កាលពីថ្ងៃពុធ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែនដែលមានមូលដ្ឋាននៅប្រទេសបារាំង បានចេញសន្ទស្សន៍សាកលស្ដីពីសេរីភាពសារព័ត៌មាន ដែលក្នុងនោះប្រទេសកម្ពុជា បានធ្លាក់ចំណាត់ថ្នាក់ចំនួនបួនលេខ ដល់លេខរៀងទី១៣២ពិភពលោក ក្នុងចំណោមប្រទេសជិត១៨០ដែលត្រូវបានសិក្សា។
កាលពីដើមខែមេសានេះ ក្នុងសេចក្តីថ្លែងការណ៍ដ៏វែងអន្លាយមួយ ក្រសួងការបរទេសកម្ពុជា បានព្រលះជាកញ្ចប់ទៅលើគណបក្សជំទាស់ សង្គមស៊ីវិល និងបណ្ដាញសារព័ត៌មានធំៗនៅកម្ពុជា ថាមានគម្រោងជាសមូហភាពក្នុងការប៉ុនប៉ងវាយប្រហារ មួលបង្កាច់ ញុះញង់ ចង់ឱ្យមានការផ្លាស់ប្ដូររបបដោយបង្ខំនៅកម្ពុជា។
ក្នុងសេចក្ដីថ្លែងការណ៍នោះ ក្រសួងការបរទេសបានពោលសរសើរអំពីលំហសេរីភាពសារព័ត៌មាននៅកម្ពុជា ថាមានលក្ខណៈសេរី និងល្អដាច់គេនៅតំបន់អាស៊ីអាគ្នេយ៍ដែលនាំឱ្យសារព័ត៌មានធំៗមានជាអាទិ៍ កាសែតភ្នំពេញប៉ុស្ដិ៍ កាសែតដឺខេមបូឌាដេលី វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុអាស៊ីសេរី អាចរិះគន់មួលបង្កាច់ដោយគ្មានមូលដ្ឋាន ទៅលើរាជរដ្ឋាភិបាល បានដោយសេរី និងគ្មានការត្រួតពិនិត្យមុនបោះផ្សាយ។
ក៏ប៉ុន្តែក្នុងស្ថិតិចំណាត់ថ្នាក់សាកលថ្មីដែលចេញផ្សាយដោយ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters sans frontière) កម្ពុជាមិនមែនជាប្រទេសឈរលំដាប់លេខមួយផ្នែកសារព័ត៌មាននៅតំបន់អាស៊ីអាគ្នេយ៍ទៀតទេ។
កាលពីថ្ងៃពុធ អង្គការសារព័ត៌មានសាកលលោក ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសមួយនេះ បានបន្ថយចំណាត់ប្រទេសកម្ពុជាចំនួន៤លេខ ពីលេខ១២៨ ក្នុងឆ្នាំ២០១៦ មកលេខ១៣២ ក្នុងឆ្នាំ២០១៧នេះ ក្នុងចំណោមប្រទេស១៧៨ ដែលត្រូវបានសិក្សា។
ការណ៍នេះបាននាំឱ្យកម្ពុជារបូតចំណាត់ថ្នាក់ជាប្រទេសល្អឯកនៅក្នុងចំណោមបណ្ដាសមាជិកអាស៊ានខណៈដែលប្រទេសឥណ្ឌូណេស៊ី ប្រទេសហ្វីលីពីន និងប្រទេសមីយ៉ាន់ម៉ា បានហក់មកឈរខាងមុខប្រទេសកម្ពុជា នៅចំណាត់ថ្នាក់ ទី១២៤ ទី១២៧ និងទី១៣១។
លោក Benjamin Ismail នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក របស់អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន បានប្រាប់VOAតាមសារអេឡិកត្រូនិចថា ទំនាក់ទំនងរវាងឥស្សរជននយោបាយក្នុងអំណាច និងកម្មសិទ្ធិករនៃបណ្ដាញឃោសនាព័ត៌មានសោតទស្សន៍នៅក្នុងកម្ពុជា បានក្លាយជាកាតាលីករនៃការ«ឃ្លាំមើលយ៉ាងជិតដិត»ពីរដ្ឋអំណាចមកលើប្រព័ន្ធផ្សព្វផ្សាយ។
លោក Benjamin Ismail បានសរសេរក្នុងន័យដើមយ៉ាងដូច្នេះថា៖
«ការប្រមូលផ្ដុំនៃកម្មសិទ្ធិភាពលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន បានក្លាយជាបន្សុំយ៉ាងសមល្មមបំផុតក្នុងការជំរុញឱ្យមានការចាប់ពិរុទ្ធដោយខ្លួនឯងនៅក្នុងចំណោមអ្នកសារព័ត៌មាន»។
លោក Benjamin Ismail បានលើកបន្ថែមអំពីករណីដែលក្រុមគ្រួសារបុត្រាបុត្រីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការវាយប្រហារជាពាក្យសម្ដីមកលើកាសែតភ្នំពេញប៉ុស្ដិ៍ និងកាសែតដឺខេមបូឌាដេលី ថា បានធ្វើកិច្ច«សហការដ៏ល្អ»ជាមួយអង្គការ Global Witness «ដើម្បីបំផ្លាញដល់កិត្តិយសគ្រួសារត្រកូលហ៊ុន»។
កាលពីខែកក្កដា កាសែតជាភាសាអង់គ្លេសទាំងពីរបានចេញផ្សាយព្រមគ្នានូវការចេញផ្សាយរបស់ខ្លួនអំពីរបាយការណ៍ថ្មីរបស់អង្គការ Global Witness ដែលបានរៀបរាប់លម្អិត អះអាងអំពីជំនួញដែលកាន់កាប់ដោយក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី។
ក្រៅតែពីលើកឡើងអំពីភាពញឹកញយនៃការអនុវត្ត និងបកស្រាយច្បាប់យកទៅធ្វើជាបទចោទបរិហារកេរ្តិ៍ និងនាំឱ្យប៉ះពាល់ដល់មុខមាត់ប្រទេស ករណីឃាតកម្មលើអ្នកអត្ថាធិប្បាយនយោបាយ បណ្ឌិត កែម ឡី ដែលតែងផ្ដល់នូវសំឡេងវិភាគលើបញ្ហានយោបាយ និងបញ្ហាសុខុមាលភាពសង្គម ដល់បណ្ដាញសារព័ត៌មានក្នុងស្រុក និងបរទេសជាចម្រុះ និងដោយមិនរើសអើងក៏ត្រូវបាន លោក Benjamin Ismail លើកឡើងជាបញ្ហាប្រឈមនៃសេរីភាពសារព័ត៌មាននៅកម្ពុជាដែរ។
លោក Benjamin Ismail បានសរសេរប្រាប់ក្នុងន័យដើមយ៉ាងដូច្នេះថា៖
«ចរិតអមិត្តរបស់រដ្ឋាភិបាលចំពោះបណ្ដាញផ្សព្វផ្សាយព័ត៌មានឯករាជ្យ បានកើនឡើងនៅក្នុងឆ្នាំ២០១៦។ អ្នកកាសែតអាចនឹងត្រូវបង់តម្លៃយ៉ាងខ្ពស់ បើសិនជាពួកគេហ៊ានរាយការណ៍ព័ត៌មានទាក់ទងនឹងការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ការនេសាទខុសច្បាប់ និងការបំផ្លិចបំផ្លាញសម្បត្តិធនធានធម្មជាតិដទៃទៀត»។
មន្ត្រីអង្គការអន្តរជាតិរូបនេះបានបន្តថា៖
«បន្ថែមពីភាពរ៉ាំរ៉ៃនិងអត្រាខ្ពស់នៃអំពើពុករលួយនៅបណ្ដាស្ថាប័ននៃប្រទេសកម្ពុជា បានបង្កជាផលវិបាកជាស្ថានភាពលំបាកសម្រាប់អ្នកផ្ដល់ព័ត៌មាន ដែលអាចពើបប្រទះនឹងការគំរាមកំហែង (ផ្នែកវិជ្ជាជីវៈ, ផ្នែករូបរាងកាយ, និងផ្នែកច្បាប់) នៅពេលដែលពួកគាត់ព្យាយាមធ្វើការដើម្បីប្រយោជន៍សាធារណជន»។
លោក អ៊ុក គឹមសេង អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បាននិយាយថា បញ្ហាសិទ្ធិសេរីភាពសារព័ត៌មាននៅកម្ពុជា មិនមានអ្វីជាការព្រួយបារម្ភគួរឱ្យកត់សម្គាល់នោះទេ ហើយថា គុណភាពវិជ្ជាជីវៈនៃសេចក្ដីរាយការណ៍ព័ត៌មានរបស់អ្នកសារព័ត៌មានកម្ពុជាមានការកើនឡើងលំដាប់។
អ្នកនាំពាក្យក្រសួងព័ត៌មានរូបនេះថ្លែងប្រាប់ VOA ថា៖
«សម្រាប់ខ្ញុំ ខ្ញុំគិតថា អ្នកដែលកត់ត្រាហ្នឹង គាត់ចេះតែកត់ទៅ កត់ពីរឿងអី កត់ពីរឿងអី គាត់មិនបានដឹងស្ថានភាពពិតដែលកើតឡើងនៅកម្ពុជាទេ ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំគិតថា ទាំងអស់គ្នា ទាំងអ្នកសារព័ត៌មានបោះពុម្ភ ទាំងវិទ្យុ ទាំងទូរទស្សន៍ ទាំងអនឡាញ យើងឃើញថា យើងបានធ្វើការងារគ្រប់យ៉ាង តាមដែលយើងកំណត់ថាអ្វីជាសេរីភាពសារព័ត៌មាន»។
លោកអនុរដ្ឋលេខាធិការរូបនេះ បានបន្តទៀតថា ក្នុងកាលវេលាថ្មីៗនេះ មិនមានអ្នកសារព័ត៌មានណាម្នាក់ ត្រូវបានចោទប្រកាន់ ឬផ្ដន្ទាទោស ដោយសារការរាយការណ៍ព័ត៌មានរបស់ខ្លួននោះទេ។
យ៉ាងណាក្ដី កាលពីឆ្នាំ២០០៩ និពន្ធនាយក និងអ្នករាយការណ៍ព័ត៌មាននៃកាសែត ដឺខេមបូឌាដេលី ត្រូវបានតុលាការក្រុងភ្នំពេញផ្ដន្ទាទោសពីបទផ្សព្វផ្សាយព័ត៌មានដែលមានខ្លឹមសារបរិហារកេរិ៍្ត។ នៅឆ្នាំដដែលចាងហ្វាងកាសែត«ខ្មែរម្ចាស់ស្រុក»លោក ហង្ស ចក្រា ដែលគាំទ្រគណបក្សជំទាស់ ត្រូវបានកាត់ទោសពីបទបរិហារកេរ្តិ៍ និងត្រូវជាប់ទោសទណ្ឌដល់ពន្ធនាគារទៀតផង ដោយសារសេចក្ដីរាយការណ៍ព័ត៌មានក្នុងកាសែតលោក។
ថ្មីៗនេះទៀតសោត លោក ហួត ឃីនវុទ្ធី ហៅ ជុន ច័ន្ទបុត្រ នាយករងផ្នែកផ្សាយជាខេមរភាសា នៃវិទ្យុអាស៊ីសេរី ត្រូវបានតុលាការកោះហៅចូលទៅសាកសួរក្នុងនាមជា«ជនសង្ស័យ»ក្នុងករណីដែលអាជ្ញាធរចោទលោកថា បាន«ផ្ដល់សេចក្ដីប្រកាសដោយភូតកុហក បន្លំខ្លួនចូលពន្ធនាគារ»។
ក្នុងសេចក្ដីថ្លែងការណ៍មួយដែលចេញផ្សាយកាលពីថ្ងៃពុធ វិទ្យុអាស៊ីសេរីបានបដិសេធការចោទនេះ និងបានហៅចំណាត់ការផ្លូវច្បាប់ប្រឆាំងនឹងនាយករងផ្នែកផ្សាយជាខេមរភាសារបស់ខ្លួនថាមាន «ចេតនាបំភិតបំភ័យ» និង«ធ្វើទុក្ខបុកម្នេញ»មកលើអ្នកកាសែតជើងចាស់រូបនេះ និងបុគ្គលិកវិទ្យុអាស៊ីសេរីដទៃទៀត ខណៈការបោះឆ្នោតខិតមកដល់។
ចាប់តាំងពីឆ្នាំ១៩៩៣មក ដែលកម្ពុជាបង្វិលខ្លួនទៅរកបន្ទាត់នយោបាយប្រជាធិបតេយ្យ សេរីពហុនិយម មានអ្នកសារព័ត៌មានចំនួន១៣នាក់ត្រូវបានសម្លាប់ ក្រោមមូលហេតុផ្សេងៗពីគ្នា ក៏ប៉ុន្តែមិនមានជនដៃដល់ណាម្នាក់ត្រូវបានយកមកផ្ដន្ទាទោសចំពោះមុខច្បាប់ជាធរមាននោះទេ។
ករណីចុងក្រោយនៃឃាតកម្មលើអ្នកសារព័ត៌មាន នៅក្នុងឆ្នាំ២០១២ ដែលអ្នកកាសែតបរិស្ថាន ហង្ស សេរីឧត្ដម ត្រូវបានសម្លាប់នៅខេត្តរតនគីរី និងអ្នកកាសែតរាយការណ៍បទល្មើសព្រៃឈើ តាំង ទ្រី ត្រូវបានសម្លាប់នៅខេត្តក្រចេះ ក្នុងឆ្នាំ២០១៤ ជាឆ្នាំដដែលដែល អ្នកសារព័ត៌មានអំពីបទល្មើសនេសាទ សួន ចាន់ ត្រូវបានវាយស្លាប់ក្នុងខេត្តកំពង់ឆ្នាំង។
លោក មឿន ឈានណារិទ្ធិ អ្នកឃ្លាំមើលការវិវឌ្ឍនៃប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា បានលើកឡើងសម្ដែងជាក្ដី«បារម្ភយ៉ាងខ្លាំង»ថា ការធ្លាក់ចំណាត់ថ្នាក់នៅលើសន្ទស្សន៍សេរីភាពសារព័ត៌មានសាកលនេះអាចបង្ហាញថាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកំពុងតែមានដំណើររអាក់រអួល។
អ្នកឃ្លាំមើលរូបនេះបានបន្តទៀតថា ការណ៍ដែលសេរីភាពសារព័ត៌មានមានការធ្លាក់ពិន្ទុបែបនេះ អាចបង្កជាផលប៉ះពាល់ដល់ផ្នែកផ្សេងទៀតរបស់សង្គម មិនមែនត្រឹមតែវិស័យសារព័ត៌មាន និងសុខុមាលភាពប្រជាធិបតេយ្យប៉ុណ្ណោះទេ ប៉ុន្តែអាចជះឥទ្ធិពលដល់ការអនុវត្តនីតិរដ្ឋ និងការវិនិយោគរបស់ឯកជនផងដែរ។
«ការណ៍ដែលយើងមិនឃើញមានការវាយប្រហារ លើរូបរាងកាយក៏ដោយ លើផ្នែកផ្លូវច្បាប់ក៏ដោយមិនមែនបានន័យថាសេរីភាពសារព័ត៌មាននៅកម្ពុជារបស់យើងមានភាពល្អប្រសើរនោះទេ យើងអាចថា អ្នកសារព័ត៌មានរបស់យើង មានការរាងចាល ឬក៏រារែក ក្នុងការផលិត ឬក៏សរសេរព័ត៌មានដែលទាក់ទងទៅនឹងបញ្ហារសើបផ្សេងៗ បញ្ហាចម្រូងចម្រាស ដូចជាអំពើពុករលួយ ការកាប់ព្រៃឈើ ការរំលោភយកដីធ្លី អំពើអយុត្តិធម៌ដទៃទៀត ទាក់ទងនឹងមន្ត្រីដែលមានអំណាច និងឈ្មួញដែលមានអំណាចជាដើម»។
តាមតួលេខរបស់រដ្ឋាភិបាល គិតត្រឹមខែមេសានេះ កម្ពុជាមានគ្រឹះស្ថានបោះពុម្ភផ្សាយសារព័ត៌មានចំនួន ៨០០។ គ្រឹះស្ថានបោះផ្សាយតាមប្រព័ន្ធអ៊ីនធឺណិតប្រមាណ៧០ ទូរទស្សន៍ចំនួន២២ស្ថានីយ៍ វិទ្យុចំនួន៣៣០ស្ថានីយ៍ និងមានសមាគមអ្នកកាសែតជិត៤០សមាគម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរិះគន់ជាញឹកញយដល់ការផ្សាយព័ត៌មានរបស់បណ្ដាញផ្សព្វផ្សាយមួយចំនួនដែលរិះគន់ភាពអវិជ្ជមានរបស់រដ្ឋាភិបាលរបស់លោក ហើយលោកបានលើកសរសើរពីបណ្ដាញផ្សព្វផ្សាយផ្សេងទៀតដែលតែង សរសើរពីការដឹកនាំរបស់លោក រួមមានអង្គភាព Fresh News ជាដើម។
កាលពីឆ្នាំទៅមិញ ក្រសួងព័ត៌មានបានបង្គាប់បញ្ជាឱ្យបណ្ដាញផ្សព្វផ្សាយនានានៅកម្ពុជា ហៅឈ្មោះឥស្សរជននយោបាយនានា នៅកម្ពុជាតាមឋានានុក្រមដែលប្រទានដោយព្រះមហាក្សត្រ បើមិនដូច្នោះទេ ត្រូវប្រឈមនឹងការព្យួរអាជ្ញាប័ណ្ណ ក៏ប៉ុន្តែលោក ហ៊ុន សែន បានបញ្ជាឱ្យលុបចោលសេចក្ដីបង្គាប់នេះ នាពេលក្រោយមក។
លោក អ៊ុក គឹមសេង បានបន្តប្រាប់ VOA ថា៖
«ទោះបីយ៉ាងណាក៏ដោយ នៅកម្ពុជាយើងខំប្រឹងប្រែង ធ្វើយ៉ាងណាឱ្យបរិយាកាសនេះ កាន់តែល្អប្រសើរ តែប៉ុណ្ណឹងទេ។ ទោះបីបានប្រសើរដល់កម្រិតណាអីកម្រិតណា ទាំងអស់គ្នា ជាអ្នកវាស់វែង ពិសេសអ្នកធ្វើការផ្ទាល់[ផ្នែកសារព័ត៌មាន]នៅកម្ពុជាហ្នឹង ត្រូវតែដឹងថា ពួកគាត់កំពុងធ្វើអីបាន ហើយមានការហាមឃាត់របៀបម៉េចខ្លះ ដែលពួកគាត់យល់ថាមិនសមស្របនោះ»។
ក្នុងរយៈពេលចុងក្រោយនេះ អង្គការយូណេស្កូ ក្រសួងព័ត៌មាន និងភាគីពាក់ព័ន្ធនានា បាននឹងកំពុងរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន ដែលធានាឱ្យមានការផ្លាស់ប្ដូរព័ត៌មានរវាងស្ថាប័នរដ្ឋជាមួយនឹងសាធារណជន និងអ្នកសារព័ត៌មាន។
ក្នុងសេចក្ដីថ្លែងការណ៍អមការចេញផ្សាយចំណាត់ថ្នាក់សាកលថ្មីផ្នែកសេរីភាពសារព័ត៌មាននេះ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន ក៏បានលើកឡើងពីការធ្លាក់ចុះជាសាកលនៃសេរីភាពលើវិស័យសារព័ត៌មានជាសាកលផងដែរ ដែលទាក់ទងយ៉ាងស្អិតរមួតជាមួយនឹងភាពឡើងចុះនៃលទ្ធិប្រជាធិបតេយ្យ។
សម្រាប់អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន ចំណាត់ថ្នាក់លេខមួយផ្នែកសារព័ត៌មាននៅឆ្នាំនេះបានទៅលើប្រទេសន័រវែស រីឯប្រទេសកូរ៉េខាងជើងវិញ បានទទួលចំណាត់ថ្នាក់ចុងប៉ូចគេ ហៅមិនឮ៕