ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍៖ ប្រទេស​និង​ស្ថាប័ន​អន្តរជាតិ​ជា​ច្រើន​កំពុង​គាំទ្រ​របប​យោធា​មីយ៉ាន់ម៉ា


រូបឯកសារ៖ ពលរដ្ឋ​មីយ៉ាន់ម៉ា​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​នៅ​មុខ​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១។
រូបឯកសារ៖ ពលរដ្ឋ​មីយ៉ាន់ម៉ា​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​នៅ​មុខ​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១។

រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា​កំពុង​ទទួល​បាន​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​បរទេស​និង​អង្គការ​អន្តរជាតិ​ជាង ៦០ រួម​ទាំង​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​មួយ​ចំនួន​ផង​ដែរ។ នេះ​បើ​យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​មួយ​របស់​អង្គការ Justice for Myanmar ដែល​តាមដាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

អង្គការ Justice for Myanmar បាន​ចេញ​ផ្សាយ​របាយការណ៍​ថ្មី​មួយ​កាលពី​ថ្ងៃ​ទី ២៥ ខែ​មករា​កន្លង​ទៅ​នេះ ដែល​មាន​ចំណងជើង​ថា «ការ​ធ្វើ​ឱ្យ​របប​ផ្ដាច់ការ​រីក​លូតលាស់ (Developing a Dictatorship)»។ របាយការណ៍​នេះ​បាន​កត់ត្រា​រដ្ឋាភិបាល​បរទេស​និង​អង្គការ​អន្តរជាតិ​ជាច្រើន​ដែល​ខ្លួន​អះអាង​ថា​បាន​ផ្ដល់​ជំនួយ​ផ្នែក​នយោបាយ បច្ចេកទេស និង​ហិរញ្ញវត្ថុ​ដល់​របប​យោធា​មីយ៉ាន់ម៉ា។

កាលពី​ថ្ងៃ​ទី ១ ខែ​កុម្ភៈ ឆ្នាំ ២០២១ យោធា​មីយ៉ាន់ម៉ា​បាន​ដណ្ដើម​អំណាច​នៅ​ក្នុង​រដ្ឋប្រហារ ដែល​ឈាន​ទៅ​ដល់​ការ​ទម្លាក់​រដ្ឋាភិបាល​ដែល​ជ្រើសរើស​តាម​បែប​ប្រជាធិបតេយ្យ​របស់​អ្នកស្រី Aung San Suu Kyi។ រដ្ឋប្រហារ​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​មីយ៉ាន់ម៉ា​ប្រឆាំង​យ៉ាង​ខ្លាំង​ដោយ​ធ្វើការ​តវ៉ា​នៅ​ទូទាំង​ប្រទេស។

អង្គការ Justice for Myanmar បាន​បញ្ជាក់​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា «រដ្ឋាភិបាល​បរទេស​ចំនួន ២២ អង្គការ​អន្តរ​រដ្ឋាភិបាល​ចំនួន ២៦ (ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ចំនួន ១៤ ផង​ដែរ) ស្ថាប័ន​ហិរញ្ញវត្ថុ​បរទេស​ចំនួន ៨ និង​អង្គការ​អន្តរជាតិ​ផ្សេង​ទៀត​ចំនួន ៨» បាន​ផ្ដល់​ការ​គាំទ្រ​ផ្នែក​នយោបាយ​និង​ហិរញ្ញវត្ថុ​ដល់​របប​យោធា​មីយ៉ាន់ម៉ា។

អង្គការ​នេះ​បាន​បន្ថែម​ថា ការ​គាំទ្រ​នេះ​ធ្វើ​ឡើង «ក្នុង​ទម្រង់​ជា​ទំនាក់ទំនង​ការទូត គម្រោង​ផ្ដួចផ្ដើម​អភិវឌ្ឍន៍ កិច្ច​សហប្រតិបត្តិការ​បច្ចេកទេស និង​ទំនាក់ទំនង​ផ្នែក​អចលនទ្រព្យ ក្នុង​ចំណោម​ទម្រង់​ផ្សេងៗ​ទៀត»។

របាយការណ៍​របស់​អង្គការ​នេះ​បាន​លើកឡើង​ថា រដ្ឋាភិបាល​នៃ​ប្រទេស​រុស្ស៊ី ចិន ឥណ្ឌា ប៉ាគីស្ថាន បង់ក្លាដែស វៀតណាម ឡាវ និង​ថៃ ស្ថិត​ក្នុង​ចំណោម​រដ្ឋាភិបាល​ដែល​ផ្ដល់​ភាព​ស្រប​ច្បាប់​ដល់​របប​យោធា​មីយ៉ាន់ម៉ា​តាម​រយៈ​ការ​ទទួល​ស្គាល់​ជា​ផ្លូវការ​នូវ​របប​នេះ​ថា​ជា​រដ្ឋាភិបាល​នៃ​ប្រទេស​មីយ៉ាន់ម៉ា។

របាយការណ៍​នេះ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា៖ «ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ជា​ច្រើន​ដូចជា​អង្គការ​យូនីសេហ្វ (UNICEF) ការិយាល័យ​អង្គការ​សហប្រជាជាតិ​សម្រាប់​ការ​សម្របសម្រួល​កិច្ចការ​មនុស្ស​ធម៌ (UNOCHA) អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ (IOM) អង្គការ​សុខភាព​ពិភពលោក (WHO) និង​អង្គការ​ស្បៀង​អាហារ​និង​កសិកម្ម (FAO) បាន​ប្រគល់​សារតាំង​របស់​ពួកគេ ឬ​ក៏​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​នានា​ជាមួយ​នឹង​របប​យោធា​មីយ៉ាន់ម៉ា»។

មន្ត្រី​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង New York សហរដ្ឋ​អាមេរិក មិន​បាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណើ​សុំ​បញ្ចេញ​យោបល់​ជុំវិញ​រឿង​នេះ​នោះ​ទេ ប៉ុន្តែ​ទីភ្នាក់ងារ​នានា​ផ្នែក​មនុស្សធម៌​របស់​អង្គការ​សហប្រជាជាតិ​ជា​រឿយៗ​ធ្វើការ​នៅ​ក្នុង​ប្រទេស​ដែល​ត្រួតត្រា​ដោយ​របប​ផ្ដាច់ការ​ដើម្បី​បន្ត​កិច្ចការ​ជួយ​សង្គ្រោះ​ជីវិត។

ទាក់ទិន​នឹង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​បច្ចេកទេស​ជាមួយ​នឹង​របប​យោធា​មីយ៉ាន់ម៉ា របាយការណ៍​នេះ​បាន​លើកឡើង​នូវ​ឈ្មោះ​របស់​ស្ថាប័ន​មួយ​ចំនួន​ដូចជា​បណ្ឌិត​សភា​ការពារ​ជាតិ​ជប៉ុន (National Defense Academy of Japan) និង​កង​កម្លាំង​ការពារ​ខ្លួន​ជប៉ុន (Japan Self-Defense Forces) ការិយាល័យ​កិច្ចការ​បរទេស​របស់​រដ្ឋាភិបាល​សហព័ន្ធ​អាល្លឺម៉ង់ (German Government Federal Foreign Office) និង​មហាវិទ្យាល័យ Colombo Plan Staff College នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន រួម​ជាមួយ​នឹង​ស្ថាប័ន​ជា​ច្រើន​ទៀត។

គេ​មិន​ឃើញ​មាន​ការ​ឆ្លើយតប​ភ្លាមៗ​ណា​មួយ​ពី​របប​យោធា​មីយ៉ាន់ម៉ា​ចំពោះ​របាយការណ៍​របស់​អង្គការ Justice for Myanmar នេះ​ទេ។

រូបឯកសារ៖ កាលពី​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ អ្នកតវ៉ា​កាន់ផ្ទាំង​រូបភាព​មេដឹកនាំ​ស៊ីវិល​អ្នកស្រី Aung San Suu Kyi ដែល​កំពុង​ជាប់ឃុំ​ក្នុង​អំឡុងពេល​បាតុកម្ម​ប្រឆាំងនឹង​រដ្ឋប្រហារ​យោធា​នៅ​ទីក្រុង​ណៃពិដោ ប្រទេស​មីយ៉ាន់ម៉ា។
រូបឯកសារ៖ កាលពី​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ អ្នកតវ៉ា​កាន់ផ្ទាំង​រូបភាព​មេដឹកនាំ​ស៊ីវិល​អ្នកស្រី Aung San Suu Kyi ដែល​កំពុង​ជាប់ឃុំ​ក្នុង​អំឡុងពេល​បាតុកម្ម​ប្រឆាំងនឹង​រដ្ឋប្រហារ​យោធា​នៅ​ទីក្រុង​ណៃពិដោ ប្រទេស​មីយ៉ាន់ម៉ា។

អ្នកស្រី Yadanar Maung អ្នក​នាំពាក្យ​នៃ​អង្គការ Justice for Myanmar បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ដែល​ផ្ញើ​មកកាន់ VOA ថា៖ «ទម្រង់​ជា​ច្រើន​និង​ផ្សេងៗ​គ្នា​នៃ​ការ​គាំទ្រ​របស់​អន្តរជាតិ​ចំពោះ​របប​យោធា​មីយ៉ាន់ម៉ា​ដែល​យើង​បាន​កត់ត្រា គឺ​បាន​ជួយ​ទ្រទ្រង់​នូវ​ឧក្រិដ្ឋកម្ម​សង្គ្រាម​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ជា​បន្ត​របស់​របប​យោធា​នេះ និង​អូស​បន្លាយ​បន្ត​ទៅ​មុខ​ទៀត​នូវ​ការ​ដឹកនាំ​ផ្ដាច់ការ​របស់​យោធា»។

នៅ​ក្នុង​សន្និសីទ​កាសែត​ដែល​ធ្វើ​ឡើង​ដោយ​អង្គការ Justice for Myanmar កាលពី​ថ្ងៃ​ទី ២៥ ខែ​មករា​កន្លង​ទៅ​នេះ អ្នកស្រី Maung បាន​និយាយ​ថា៖ «វា​មាន​រយៈពេល ២ ឆ្នាំ​ហើយ​តាំងពី​ពេល​ដែល​រដ្ឋប្រហារ​យោធា​មីយ៉ាន់ម៉ា​បាន​ធ្វើ​ឡើង។ មនុស្ស​ជាង ២.៧០០ នាក់​ត្រូវ​បាន​សម្លាប់ និង​ជាង ១៣.៦០០ នាក់​នៅ​កំពុង​ជាប់​ឃុំឃាំង​នៅ​ឡើយ»។

នៅ​ក្នុង​ការ​បញ្ជាក់​របស់​អ្នកស្រី​ដែល​ផ្ញើ​មក​កាន់ VOA អ្នកស្រី​បាន​ថ្លែង​ថា៖ «យើង​ចង់​ឃើញ​មាន​ការ​បញ្ចប់​នូវ​ការ​គាំទ្រ​របស់​រដ្ឋាភិបាល​និង​អង្គការ​នានា​ចំពោះ​របប​យោធា​មីយ៉ាន់ម៉ា​ខុស​ច្បាប់ មិន​ថា​ការ​គាំទ្រ​នោះ​ធ្វើ​ឡើង​តាម​រយៈ​ការ​អញ្ជើញ [អ្នក​តំណាង​នៃ​របប​យោធា​នោះ] ឱ្យ​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​និង​ការ​បណ្ដុះបណ្ដាល​នានា ឬ​ក៏​ការ​គាំទ្រ​ជា​ហិរញ្ញវត្ថុ​តាម​រយៈ​អាជីវកម្ម​នោះ​ឡើយ»។

អ្នកស្រី​បាន​បន្ថែម​ថា៖ «វា​ដល់​ពេល​ដែលសហគមន៍​អន្តរជាតិ​ត្រូវ​បង្កើន​ការ​គាំទ្រ​និង​ឈរ​ជាមួយ​នឹង​ប្រជាពលរដ្ឋ​មីយ៉ាន់ម៉ា​តាម​រយៈ​ការ​កាត់​បន្ថយ​ការ​គាំទ្រ​ចំពោះ​របប​យោធា​មីយ៉ាន់ម៉ា និង​តាម​រយៈ​ការ​ទទួល​ស្គាល់​រដ្ឋាភិបាល​ឯកភាព​ជាតិ (NUG) ជា​រដ្ឋាភិបាល​ស្រប​ច្បាប់​របស់​មីយ៉ាន់ម៉ា»៕

ប្រែ​សម្រួល​ដោយ​លោក ជឹង ប៉ូជីន

XS
SM
MD
LG