ភ្នំពេញ —
អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)គឺលោក ទេព នីថា បានឲ្យដឹងនៅថ្ងៃសុក្រនេះថា គ.ជ.ប.នឹងបើកកញ្ចប់សុវត្ថិភាព“ក”ចំនួនជាងដប់ការិយាល័យបោះឆ្នោតក្នុងខេត្តក្រចេះ ដែលជាផ្នែកមួយនៃជំហានផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោតដ៏ចម្រូងចម្រាស់។
យោងតាមសេចក្តីសម្រេចនៅថ្ងៃសុក្រទី២៣ខែសីហានេះ ក្រុមប្រឹក្សាធម្មនុញ្ញបានបង្គាប់ឲ្យគ.ជ.ប.បើកកញ្ចប់សុវត្ថិភាព«ក»នេះក្នុងការិយាល័យបោះឆ្នោតចំនួន១៣ក្នុងឃុំស្វាយជ្រះនៃខេត្តក្រចេះដើម្បីធ្វើការផ្ទៀងផ្ទាត់។ ហើយការបើកកញ្ចប់សុវត្ថិភាពនេះនឹងត្រូវធ្វើនៅថ្ងៃអាទិត្យទី២៥ខែសីហា វេលាម៉ោង៨ព្រឹក។
លោកទេព នីថាបញ្ជាក់បន្ថែមថា សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញនេះធ្វើឡើងក្រោយពីមានបណ្តឹងពីគណបក្សសង្គ្រោះជាតិ ហើយតំណាងក្រុមប្រឹក្សាធម្មនុញ្ញនឹងចូលរួមត្រួតពិនិត្យ។
លោកបានប្រាប់ឲ្យដឹងថា៖ «ក្រុមប្រឹក្សាធម្មនុញ្ញបានធ្វើសេចក្តីសម្រេចឲ្យគ.ជ.ប.បើកកញ្ចប់«ក»នៅខេត្តក្រចេះ ប្រហែលជាដប់កញ្ចប់។ ហើយនឹងធ្វើនៅថ្ងៃអាទិត្យ ពេលព្រឹក»។
កញ្ចប់សុវត្ថិភាព«ក»គឺជាកញ្ចប់ផ្ទុកដោយឯកសារនិងព័ត៌មានពីការបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតនិមួយៗដែលត្រូវចុះហត្ថលេខាដឹងឮដោយភ្នាក់ងារគណបក្សនយោបាយដែលចូលរួមប្រកួតប្រជែង។
គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែននិងគណបក្សសង្គ្រោះជាតិរបស់លោកសម រង្ស៊ី និងលោកកឹម សុខាបានប្រកាសពីជ័យជម្នះរៀងៗ ក្រោយពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រកាលពីថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៣។ គណបក្សជំទាស់អះអាងថា ភាពមិនប្រក្រតីបាននាំឲ្យខ្លួនបាត់បង់ចំនួនអាសនៈដែលត្រូវទទួលបានជាច្រើន។
គណបក្សសង្គ្រោះជាតិ នៅថ្ងៃសុក្រនេះ បានចេញសេចក្តីថ្លែងការណ៍«អបអរសាទរនិងស្វាគមន៍»សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញខាងលើ។
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញជាផ្នែកមួយជួយដល់ការផ្ទៀងផ្ទាត់ភាពមិនប្រក្រតី។ ហើយគណបក្សជំទាស់ទាមទារឲ្យមានការបោះឆ្នោតឡើងវិញនៅតាមខេត្តក្រុងចំនួន១៥។
លោកថ្លែងថា៖ «នេះគ្រាន់តែជាចំណុចមួយដើម្បីធ្វើការផ្ទៀងផ្ទាត់លើលទ្ធផលដែលមានក្នុងដៃគណបក្សសង្គ្រោះជាតិ។ ហើយមានមណ្ឌលខ្លះខ្វះ តែសំឡេងមួយចំនួនតូចតែប៉ុណ្ណោះនឹងអាចទទួលបានកៅអីបន្ថែមទៀត។ ដូចជាករណីនៅក្នុងខេត្តកណ្តាលជាដើម។ មិនមែនត្រឹមតែបើកកញ្ចប់«ក»ទេ តែមានការបោះឆ្នោតឡើងវិញផងដែរ»។
លោកគល់ បញ្ញា នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតឯករាជ្យមួយដែលហៅកាត់ថា ខុមហ្វ្រែល មានប្រសាសន៍ថា គ.ជ.ប.គួរតែបើកកញ្ចប់សុវត្ថិភាព«ក»នេះនៅទូទាំងប្រទេសដើម្បីបង្ហាញពីតម្លាភាព។
លោកនិយាយថា៖ «គឺបើកឲ្យគ្រប់ទៅដើម្បីឲ្យគេចាប់(បើក)ដោយចៃដន្យដើម្បីផ្ទៀងផ្ទាត់មើលពីលទ្ធផល និងពិនិត្យមើលបញ្ហាមួយចំនួនទៀតទាក់ទិនលទ្ធផលបោះឆ្នោតនិងឯកសារនានានៅក្នុងកញ្ចប់«ក»ដូចជាបញ្ជីឈ្មោះបោះឆ្នោតដែលបានបោះរួចជាដើម»។
ទោះជាយ៉ាងណា លោកទេព នីថាបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនអាចអនុវត្តលើសពីសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញនៅពេលនេះបានទេ៕