​ ​ដែល​ប៉ះ​ពាល់​ដល់​ការ​ណ៍​សម្ងាត់​នៃ​ការ​បោះឆ្នោត​ និង​ជារូប​ភាព​គំរាមផ្នែក​ចិត្ត​សាស្ត្រ និ​ង​បំភិតបំភ័យ​ពល​រដ្ឋ។

លោក ថន ចន្ថា ប្រធាន​ស្ដីទី​ចលនា​យុវជន​ថ្នាក់​ជាតិ​គណ​បក្ស​ភ្លើង​ទៀន​ ប្រាប់​វីអូអេ​ថា​អាជ្ញាធរ​មូល​ដ្ឋាន​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​បាន​សួរ​នាំ​ប្រជា​ព​ល​រដ្ឋ និង​សកម្ម​ជន​គណបក្ស​ភ្លើងទៀន​ថា​បាន​ទៅ​បោះ​ឆ្នោតឬ​ទេ និង​បាន​សួរ​រកអ្នកគូស​សន្លឹក​ឆ្នោត​ខ្វែង​ចោលផង​ដែរ។ លោក​ចាត់​ទុក​សកម្ម​ភាព​បែប​នេះ ​ជា​ការ​រឹតត្បិត​សេរី​ភាព និង​ជា​ការ​រំលោភសិទ្ធិបោះ​ឆ្នោ​ត ​និង​បង្ហាញ​ឱ្យ​ឃើញ​ថា​ការ​បោះ​ឆ្នោត​បែប​នេះ លែង​ជា​ការណ៍​សម្ងាត់។

​លោក​បញ្ជាក់​ថា៖ «ខ្ញុំ​បាន​ទទួល​ព័ត៌​មាន​ពី​ខាងថ្នាក់​ដឹកនាំ​គណ​បក្ស​ភ្លើង​ទៀន​នៅ​មូលដ្ឋាន នៅ​ខេត្ត​មួយ​ចំនួន​គឺ​ត្រូវ​បាន​អាជ្ញាធរ ក៏​ដូច​ជាប៉ូលិស​ចុះ​ទៅ​សួរ​នាំរឿង​ប្រជាព​ល​រដ្ឋ​បាន​ទៅ​បោះ​ឆ្នោត​អត់ ហើយ​បាន​គូស​សន្លឹក​ឆ្នោត​ខ្វែង​អត់​។ ហើយ​ទង្វើ​បែប​នេះ​ សម្រាប់​ខ្ញុំ ខ្ញុំយ​ល់​ឃើញ​ថា​វា​គឺ​ជា​ការ​រឹត​ត្បិត​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ រឹត​ត្បិត​សេរី​ភាព​ក្នុង​ការ​ធ្វើ​សកម្ម​ភាព ឬក៏​រំលោភ​ទៅ​លើ​សិទ្ធិ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ ​ពីព្រោះ​ការ​បោះ​ឆ្នោត​គឺ​ជា​ការ​បោះ​ឆ្នោ​ត​ដែល​សម្ងាត់»។

​លោក​បន្ត​ថា៖ «​លក្ខ​ន្តិកៈ និង​ច្បាប់​បោះ​ឆ្នោត​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​របស់​យើង​បាន​ចែង​ថា​ការ​បោះ​ឆ្នោត​ដោយ​ត្រឹមត្រូវ ដោយ​ស្មើ​ភាព​គ្នា​ ដោយ​យុត្តិ​ធម៌ ហើយ​ការ​បោះ​ឆ្នោត​ហ្នឹង​គឺ​ការ​បោះ​ឆ្នោត​ដោយ​សម្ងាត់។ ក៏ប៉ុន្តែ​ការ​ធ្វើបែប​នេះ​របស់​អាជ្ញា​ធរ​ មាន​ន័យ​ថា​ការ​បោះ​ឆ្នោត​ហ្នឹង​លែង​ជា​ការ​បោះ​ឆ្នោត​ដោយ​សម្ងាត់​ហើយ ពីព្រោះ​ប្រជា​ពល​រដ្ឋ​បោះ​ឆ្នោត​ទៅ ត្រូវ​បាន​អាជ្ញាធរ​ដឹង​ថា​បោះ​យ៉ាង​ម៉េច​ បោះ​ឱ្យ​អ្នក​ណា ហើយ​ទៅ​គំរាម​កំហែង​សួរ​ អ៊ីចឹងវា​លែង​ជា​ការ​បោះ​ឆ្នោត​មួយ​ដោយ​យុត្តិ​ធម៌​ហើយ»។

បើ​តាម​លោក ​ថន ចន្ថា​ រ​ហូត​មក​ដល់​ពេល​នេះ ក៏​នៅ​តែ​មាន​ការ​តាម​ចាប់​ខ្លួន​សកម្មជនហើយសកម្ម​ជន​ខ្លះ​ត្រូវ​បាន​គេច​ចេញ​ពី​ផ្ទះ ដើម្បី​គេច​ខ្លួន​ពី​ការ​តាម​ចាប់​របស់​អាជ្ញាធរ​មូលដ្ឋាន ​ស្រប​ពេល​ដែលគណបក្សភ្លើង​ទៀន​មិន​មាន​សិទ្ធិ​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត។

អ្នកនាំពាក្យ​គណបក្ស​ភ្លើង​ទៀន លោក គីមសួរ ភិរិទ្ធ ចាត់​ទុកទង្វើ​របស់​អាជ្ញាធរ​មូល​ដ្ឋាន​ដើរ​សួរ​ពល​រដ្ឋ និង​សកម្មជន​គណបក្ស​ភ្លើងទៀន​ក្រោយ​ការ​បោះ​ឆ្នោតបែបនេះ ​គឺ​ជា​ការ​គំរាម​កំហែង​ផ្នែក​ចិត្ត​សាស្ត្រ​ដែល​ធ្វើ​ឱ្យ​ពល​រដ្ឋ និង​សកម្ម​ជន​គណ​បក្ស​ព្រួយ​បារម្ភ​អំពី​សុវត្ថិ​ភាព​របស់​ពួក​គេ។

​លោក​ប្រាប់​វីអូអេ​ថា៖ «ធម្មតា​នៅ​មូល​ដ្ឋានគឺ​គ្មាន​អ្វី​ក្រៅ​អំពី​ ការ​គំរាមផ្នែក​ចិត្ត​សាស្ត្រ​ដោយ​ភាសាចង់​មិន​ចង់​សួរ​អ៊ីចឹង​ទៅ»។

បើតាម​លោក គីមសួរ ភិរិទ្ធ ដោយ​សារ​តែ​មិន​មាន​វត្ត​មាន​របស់​គណ​បក្ស​ប្រឆាំង​ ទើប​មិន​មាន​អ្នក​ណា​អាច​ទប់​ស្កាត់​សកម្មភាព​ ​ដែល​កើត​ឡើង​នេះ​បាន​។ លោក​ថាគណ​បក្ស​ភ្លើង​ទៀន​ក៏​បាន​អំពាវ​នាវ​ជា​ច្រើន​លើកផ​ង​ដែរ ​ទាក់​ទង​ការ​អនុ​វត្ត​តួនា​ទី​របស់​អាជ្ញាធរ​ឱ្យ​បាន​ត្រឹមត្រូវ​ ដោយ​កុំ​ដើរ​តួនាទី​បម្រើ​បក្ស។

