ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​​សិទ្ធិ​មនុស្ស​​ទទូច​​​ឱ្យ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​​បញ្ជូន​អាជ្ញាធរ​មីយ៉ាន់ម៉ា​ទៅ​​​​ឱ្យ​តុលាការ​​​ឧក្រិដ្ឋកម្ម​​​អន្តរជាតិ


រូបឯកសារ៖ ក្រុមបាតុករមីយ៉ាន់ម៉ា​ដែល​រស់នៅ​ក្នុង​ប្រទេស​ជប៉ុន​នាំ​គ្នា​ដើ​រ​ដង្ហែ​ក្បួន​តវ៉ា​​នឹង​រដ្ឋប្រហារ​យោធា​នៅ​មីយ៉ាន់ម៉ា នៅ​ខាង​ក្រៅ​ស្ថានទូត​មីយ៉ាន់ម៉ា​ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។
រូបឯកសារ៖ ក្រុមបាតុករមីយ៉ាន់ម៉ា​ដែល​រស់នៅ​ក្នុង​ប្រទេស​ជប៉ុន​នាំ​គ្នា​ដើ​រ​ដង្ហែ​ក្បួន​តវ៉ា​​នឹង​រដ្ឋប្រហារ​យោធា​នៅ​មីយ៉ាន់ម៉ា នៅ​ខាង​ក្រៅ​ស្ថានទូត​មីយ៉ាន់ម៉ា​ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។

ពួក​សកម្មជនសិទ្ធិ​មនុស្ស​ជំរុញ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ឱ្យបញ្ជូន​ពួក​មន្ត្រី​នៃ​ក្រុមប្រឹក្សា​យោធាមីយ៉ាន់ម៉ា​ទៅ​ឱ្យ​តុលាការឧក្រិដ្ឋកម្ម​អន្តរជាតិ​កាត់ទោស​ ដោយ​និយាយ​យោងដល់​អ្វី​ដែល​ពួក​សកម្មជន​ទាំង​នេះនិយាយថា​ ​ជាការ​រំលោភ​មាន​តទៅ​ទៀតនៅ​ក្នុង​ប្រទេស​នៅ​តំបន់អាស៊ី​អាគ្នេយ៍​មួយ​នេះ។

អត្ថាធិប្បាយ​ទាំង​នេះ​មាន​ឡើងចំ​ពេល​គ្នាជាមួយការប្រជុំ​មួយ​នៃក្រុមប្រឹក្សាសន្តិសុខ​កាលពី​ថ្ងៃច័ន្ទ ទី​១៣ ខែ​មីនា​ អំពី​វិបត្តិនៅ​មីយ៉ាន់ម៉ា។

អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch និយាយនៅ​ក្នុង​សេចក្តី​ថ្លែងការណ៍មួយ​ថា ​ត្រូវ​មាន​សកម្មភាព​ជាក់ច្បាស់​ជាង​មុនប្រឆាំង​នឹង​ក្រុម​ប្រឹក្សា​យោធាដែល​បាន​ក្តាប់​អំណាចកាល​ពី​ជាង​ពីរ​ឆ្នាំមុន​នេះ​ ដោយបាន​ទម្លាក់​រដ្ឋាភិបាល​ជាប់ឆ្នោតតាម​លទ្ធិ​ប្រជាធិបតេយ្យ​របស់​លោកស្រី Aung San Suu Kyi។
រដ្ឋប្រហារ​យោធា​នេះបាន​នាំ​ឱ្យ​មានចលាចល​ទាក់ទិន​នឹង​កងកម្លាំង​យោធា​របស់​ប្រទេស ​ចលនា​តស៊ូ​មាន​រួមក្រុម​បាតុករ​ ពួក​សកម្មជន ក្រុម​អ្នក​នយោបាយត្រូវ​ដក​ចេញ​ពី​តំណែងនិងសាខាក្រុម​ប្រដាប់​អាវុធ។

បើតាម​ទិន្នន័យថ្មី​បំផុត​ពី​ក្រុម​តាម​ឃ្លាំ​មើល​មួយ​មាន​មូលដ្ឋាននៅ​ប្រទេស​ថៃ​ថា​មនុស្ស​រាប់ពាន់​នាក់ត្រូវ​បាន​ចាប់ខ្លួនឬ​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​បង្ក្រាប​ដោយ​កងយោធា។

អង្គការ Human Rights Watch សុំ​ដល់​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប​ឱ្យ​ចាត់​វិធានការ​បន្ត​ពី​សេចក្តី​សម្រេចចិត្ត​មួយ​កាលពី​ខែ​ធ្នូ ដែល​ទាមទារឱ្យ​មាន​ការបញ្ឈប់អំពើ​ហិង្សាជា​បន្ទាន់ ហើយ​ឱ្យក្រុមប្រឹក្សា​យោធាដោះលែង​អ្នក​ទោស​នយោបាយ​ទាំង​អស់ មាន​រួម​លោកស្រី Suu Kyi និង​លោក​អតីត​ប្រធានាធិបតី Win Myint ដែល​ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​ដែរ។ ប្រទេស​មីយ៉ាន់ម៉ា​កំពុង​ស្ថិត​នៅ​ក្រោម​ទណ្ឌកម្ម​អន្តរជាតិ។​

លោក Louis Charbonneau នាយកផ្នែក​ទំនាក់ទំនង​ជាមួយអ.ស.ប.​នៅ​អង្គការ Human Rights Watch បាននិយាយ​ថា៖ «រដ្ឋាភិបាលយោធានៃ​ប្រទេស​មីយ៉ាន់ម៉ា​បាន​បង្ហាញ​ថា ​ពួក​គេ​គ្មានរអែង​នឹង​សេចក្តី​ថ្លែងការណ៍​ថ្កោលទោសឬកង្វល់​អ្វី​ទេ។ ការ​មិន​អើពើរបស់​ក្រុមប្រឹក្សា​យោធា​ដល់​សេចក្តី​សម្រេចចិត្ត​របស់​ក្រុមប្រឹក្សា​សន្តិសុខ​កាល​ពី​ខែ​ធ្នូបង្ហាញ​ឱ្យ​ឃើញ​សេចក្តី​ត្រូវការឱ្យ​មាន​សេចក្តី​សម្រេច​ចិត្ត​ថ្មី​មួយ ដាក់​កំហិត​វិធានការ​ខ្លាំង​ដូចជាការ​រាំង​ខ្ទប់​មិន​ឱ្យ​មាន​ការ​លក់​អាវុធ​ឱ្យ​ពួក​យោធានិង​ការ​ដាក់​ទណ្ឌកម្ម​លើ​ពួក​មន្ត្រី​យោធាជាន់ខ្ពស់និង​ក្រុមហ៊ុនមាន​ចំណង​ទាក់ទងជាមួយ​ក្រុម​យោធា​ផង​ដែរ»។​

កាលពីថ្ងៃ​ចន្ទ​ទី​១៣ ខែ​មីនា លោកស្រី Noeleen Heyzer ប្រេសិត​ពិសេស​អ.ស.ប.​ទទួល​បន្ទុកកិច្ចការ​ប្រទេសមីយ៉ាន់ម៉ានិង​រដ្ឋមន្ត្រី​ការបរទេសឥណ្ឌូណេស៊ីលោកស្រី Retno Marsudi បាន​ដឹកនាំ​ការ​ប្រជុំ​បិទទ្វារ​មួយនៅទី​ស្នាក់ការ​ធំរបស់​អ.ស.ប.​នា​បូរី New York។ របាយការណ៍​និយាយថា ​លោកស្រី Heyzer ទំនង​ជា​បានធ្វើ​បច្ចុប្បន្នភាពប្រាប់​ពួកសមាជិក​ក្រុមប្រឹក្សា​នេះអំពី​ស្ថានភាព​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ដែលគេមិន​ឃើញ​មាន​ការធូរស្រាលក្នុង​ជម្លោះ​នេះទេតាំង​ពី​មាន​ការអនុម័ត​សេចក្តី​សម្រេច​ចិត្ត​កាលពី​ខែ​ធ្នូ​មក។

