សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃអង្គារនេះ បានចេញដីកាឲ្យនាំខ្លួនលោក ជុន ច័ន្ទបុត្រ ទៅបង្ហាញខ្លួននៅតុលាការដើម្បីសាកសួរ បន្ទាប់ពីលោក ជុន ច័ន្ទបុត្រ បានគេចមិនព្រមចូលឆ្លើយបំភ្លឺនៅតុលាការតាមការកោះហៅហើយមេធាវីការពារក្តីឲ្យអនុប្រធានវិទ្យុអាស៊ីសេរីជាភាសាខ្មែរនេះ បានបញ្ជាក់ថា បានដាក់ចម្លើយរបស់កូនក្តីខ្លួននឹងឯកសារដែលពាក់ព័ន្ធរួចក៏ដោយ។
លោក ឌុន វិបុល មេធាវីការពារក្តីឲ្យលោក ជុន ច័ន្ទបុត្រ ប្រាប់អ្នកសារព័ត៌មានក្រោយចេញពីដាក់ឯកសារនៅតុលាការនាព្រឹកថ្ងៃអង្គារនេះ ថាលោកបានដាក់លិខិតមួយចំនួនពាក់ព័ន្ធនឹងចម្លើយរបស់កូនក្តីលោកដែលបានរៀបរាប់ពីដំណើររឿងផ្សេងៗនៃការចូលក្នុងពន្ធនាគារ កាលពីថ្ងៃទី១៩ ខែមេសា។ លោកបន្ថែមថាយោងតាមចម្លើយក្នុងលិខិតនោះ កូនក្តីរបស់លោកមិនបានបន្លំខ្លួនចូលក្នុងពន្ធនាគារដូចការចោទប្រកាន់នោះទេ។
លោកឌុន វិបុល បញ្ជាក់ថា៖
«ខ្ញុំបានស្តាប់ និងពិគ្រោះជាមួយកូនក្តីរបស់ខ្ញុំ គាត់មានមូលហេតុដែលអាចសមរម្យ និងទទួលយកបាននូវការដោះសារថាគាត់មិនបានមានចេតនាចូលក្នុងពន្ធនាគារទេ។ ដែលជារឿងចៃដន្យមួយ ជារឿងឆកល្វែងទាំងអស់គ្នា»។
យ៉ាងណាក៏ដោយ លោកមេធាវីរូបនេះបន្តថា ការចេញដីកានាំខ្លួនកូនក្តីរបស់លោក គឺជានីតិវិធីដែលសម្រេចដោយតុលាការ។
តាមដីកាបញ្ជាឲ្យចូលខ្លួន ដែលចេញដោយព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ ចេញនៅថ្ងៃទី២ ខែឧសភានេះ បានបង្គាប់ឲ្យសមត្ថកិច្ចក្នុងប្រទេសកម្ពុជានាំខ្លួនលោក ហួត ឃីនវុទ្ធី ហៅ ជុន ច័ន្ទបុត្រ ទៅបង្ហាញខ្លួននៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញរហូតមានសេចក្តីសម្រេចថ្មី។ ក្នុងដីកាដដែលនោះបញ្ជាក់ថា ការបញ្ជាឲ្យនាំខ្លួនគឺដើម្បីសាកសួរពីដំណើររឿង ផ្តល់សេចក្តីប្រកាសដោយភូតកុហក បន្លំខ្លួនចូលពន្ធនាគារព្រៃស កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧។
ភ្ជាប់ជាមួយដីកាបញ្ជាឲ្យនាំខ្លួននេះ តុលាការក៏បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ពីមូលហេតុនៃការបញ្ជាដោយអះអាងថា ការចេញដីកានេះគឺដោយសារលោក ជុន ច័ន្ទបុត្រ មានចេតនាគេចវេសមិនចូលតាមការកោះហៅ និងមិនគោរពតាមការសន្យាចំពោះមុខអយ្យការ។
នៅព្រឹកថ្ងៃអង្គារនេះសាលាដំបូងរាជធានីភ្នំពេញបានបើកការស៊ើបសួរករណីដែលលោក ហួត ឃីនវុទ្ធី ហៅ ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីផ្សាយជាភាសាខ្មែរ ចូលទៅក្នុងពន្ធនាគារជាមួយក្រុមតំណាងរាស្រ្តគណបក្សប្រឆាំងកាលពីពីរសប្តាហ៍មុន នៅពេលតំណាងរាស្រ្តទាំងនោះចូលសួរសុខទុក្ខសកម្មជនទាំង១៦នាក់របស់បក្សដែលកំពុងជាប់ឃុំ។ ការស៊ើបសួរនៅព្រឹកនេះមិនមានវត្តមានរបស់លោក ជុន ច័ន្ទបុត្រ នោះទេ គឺមានតែមេធាវីរបស់លោកដែលបានយកឯកសារពាក់ព័ន្ធផ្សេងៗទៅដាក់នៅតុលាការប៉ុណ្ណោះ។