អ្នកនាំពាក្យ​រូបនេះ​បាន​ឱ្យ​ដឹង​ថា​ក្រោយ​ការ​បោះ​ឆ្នោត ទើប​តែ​បញ្ចប់​នា​ពេលថ្មីៗ​នេះ សកម្ម​ជន​គណ​បក្ស​ភ្លើង​ទៀនចំនួន​៣​នាក់​ត្រូវ​បាន​អាជ្ញាធរចាប់​ខ្លួន​ និង​បញ្ជូន​ទៅ​ឃុំ​ឃាំង​នៅ​ពន្ធនាគារ។ លោក​បញ្ជាក់​ថា​មេធាវី​ការពា​រ​ក្តី ​កំពុង​តាម​ដាន​ករណី​នេះ។

រូបឯកសារ៖ លោក​ ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ផ្តល់​បទសម្ភាសន៍​ដល់ VOA នៅ​ការិយាល័យ​របស់​លោក នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី៩ ខែ​ឧសភា ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)
រូបឯកសារ៖ លោក​ ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ផ្តល់​បទសម្ភាសន៍​ដល់ VOA នៅ​ការិយាល័យ​របស់​លោក នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី៩ ខែ​ឧសភា ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

អ្នក​នាំ​ពាក្យ​ គ.ជ.ប​ លោក​ ហង្ស ពុទ្ធា​ ​បញ្ជាក់​ថា ​លោក​មិន​ទាន់​មានព័​ត៌មាន​ជុំវិញករណី​ដែល​មាន​អាជ្ញាធរ​ចុះ​សួរ​នាំពលរ​ដ្ឋអំពី​ការ​ទៅ​បោះ​ឆ្នោត ឬ​គូស​ខ្វែង​សន្លឹក​ឆ្នោត​នេះ​នៅ​ឡើយ​ទេ។

លោក​បន្ត​ថា​បើ​គណ​បក្ស​ភ្លើង​ទៀន​មាន​ព័ត៌​មាន​អំពី​ភាព​មិន​ប្រក្រតីនេះ គួរ​តែប្តឹង​ទៅ​ក្រសួង​មហា​ផ្ទៃ បូក​រួមភស្តុ​តាង​ច្បាស់​លាស់ ដើម្បី​ស្រាវ​ជ្រាវ​ឱ្យ​បាន​ពិត​ប្រាកដ ចៀស​វាងការ​បំផុស​ ឬ​ធ្វើ​ភាន់​ច្រឡំ ដែល​បង្កជា​ការ​ប៉ះ​ពាល់សណ្តាប់​ធ្នាប់​សង្គម​។

លោក​បន្ត​ថា​៖«​បើ​មាន​អ្នក​ណា​សួរ​រក​អំពី​សកម្ម​ភាព​សម្ងាត់​នៅ​ក្នុង​បន្ទប់​សម្ងាត់​នោះ​គឺ​ធ្វើឱ្យ​ប៉ះ​ពាល់​ដល់​ភាព​សម្ងាត់​នៃ​សន្លឹក​ឆ្នោត​ហើយ»។

​លោក ហង្ស ពុទ្ធា បន្ត​ថា​ពល​រដ្ឋ​មិន​បាច់​ឆ្លើយ​តប​ចំពោះ​សំណួរ​របស់​អាជ្ញាធរ​មូលដ្ឋានដែល​សួរ​ពាក់​ព័ន្ធនឹង​ការ​មិន​ទៅ​បោះ​ឆ្នោត ឬ​គូ​ស​បំផ្លាញ​សន្លឹក​ឆ្នោត​នោះឡើយ​។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថា​ធិប្បាយ​ពី​លោក ខៀវ សុភ័គ ​រដ្ឋ​លេខា​ធិការ ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ ​បាន​នៅ​ឡើយ​ទេ​។

​លោក កន សាវាង្ស ​មន្ត្រីសម្រប​សម្រួល​ផ្នែក​អង្កេត ​និង​តស៊ូម​តិ​នៃ​អង្គការ​ខុមហ្វ្រែល ថ្លែងថា​នៅ​ពេល​អាជ្ញាធរ​សួរនាំ​ប្រជាពលរដ្ឋ​អំពី​ការ​គូស​សន្លឹក​ឆ្នោត គឺជា​សកម្មភាពល្មើស​ច្បាប់ ​និង​ល្មើស​តួនាទី ​ព្រោះ​អាជ្ញាធរ​ត្រូវ​អព្យាក្រឹត្យ​ដែល​មិន​អាច​ប៉ះ​ពាល់​ភាព​សម្ងាត់​របស់​បុគ្គល​ណា​ម្នាក់​ឡើយ។

លោក​ប្រាប់​វីអូអេ​ថា​៖ «បើ​សិន​ជា​មាន​ការ​គំរាមកំហែង​ទៅ​សម្លុត​គេ​ទៀត​ អាហ្នឹង​ចូល​ករណី​បំពាន​មួយ​ទៀត​។​ បើ​សិន​ជា​មាន​មែន​អាហ្នឹង​ គឺ​ខុស​ហើយ​ សូម​មេត្តា​កុំ​បង្កើត​ភាព​ភ័យ​ខ្លាច​ជូន​ប្រជា​ពលរដ្ឋ [និង]​ទទួ​លយក​អ្វី​ដែល​ជា​លទ្ធ​ផល​ដែល​បាន​ទទួល​នឹង​ទៅ​»។

កាល​ពីថ្ងៃទី​២៤ ខែ​កក្កដា ​លោក ខៀវ សុភ័គ រដ្ឋ​លេខា​ធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ ប្រាប់​វីអូអេ​ថាមនុស្សចំនួន៤៤​នាក់ ដែល​ចូល​រួម​ធ្វើ​សកម្មភាព​ញុះ​ញង់​បំផ្លាញ​ការ​បោះ​ឆ្នោត ដែល​ពាក់​ព័ន្ធ​នឹង​លោក សម រង្ស៊ី​ តាម​រយៈ​ក្រុម​តេឡេ​ក្រាម​ឈ្មោះ​ «Sabai សប្បាយ» កំពុង​ស្ថិត​ក្រោម​ការ​កំណត់​មុខ​សញ្ញា​របស់​សមត្ថ​កិច្ច។

ជាមួយ​គ្នា​នេះ សកម្ម​ជន​គណ​បក្ស​ភ្លើង​ទៀន​មួយ​ចំនួន​ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​និង​ចាប់​ខ្លួន ទាក់​ទង​ ការ​ញុះ​ញង់​ពល​រដ្ឋ​ឱ្យ​គូស​ខ្វែង​សន្លឹក​ឆ្នោត ដែល​អាជ្ញាធរ​យោង​តាមវិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត​ថ្មី ដែល​ស្នើ​ដោយលោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។

ប្រធាន​គណៈ​កម្មាធិការ​ប្រតិ​បតិ្ត​គណ​បក្ស​ភ្លើង​ទៀន​ខេត្ត​ប៉ៃលិន​ លោក ខឹម​ មុនី​កុសល ប្រាប់​វីអូអេ​ថា​លោក ​ឡោ ធន​ ​អនុ​ប្រធាន​របស់​លោក​ត្រូវ​បានប៉ូលិស​ប្រមាណ​១០​នាក់​ចាប់​ខ្លួន​យក​ទៅ​ស្នង​កា​រខេត្ត​ ដោយ​គ្មាន​ដីកា និង​មាន​មិន​បញ្ជាក់មូល​ហេតុ ប៉ុន្តែ​លោក​ត្រូវ​បានដោះ​លែង​វិ​ញ​បន្ទាប់​ពី​ធ្វើ​កិច្ច​សន្យា​រួច​រាល់​។ លោក​ក៏​ចាត់​ទុកថា នេះ​ជា​ការ​គំរាម​កំហែង​ និង​រឹត​ត្បិត​សិទ្ធិ​នយោ​បាយ​ផង​ដែរ។

លោក ​ខឹម​ មុនី​កុសល ក៏​ត្រូវ​រង​ពាក្យ​បណ្តឹង​ទាក់​ទង​នឹង​ការ​ចោទ​ថា​លោក​ញុះញង់​ពលរដ្ឋ​ឱ្យគូស​បំផ្លាញ​សន្លឹកឆ្នោត​ចោល​ផង​ដែរ​។ នេះ​បើ​តាម​ការ​អះ​អាង​របស់​លោក។

អ្នកស្រី​ ចៅ រតនៈ ​ចៅ​សង្កាត់​រង​ទី​២​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ​ ប្រាប់​វីអូអេ​នៅ​ពុធ​នេះ​ថា​ឪពុក​របស់​អ្នក​ស្រី គឺ​លោក​ ចៅ វាសនា​ ​គណៈ​កម្មកា​រ​នាយក​ថ្នាក់​ជាតិ​នៃ​គណបក្ស​ភ្លើង​ទៀន ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​បណ្តោះ​អាសន្ននៅ​ពន្ធ​នា​គារ​ ដែល​ត្រូវ​បាន​ចោទ​ពាក់​ព័ន្ធ​នឹង​ការផ្សព្វផ្សាយ​ញុះ​ញង់​ពល​រដ្ឋ​គូស​បំផ្លាញ​សន្លឹក​ឆ្នោត​ចោល។ ប៉ុន្តែ​អ្នក​ស្រី​អះអាងថា​ឪពុក​របស់​អ្នក​ស្រី​មិន​បាន​ញុះ​ញង់​អ្វី ដូច​ការ​ចោទ​ប្រកាន់​ឡើយ។

អ្នកស្រី ​ចៅ រតនៈ ​បញ្ជាក់​ថា​៖ «គ្រប់​យ៉ាង​ដែល​ខ្ញុំបាន​ជួប​គាត់​ផ្ទាល់​គាត់​អត់​មាន​បានប្រព្រឹត្ត ​ឬមួយ​បាន​ផុស​ ហើយគ្រប់​រឿង​ទាំង​អស់​ដែល​ចេញ​មក​ គឺ​វា​ជាហេតុផល​នយោបាយ​ ព្រោះ​បន្ទាប់ពី​ខាង​គណបក្ស​កាន់​អំណាច​បាន​ព្យាយាម​ចរចា​ជា​មួយ​គាត់​ ប៉ុន្តែ​គាត់​មិន​ព្រម​ មុន​ពេល​ដែល​គាត់ឃុំ​ខ្លួន​រាល់​ព័ត៌​មាន​គាត់ រាល់​ការងារ​គាត់តែងផ្តល់​ប្រាប់​មក​គ្រួសារ​ និង​សារ​ព័ត៌​មាន​»​។

បើ​តាម​ អ្នកនាំ​ពាក្យ​គ.ជ.ប ស្ថាប័ន​គ​.ជ​.ប​ ​ផ្តោតទៅលើ​អ្វី​ដែល​ពាក់​ព័ន្ធ​នឹង​ការ​អនុវត្ត​ ឬក៏​ដាក់​ពិន័យ​ចំពោះ​អ្នក​ដែល​ល្មើសមាត្រា​ទាំង​ឡាយ​នៃ​ច្បាប់បោះ​ឆ្នោត ដូច្នេះ​ទាក់​ទង​នឹង​ការ​ចាប់​ខ្លួន​ក្នុង​សកម្ម​ភាពប៉ុន​ប៉ង ឬ​ញុះ​ញង់​បង្ក​ចលា​ចលក្នុង​សង្គម​ ​គឺ​ជា​ភារ​កិច្ច​របស់​អាជ្ញាធរ។

​បើ​តាម ​គ.ជ.ប សន្លឹក​ឆ្នោត​ខូច​មាន​ប្រមាណ​៤៤​ម៉ឺន​សន្លឹក ​នៅក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ ​អាណត្តិ​ទី៧នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG