ក្នុងពិធីប្រារព្ធខួបទី ៣០ នៃការបង្កើតរដ្ឋធម្មនុញ្ញកម្ពុជា ក្រុមមន្ត្រីរដ្ឋាភិបាលអះអាងថា ការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ គឺក្នុងគោលបំណងអភិវឌ្ឍជាតិ និងដើម្បីបំពេញតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។ ប៉ុន្តែ អ្នកតាមដានសង្គម និងអ្នកជំនាញច្បាប់មើលឃើញថា ការដើរតាមខ្សែបន្ទាត់របស់រដ្ឋធម្មនុញ្ញនៅតែជាបញ្ហាចម្រូងចម្រាសមួយ។
ថ្លែងនៅក្នុងពិធីអបអរសាទរខួបទី ៣០ ឆ្នាំនៃការប្រកាសប្រើប្រាស់រដ្ឋធម្មនុញ្ញកម្ពុជា នាថ្ងៃសុក្រនេះ លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ថ្លែងថា រដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជាជាសមិទ្ធផលប្រវត្តិសាស្ត្រមួយ ដែលស្របតាមឆន្ទៈរបស់ពលរដ្ឋកម្ពុជានិងមូលដ្ឋានគ្រឹះនៃលិទ្ធប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដូចមាននៅក្នុងខ្លឹមសារទាំងស្រុងនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១។
លោកថ្លែងថា៖ «រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ជារដ្ឋធម្មនុញ្ញដែលមានលក្ខណៈប្រជាធិបតេយ្យជឿនលឿន ដែលបានកើតចេញពីឆន្ទៈរបស់ប្រជារាស្ត្រខ្មែរគ្រប់និន្នាការនយោបាយ។ សភាធម្មនុញ្ញបានតាក់តែងរក្សាឱ្យមានមកវិញនូវគុណតម្លៃប្រពៃណីខ្មែរគឺ ជាតិ សាសនា ព្រះមហាក្សត្រ អមជាមួយធម្មនុញ្ញទំនើបជាមូលដ្ឋានគ្រឹះ គឺប្រជាធិបតេយ្យ សិទ្ធិមនុស្ស នីតិរដ្ឋ ដោយតាក់តែងបញ្ចូលទាំងស្រុង និងដោយលម្អិតនូវខ្លឹមសារនៃឧបសម្ព័ន្ធទី៥នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលចែងអំពីគោលការណ៍នៃរដ្ឋធម្មនុញ្ញថ្មីរបស់កម្ពុជា»។
លោកបានបន្តថា រដ្ឋធម្មនុញ្ញកម្ពុជាត្រូវបានធ្វើវិសោធនកម្មចំនួន ១០ លើក ហើយមានការបង្កើតបន្ថែមច្បាប់រដ្ឋធម្មនុញ្ញចំនួនមួយ ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សង្គម ជាពិសេសករណីជាប់គាំងផ្នែកច្បាប់ និងផ្នែកនយោបាយដែលចាំបាច់ត្រូវការដោះស្រាយ តាមរយៈការចរចាក្នុងករណីផ្សះផ្សា បង្រួបបង្រួមជាតិ និងការគោរពតាមលទ្ធផលនៃការបោះឆ្នោត។
លោក អ៊ឹម ឈុនលឹម បានសង្កត់ធ្ងន់ថា កម្ពុជាតែងតែបានកំណត់ការបោះឆ្នោតយ៉ាងទៀងទាត់ដែលស្របទៅនឹងច្បាប់ និងគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដោយមានការចូលរួមពីចម្រុះភាពនៃគ្រប់និន្នាការគណបក្សនយោបាយ និងលំហសេរីភាពនយោបាយធានាដោយច្បាប់។ លោកថា ការបោះឆ្នោតនៅកម្ពុជាគឺមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «ជារួមគ្រប់ដំណើរការការបោះឆ្នោត មានការវវិឌ្ឍ រីកចម្រើនពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយ ដោយរក្សាបាននូវភាពចម្រុះ និងការប្រកួតប្រជែង និងបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងដោយរលូនគ្មានអំពើហិង្សា និងការចូលរួមយ៉ាងទូលំទូលាយពីគណបក្សគ្រប់និន្នាការ និងរបស់ប្រជាពលរដ្ឋទៅបោះឆ្នោត»។
គិតចាប់តាំងពីឆ្នាំ ១៩៩៣ មក ក្រោយពេលដែលប្រទេសកម្ពុជាបានចាកចេញឆ្ងាយពីសង្គ្រាម និងត្រឡប់មកសន្តិភាពវិញ មានការតាក់តែងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលក្នុងប្រទេស ក្រោមការជួយជ្រោមជ្រែងរបស់អង្គការសហប្រជាជាតិ។ រដ្ឋធម្មនុញ្ញដែលមានអាយុកាល៣០ឆ្នាំនេះ បានកំណត់មាគ៌ានិងប្រព័ន្ធនយោបាយរបស់កម្ពុជាស្របតាមលទ្ធិប្រជាធិបតេយ្យ និងសេរីពហុបក្ស។ ច្បាប់នេះត្រូវបានប្រកាសឱ្យប្រើជាផ្លូវការនៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ១៩៩៣។
អស់រយៈពេល៣០ឆ្នាំនៃការបង្កើតរដ្ឋធម្មនុញ្ញ ច្បាប់កំពូលមួយនេះត្រូវបានធ្វើវិសោធនកម្មជាញឹកញាប់ ក្នុងគោលបំណងសម្របសម្រួល និងផ្ចាញ់ផ្ចាលខាងនយោបាយជាជាងការបម្រើផលប្រយោជន៍ពិតប្រាកដដល់ប្រជាពលរដ្ឋ និងពង្រឹងគោលការណ៍នីតិរដ្ឋ ស្របតាមលំអានលទ្ធិប្រជាធិបតេយ្យ។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញផ្នែកច្បាប់។
អ្នកឯកទេសច្បាប់ លោក វ៉ន ចាន់ឡូត ប្រាប់វីអូអេថា ស្មារតីដើមនៃរដ្ឋធម្មនុញ្ញកម្ពុជាមិនទាន់ត្រូវបានអ្នកនយោបាយណាមួយអនុវត្តតាមឱ្យបានពេញលេញនៅឡើយទេ ដោយពួកគេបានធ្វើកំណែទម្រង់វិសោធនកម្មតាមតម្រូវការរបស់ខ្លួន ដែលមិនបានគោរពតាមលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងសិទ្ធិមនុស្ស ព្រមទាំងបានបង្កជាផលប៉ះពាល់មួយចំនួនដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «បន្ថែមអំពីអ្វីដែលអ្នកនយោបាយមិនទាន់អាចអនុវត្តតាមស្មារតីដើមហើយ គឺពួកគាត់ថែមទាំងបានប្រើប្រាស់គ្រប់វិធីសាស្រ្តដើម្បីធ្វើកំណែទម្រង់ ធ្វើវិសោធនកម្មយ៉ាងម៉េចឱ្យរដ្ឋធម្មនុញ្ញហ្នឹងមកត្រូវនឹងការអនុវត្តរបស់ខ្លួន ដែលយើងមើលឃើញថា ការអនុវត្តនោះវាប្រាសចាកអំពីគោលការណ៍ប្រជាធិបតេយ្យ ប្រាសចាកអំពីការគោរពសិទ្ធិមនុស្សដែលជាសេចក្តីថ្លៃថ្នូររបស់មនុស្ស»។
