ការព្រួយបារម្ភកំពុងកើនឡើងឡើងអំពីសុខភាពមេដឹកនាំភូមាដែលត្រូវបានទម្លាក់ចេញពីអំណាច គឺលោកស្រី អោងសាន ស៊ូជី ដែលកំពុងជាប់ទោសរយៈពេល២៧ឆ្នាំនៅពន្ធនាគារក្នុងក្រុងណៃពិដោ។
យោងតាមកូនប្រុសរបស់លោកស្រី លោកស្រី ស៊ូជី កំពុងមានបញ្ហាធ្មេញនិងអញ្ចាញធ្ងន់ធ្ងរ ដែលធ្វើឱ្យលោកស្រីមិនអាចទទួលទានអាហារបាន។
កូនប្រុសរបស់លោកស្រី ស៊ូជី គឺលោក Kim Aris បានថ្លែងប្រាប់វីអូអេតាមសារមួយកាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញាថា៖ «បញ្ហានេះ គួបផ្សំជាមួយនឹងអការៈក្អួតចង្អោរ និងវិលមុខ ធ្វើឱ្យគាត់មិនអាចឈរ ឬដើរបាន ហើយនេះជាហេតុផលនាំឱ្យមានការព្រួយបារម្ភខ្លាំងអំពីសុខភាពរបស់គាត់ ក៏ដូចជាឆ្លុះបញ្ចាំងពីការប្រព្រឹត្តមកលើរូបគាត់អំឡុងពេលស្ថិតនៅក្នុងពន្ធនាគារយោធារយៈពេលពីរឆ្នាំកន្លះមកនេះ»។
ប្រភពព័ត៌មានមួយ ដែលរស់នៅជិតក្រុងណៃពិដោដែលជារដ្ឋធានីរៀបចំឡើងដោយរបបយោធានៅភាគខាងជើងអតីតរដ្ឋធានីយ៉ាងហ្គន ឬ រ៉ង់ហ្គូននោះ បានបញ្ជាក់ប្រាប់វីអូអេថា សុខភាពរបស់លោកស្រី ស៊ូជី ដែលជាជ័យលាភីពានរង្វាន់ណូបែលវ័យ ៧៨ឆ្នាំ បានធ្លាក់ទ្រុឌទ្រោមយ៉ាងខ្លាំងកាលពីពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
ការបដិសេធមិនផ្តល់សេវាព្យាបាលសុខភាព
យោងតាមប្រភពព័ត៌មានខាងលើ អាជ្ញាធរពន្ធនាគារត្រូវបានផ្តល់ដំណឹងពីសុខភាពទ្រុឌទ្រោមរបស់លោកស្រីស៊ូជី ដោយការណ៍នេះនាំឱ្យមានការចុះមកពិនិត្យមើលពីសំណាក់ប្រធានផ្នែកសុខាភិបាលប្រចាំពន្ធនាគារ។ ប្រភពព័ត៌មានដដែល ដែលស្នើសុំមិនបញ្ចេញឈ្មោះដោយសារព្រួយបារម្ភអំពីបញ្ហាសុវត្ថិភាព បានបន្តប្រាប់វីអូអេថា បើទោះបីជាស្ថានភាពសុខភាពរបស់លោកស្រីបានធ្លាក់ចុះក៏ដោយ ក៏របបយោធាបានបដិសេធសំណើរបស់លោកស្រី ស៊ូជី ដើម្បីជួបជាមួយវេជ្ជបណ្ឌិតផ្នែកវះកាត់ទន្តសាស្រ្ត។
វីអូអេព្យាយាមស្វែងរកការបញ្ជាក់ពីស្ថានភាពសុខភាពរបស់លោកស្រី ស៊ូជី ពីរបបដឹកនាំយោធានិងអាជ្ញាធរពន្ធនាគារនៅមីយ៉ាន់ម៉ា ប៉ុន្តែមិនទទួលបានការឆ្លើយតបនោះទេ។
លោកស្រី អោងសាន ស៊ូជី ត្រូវបានចាប់ខ្លួន កាលពីខែកុម្ភៈ ឆ្នាំ២០២១នៅពេលយោធាបានដណ្តើមអំណាចពីរដ្ឋាភិបាលដឹកនាំដោយលោកស្រី ដែលបានឈ្នះឆ្នោត។ លោកស្រីបានប្រឈមនឹងបទចោទប្រកាន់ព្រហ្មទណ្ឌជាបន្តបន្ទាប់ ដែលភាគច្រើនធ្វើឡើងដោយរដ្ឋាភិបាលយោធា។ ក្រុមអ្នកគាំទ្រលោកស្រី និងអ្នកជំនាញផ្នែកច្បាប់និយាយថា ករណីចោទប្រកាន់ទាំងនេះគឺជាការព្យាយាមផ្តល់យុត្តិកម្មដល់ការចូលកាន់អំណាចរបស់យោធា ដោយធ្វើឱ្យលោកស្រីបាត់បង់សិទ្ធិ ក៏ដូចជារារាំងលោកស្រីមិនឱ្យវិលត្រឡប់ចូលឆាកនយោបាយ។
ការថែទាំសុខភាពសម្រាប់អ្នកជាប់ឃុំគឺជាសិទ្ធិមូលដ្ឋាន
លោក Kim Aris កូនប្រុសរបស់លោកស្រី ស៊ូជី បានរៀបរាប់ក្នុងសម្តីដើមថា៖ «របបយោធាបានបដិសេធសិទ្ធិរបស់ម្តាយខ្ញុំក្នុងការទទួលបានការព្យាបាលតាមការស្នើសុំពីវេជ្ជបណ្ឌិតដែលទទួលបានការជឿទុកចិត្ត។ នេះគឺជាសកម្មភាពដ៏កម្រោល និងឃោរឃៅមួយទៀតពីរបបយោធា។ ដោយសារតែសិទ្ធិទទួលបានការថែទាំសុខភាពគឺជាសិទ្ធិមនុស្សមូលដ្ឋាន សិទ្ធិនេះត្រូវតែទទួលបាន ដោយមិនមានការរើសអើង»។
នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធទី៦ ខែកញ្ញា អ្នកនាំពាក្យអង្គការសហប្រជាជាតិលោក Farhan Haq បានសង្កត់ធ្ងន់ពីសិទ្ធិទទួលបានការថែទាំសុខភាពចំពោះលោកស្រី ស៊ូជី។
លោកបានថ្លែងថា៖ «រាល់បុគ្គលដែលរងការជាប់ឃុំត្រូវតែទទួលបានការថែទាំផ្នែកសុខភាព។ នេះជាសិទ្ធិមូលដ្ឋាន។ យើងបានបញ្ជាក់ច្បាស់ពីការព្រួយបារម្ភរបស់យើងអំពីលោកស្រី អង់សាន ស៊ូជី ហើយយើងបាន និងបន្តអំពាវនាវឱ្យមានការដោះលែងលោកស្រី ក៏ដូចជាការដោះលែងមេដឹកនាំដទៃទៀតនៃគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ»។
ក្តីបារម្ភពីស្ថានភាពនៅពន្ធនាគារ
លោក Kim Aris វ័យ ៤៦ឆ្នាំ ដែលកំពុងស្នាក់នៅចក្រភពអង់គ្លេស និយាយថា ម្តាយរបស់លោក «ត្រូវប្រឈមនឹងស្ថានភាពរស់នៅក៏អាក្រក់ រងការប្រព្រឹត្តមិនគប្បី និងអាហារមិនគ្រប់គ្រាន់ចាប់តាំងពីការចាប់ខ្លួន និងការឃុំខ្លួនមក»។ លោកបានបន្ថែមថា លើសពីនេះ ម្តាយរបស់លោកត្រូវបានបដិសេធមិនឱ្យទទួលបានការប្រឹក្សាផ្លូវច្បាប់។
លោក Aris បានប្រាប់វីអូអេតាមសារថា៖ «ដោយសារមនុស្សមួយចំនួនបានបាត់បង់ជីវិតនៅក្នុងពន្ធនាគារនៅភូមា (ឥឡូវនេះហៅមីយ៉ាន់ម៉ា) នេះគឺជាការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរមួយ»។
លោកស្រី អោងសាន ស៊ូជី ទទួលបានការបន្ធូរបន្ថយទោសជាប់ពន្ធនាគារពី៣៣ឆ្នាំមកត្រឹម២៧ឆ្នាំ កាលពីខែសីហា។
បើទោះបីជាមានរបាយការណ៍ខ្លះថា លោកស្រី ស៊ូជី ត្រូវបានផ្លាស់ទៅស្ថិតក្រោមការឃុំខ្លួននៅផ្ទះ ក៏ដោយ អ្នកនាំពាក្យរបបយោធាលោកឧត្តមសេនីយ៍ Zaw Min Tun បានអះអាងនៅក្នុងការឆ្លើយតបតាមទូរស័ព្ទមកវីអូអេថា លោកមិនបានដឹងពីរឿងនេះទេ។
លោកបានថ្លែងថា៖ «ពាក់ព័ន្ធនឹងបញ្ហានេះ យើងមិនបានដឹងទេ»៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា