ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នក​ឃ្លាំមើល​ការ​បោះឆ្នោត​ក្នុង​តំបន់​ថ្កោលទោស​ការ​បោះឆ្នោត​នៅ​កម្ពុជា​ថា​គ្មាន​ភាព​ស្របច្បាប់


ពលរដ្ឋម្នាក់រស់នៅរាជធានីភ្នំពេញបានចេញបោះឆ្នោតជាតិអាណត្តិទី ៧ ដែលអវត្តមានគណបក្សប្រឆាំងដ៏ធំមួយ នៅសង្កាត់បឹងព្រលិត ខណ្ឌ ៧ មករា រាជធានីភ្នំពេញ ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។ (ស៊ុន ណារិន/វីអូអេ)
ពលរដ្ឋម្នាក់រស់នៅរាជធានីភ្នំពេញបានចេញបោះឆ្នោតជាតិអាណត្តិទី ៧ ដែលអវត្តមានគណបក្សប្រឆាំងដ៏ធំមួយ នៅសង្កាត់បឹងព្រលិត ខណ្ឌ ៧ មករា រាជធានីភ្នំពេញ ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។ (ស៊ុន ណារិន/វីអូអេ)

សមាគម​សភា​អាស៊ាន​សម្រាប់​សិទ្ធិ​មនុស្ស អង្គការ​សង្គម​ស៊ីវិល​អន្តរជាតិ​ក្នុង​តំបន់​រួម​ទាំង​តំណាង​ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន បាន​ថ្កោលទោសនិង​រិះគន់​ការ​បោះឆ្នោត​នៅ​កម្ពុជា ​ដែលគ្មាន​គណបក្សប្រឆាំង​ចម្បង​ចូលរួម​ ថា​ជា​ការ​បោះឆ្នោត​ដែលមិន​មាន​ភាព​ស្របច្បាប់ មិន​សេរី​និង​យុត្តិធម៌ ដោយ​សារ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​វាយប្រហារ​ឥត​ឈប់ឈរ​លើ​សង្គម​ស៊ីវិល​ ​គណបក្ស​ប្រឆាំង និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ នៅក្នុង​អំឡុង​ពេល​មុន​ថ្ងៃ​បោះឆ្នោត។​

លោក ឆាល សាន់ធីយ៉ាហ្គោ (Charles Santiago) សមាជិក​សមាគម​សភា​អាស៊ាន​សម្រាប់​សិទ្ធិ​មនុស្ស (ASEAN Parliamentarian for Human Rights) លើក​ឡើងថា នៅ​មុន​ការ​បោះឆ្នោត​ រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន បាន​ប្រើ​សកម្មភាព​ផ្លូវច្បាប់ និង​អំពើហិង្សា​លើ​រាងកាយដើម្បី​គំរាម​កំហែងអ្នកគាំ​ទ្រ​គណបក្ស​ប្រឆាំង​ និង​គំរាម​ប្រជាពលរដ្ឋ​ឱ្យ​ទៅ​បោះ​ឆ្នោត ព្រមទាំង​បាន​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ចុងក្រោយ​នៅ​កម្ពុជា ដែល​សំដៅ​លើ​វិទ្យុ​វីអូឌី និងហាមឃាត់​គណបក្ស​ប្រឆាំងតែ​មួយគត់ ដែល​សំដៅ​លើ​គណបក្ស​ភ្លើង​ទៀន មិនឱ្យចូលរួម​ការ​បោះឆ្នោត។

លោក Charles Santiago ​ប្រធានក្រុម​សមាជិក​សភា​អាស៊ានដើម្បី​សិទ្ធិមនុស្ស។ (រូបថត​ដក​ស្រង់​ចេញ​ពី​ហេ្វសប៊ុក Charles Santiago)
លោក Charles Santiago ​ប្រធានក្រុម​សមាជិក​សភា​អាស៊ានដើម្បី​សិទ្ធិមនុស្ស។ (រូបថត​ដក​ស្រង់​ចេញ​ពី​ហេ្វសប៊ុក Charles Santiago)

លោក​បន្ថែម​ថា៖​ «ប្រជាពលរដ្ឋ​ត្រូវ​បាន​គេ​ព្រមាន​ឱ្យ​ចេញ​ទៅ​បោះឆ្នោត។ ប៉ុន្តែ​បើ​អ្នក​ចេញ​មក​បោះឆ្នោត អ្នក​ត្រូវ​បោះឆ្នោត​ឲ្យ​គណបក្ស​កាន់​អំណាច។ ដូច្នេះ​នេះ​មិនមែន​ជាអ្វី​ដែល​ថ្មី​នោះ​ទេ។ អ្នក​ឃើញ​ប្រទេស​ទាំង​មូល ស្ថាប័ន​នៃ​ប្រទេស​រៀបចំ​ដោយ​ឥស្សរជន​កាន់​អំណាច ដើម្បី​ឈ្នះ​ការបោះឆ្នោត។ តាម​ការ​យល់​ឃើញ​របស់​ខ្ញុំ នេះ​ជា​ការ​ឃុបឃិត»។

លោក ឆាល សាន់ធីយ៉ាហ្គោ បាន​វាយ​តម្លៃ​លើ​ការ​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា​យ៉ាង​ដូច្នេះ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីអំពី​ការ​បោះឆ្នោត​នៅ​កម្ពុជា​ដែល​ធ្វើ​ឡើង​រួម​គ្នា​ជាមួយ​នឹងអង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្សអន្តរជាតិ (Human Rights Watch) អង្គការ​បណ្តាញ​អាស៊ី​សម្រាប់​ការបោះ​ឆ្នោតដោយ​សេរី (Anfrel) ​និង​គណៈកម្មាធិការ​អន្តរជាតិ​នៃ​អ្នកច្បាប់ (ICJ) កាលពី​ព្រឹកថ្ងៃ​ចន្ទ ទី២៤ ខែ​កក្កដា មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​បញ្ចប់​ទៅ​នៃ​ការ​បោះឆ្នោត ​ដែល​គ្មាន​វត្តមាន​របស់​គណបក្ស​ភ្លើងទៀន ដែលជា​គណបក្ស​ប្រឆាំង​ចម្បង​ចូលរួម។

ការ​បោះឆ្នោត​បែប​ប្រជាធិបតេយ្យ​តែង​មាន​ការ​គោរពតាម​គោលការណ៍​ចំនួន​ ៥​ គឺ​ការ​គោរព​តាម​គោល​ការណ៍​ច្បាប់ ការ​គ្មាន​ការ​រើសអើង​គណបក្ស​នយោបាយ និង​ប្រព័ន្ធផ្សព្វផ្សាយ ការ​មានស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​ដែល​ឯករាជ្យ ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ដោយ​សេរី និង​ យុត្តិធម៌​ក្នុង​ការបោះ​ឆ្នោត​ប្រកប​ដោយ​ប្រសិទ្ធភាព​មិន​លម្អៀង។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អង្គការ​បណ្តាញ​អាស៊ី​សម្រាប់​ការបោះ​ឆ្នោតដោយ​សេរី (Anfrel)។

អ្នកស្រី ចាន់ដានី វ៉ាតាវ៉ាឡា (Chandanie Watawala) នាយិកា​ប្រតិបត្តិ​អង្គការ​នេះ​ បាន​លើក​ឡើង​ថា ការ​បោះឆ្នោត​នៅ​កម្ពុជា​កាល​ពីថ្ងៃអាទិត្យ​កន្លង​ទៅ​នេះ មិនមាន​ភាព​សេរី និង​យុត្តិធម៌​នោះទេ ដោយសារកម្ពុជា​មិន​បាន​អនុវត្ត​តាម​គោលការណ៍​ទាំង​ប្រាំ​នេះ។

អ្នកស្រី​បញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន​នោះ​ថា៖ «ការ​បោះឆ្នោត​នៅ​កម្ពុជា​កាល​ពី​ម្សិលមិញ​ត្រូវ​បាន​រៀប​ចំ​ដំណើរ​ការដោយ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​ដើម្បី​បន្ត​អំណាច​នៃ​របប​ផ្តាច់ការ​ដែលដឹក​នាំក្រោមការព្រមព្រៀង ឬការស្នងអំណាចតាមត្រកូលគ្រួសាររបស់លោក [ហ៊ុន សែន]»។

ចំណែកលោក ហ្វីល រ៉ូបឺតសុន (Phil Robertson) នាយក​រង​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​ប្រចាំ​តំបន់​អាស៊ី បាន​លើកឡើង​ថា គ្រប់​ជំហាន​ទាំងអស់ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រំលោភ​សិទ្ធិ​សកម្មជន សង្គមស៊ីវិល ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ​និង​ឥស្សរជន​នយោបាយ ជាពិសេស​ការ​ហាម​មិន​ឱ្យ​គណបក្ស​ភ្លើង​ទៀន​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត ដើម្បី​ធានា​អំណាច​របស់​លោក។

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បោះឆ្នោតនៅមណ្ឌលបោះឆ្នោតក្នុងខេត្តកណ្តាល សម្រាប់ការបោះឆ្នោតជាតិអាណត្តិទី ៧ នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។ (Photo by TANG CHHIN SOTHY / AFP)
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បោះឆ្នោតនៅមណ្ឌលបោះឆ្នោតក្នុងខេត្តកណ្តាល សម្រាប់ការបោះឆ្នោតជាតិអាណត្តិទី ៧ នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។ (Photo by TANG CHHIN SOTHY / AFP)

លោក​ Phil Robertson ថ្លែង​ថា៖ «វា​ច្បាស់ណាស់​ថា ការ​បោះឆ្នោត​នៅកម្ពុជា​មិន​បាន​រារាំង​នូវ​អ្វី​ដែល​ជា​ការឡើង​ស្នង​តំណែងប្រកប​ដោយ​ប្រសិទ្ធភាព​របស់ ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​លោក ហ៊ុន សែន អាច​ប្រគល់​អំណាច​ទៅ​កូន​ប្រុស​ គឺ​លោក ហ៊ុន ម៉ាណែត»។​

កាល​ពី​ខែ​ឧសភា ឆ្នាំ​ ២០២៣​ គណបក្ស​ភ្លើងទៀន​ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត (គ.ជ.ប) ​បដិសេធ​មិន​ឱ្យ​ចុះឈ្មោះ​ក្នុង​បញ្ជី ក្រោម​ហេតុ​ផល​ថា គណបក្ស​នេះ​មិនមាន​ឯកសារ​ដើម​ចុះ​បញ្ជី​គណបក្ស​នៅ​ក្រសួង​មហា​ផ្ទៃ បើទោះ​បី​ជា​ក្រសួង​មហាផ្ទៃ​បាន​ចេញ​លិខិត​បញ្ជាក់​ថា គណបក្ស​ភ្លើងទៀន​បាន​ចុះ​ឈ្មោះ​ស្រប​តាមច្បាប់​ក្តី។​

របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្សអន្តរជាតិ ចេញ​កាល​ពី​ថ្ងៃ​ទី​ ១៩ ខែ​កក្កដា បាន​រក​ឃើញ​ថា សមាជិក​និង​អ្នកគាំទ្រ​គណបក្ស​ភ្លើងទៀន​ជាច្រើន​នាក់​ត្រូវបាន​ចាប់ខ្លួន និង​រង​ការ​យាយី​ក្នុង​ការ​ដំណើរការ​បោះឆ្នោត។​

វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​ (VOD) ដែល​ជាស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​ក្នុង​ស្រុក​ចុងក្រោយ​គេ​ ត្រូវ​បាន​បិទ​កាលពីដើម​ខែ​មីនានេះ។​ ហើយ​នៅ​មុន​ការបោះឆ្នោត​មួយ​សប្តាហ៍ រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ឱ្យ​អ្នក​ផ្គត់​ផ្គង់​សេវា​អ៊ីនធឺណិតរាំង​ខ្ទប់​គេហទំព័រ​សារព័ត៌មាន​មួយ​ចំនួន ដូចជាគេហទំព័រ​វិទ្យុ​អាស៊ីសេរី The Cambodia Daily និង​គេហ​ទំព័រ​កំណត់​ត្រា ដែល​ជា​បណ្តុំ​ព័ត៌មាន​របស់​សារព័ត៌មាន​វីអូឌី។

ទោះ​ជា​យ៉ាង​ណា​ក្តី មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បាន​ច្រានចោល​ការ​វាយតម្លៃ​និង​ការ​ថ្កោល​ទោស​ទាំង​អស់​ខាង​លើ​នេះ។ លោក សុខ ឥសាន សមាជិក​ព្រឹទ្ធសភា​និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ប្រាប់ VOA ថា ​ការ​លើកឡើង​របស់សមាជិក​សភាអាស៊ាន​ និងអង្គការ​អន្តរជាតិ​ទាំងនោះ​មាន​ភាព​លម្អៀង និង​មិនអាច​យក​ជា​ការ​បាន ​ក្នុងការ​វាយតម្លៃ​ពី​ការ​បោះឆ្នោត​នៅ​កម្ពុជា​នោះ​ទេ។

លោក​ថ្លែង​ថា៖ «ទាំងអស់​ហ្នឹង​មិន​អាច​យក​ជាការ​បាន​ទេ។ ទី ១​ ដោយសារ​អត់​មាន​បញ្ជូន​ប្រតិភូ​សង្កេតការណ៍​មក​មើល​ជាក់​ស្តែង​ហ្នឹង​ភ្នែក​ទេ។ អ៊ីចឹង​ការ​វាយ​តម្លៃ​ដោយ​អត់​មាន​មើល​ឃើញ អាហ្នឹង​ជាការ​ធ្មេចភ្នែក​វាយ​តម្លៃ ដូច្នេះការ​ធ្មេច​ភ្នែក​វាយ​តម្លៃ​នេះ ​វា​មិន​ត្រឹម​ត្រូវ​តាម​ការ​ជាក់​ស្តែង​ដែល​កើត​ឡើង​នៅកម្ពុជា​ទេ»។

លោក​បន្ថែម​ថា អ្នក​សង្កេតការណ៍​ជាតិ​និង​អន្តរជាតិ​រាប់​ពាន់នាក់បាន​មក​សង្កេត​ការណ៍ក្នុងការ​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា ហើយ​បាន​វាយតម្លៃ​ជា​ទូទៅ​ថា ការ​បោះឆ្នោត​នេះ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌ ដោយ​គ្មានអំពើ​ហិង្សា។​

របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត ​បង្ហាញ​ថា អ្នក​សង្កេតការណ៍​ជាតិ​ក្នុងការ​បោះឆ្នោត​មាន​ចំនួន​ជិត​ ៩​ម៉ឺននាក់ ខណៈ​ដែល​អ្នក​សង្កេតការណ៍​អន្តរជាតិ​មាន​ជាង​ ៦០០នាក់។ ទោះជា​យ៉ាងណា​ក្តី អ្នក​សង្កេតការណ៍​អន្តរជាតិ​ទាំង​នោះ​មិនមាន​វត្តមាន​របស់អង្គការ​សហ​ប្រជា​ជាតិ​ និងប្រទេស​ប្រជាធិបតេយ្យ​ធំៗ​នោះ​ទេ ដោយ​ពួកគេ​អះអាង​ថា​ ដោយសារ​ការ​បោះឆ្នោត​នេះមិនមាន​វត្តមាន​គណបក្ស​ប្រឆាំង។​

លោក​ហង្ស ពុទ្ធា អ្នក​នាំពាក្យ​គណកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត(គ.ជ.ប.)​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ភាគី​ពាក់ព័ន្ធអំពី​ការ​បោះឆ្នោត​សភា​ជាតិ​នីតិកាលទី​៤​កាលពី​ថ្ងៃទី​២៥ កុម្ភៈ ២០១៨​ នៅ​ទីស្នាក់ការកណ្តាល​របស់​គ.ជ.ប. រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា។(ទុំ ម្លិះ/VOA)
លោក​ហង្ស ពុទ្ធា អ្នក​នាំពាក្យ​គណកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត(គ.ជ.ប.)​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ភាគី​ពាក់ព័ន្ធអំពី​ការ​បោះឆ្នោត​សភា​ជាតិ​នីតិកាលទី​៤​កាលពី​ថ្ងៃទី​២៥ កុម្ភៈ ២០១៨​ នៅ​ទីស្នាក់ការកណ្តាល​របស់​គ.ជ.ប. រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា។(ទុំ ម្លិះ/VOA)

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​របស់​គណៈកម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត (គ.ជ.ប) ក៏​បាន​ច្រាន​ចោល​ការ​លើកឡើង​របស់សមាជិក​សភា​អាស៊ាន និង​អង្គការ​អន្តរជាតិ​ទាំង​នោះ​ផងដែរ។ លោក​បាន​ចាត់ទុក​ការ​វាយ​តម្លៃ​នោះថា​ ជា​ការ​ចោទប្រកាន់​ដើម្បី​បំផ្លាញ​ការ​បោះឆ្នោត និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ លោក​ ហង្ស ពុទ្ធា បាន​សង្កត់​ធ្ងន់​ថា គ.ជ.ប កើត​ចេញពី​ច្បាប់ ដោយ​មាន​តួនាទី​ក្នុងការ​ចាត់ចែង និង​រៀប​ចំ​ការ​បោះឆ្នោត។