លោក វ៉ន ចាន់ឡូត បន្តទៀតថា ការធ្វើវិសោធនកម្មច្បាប់បន្ថែមដូចជាច្បាប់ឈរឈ្មោះឱ្យគេបោះឆ្នោត បានប្រែក្លាយការប្រើសិទ្ធិបោះឆ្នោត ទៅជាកាតព្វកិច្ចដែលផ្ទុយពីខ្លឹមសារដើមរបស់រដ្ឋធម្មនុញ្ញ។
លោកថ្លែងថា៖ «យើងមើលឃើញថា ការបោះឆ្នោតនៅកម្ពុជាវាជាសិទ្ធិ វាមិនមែនជាកាតព្វកិច្ច ក៏ប៉ុន្តែនាពេលដែលមានការធ្វើវិសោធនកម្ម ឬក៏ការធ្វើច្បាប់រដ្ឋធម្មនុញ្ញបន្ថែមនេះមក ហាក់ដូចជាបានកំណត់ថាការបោះឆ្នោតគឺជាកាតព្វកិច្ចទៅវិញ»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត លើកឡើងថា ការធ្វើវិសោធនកម្មទៅលើរដ្ឋធម្មនុញ្ញតែងកើតមានឡើងនាពេលដែលមានការជាប់គាំងនយោបាយក្នុងប្រទេស ឬធ្វើឡើងទៅតាមការចង់បានរបស់អ្នកនយោបាយ ដើម្បីធានាការប្រព្រឹត្តទៅនៃស្ថាប័នកំពូលៗរបស់ជាតិ។
លោកបន្ថែមថា ការអនុវត្តសិទ្ធិ និងសេរីភាពនានារបស់ប្រជាពលរដ្ឋដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញក៏កំពុងប្រឈមនឹងបញ្ហាមួយចំនួន ក្រោយការកើតមានជម្លោះនយោបាយ។
លោកថ្លែងថា៖ «អ៊ីចឹង បើខ្ញុំមើលទៅលើការធ្វើវិសោធនកម្ម កន្លងមកនេះ គឺសំដៅទៅលើធានានៃនិរន្តរភាពទៅលើស្ថាប័នកំពូលៗរបស់រដ្ឋ ហើយភាគច្រើននៅពេលដែលមានការជាប់គាំងនយោបាយហ្នឹង គឺមានការធ្វើវិសោធនកម្ម ដើម្បីធានាការប្រព្រឹត្តទៅរបស់ស្ថាប័នកំពូលៗរបស់ជាតិ»។
បើតាមលោក អំ សំអាត កម្ពុជាក៏គួរតែមានការកំណែទម្រង់ទៅលើប្រព័ន្ធតុលាការ និងប្រព័ន្ធយុត្តិធម៌ដែលមានឯករាជ្យមួយ ហើយអង្គការជាតិនិងអន្តរជាតិជាច្រើនក៏បានទទូចឱ្យមានការកែប្រែយ៉ាងដូច្នេះផងដែរ។
លោកថ្លែងថា៖ «ចំពោះរឿងប្រព័ន្ធតុលាការ និងប្រព័ន្ធយុត្តិធម៌ យើងឃើញហើយសូម្បីតែនៅក្នុងការផ្តល់អនុសាសន៍ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ឬរបាយការណ៍អង្គការអន្តរជាតិ អង្គការជាតិផ្សេងៗក៏នៅតែទទូចឱ្យធ្វើការកំណែទម្រង់ប្រព័ន្ធច្បាប់ និងប្រព័ន្ធតុលាការហ្នឹងទៅជាប្រព័ន្ធតុលាការឯករាជ្យមួយ ដើម្បីធានាអំពីសិទ្ធិសេរីភាព ធានាអំពីសន្តិសុខសុវត្ថិភាព និងធានាការអនុវត្តសិទ្ធិរបស់ពលរដ្ឋ»។
ទោះជាយ៉ាងណាក្តី អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា លើកឡើងថា ការធ្វើវិសោធនកម្មច្បាប់កំពូលក្នុងប្រទេស គឺធ្វើឡើងតាមការវិវឌ្ឍរបស់ប្រទេស ហើយមិនមែនមានតែកម្ពុជាមួយនោះទេ ដែលធ្វើកំណែទម្រង់ទៅលើរដ្ឋធម្មនុញ្ញ។
