ក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ប្រកាសថា លោក ជុន ច័ន្ទបុត្រ ដែលជាអនុប្រធានវិទ្យុអាស៊ីសេរីជាភាសាខ្មែរ អាចប្រឈមមុននឹងផ្លូវច្បាប់ ក្នុងករណីដែលលោកបន្លំខ្លួនចូលទៅក្នុងពន្ធនាគារ។ លោក ជុន ច័ន្ទបុត្រ ច្រានចោលការចោទថា លោកបានបន្លំខ្លួនចូល ស្របពេលដែលអ្នកជំនាញផ្នែកសារព័ត៌មានលើកឡើងថា អ្នកសារព័ត៌មានអាចបន្លំខ្លួនចូលយកព័ត៌មានក្នុងពន្ធនាគារបាន ប្រសិនបើការបន្លំខ្លួននោះធ្វើឡើងជាប្រយោជន៍ដល់សង្គម។
វិទ្យុអាស៊ីសេរី ជាវិទ្យុរបស់អាមេរិកដែលតែងផ្សព្វផ្សាយពីភាពអវិជ្ជមាននៃការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា ដូចជាអំពើពុករលួយ ការរំលោភសិទ្ធិមនុស្ស ការបំផ្លិចបំផ្លាញធនធានធម្មជាតិ និងបញ្ហាសង្គមផ្សេងៗទៀត។ ជារឿយៗ វិទ្យុនេះតែងត្រូវបានរដ្ឋាភិបាលចោទថា ជាវិទ្យុបម្រើឲ្យបរទេស និងគណបក្សប្រឆាំង ក្នុងគោលបំណងផ្តួលរំលំរដ្ឋាភិបាល។
កាលពីថ្ងៃពុធម្សិលមិញ លោក ហួត វុទ្ធី ដែលត្រូវបានគេស្គាល់ជាទូទៅថា ជាលោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីជាភាសាខ្មែរ បានចូលទៅក្នុងពន្ធនាគារព្រៃស ជាមួយក្រុមតំណាងរាស្រ្តគណបក្សប្រឆាំង ខណៈក្រុមតំណាងរាស្រ្តទាំងនោះចូលសួរសុខទុក្ខសកម្មជនទាំង១៦នាក់របស់បក្សដែលកំពុងជាប់ឃុំ។ ការចូលក្នុងពន្ធនាគាររបស់លោក ជុន ច័ន្ទបុត្រ ត្រូវបានរដ្ឋាភិបាលលើកឡើងថា ជាទង្វើខុសនឹងច្បាប់ស្តីពីរបបសារព័ត៌មានកម្ពុជា ច្បាប់ស្តីពីពន្ធនាគារ និងក្រមព្រហ្មទណ្ឌ។
លោក សន កែវ អ្នកនាំពាក្យនាយកដ្ឋានពន្ធនាគារ ប្រាប់ VOA នារសៀលថ្ងៃព្រហស្បតិ៍នេះថា លោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ បានចូលក្នុងពន្ធនាគារដោយមិនបានបង្ហាញពីអត្តសញ្ញាណពិតប្រាកដ។ លោកបន្តថា ប្រសិនបើលោក ជុន ច័ន្ទបុត្រ ចង់ចូលសួរជនដែលកំពុងជាប់ឃុំ លោក ជុន ច័ន្ទបុត្រ អាចស្នើទៅពន្ធនាគារតាមនីតិវិធី។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា៖
«ចំពោះលោក ជុន ច័ន្ទបុត្រ ទៅម្សិលមិញនេះ គឺគាត់អត់មានបង្ហាញអត្តសញ្ញាណគាត់ក្នុងការសួរសុខទុក្ខអីទេ គឺគាត់ទៅរបៀបបន្លំ។ អញ្ចឹងមានន័យថា គាត់បំពានលើនីតិវិធីពន្ធនាគារ ហើយក៏ដូចជាបំពានលើក្រមសីលធម៌វិជ្ជាជីវៈអ្នកកាសែត ព្រោះអ្នកកាសែតអត់មានអីត្រូវលាក់មុខទេ គឺត្រូវបង្ហាញអត្តសញ្ញាណរបស់ខ្លួន។ អញ្ចឹងត្រូវស្នើសុំជាចំហមក ដើម្បីអាជ្ញាធរពន្ធនាគារយើងពិចារណាថា តើជនជាប់ឃុំហ្នឹងស្ថិតក្នុងមុខសញ្ញាត្រូវជួបបានអត់? ឬជួបមិនបាន យ៉ាងម៉េចៗ យើងត្រូវឆ្លើយតបតាមហ្នឹង»។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃថ្លែងថា សមត្ថកិច្ចមានភស្តុតាងគ្រប់គ្រាន់ដែលអាចចោទប្រកាន់លោក លោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ ដោយយោងលើក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងការបន្លំខ្លួនចូលក្នុងពន្ធនាគារ។ ទោះជាយ៉ាងណា លោកសុំមិនអធិប្បាយច្រើន ដោយគ្រាន់តែបញ្ជាក់ថា រង់ចាំចំណាត់ការរបស់តុលាការ។
លោក ខៀវ សុភ័គ មានប្រសាសន៍ប្រាប់ VOA ថា៖
«ភស្តុតាងជាក់ស្តែងមានហើយ ទាំងរូបថតទាំងអី ទាំងឈ្មោះគាត់ក៏ក្លែងក្លាយ ហើយជាជំនួយការរបស់អ្នកតំណាងរាស្រ្តទៀត ចាត់ទុកថានេះជាការបន្លំរបស់ពលរដ្ឋចំពោះសមត្ថកិច្ច។ នៅក្នុងច្បាប់ព្រហ្មទណ្ឌក៏អាចដាក់បន្ទុកបានដែរ»។
ក្នុងក្រដាសមួយសន្លឹកដែលបានបង្ហោះដោយសារព័ត៌មានគាំទ្ររដ្ឋាភិបាល គេឃើញមានឈ្មោះ និងតួនាទីរបស់អ្នកដែលចូលសួរសុខទុក្ខសកម្មជនគណបក្សប្រឆាំងចំនួន៥នាក់។ ក្នុងលិខិតនោះ ក៏ឃើញមានឈ្មោះរបស់លោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ ដែលមានបញ្ជាក់តួនាទីថាជា «ជំនួយការ»។
ទោះជាយ៉ាងណា លោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីជាភាសាខ្មែរ ប្រាប់ VOA ថា ការចូលក្នុងពន្ធនាគារជាមួយក្រុមតំណាងរាស្រ្តគណបក្សប្រឆាំងកាលពីម្សិលមិញ ធ្វើឡើងដើម្បីចង់ដឹងពីស្ថានភាពរបស់អ្នកកំពុងជាប់ពន្ធនាគារ ក្នុងនាមជាអ្នកសារព័ត៌មាន។ លោកអះអាងថា លោកបានចូលទៅក្នុងពន្ធនាគារដោយមានមន្រ្តីអនុរក្សពន្ធនាគារជាច្រើនស្គាល់លោកថា ជាអ្នកធ្វើការនៅវិទ្យុអាស៊ីសេរី។ លោកបន្ថែមថា លោកបានធ្វើតាមបញ្ជារបស់មន្រ្តីពន្ធនាគារ ដោយបានកត់ឈ្មោះ ភេទ ម៉ោងចូល និងបានចុះហត្ថលេខា តែលោកថា លោកមិនបានសរសេរតួនាទីថាជាជំនួយការនោះទេ។
លោក ជុន ច័ន្ទបុត្រ បញ្ជាក់ប្រាប់ VOA ថា៖
«ព័ត៌មានមួយចំនួនថា ខ្ញុំបន្លំខ្លួន ហើយឃើញមានបន្លំរហូតដល់សរសេរថាជាអ្នកជំនួយការអីទៀតណោះ។ ការពិតខ្ញុំមិនដែលសរសេរថាអ្នកជំនួយការអីទេ។ ពាក្យអ្នកជំនួយការហ្នឹងបើសិនជាមើលទៅ មិនមែនជាការសរសេរអក្សរដៃរបស់ខ្ញុំទេ។ មិនដឹងអ្នកណាគេសរសេរពាក្យ ជំនួយការហ្នឹង ដូចដាក់២-៣ដង ហើយដូចៗគ្នាទាំងអស់ ដូច្នេះប្រហែលជាអ្នកណាម្នាក់ អ្នកសរសេរ»។
លោក ជុន ច័ន្ទបុត្រ បន្ថែមថា ប្រសិនបើមានការកោះហៅណាមួយពីស្ថាប័នមានសមត្ថកិច្ចដើម្បីសួរនាំពាក់ព័ន្ធនឹងការចូលក្នុងពន្ធនាគារ នោះលោកនឹងចូលខ្លួនទៅឆ្លើយបំភ្លឺតាមការកោះហៅ បើទោះបីជាលោកមានការបារម្ភពីការចោទប្រកាន់ និងឃុំខ្លួនក្តី។
អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីរូបនេះថ្លែងថា៖ «ខ្ញុំនឹងសហការគ្រប់សព្វបែបយ៉ាងទាំងអស់ គេសួរអីយើងនឹងឆ្លើយតាមការពិត។ ហើយម្យ៉ាងទៀតបើសិនជាមានការប្តឹងផ្តល់អី អាហ្នឹងក៏ទៅតាមស្ថាប័នដែលតម្រូវឲ្យមានមេធាវី តម្រូវឲ្យមានអី យើងក៏នឹងគោរពទៅតាមដំបូន្មានរបស់ស្ថាប័ន ដំបូន្មានរបស់មេធាវី។ ប៉ុន្តែខ្ញុំត្រៀមខ្លួនជាស្រេចក្នុងការឆ្លើយបំភ្លឺការពិតគ្រប់បែបយ៉ាងទាំងអស់»។
លោក មឿន ឈានណារិទ្ធ ប្រធានវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មាន មានប្រសាសន៍ថា ក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន បានណែនាំឲ្យអ្នកសារព័ត៌មានប្រើប្រាស់មធ្យោបាយដោយស្មោះត្រង់ដើម្បីទទួលបានព័ត៌មាន។ ប៉ុន្តែលោកថា ក្នុងករណីដែលអ្នកសារព័ត៌មានមិនអាចប្រមូលព័ត៌មានដោយប្រើប្រាស់អត្តសញ្ញាណពិតបាន នោះអ្នកសារព័ត៌មានអាចបន្លំខ្លួនចូលយកព័ត៌មានបានគ្រប់ទីកន្លែង ប្រសិនបើការបន្លំខ្លួននោះធ្វើឡើងក្នុងគោលបំណងផ្សាយនូវព័ត៌មានពិតដែលបម្រើផលប្រយោជន៍សង្គម។
លោក មឿន ឈានណារិទ្ធ បញ្ជាក់ប្រាប់ VOA ថា៖
«ការបន្លំខ្លួននោះយើងត្រូវថ្លឹងថ្លែង ថាតើកំហុសវិជ្ជាជីវៈហ្នឹងវាធំជាងផលប្រយោជន៍សាធារណៈ ឬក៏ផលប្រយោជន៍សាធារណៈធំជាង? អញ្ចឹងក្នុងករណីនៃការយកព័ត៌មានក្នុងមន្ទីរឃុំឃាំងនេះ ខ្ញុំគិតថា ទោះជាបន្លំខ្លួនក្តី គឺថាក្រមសីលធម៌វិជ្ជាជីវៈអាចអនុគ្រោះដល់អ្នកសារព័ត៌មានបាន។ ព្រោះអីអ្នកសារព័ត៌មានគាត់យកព័ត៌មានមកផ្សាយជាសាធារណៈនោះ គឺមានតម្លៃធំជាងកំហុសវិជ្ជាជីវៈ»។
លោក មឿន ឈានណារិទ្ធ បន្ថែមថា ការបន្លំខ្លួនរបស់អ្នកសារព័ត៌មានដើម្បីប្រមូលព័ត៌មានយកទៅផ្សព្វផ្សាយ គឺជាការផ្តល់ផលប្រយោជន៍ដល់រដ្ឋាភិបាល ដូច្នេះលោកថា ប្រសិនបើរដ្ឋាភិបាលអនុវត្តផ្លូវច្បាប់លើអ្នកសារព័ត៌មានដែលបន្លំខ្លួនដើម្បីប្រមូលព័ត៌មានពិតមកផ្សព្វផ្សាយ មានន័យថា រដ្ឋាភិបាលកំពុងដាក់សម្ពាធដល់អ្នកសារព័ត៌មាន និងអាចរងការរិះគន់ពីសហគមន៍ជាតិ និងអន្តរជាតិមួយចំនួន។
ពាក់ព័ន្ធនឹងករណីដែលលោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ ចូលក្នុងពន្ធនាគារជាមួយក្រុមតំណាងរាស្រ្តគណបក្សប្រឆាំង កាលពីថ្ងៃពុធម្សិលមិញ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ទៅសារព័ត៌មានក្នុងស្រុកថា ក្រសួងមហាផ្ទៃនឹងមិនអនុញ្ញាតឲ្យតំណាងរាស្រ្តរបស់គណបក្សប្រឆាំង ចូលសួរសុខទុក្ខសកម្មជន ឬមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលជាប់ឃុំទៀតទេ ដោយលោកលើកឡើងថា តំណាងរាស្រ្តគណបក្សប្រឆាំង ជាអ្នកនាំលោក ជុន ច័ន្ទបុត្រ ឲ្យបន្លំខ្លួនចូលទៅក្នុងពន្ធនាគារ៕