លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីជាភាសាខ្មែរ ទើបតែមានមេធាវីដើម្បីការពារខ្លួនក្នុងការចូលឆ្លើយបំភ្លឺក្នុងនាមជាជនសង្ស័យ ក្រោយតំណាងរាស្ត្រគណបក្សប្រឆាំង២រូបបានចូលឆ្លើយបំភ្លឺរួចរាល់ ក្នុងនាមជាសាក្សី ពាក់ព័ន្ធនឹងសំណុំរឿងដែលលោក ជុន ច័ន្ទបុត្រ ចូលក្នុងពន្ធនាគារជាមួយតំណាងរាស្ត្រទាំង២នាក់នោះ កាលពីថ្ងៃពុធសប្ដាហ៍មុន។
កាលពីថ្ងៃសុក្រសប្ដាហ៍មុន សាលាដំបូងរាជធានីភ្នំពេញបានកោះហៅលោក ឡុង រី និងលោកស្រី មូរ សុខហួរ តំណាងរាស្ត្រគណបក្សប្រឆាំង ឲ្យចូលឆ្លើយបំភ្លឺនៅតុលាការក្នុងនាមជាសាក្សី នៅថ្ងៃទី២៧ និង២៨ ខែមេសានេះ និងបានកោះហៅលោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីផ្សាយជាភាសាខ្មែរ ឲ្យចូលបំភ្លឺក្នុងនាមជាជនសង្ស័យនៅថ្ងៃទី២ ខែឧសភា ខាងមុខ។
ការចេញដីកាកោះហៅនេះ គឺដើម្បីសាកសួរពីដំណើររឿង ផ្ដល់សេចក្ដីប្រកាសដោយភូតកុហក និងបន្លំខ្លួនចូលក្នុងពន្ធនាគារ បន្ទាប់ពីលោក ជុន ច័ន្ទបុត្រ បានចូលទៅក្នុងពន្ធនាគារព្រៃសជាមួយលោកស្រី មូរ សុខហួរ និងលោក ឡុង រី នៅពេលតំណាងរាស្ត្របក្សប្រឆាំងទាំងពីររូបនោះចូលសួរសុខទុក្ខសកម្មជនទាំង១៦នាក់របស់បក្សដែលកំពុងជាប់ឃុំ។
លោក ហួត ឃីនវុទ្ធី ហៅ ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីជាភាសាខ្មែរ ប្រាប់ VOA យ៉ាងប្រញាប់ប្រញាល់មុននឹងទម្លាក់ទូរស័ព្ទថា លោកបានជួបជាមួយមេធាវីរបស់លោក និងកំពុងពិភាក្សាគ្នាជាលើកដំបូងនៅថ្ងៃសុក្រនេះ។ ក្រោយមក VOA មិនអាចទាក់ទងលោក ជុន ច័ន្ទបុត្រ ដើម្បីសុំការអធិប្បាយបន្ថែមនោះទេ។
នៅព្រឹកថ្ងៃសុក្រនេះ តំណាងរាស្ត្រគណបក្សប្រឆាំងគឺលោកស្រី មូរ សុខហួរ បានបញ្ចប់ការឆ្លើយបំភ្លឺក្នុងនាមជាសាក្សីនៅសាលាដំបូងរាជធានីភ្នំពេញ ដោយមានលោក សំ សុគង់ ជាមេធាវីប្រឹក្សា បន្ទាប់ពីតំណាងរាស្ត្រមួយរូបទៀត គឺលោក ឡុង រី បានចូលឆ្លើយបំភ្លឺកាលពីថ្ងៃព្រហស្បតិ៍។
លោកស្រី មូរ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មិនបានប្រាប់អ្នកសារព័ត៌មានអំពីខ្លឹមសារនៃការឆ្លើយបំភ្លឺរបស់លោកស្រីទេ ក្រោយចេញពីតុលាការនាព្រឹកថ្ងៃសុក្រនេះ។
លោកស្រីបញ្ជាក់ថា៖ «ខ្ញុំបានមកបំពេញកាតព្វកិច្ចរបស់ខ្ញុំតាមដីកាកោះនៃតុលាការភ្នំពេញ ហើយចម្លើយខ្ញុំទាំងប៉ុន្មាន គឺខ្ញុំនិយាយការពិត ចា៎! តែប៉ុណ្ណឹងទេ»។
ក្រោយបញ្ចប់សវនាការសាកសួរតំណាងរាស្ត្របក្សប្រឆាំងទាំងពីររូប លោកមេធាវី សំ សុគង់ ប្រាប់អ្នកសារព័ត៌មានថា កូនក្តីទាំងពីររបស់លោក បានឆ្លើយសំណួរពាក់ព័ន្ធនឹងអ្វីដែលពួកគេបានដឹង បានឮ និងបានឃើញក្នុងសំណុំរឿងនោះតែប៉ុណ្ណោះ។ ប៉ុន្តែ លោក សំ សុគង់ សុំមិនអធិប្បាយបន្ថែមដោយអះអាងថា នេះជាដំណាក់កាលស៊ើបអង្កេតបឋមរបស់តុលាការ។
ពាក់ព័ន្ធនឹងការចូលក្នុងពន្ធនាគារជាមួយក្រុមតំណាងរាស្ត្រគណបក្សប្រឆាំងនេះ រដ្ឋាភិបាលបានចោទលោក ជុន ច័ន្ទបុត្រ ថាបានក្លែងបន្លំឈ្មោះ និងតួនាទីក្នុងចេតនាទុច្ចរិតដើម្បីចូលយកព័ត៌មាន។ ប៉ុន្តែ វិទ្យុអាស៊ីសេរី បានច្រានចោលការចោទប្រកាន់នេះ ដោយចាត់ទុក ចំណាត់ការមកលើអ្នកយកព័ត៌មានរបស់ខ្លួននេះថា«ជារឿងហួសហេតុ ដែលអាជ្ញាធរយកអ្នកសារព័ត៌មាន ធ្វើជាមុខសញ្ញា ធ្វើទុក្ខបុកម្នេញ និងគំរាមកំហែង ដោយសារការបំពេញការងាររបស់គាត់»៕