លោកថ្លែងថា៖ «អ៊ីចឹងការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញជាការចាំបាច់ ដើម្បីតម្រូវទៅតាមសេចក្តីត្រូវការរបស់ប្រទេសជាតិ និងរបស់សង្គម។ ការធ្វើវិសោធនកម្មប៉ុន្មានដងមិនមែនជាបញ្ហាទេ សំខាន់នៅត្រង់ថា តើវិសោធនកម្មនោះបានចូលរួមចំណែកដោះស្រាយបញ្ហាយ៉ាងដូចម្តេច យើងឃើញហើយប្រទេសយើងមកដល់ពេលនេះ គឺជាប្រទេសមួយដែលអភិវឌ្ឍជឿនលឿនខ្លាំង ហើយដំណោះស្រាយនយោបាយត្រូវបានដោះស្រាយជាបន្តបន្ទាប់»។
ទោះបីមានការបកស្រាយពីមន្ត្រីរដ្ឋាភិបាលយ៉ាងណាក្តី ក៏ក្នុងរយៈពេល ៣០ ឆ្នាំនៃការប្រកាសដាក់ឱ្យប្រើរដ្ឋធម្មនុញ្ញ គេតែងឃើញថា ជារៀងរាល់មុនពេលការបោះឆ្នោតជាតិមកដល់នោះ សំឡេងរបស់គណបក្សប្រឆាំងតែងតែត្រូវបានបិទខ្ទប់ ហើយក៏មានការដកហូតអាជ្ញាបណ្ណរបស់សារព័ត៌មានឯករាជ្យមួយចំនួន ការបំបិទសិទ្ធសេរីភាពក្នុងការបញ្ចេញមតិ និងចាប់ខ្លួនសកម្មជនបរិស្ថាន ដីធ្លី និងនយោបាយផងដែរ។
ការណ៍នេះ ត្រូវអ្នកតាមដានសង្គមនិងអ្នកនយោបាយជំទាស់ចោទសួរជារឿយៗថា តើរដ្ឋធម្មនុញ្ញត្រូវបានបង្កើតឡើងដើម្បីការពារប្រយោជន៍ជាតិ ឬក៏ដើម្បីរក្សាផលប្រយោជន៍របស់អ្នកនយោបាយ។
អ្នកនាំពាក្យគណបក្សភ្លើងទៀនលោក គីមសួរ ភីរិទ្ធ យល់ថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញគឺមានទាំងវិជ្ជមាន និងអវិជ្ជមាន ប៉ុន្តែលោកថា រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃប្រទេសមិនគួរមានការកែសម្រួលច្រើនដងពេកនោះទេ ព្រោះវាអាចនាំឱ្យសង្គមមួយមិនមានស្ថិរភាពពិតប្រាកដ។
លោកថ្លែងថា៖ «និយាយទៅវាអាចនាំឱ្យការចាត់ចែង ការប្រព្រឹត្តទៅរបស់ស្ថាប័នកំពូលៗហ្នឹង មិនមានឯករាជ្យភាពពីគ្នា ពីព្រោះយើងកែវាដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់គណបក្សនយោបាយ អ៊ីចឹងការអនុវត្តច្បាប់ហ្នឹងធ្វើឱ្យមានបញ្ហាឆកល្វែងហើយ។ ស្ថាប័នដែលជាកំពូលដូចជានីតិបញ្ញតិ្ត នីតិប្រតិបត្តិ ហ្នឹងគឺស្ថិតនៅក្រោមអំណាចរបស់គណបក្សណាមួយ»។
លោកបន្ថែមថា ការណ៍ដែលធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញច្រើនដងនេះ ក៏នឹងមិនអាចធ្វើឱ្យមានការបែកចែកអំណាចទាំងបី គឺអំណាចតុលាការ នីតិប្រតិបត្តិ និងនីតិបញ្ញត្តិឱ្យដាច់ដោយឡែកពីគ្នាបានឡើយ ហើយវាគ្រាន់តែជាការបម្រើដល់ផលប្រយោជន៍គណបក្សនយោបាយតែប៉ុណ្ណោះ៕