ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​កម្ពុជា​ប្រតិកម្ម​នឹង​អង្គការ​ Human Rights Watch អំពី​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា


រូបឯកសារ៖ សាច់ញាតិរបស់សកម្មជននយោបាយជំទាស់ដែលត្រូវបានចោទប្រកាន់និងផ្តន្ទាទោស នាំគ្នាធ្វើបាតុកម្មនៅមុខសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២២។
រូបឯកសារ៖ សាច់ញាតិរបស់សកម្មជននយោបាយជំទាស់ដែលត្រូវបានចោទប្រកាន់និងផ្តន្ទាទោស នាំគ្នាធ្វើបាតុកម្មនៅមុខសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២២។

ក្រសួង​ការប​រទេ​ស​កម្ពុជា​បាន​ប្រតិកម្ម​ទៅ​នឹង​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ (Human Rights Watch) ដែល​ធ្លាប់​ចេញ​ផ្សាយ​របាយ​ការណ៍​រៀប​រាប់​ពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់ និង​ការ​បោះ​ឆ្នោត​កាល​ពី​កន្លង​ទៅ​ដែលធ្វើ​ឡើង​ក្រោម​ស្ថានភាព​រឹត​ត្បិត។ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​ការបរទេស​កម្ពុជា ចុះ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២៣។

ក្រសួង​ការបរទេស​កម្ពុជា​ចាត់​ទុក​ការ​លើក​ឡើង​របស់​អង្គការ​ Human Rights Watch​ នៅ​ក្នុង​របាយ​ការណ៍​របស់​ខ្លួន​កាល​ពី​កន្លង​ទៅថា «គ្មាន​លក្ខណៈ​ថ្លឹង​ថ្លែង​ សត្យានុម័ត​ ឬសមា​មាត្រ​» នោះ​ទេ ហើយ​ថា​អង្គការ​នេះ​បំភ្លេច​ចោល​ដោយ​ចេតនា​ចំពោះ​សមិទ្ធផល​ជា​ច្រើន​របស់​កម្ពុជា។

សេចក្តី​ថ្លែ​ងការណ៍​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖ «ភាព​ជឿ​ទុក​ចិត្ត​ចំពោះ​អង្គការ​ HRW ត្រូវ​បាន​បាត់​បង់​យូរ​ណាស់​មក​ហើយ​ ពោល​គឺ​តាំង​ពីឆ្នាំ​២០១៤​ នៅ​ពេល​ដែល​អតីត​ឧបការី​នៃ​អគ្គលេខាធិការ​ អ.ស.ប ចំនួន ​១ ​រូប​ ម្ចាស់​ជ័យ​លាភី​ពាន​រង្វាន់​ណូបែល​សន្តិ​ភាព​ចំនួន ​២ រូប​ និង​ក្រុម​បញ្ញវន្ត​ប្រមា​ណ​ជាង​ ១០០ ​រូប​ផ្សេង​ទៀត បាន​ធ្វើការ​រិះគន់​ជាសា​ធារ​ណៈ​ចំពោះ​ភាព​លម្អៀង និង​ស្តង់ដារពីរ​ដែល​អង្គ​ការមួយ​នេះ​បាន​ប្រ​កាន់​យក»។

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ Human Rights Watch ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ជា​រឿយៗ​ចេញ​របាយ​ការណ៍ ​និង​សេចក្តី​ថ្លែង​ការណ៍​នានា​រិះគន់​ឬក៏​ថ្កោល​ទោស​ចំពោះ​ការ​ចាប់​ខ្លួន​សកម្មជន​នយោបាយ សង្គម និង​ការ​ធាក់​ថយ​ក្រោយ​នៃ​លទ្ធិ​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អង្គការ​នេះ​ក៏​តែង​តែ​ជំរុញ​ឱ្យ​ប្រទេស​ប្រជាធិបតេយ្យ​ដូច​ជា​សហរដ្ឋ​អាមេរិក​ជាដើម ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​ផង​ដែរ។

ក្រសួង​ការបរទេស​កម្ពុជា ​ក៏​បាន​ការពារ​ការ​ចាប់​ខ្លួន​សកម្ម​ជន​នយោបាយ និង​សង្គម កាល​ពី​កន្លង​ទៅ​ផង​ដែរ។

ក្រសួង​បញ្ជាក់​ថា៖ «អង្គការ ​HRW តែង​តែ​ធ្វើ​មិន​ដឹង​មិន​ឮ​ម្តង​ហើយ​ម្តង​ទៀត​ ចំពោះ​វោហា​សាស្ត្រ​ដ៏គ្រោះ​ថ្នាក់ និង​ជ្រុលនិយម​របស់​ក្រុម​ប្រឆាំង​មួយ​ចំនួន។ ក្រុម​នោះ​បាន​ផ្សព្វផ្សាយ​ព័ត៌​មាន​មិន​ពិត​ ជេរ​ប្រមាថ​ និង​បង្កាច់​បង្ខូ​ច​មិន​រើស​មុខ​ ញុះ​ញង់​ឱ្យ​មាន​អំពើ​ហិង្សា និង​ស្អប់​ខ្ពើម​ជាតិ​សាសន៍​ ព្រមទាំង​អំពាវនាវ​ដោយ​ចំហ​ឱ្យ​មាន​ការ​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​ផង​ដែរ។ សកម្មភាព​បែប​នេះ ​គឺផ្ទុយ​ទៅ​នឹង​គោល​ការណ៍​នៃ​ការ​បញ្ចេញ​មតិ​ប្រ​កប​ដោយ​ភាព​ទទួល​ខុស​ត្រូវ និង​តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យ»។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អង្គការ​ Human Rights Watch​ បាន​នៅ​ឡើយ​ទេ។

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការសិទ្ធិ​មនុស្ស​លីកាដូ​ លោក អំ សំអាត ប្រាប់​វីអូអេ​ថា​ ការ​ច្រាន​ចោល​របាយ​ការណ៍នានា​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​ មិន​មែន​ជា​រឿង​ថ្មី​ឡើយ។ លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ពិនិត្យ​ទៅ​លើ​របាយ​ការណ៍​ទាំង​នោះ​ ហើយ​កែ​តម្រូវ​ទៅ​លើ​ភាព​ឆ​ក​ល្វែង​របស់​ខ្លួន​ មិន​មែន​ចាំ​តែ​បដិសេធ​ ឬក៏​ច្រាន​ចោល​នោះ​ទេ។

លោក​ថ្លែង​ថា៖ «អ៊ីចឹង​អ្វី​ដែល​ជា​រឿង​សំខាន់​ កម្ពុជា​យើ​ង​គួរតែ​ពិនិត្យ​ឡើង​វិញ​នូវ​រាល់​អនុសាសន៍​ឬក៏​របាយ​ការណ៍​ផ្សេងៗ​ហ្នឹង​ ថា​តើ​កម្ពុជា​យើង​នៅ​មាន​ចំណុច​ខ្វះ​ខាត​ ខ្វះ​ចន្លោះ​អី ហើយ​យើ​ង​យក​មក​ធ្វើ​ការ​កែ​លម្អ​ ដើម្បី​ឱ្យ​ស្ថានភាព​សិទ្ធិមនុស្ស​ លំហ​ប្រជា​ធិប​តេ​យ្យ​ហ្នឹង​វា​មានភាព​ល្អ​ប្រសើរ​ នោះ​កម្ពុជា​យើង​ទទួល​ផល​ចំណេញ​ ជា​ជាង​ដែល​យើង​បដិ​សេធ​ឬច្រាន​ចោល​ទាំង​ស្រុង»។

រដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹ​កនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​រង​ការ​រិះ​គន់​អំ​ពី​ការ​រំលោភ​បំពាន​សិទ្ធិ​មនស្ស ការ​រឹត​ត្បិត​សិទ្ធិ​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ ការ​បិទ​សារ​ព័ត៌មាន​ឯករាជ្យ ការ​ចាប់​ខ្លួន​សកម្មជន​នយោបាយ​និង​សង្គម​តាម​ទំនើង​ចិត្ត​ជា​ដើម៕

XS
SM
MD
LG