ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការសិទ្ធិមនុស្សលោក Volker Türk បានថ្កោលទោសការកើនឡើងនូវភាពឃោរឃៅនិងការគាបសង្កត់ទ្រង់ទ្រាយធំដែលធ្វើឡើងដោយថ្នាក់ដឹកនាំយោធាមីយ៉ាន់ម៉ាក្នុងការរក្សាការក្ដោបក្ដាប់អំណាចរបស់ខ្លួន។
លោក Türk បាននិយាយកាលពីពេលថ្មីៗនេះថា ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុងវិបត្តិកាន់តែជ្រៅចាប់តាំងពីពេលដែលយោធាបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជ្រើសរើសតាមបែបប្រជាធិបតេយ្យកាលពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២១ មក។
លោក Jeremy Laurence ដែលជាអ្នកនាំពាក្យរបស់លោក Türk បានលើកឡើងថា ប្រទេសនេះបានដើរថយក្រោយយ៉ាងខ្លាំងនៅក្នុងផ្នែកសិទ្ធិមនុស្ស។ លោកបន្តថា អំពើហិង្សាគឺលែងអាចគ្រប់គ្រងបានហើយ ដោយសារតែយោធាមិនបានគោរពតាមកាតព្វកិច្ចផ្លូវច្បាប់របស់ខ្លួនក្រោមច្បាប់អន្តរជាតិក្នុងការការពារជនស៊ីវិល។
លោក Laurence ថ្លែងថា៖ «បើទោះបីជា [ច្បាប់អន្តរជាតិ] តម្រូវឱ្យបញ្ចៀសជនស៊ីវិលក៏ដោយ ក៏ជនស៊ីវិល [នៅតែ] ជាគោលដៅនៃការវាយប្រហារដដែល ដោយធ្វើឱ្យពួកគេក្លាយជាជនរងគ្រោះនៃការវាយប្រហារដោយមិនរើសមុខនៃគ្រាប់ផ្លោងនិងការវាយប្រហារតាមអាកាស ការសម្លាប់ក្រៅប្រព័ន្ធច្បាប់ ការធ្វើទារុណកម្ម និងការដុតបំផ្លាញភូមិទាំងមូល»។
មនុស្សយ៉ាងហោចណាស់ ២.៨៩០ នាក់ ត្រូវបានរាយការណ៍ថាបានស្លាប់ក្រោមដៃយោធា។ ប៉ុន្តែការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិជឿថា ចំនួននេះមានកម្រិតទាបខ្លាំងជាងចំនួនពិតជាក់ស្ដែង។ ការិយាល័យនេះរាយការណ៍ថា សកម្មភាពយោធាមីយ៉ាន់ម៉ាប្រឆាំងនឹងជនស៊ីវិលបានធ្វើឱ្យមនុស្សប្រហែល ១ លាន ២ សែននាក់បាត់បង់ទីលំនៅ ខណៈអំពើហិង្សានិងការធ្វើទុក្ខបុកម្នេញបានបង្ខំឱ្យមនុស្សប្រមាណ ៧០.០០០ នាក់រត់ភៀសខ្លួនចេញពីប្រទេស។
លោក Türk បានលើកឡើងថា មិនមានផ្លូវងាយស្រួលណាមួយដើម្បីគេចចេញពីស្ថានភាពមហន្តរាយនេះទេ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយកាលពីថ្ងៃទី ២៧ ខែមករាកន្លងទៅនេះ លោកបាននិយាយថា នាយឧត្តមសេនីយ៍យោធាមីយ៉ាន់ម៉ានានាមិនបានអើពើចំពោះកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់សមាគមអាស៊ាន (ASEAN) ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីនៅមីយ៉ាន់ម៉ានោះទេ។
លោក Laurence បាននិយាយថា លោកឧត្តមស្នងការអង្គការសហប្រជាជាតិបានកំណត់វិធានការផ្សេងទៀតជាកត្តាសំខាន់ក្នុងការដោះស្រាយវិបត្តិ។ វិធានការទាំងនោះរួមមានទាំងការដោះលែងអ្នកទោសនយោបាយទាំងអស់ផងដែរ ដែលក្នុងចំណោមនោះមានដូចជាប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋអ្នកស្រី Aung San Suu Kyi និងលោកប្រធានាធិបតី U Win Myint ជាដើម។
លោក Laurence ថ្លែងថា៖ «ការស្តារឡើងវិញនូវការគោរពសិទ្ធិមនុស្សគឺជាគន្លឹះសំខាន់នៅក្នុងការបញ្ចប់វិបត្តិនេះ ដើម្បីបញ្ចប់ស្ថានភាពដែលនាយឧត្តមសេនីយ៍មីយ៉ាន់ម៉ានានាកំពុងព្យាយាមបង្កើនការប្រើប្រាស់កម្លាំងដើម្បីរក្សានូវប្រព័ន្ធដឹកនាំអាយុកាលរាប់ទសវត្សរ៍មកនេះ ដែលនៅក្នុងប្រព័ន្ធនេះ ពួកគេខ្វាយខ្វល់តែចំពោះខ្លួនឯងតែប៉ុណ្ណោះ។ អ្នកដែលទទួលខុសត្រូវចំពោះការវាយប្រហារប្រចាំថ្ងៃលើជនស៊ីវិលនិងការរំលោភបំពានសិទ្ធិមនុស្សត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់»។
កាលពីខែធ្នូឆ្នាំមុន ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចដ៏កម្រមួយស្តីពីមីយ៉ាន់ម៉ា ដែលជាសេចក្តីសម្រេចដំបូងបង្អស់ក្នុងរយៈពេលជាង ៧ ទសវត្សរ៍មកនេះ ដោយទាមទារឱ្យមាន «ការបញ្ចប់ជាបន្ទាន់នូវអំពើហិង្សាគ្រប់ទម្រង់ទាំងអស់នៅទូទាំងប្រទេសមីយ៉ាន់ម៉ា»៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា