អ្នកនាំពាក្យក្រសួងមហាផ្ទៃអះអាងថា លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីជាភាសាខ្មែរ បានចាកចេញពីកម្ពុជាទៅកាន់ប្រទេសថៃតាមយន្តហោះ កាលពីរសៀលថ្ងៃសុក្រ។ ចំណែកអ្នកនាំពាក្យក្រសួងយុត្តិធម៌លើកឡើងថា បើទោះបីជាលោក ជុន ច័ន្ទបុត្រ ចេញពីកម្ពុជាដោយមិនត្រឡប់មកវិញក៏ដោយ ក៏តុលាការនៅតែអាចកាត់ទោសលោកដោយកំបាំងមុខបានដដែល ប្រសិនបើតុលាការរកឃើញថា លោក ជុន ច័ន្ទបុត្រ ពិតជាបានប្រព្រឹត្តបទល្មើស។
លោក ជុន ច័ន្ទបុត្រ ដែលទើបតែត្រូវបានអ្នកនាំពាក្យក្រសួងមហាផ្ទៃអះអាងថា បានចាកចេញពីកម្ពុជាទៅកាន់ប្រទេសថៃកាលពីរសៀលថ្ងៃសុក្រ អាចប្រឈមនឹងការចាប់ខ្លួនគ្រប់ពេលដែលលោកបង្ហាញខ្លួននៅកម្ពុជា ប្រសិនបើតុលាការកាត់ទោសលោកឲ្យជាប់ពន្ធនាគារ។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យក្រសួងយុត្តិធម៌។
កាលពីថ្ងៃទី២០ ខែមេសា នេះ សាលាដំបូងរាជធានីភ្នំពេញបានកោះហៅឈ្មោះ ហួត ឃីនវុទ្ធី ហៅ ជុន ច័ន្ទបុត្រ ឲ្យចូលបំភ្លឺនៅតុលាការក្នុងនាមជាជនសង្ស័យ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ ដើម្បីសាកសួរពីដំណើររឿង ផ្តល់សេចក្តីប្រកាសដោយភូតកុហក និងបន្លំខ្លួនចូលក្នុងពន្ធនាគារ។
ការចេញដីកាកោះហៅនេះ កើតឡើងបន្ទាប់ពីលោក ហួត ឃីនវុទ្ធី ដែលត្រូវបានគេស្គាល់ជាទូទៅថាជាលោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីជាភាសាខ្មែរ បានចូលទៅក្នុងពន្ធនាគារព្រៃសជាមួយក្រុមតំណាងរាស្រ្តគណបក្សប្រឆាំង នៅពេលតំណាងរាស្រ្តទាំងនោះចូលសួរសុខទុក្ខសកម្មជនទាំង១៦នាក់របស់បក្សដែលកំពុងជាប់ឃុំ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ VOA នារសៀលថ្ងៃអាទិត្យនេះថា លោក ជុន ច័ន្ទបុត្រ បានចាកចេញពីកម្ពុជាដោយយន្តហោះទៅកាន់ប្រទេសថៃ កាលពីរសៀលថ្ងៃសុក្រ។ លោកបន្ថែមថា លោកមិនដឹងថាតើការចាកចេញទៅកាន់ប្រទេសថៃរបស់លោក ជុន ច័ន្ទបុត្រ ជាការរត់គេចខ្លួនមិនចូលឆ្លើយបំភ្លឺនៅតុលាការ ឬ យ៉ាងណានោះទេ។
លោក ខៀវ សុភ័គ បញ្ជាក់ថា ក្រសួងមហាផ្ទៃនឹងរង់ចាំចំណាត់ការរបស់តុលាការជាមុន ដើម្បីសម្រេចថា តើនឹងត្រូវធ្វើបែបណាជាបន្តលើករណីលោក ជុន ច័ន្ទបុត្រ។
លោកមានប្រសាសន៍ថា៖
«អាស្រ័យលើរឿងតុលាការ ក៏ប៉ុន្តែខ្ញុំគិតថាប្រសិនជាតុលាការលោកបើកការចោទប្រកាន់អីយ៉ាងម៉េចយ៉ាងម៉ា ឬ លោកបញ្ជាមក ខាងសមត្ថកិច្ច ខាងអង្គការប្រតិបត្តិ ដើម្បីចាត់ចែងបន្តទៀត»។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ លើកឡើងថា ប្រសិនបើការចាកចេញពីកម្ពុជាក្នុងគោលបំណងរត់គេចពីការចូលខ្លួនឆ្លើយបំភ្លឺក្នុងនាមជាជនសង្ស័យ នោះតុលាការនៅតែអាចកាត់ទោសលោក ជុន ច័ន្ទបុត្រ ដោយកំបាំងមុខ ប្រសិនបើតុលាការរកឃើញថា លោក ជុន ច័ន្ទបុត្រ មានទោសពាក់ព័ន្ធនឹងការចូលក្នុងពន្ធនាគារជាមួយតំណាងរាស្រ្តគណបក្សប្រឆាំងកាលពីថ្ងៃ១៩ ខែមេសា។
លោកបន្ថែមថា ក្នុងករណីដែលតុលាការកាត់ទោសលោក ជុន ច័ន្ទបុត្រ ឲ្យជាប់ពន្ធនាគារ នោះលោក ជុន ច័ន្ទបុត្រ នឹងត្រូវប្រឈមនឹងការចាប់ខ្លួនគ្រប់ពេល ប្រសិនបើលោកបង្ហាញខ្លួននៅកម្ពុជាក្នុងរយៈពេលនៃការកំណត់ដោយច្បាប់ ឬ ហៅថាអំឡុងអាជ្ញាយុកាលនៃបទល្មើស ឬ ទោស ដែលមានចាប់ពីរយៈពេល៥ឆ្នាំ ទៅ២០ឆ្នាំ ទៅតាមប្រភេទនៃបទល្មើស និងទោស។
ទោះជាយ៉ាងណាលោក ជិន ម៉ាលីន មិនបានបញ្ជាក់ពីបទល្មើសណាមួយដែលលោក ជុន ច័ន្ទបុត្រ កំពុងប្រឈមនោះទេ ដោយលោកគ្រាន់តែប្រាប់ថា រាល់ការសម្រេចគឺស្ថិតលើការកាត់ក្តីរបស់តុលាការ។
លោកបញ្ជាក់ថា៖
«ពេលដែលមានការប្រកាសសាលក្រម ឬ ក៏ប្រកាសទោសដោយកំបាំងមុខ គាត់នឹងក្លាយជាទណ្ឌិត នៅពេលដែលគាត់ក្លាយជាទណ្ឌិតហើយ នៅពេលដែលគាត់ចូលមកវិញ ឬ ក៏ ពេលដែលគេចេញវិធានការណ៍ណាមួយ អាចចាប់គាត់យកមកអនុវត្តទោសបាន គេអនុវត្តទោសទៅតាមទោសដែលប្រកាសហ្នឹង»។
VOA មិនអាចទាក់ទងសុំការអធិប្បាយពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា លោក អ៊ី រិន និងលោក សួស វិទ្យារ៉ាន់ឌី បានទេ កាលពីរសៀលថ្ងៃអាទិត្យកន្លងនេះ។
បើយោងតាមមូលហេតុដែលតុលាការកោះហៅលោក ជុន ច័ន្ទបុត្រ ឲ្យចូលឆ្លើយបំភ្លឺក្នុងនាមជាជនសង្ស័យ ពីដំណើររឿង ផ្តល់សេចក្តីប្រកាសដោយភូតកុហក និងបន្លំខ្លួនចូលក្នុងពន្ធនាគារ នោះលោក ជុន ច័ន្ទបុត្រ អាចប្រឈមនឹងបទ «ក្លែងបន្លំ» តាមមាត្រា៦២៦ និង៦២៧ នៃក្រមព្រហ្មទណ្ឌ។
មាត្រា៦២៧ នៃក្រមព្រហ្មទណ្ឌចែងថា ការក្លែងបន្លំត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីមួយឆ្នាំ ទៅបីឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀល ទៅ៦លានរៀល។
VOA បានព្យាយាមទាក់ទងលោក ជុន ច័ន្ទបុត្រ តាមរយៈសារអេឡិចត្រូនិច ឬអ៊ីមែល និងបណ្តាញសង្គមហ្វេសប៊ុក តែរហូតមកដល់ល្ងាចថ្ងៃអាទិត្យនេះ មិនទាន់មានការឆ្លើយតបណាមួយពីលោក ជុន ច័ន្ទបុត្រ នៅឡើយ។
ពាក់ព័ន្ធនឹងការចូលក្នុងពន្ធនាគារជាមួយក្រុមតំណាងរាស្ត្រគណបក្សប្រឆាំងនេះ រដ្ឋាភិបាលបានចោទលោក ជុន ច័ន្ទបុត្រ ថាបានក្លែងបន្លំឈ្មោះ និងតួនាទីក្នុងចេតនាទុច្ចរិតដើម្បីចូលយកព័ត៌មាន។ ប៉ុន្តែ វិទ្យុអាស៊ីសេរី បានច្រានចោលការចោទប្រកាន់នេះ ដោយចាត់ទុកចំណាត់ការមកលើអ្នកយកព័ត៌មានរបស់ខ្លួនថា «ជារឿងហួសហេតុ ដែលអាជ្ញាធរយកអ្នកសារព័ត៌មានធ្វើជាមុខសញ្ញា ធ្វើទុក្ខបុកម្នេញ និងគំរាមកំហែង ដោយសារការបំពេញការងាររបស់គាត់»។
អ្នកជំនាញផ្នែកសារព័ត៌មានលើកឡើងថា ប្រសិនបើរដ្ឋាភិបាលអនុវត្តផ្លូវច្បាប់លើអ្នកសារព័ត៌មានដែលបន្លំខ្លួនដើម្បីប្រមូលព័ត៌មានពិតមកផ្សព្វផ្សាយ មានន័យថា រដ្ឋាភិបាលកំពុងដាក់សម្ពាធដល់អ្នកសារព័ត៌មាន និងអាចរងការរិះគន់ពីសហគមន៍ជាតិ និងអន្តរជាតិមួយចំនួន។ ការលើកឡើងរបស់អ្នកជំនាញនេះ ស្របពេលដែលអ្នកឃ្លាំមើលសិទ្ធិមនុស្សលើកឡើងថា ការកោះហៅអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី បង្ហាញពីក្ដីបារម្ភចំពោះសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា។ អ្នកឃ្លាំមើលសិទ្ធិមនុស្សដដែលនោះ បានជំរុញទៅអាជ្ញាធរកម្ពុជា ឲ្យបើកទូលាយពន្ធនាគារសម្រាប់អ្នកសារព័ត៌មាន និងសង្គមស៊ីវិល ដើម្បីឲ្យសាធារណជនបានឃើញពីស្ថានភាពអាក្រក់ ដែលអ្នកជាប់ឃុំកំពុងប្រឈម។
របាយការណ៍របស់អ្នករាយការណ៍គ្មានពំ្រដែន (Reporters without Borders) ស្ដីពី «សន្ទស្សន៍សេរីភាពសារព័ត៌មាន» ចេញផ្សាយកាលពីថ្ងៃពុធ សប្តាហ៍មុន បានចាត់ថ្នាក់សេរីភាពសារព័ត៌មានរបស់កម្ពុជាថាកាន់តែអាក្រក់ ដោយអង្គការនេះរកឃើញថា កម្ពុជាបានធ្លាក់ចុះ៤ចំណាត់ថ្នាក់ ពីលេខ១២៨ នៅឆ្នាំ២០១៦ មកលេខ១៣២ នៅឆ្នាំ២០១៧។ របាយការណ៍នោះបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៦ រាជរដ្ឋាភិបាលកម្ពុជាបានរិតត្បិតសេរីភាពសារព័ត៌មានឯករាជ្យកាន់តែខ្លាំង តាមរយៈការចោទអ្នកសារព័ត៌មានទាំងនោះពីបទ «បរិហារកេរ្ដិ៍» និងញុះញង់បង្ខូចកេរ្ដិ៍ឈ្មោះរដ្ឋាភិបាលជាដើម។
ក្នុងសំណុំរឿងចូលក្នុងពន្ធនាគាររបស់លោក ជុន ច័ន្ទបុត្រ នេះ តំណាងរាស្ត្រគណបក្សប្រឆាំង២រូប គឺលោកស្រី មូរ សុខហួរ និងលោក ឡុង រី ក៏ត្រូវបានតុលាការកោះហៅឲ្យចូលបំភ្លឺក្នុងនាមជាសាក្សី ហើយអ្នកទាំងពីរបានបញ្ចប់ការឆ្លើយបំភ្លឺកាលពីសប្តាហ៍មុន៕