ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ ជុន ច័ន្ទ​បុត្រ អាច​នឹង​ត្រូវ​បាន​ឃាត់​ខ្លួន​ក្នុង​ពេល​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ


លោក ជុន ច័ន្ទបុត្រ ថ្លែង​នៅ​ក្នុង​ពិធី​ប្រគល់​និង​ទទួល​ពានរង្វាន់ David Burke Awards នៅ​ទី​ស្នាក់ការ​កណ្តាល​របស់ ​VOA ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ កាល​ពី​ថ្ងៃ​ទី​១ ខែ​ធ្នូ​ឆ្នាំ​២០១៦។ (សាយ មុន្នី/VOA)
លោក ជុន ច័ន្ទបុត្រ ថ្លែង​នៅ​ក្នុង​ពិធី​ប្រគល់​និង​ទទួល​ពានរង្វាន់ David Burke Awards នៅ​ទី​ស្នាក់ការ​កណ្តាល​របស់ ​VOA ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ កាល​ពី​ថ្ងៃ​ទី​១ ខែ​ធ្នូ​ឆ្នាំ​២០១៦។ (សាយ មុន្នី/VOA)

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​នៅ​ថ្ងៃ​ច័ន្ទ​នេះ លើក​ឡើង​ថា តុលាការ​អាច​នឹង​ឃាត់​ខ្លួន​លោក ជុន ច័ន្ទបុត្រ អនុប្រធាន​វិទ្យុអាស៊ីសេរី​ជា​ភាសាខ្មែរ ក្នុង​ថ្ងៃ​បើក​ការ​សាកសួរ ប្រសិន​បើ​រក​ឃើញ​ថា ការ​ចូល​ក្នុង​ពន្ធនាគារ​ជាមួយ​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​កាល​ពី​សបា្តហ៍​មុន គឺ​ជា​សកម្មភាព​ផ្ទុយ​នឹង​ច្បាប់​ព្រហ្មទណ្ឌ។

លោក ជុន ច័ន្ទបុត្រ អនុប្រធាន​វិទ្យុ​អាស៊ី​សេរី​ជា​ភាសាខ្មែរ​អាច​នឹង​ត្រូវ​ឃាត់​ខ្លួន​ក្នុង​ថ្ងៃ​សាកសួរ ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា លោក​ប្រើ​មធ្យោបាយ​ទុច្ចរិត​ដើម្បី​ស្វែងរក​ព័ត៌មាន។ អ្នក​ជំនាញ​ផ្នែក​សារព័ត៌មាន​លើកឡើង​ថា ប្រសិន​បើ​លោក ជុន ច័ន្ទបុត្រ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ដោយសារ​ការ​បន្លំ​ខ្លួន​ចូលយក​ព័ត៌មាន​ពី​ក្នុង​ពន្ធនាគារ​ នោះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការងារ​របស់​អ្នក​សារព័ត៌មាន​ផ្សេង​ទៀត។

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​នៅ​ថ្ងៃ​ច័ន្ទ​នេះ លើក​ឡើង​ថា តុលាការ​អាច​នឹង​ឃាត់​ខ្លួន​លោក ជុន ច័ន្ទបុត្រ អនុប្រធាន​វិទ្យុអាស៊ីសេរី​ជា​ភាសាខ្មែរ ក្នុង​ថ្ងៃ​បើក​ការ​សាកសួរ ប្រសិន​បើ​រក​ឃើញ​ថា ការ​ចូល​ក្នុង​ពន្ធនាគារ​ជាមួយ​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​កាល​ពី​សបា្តហ៍​មុន គឺ​ជា​សកម្មភាព​ផ្ទុយ​នឹង​ច្បាប់​ព្រហ្មទណ្ឌ។

កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​កោះ​ហៅ​ឈ្មោះ ហួត ឃីនវុទ្ធី ហៅ ជុន ច័ន្ទបុត្រ ក្នុង​នាម​ជា​ជន​សង្ស័យ ឲ្យ​ចូល​បំភ្លឺ​នៅ​តុលាការ នា​ថ្ងៃទី២ ខែ​ឧសភា ឆ្នាំ​២០១៧ ដើម្បី​សាកសួរ​ពី​ដំណើរ​រឿង​ ផ្តល់​សេចក្តី​ប្រកាស​ដោយ​ភូត​កុហក និង​បន្លំ​ខ្លួន​ចូល​ក្នុង​ពន្ធនាគារ។ ការ​ចេញ​ដីកា​កោះ​ហៅ​នេះ​ កើត​ឡើង​បន្ទាប់​ពីលោក ហួត ឃីនវុទ្ធី ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​ទូទៅ​ថា​ជា​លោក ជុន ច័ន្ទបុត្រ ​អនុប្រធាន​វិទ្យុ​អាស៊ីសេរី​ជា​ភាសា​ខ្មែរ បាន​ចូលទៅ​ក្នុង​ពន្ធនាគារ​ព្រៃស​ជាមួយ​ក្រុម​តំណាងរាស្រ្ត​គណ​បក្ស​ប្រឆាំង​ នៅ​ពេលតំណាងរាស្រ្តទាំងនោះ​ចូល​សួរ​សុខទុក្ខ​សកម្មជន​ទាំង​១៦​នាក់​របស់បក្ស​ដែល​កំពុង​ជាប់​ឃុំ។

លោក គឹម សន្តិភាព អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ ប្រាប់ VOA នា​រសៀល​ថ្ងៃ​ច័ន្ទ​នេះ​ថា ការ​ចេញ​ចូល​ពន្ធនាគារ​ ត្រូវ​អនុវត្ត​តាម​ច្បាប់ ជៀសវាង​ភាព​អសន្តិសុខ​ណាមួយ​កើត​ឡើង ដូច្នេះ​លោក​ថា រាល់​ការ​បន្លំ​ខ្លួន​ចូល​ក្នុង​ពន្ធនាគារ ជា​សកម្មភាព​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សង្គម។ លោក​បន្ថែម​ថា តុលាការអាច​ឃាត់​ខ្លួន​លោក ជុន ច័ន្ទបុត្រ នៅ​ថ្ងៃ​សាកសួរ ប្រសិន​បើ​តំណាង​អយ្យការ​រក​ឃើញភស្តុតាង​ពាក់​ព័ន្ធ​នឹង​សកម្មភាព​ចូល​ក្នុង​ពន្ធនាគាររបស់​លោក ជុន ច័ន្ទបុត្រ ថា​ជា​បទល្មើស​ព្រហ្មទណ្ឌ​ បើ​ទោះ​បី​ជា​ការ​ចូល​ក្នុង​ពន្ធនាគារ​នោះ ធ្វើ​ឡើង​ក្នុង​គោលបំណង​ប្រមូល​ព័ត៌មាន​ក៏​ដោយ។ ​

អ្នក​នាំ​ពាក្យ​រូប​នេះ​បញ្ជាក់​ថា៖​

«អ្នក​សារព័ត៌មាន មាន​សិទ្ធិ​នៅ​ក្នុង​ការ​ស្វែងរក​ព័ត៌មាន​របស់​ខ្លួន ក៏​ប៉ុន្តែ​មធ្យោបាយ​ស្វែង​រក​ព័ត៌មាន​ទាំង​នោះ​ត្រូវ​តែ​ជា​មធ្យោបាយ​ស្រប​ច្បាប់ ប្រសិន​ជា​មធ្យោបាយ​នេះ ជា​មធ្យោបាយទុច្ចរិត មិន​ថា​មធ្យោបាយ​ណាមួយ​នោះ​ទេ ឲ្យ​តែ​មធ្យោបាយ​ទុច្ចរិត នោះ​នឹង​ប្រឈម​ទៅ​នឹង​ច្បាប់ហើយ»។​

រូបឯកសារ៖ លោក គឹម សន្តិភាព​ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មានថា​៖​«ក្រសួង​យុត្តិធម៌​មិន​ពាក់​ព័ន្ធ​នឹង​ករណី​លោក​កឹម សុខា​ទេ»​នៅ​វិមាន​រដ្ឋសភា​កម្ពុជា​ នៅ​ថ្ងៃព្រហស្បតិ៍ ទី​០៩ ​ខែ​មិថុនា ​ឆ្នាំ​២០១៦។​ (ឡេង ឡែន/VOA)
រូបឯកសារ៖ លោក គឹម សន្តិភាព​ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មានថា​៖​«ក្រសួង​យុត្តិធម៌​មិន​ពាក់​ព័ន្ធ​នឹង​ករណី​លោក​កឹម សុខា​ទេ»​នៅ​វិមាន​រដ្ឋសភា​កម្ពុជា​ នៅ​ថ្ងៃព្រហស្បតិ៍ ទី​០៩ ​ខែ​មិថុនា ​ឆ្នាំ​២០១៦។​ (ឡេង ឡែន/VOA)

ក្រសួង​មហាផ្ទៃ​បញ្ជាក់​ថា លោក ជុន ច័ន្ទបុត្រ បាន​ក្លែង​ឈ្មោះ និង​តួនាទី ដើម្បី​ចូល​ក្នុង​ពន្ធនាគារ ជាមួយតំណាងរាស្រ្ត​គណបក្ស​ប្រឆាំង ​ដែលក្រសួង​អះអាង​ថា ​ជាទង្វើខុសនឹងច្បាប់ស្តី​ពីរបបសារ​ព័ត៌មាន​កម្ពុជា ច្បាប់​ស្តី​ពី​ពន្ធនាគារ និង​ក្រម​ព្រហ្មទណ្ឌ។

ទោះ​ជា​យ៉ាង​ណា លោក ជុន ច័ន្ទបុត្រ បានច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ។

លោក ជុន ច័ន្ទបុត្រ អនុប្រធាន​វិទ្យុ​អាស៊ី​សេរី​ជា​ភាសាខ្មែរ ថា ​លោក​បាន​ត្រៀម​ខ្លួន​ឆ្លើយ​បំភ្លឺនៅ​តុលាការ​ទៅ​តាម​កាល​បរិច្ឆេទ​នៃ​ការ​កោះ​ហៅ។ លោក​បន្ថែម​ថា លោក​នឹង​ឆ្លើយ​ទៅ​តាម​ការ​ពិត​ពាក់ព័ន្ធ​នឹង​សកម្មភាព និង​មូលហេតុ​នៃការ​ចូល​ក្នុង​ពន្ធនាគារ​ក្នុង​ពេល​នោះ។

លោក ​ជុន ច័ន្ទបុត្រ ពន្យល់​ប្រាប់ VOA​ ថា៖

«ជា​អ្នក​កាសែត​គ្រាន់តែ​ចង់​ប៉ុណ្ណឹង​ថា ​តើ​អ្នក​ទោស​នយោបាយ ឬ​មួយ​ក៏​អ្នក​ទោ​ស​ដែល​គេ​ចោទ​ថា​ មាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ ហើយ​ម្ខាង​ទៀតចោទ​ថា​ មិនមែន​ជា​អ្នក​ទោស​ឧក្រិដ្ឋ​ទេ ជា​អ្នកទោស​នយោបាយ ថា​តើ​ស្ថានភាព​ពួកគាត់​យ៉ាងម៉េច?»។

នេះ​មិនមែន​ជា​លើក​ទី១​ទេ ដែល​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា​រង​បណ្តឹង​តុលាការពី​រដ្ឋាភិបាល។ អ្នក​សារព័ត៌មាន​ផ្សេង​ទៀត​ដែល​រង​បណ្តឹង​ដែរ​នោះ ​ជា​អ្នក​ដែល​សរសេរ​ និង​ផ្សព្វ​ផ្សាយ​ព័ត៌មានពី​ភាព​អវិជ្ជមាន​នៃ​ការ​ដឹកនាំរបស់​រដ្ឋាភិបាល។​

លោក មឿន ឈានណារិទ្ធ ប្រធាន​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​ផ្នែក​សារព័ត៌មាន លើក​ឡើង​ថា អ្នក​សារព័ត៌មាន​មាន​តួនាទី​ស្វែង​រក​ការពិត​យក​មក​ផ្សព្វ​ផ្សាយ ​ដើម្បីជួយ​ដល់​រដ្ឋាភិបាល​អាច​ដោះ​ស្រាយ​បញ្ហាបាន​ទាន់​ពេល។ លោក​បន្ថែម​ថា ប្រសិន​បើ​លោក ជុន ច័ន្ទ​បុត្រ ត្រូវ​បាន​តុលាការ​ចោទ​ប្រ​កាន់ ឬ​ឃុំ​ខ្លួន​ដោយសារ​ការ​បន្លំ​ខ្លួន​ចូលយក​ព័ត៌មាន​ពី​ក្នុង​ពន្ធនាគារ​មក​ផ្សព្វផ្សាយ​ នោះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការងារ​របស់​អ្នក​សារព័ត៌មាន​ផ្សេង​ទៀត។

លោក​មាន​ប្រសាសន៍​ថា៖​

«ករណី​លោក ជុន ច័ន្ទបុត្រ មិន​គួរ​មាន​ការ​ដាក់​ទោស​ចំពោះ​គាត់​ទេ ព្រោះអី​បើ​សិន​ជា​គាត់​មាន​គោលបំណង​តែ​មួយ​គត់​ដើម្បីស្វែង​រក​ព័ត៌មាន ដូច​ជា​ការជួយ​ដល់​ទាំង​មន្រ្តី​ពន្ធនាគារ​ផង ជួយ​ដល់​ក្រសួង​មហាផ្ទៃ​ផង​ ជួយ​ដល់​រាជរដ្ឋាភិបាល​ផង កុំ​ឲ្យ​គេ​ចេះ​តែ​ចោទ​ដល់​រាជ​រដ្ឋាភិបាល ឬក៏​ក្រសួងមហាផ្ទៃ ក៏​ដូច​ជា​ពន្ធនាគារ​ថា​ ធ្វើ​ទុក្ខ​បុក​ម្នេញ​អ្នកទោស ​ឬ​សកម្មជន​សិទ្ធិ​មនុស្ស​ជាដើម។ អញ្ចឹង​បាន​លោក ជុន ច័ន្ទបុត្រ ចូល​ទៅ គាត់​នឹង​ស្វែង​រក​ការពិត​ជួយ​បំភ្លឺ​ដល់​រាជរដ្ឋាភិបាល ក្រសួង​មហាផ្ទៃ និង​ពន្ធនាគារ​វិញ»។

ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​នៃ​ការ​ចូល​ក្នុង​ពន្ធនាគារ​របស់​លោក ជុន ច័ន្ទបុត្រ​ នេះ សាលា​ដំបូង​រាជធានី​ភ្នំពេញក៏​បាន​កោះ​ហៅ​តំណាងរាស្រ្ត​គណបក្សប្រឆាំង២រូប​ គឺ​លោកស្រី មូរ សុខហួរ និង​លោក ឡុង រី ឲ្យ​ធ្វើ​ជា​សាក្សី​ផង​ដែរ៕

XS
SM
MD
LG