លោក​ថ្លែង​ថា៖ «បើនិយាយ​ពី​ប្រជាធិបតេយ្យ ក៏​ត្រូវ​តែ​និយាយ​អំពី​នីតិរដ្ឋ​ដែរ។ នីតិរដ្ឋ​គឺ​ច្បាប់​មិនមាន​ចែង​ថា​ ទាល់តែ​មាន​គណបក្ស​នេះ​ចូលរួម​ប្រកួត​ប្រជែង ឬ​មាន​គណបក្ស​ឈ្មោះនោះ​ឈ្នះឆ្នោត​បាន​ហៅ​ថា​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​នោះ​ទេ។ ផ្ទុយទៅវិញ សំឡេង​ប្រជា​ពលរដ្ឋនៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យច្រើន​លើសលុប​ដែល​បានអញ្ជើញ​ចេញ​ទៅបោះឆ្នោត ៨៤​ ភាគ​រយ​ជាង ពិត​ជាចំនួន​ដែល​បញ្ជាក់ថា ការ​បោះឆ្នោត​ឆ្នោត​នេះ​ពិត​ជា​មាន​ការ​គាំទ្រ​តាម​បែប​លទ្ធិប្រជាធិបតេយ្យ»។

គួរបញ្ជាក់​ថា នៅ​មុន​ថ្ងៃ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ នេះ រដ្ឋសភា​កម្ពុជា​បានអនុម័ត​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​បោះឆ្នោត ដែល​កំណត់​ដក​សិទ្ធិ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ឱ្យ​គេ​បោះឆ្នោត​ឱ្យ ពី​បុគ្គលណា​ដែល​មិនចេញ​ទៅ​បោះឆ្នោតជាតិ​ឆ្នាំ​នេះ។ ហើយ​សកម្មភាព​ញុះញង់​ឱ្យ​មាន​ការ​បំផ្លាញ​សន្លឹកឆ្នោត អាច​ត្រូវ​បាន​ចាត់​ទុក​ជា​បទ​ឧក្រិដ្ឋ​ព្រហ្មទណ្ឌ ដែល​អាច​ជាប់​ពន្ធនាគារ បើ​សិន​រក​ឃើញ​ថា​មានទោស។

កាលពី​ថ្ងៃ​ចន្ទ​ដដែល​នោះ សហរដ្ឋ​អាមេរិក អូស្ត្រាលី ​ចក្រភព​អង់គ្លេស និង​បារាំង ក៏​បាន​បង្ហាញ​ក្តី​បារម្ភ​និង​ការ​រិះគន់​របស់​ខ្លួន​រៀងៗ​ខ្លួន ចំពោះ​ទិសដៅ​នៃ​ដំណើរ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ចាត់ទុក​ការ​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា ថា​មិន​សេរី​និង​យុត្តិធម៌ ដោយ​បាន​ចាត់​វិធានការ​ដាក់​ទណ្ឌកម្ម​ផងដែរ។


នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ចុះ​ថ្ងៃទី ២៣ ខែ​កក្កដា ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​បាន​លើក​ឡើង​ថា៖ «ជា​ការ​ឆ្លើយតប សហរដ្ឋ​អាមេរិក​បាន​ចាត់​វិធានការ​ដើម្បី​ដាក់​កំហិត​ទិដ្ឋាការ​លើ​បុគ្គលដែល​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ និង​បាន​អនុវត្ត​ការផ្អាក​កម្មវិធី​ជំនួយ​បរទេស​មួយ​ចំនួន»។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​កាល​ពី​ថ្ងៃចន្ទ ក្រុម​អ្នកឃ្លាំ​មើល​សិទ្ធិ​និង​ការ​បោះឆ្នោត​ ក៏​បាន​ជំរុញ​ឱ្យ​សមាជិក​សភា​នៃ​ប្រទេស​ប្រជាធិបតេយ្យ​នៅ​ទូទាំង​ពិភព​លោក​ប្រើប្រាស់​អាណត្តិ​របស់​ពួកគេនៅ​ក្នុង​សភា ដើម្បី​ប្រកាស​យ៉ាងដាច់​អហង្ការ​ថា ការ​បោះឆ្នោត​នៅកម្ពុជាមិនមាន​លទ្ធិប្រជាធិបតេយ្យ។

ពួកគេ​ក៏​បាន​ជំរុញ​ឱ្យប្រទេស​ប្រជាធិបតេយ្យ​ទាំង​នោះ​ដាក់​សម្ពាធលើ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​បញ្ចប់​រាល់​ទម្រង់​នៃ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ ហើយ​ដោះលែង​អ្នក​ទោស​នយោបាយ​ជា​បន្ទាន់ដោយ​គ្មាន​លក្ខខណ្ឌ និង​ត្រូវ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​លើ​ការរំលោភ​សិទ្ធិ​មនុស្ស និង​ភាព​មិនប្រក្រតី​នៃ​ការ​បោះឆ្នោត ដើម្បី​ធានា​នូវ​គណនេយ្យភាព៕

XS
SM
MD
LG