លោក ជុន ច័ន្ទបុត្រ ត្រូវបានតុលាការកោះហៅឲ្យចូលឆ្លើយបំភ្លឺក្នុងនាមជាជនសង្ស័យ ដើម្បីសាកសួរពីដំណើររឿង ផ្តល់សេចក្តីប្រកាសដោយភូតកុហក និងបន្លំខ្លួនចូលក្នុងពន្ធនាគារ។ ទោះជាយ៉ាងណាលោក ជុន ច័ន្ទបុត្រ បានចាកចេញពីប្រទេសកម្ពុជាទៅកាន់សហរដ្ឋអាមេរិកវិញកាលពីរសៀលថ្ងៃសុក្រសប្តាហ៍មុន ខណៈដែលលោកទើបតែទទួលបានមេធាវី។
កាលពីយប់ថ្ងៃចន្ទកន្លងទៅ វិទ្យុអាស៊ីសេរីដែលមានស្ថានីយផ្សាយនៅរដ្ឋធានីវ៉ាស៊ីងតោន សហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយបញ្ជាក់ពីមូលហេតុនៃការចាកចេញពីប្រទេសកម្ពុជារបស់លោក ជុន ច័ន្ទបុត្រ។ ក្នុងសេចក្តីថ្លែងការណ៍នោះបញ្ជាក់ថា ថ្នាក់ដឹកនាំវិទ្យុអាស៊ីសេរីបានឲ្យលោក ជុន ច័ន្ទបុត្រ ចាកចេញពីប្រទេសកម្ពុជាដោយសារបារម្ភពីសុវត្ថិភាព របស់លោក និងដោយសារមិនទុកចិត្តប្រព័ន្ធតុលាការកម្ពុជា។
សេចក្តីថ្លែងការណ៍ដដែលនោះបានបន្ថែមថា អាស៊ីសេរីនៅតែប្រកាន់ជំហរថា លោក ហួត វុទ្ធី មិនបានប្រព្រឹត្តបទឧក្រិដ្ឋអ្វីទាំងអស់ និងថាអាជ្ញាធរបានយកករណីប្រឆាំងលោកមកធ្វើជារឿងនយោបាយ ក្នុងចេតនាបង្វែងការចាប់អារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរក្នុងពេលប្រកួតប្រជែង នារដូវកាលបោះឆ្នោត។
សេចក្តីថ្លែងការណ៍ដដែលនោះបានបញ្ជាក់ក្នុងសម្រង់ន័យដើមថា៖
«ការណ៍ដែលអាជ្ញាធរព្យាយាមបន្តករណីប្រឆាំងលោក ហួត វុទ្ធី ស្របពេលដែលមតិសាធារណជនទូទៅចាត់ទុកថា ការចោទប្រកាន់របស់អាជ្ញាធរនេះគ្មានមូលដ្ឋាន គឺរឹតតែបង្ហាញឲ្យឃើញនូវស្ថានភាពដ៏អាក្រក់នៃសេរីភាពសារព័ត៌មាននៅកម្ពុជា»។
លោក Rohit Mahajan នាយកទទួលបន្ទុកកិច្ចការសាធារណៈ និងយុទ្ធសាស្រ្តបច្ចេកវិទ្យារបស់វិទ្យុអាស៊ីសេរីប្រាប់VOA តាមរយៈសារអេឡិចត្រូវនិច ឬអ៊ីមែលថាក្នុងពេលបច្ចុប្បន្នអាស៊ីសេរីមិនមានគម្រោងឲ្យលោក ជុន ច័ន្ទបុត្រ ត្រឡប់មកប្រទេសកម្ពុជាវិញទេ។
លោក បន្ថែមក្នុងន័យដើមជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលជាភាសាខ្មែរយ៉ាងដូច្នេះ៖
«ពួកយើងកំពុងធ្វើការជាមួយការិយាល័យមេធាវី BNG ដើម្បីស្វែងរកលទ្ធភាពធ្វើយ៉ាងណាឲ្យមានការទម្លាក់បទចោទ»។
អ្នកជំនាញផ្នែកសារព័ត៌មានលើកឡើងពីសំណុំរឿងនៃការចូលក្នុងពន្ធនាគាររបស់លោក ជុន ច័ន្ទបុត្រ ថាប្រសិនបើរដ្ឋាភិបាលអនុវត្តផ្លូវច្បាប់លើអ្នកសារព័ត៌មានដែលបន្លំខ្លួនដើម្បីប្រមូលព័ត៌មានពិតមកផ្សព្វផ្សាយ មានន័យថារដ្ឋាភិបាលកំពុងដាក់សម្ពាធដល់អ្នកសារព័ត៌មាន និងអាចរងការរិះគន់ពីសហគមន៍ជាតិនិងអន្តរជាតិ។ ការលើកឡើងរបស់អ្នកជំនាញនេះ ស្របពេលដែលអ្នកឃ្លាំមើលសិទ្ធិមនុស្សលើកឡើងថា ការកោះហៅអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី បង្ហាញពីក្ដីបារម្ភចំពោះសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា។
ក្នុងសំណុំរឿងចូលក្នុងពន្ធនាគាររបស់លោក ជុន ច័ន្ទបុត្រ នេះ តំណាងរាស្ត្រគណបក្សប្រឆាំង២រូប គឺលោកស្រី មូរ សុខហួរ និងលោក ឡុង រី ក៏ត្រូវបានតុលាការកោះហៅឲ្យចូលបំភ្លឺក្នុងនាមជាសាក្សី ហើយអ្នកទាំងពីរបានបញ្ចប់ការឆ្លើយបំភ្លឺកាលពីសប្តាហ៍មុនរួចមកហើយ៕