លោកស្រី May Sabe Phyu ជា​នាយិកាបណ្តាញ​សមភាព​ខាង​យេនឌ័រ ដែល​ជាក្រុមចម្រុះនៃ​អង្គការ​នានាដែល​ការពារ​សិទ្ធី​ស្ត្រីក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ លោកស្រី​បាននិយាយប្រាប់ទី​ភ្នាក់ងារ​សារព័ត៌មាន Associated Press ថារដ្ឋាភិបាលយោធា​មីយ៉ាន់ម៉ា​បានបំភិត​បំភ័យនិង​បាន​ប្រព្រឹត្ត​«សកម្មភាព​សាហាវ​យង់ឃ្នង»​ដែល​ជា​ឧក្រិដ្ឋកម្មប្រឆាំង​នឹង​មនុស្ស​ជាតិ។

លោកស្រី Phyu ក៏​បានរិះគន់ប្រេសិត​អ.ស.ប.​លោកស្រី​ Heyzer ដែលបាន​ជួប​ជាមួយមេដឹកនាំ​យោធាឈ្មោះ Min Aung Hlaing ហើយ​មិន​បានជួប​ជាមួយ​រដ្ឋាភិបាលឯកភាព​ជាតិ (NUG) ​ដែល​ត្រូវ​បាន​បង្កើត​ដោយ​ក្រុម​អ្នក​នយោបាយ​ត្រូវ​ដកចេញពី​តំណែងនិង​ពួក​មេដឹកនាំ​ក្នុង​តំបន់នៅ​ពេល​មាន​រដ្ឋប្រហារ​ ហើយ​លោកស្រី​ថ្លែង​ថា​ ​រដ្ឋាភិបាលឯកភាពជាតិ​ជា​រដ្ឋាភិបាល​ត្រឹមត្រូវ​តាមច្បាប់​នៃ​ប្រទេស​មីយ៉ាន់ម៉ា។

ផែនការទាំងអស់​សម្រាប់​បញ្ចប់​វិបត្តិ​នេះ​មិន​បាន​សម្រេច​លទ្ធផលតាមការ​ប៉ងប្រាថ្នាទេ។

សមាគម​អាស៊ានដែល​ជាសហភាព​ខាងនយោបាយ​និង​ខាង​សេដ្ឋកិច្ចនៃ​រដ្ឋ​ជា​សមាជិកចំនួន​១០ក្នុងតំបន់​អាស៊ី​អាគ្នេយ៍ បានអនុម័តកិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ ៥ចំណុច កាលពី​ខែ​មេសា​ឆ្នាំ២០២២​ នៅ​ក្នុង​ការ​ប៉ុនប៉ង​មួយដើម្បី​ធ្វើ​ឱ្យ​មាន​សន្តិភាព​ឡើង​វិញក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

លោក Charbonneau បាន​បន្ថែមនៅក្នុងរបាយការណ៍របស់អង្គការ Human Rights Watch ថា​ ឧត្ដមសេនីយ៍​មីយ៉ាន់ម៉ាលោក Min Aung Hlaing បានច្រាន​ចោល​ផែនការមូលមតិ​គ្នា​របស់​សមាគម​អាស៊ាន។ លោក Charbonneau បានអំពាវនាវដល់​លោកស្រី Heyzer និង​លោកស្រី​ Marsudi ឱ្យជំរុញ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត។

លោក Aung Thu Nyein ដែល​ជា​អ្នក​វិភាគ​នយោបាយ​ម្នាក់ មានជំនឿ​ថាកិច្ចប្រឹងប្រែង​របស់​អ.ស.ប.​និង​អាស៊ាន​មាន​«អានុភាព​បន្តិច​បន្តួច»​លើ​បញ្ហាមីយ៉ាន់ម៉ា។

លោក Aung Thu Nyein បាននិយាយប្រាប់​វីអូអេថា៖ «អ.ស.ប.​គ្មានប្រសិទ្ធភាព​ទេ​ ដូច​ជាមាន​ភ័ស្តុតាងបង្ហាញ​ឱ្យ​ឃើញ​ហើយអំពី​ការ​ឈ្លានពានរបស់​រុស្ស៊ី​ប្រឆាំង​នឹង​ប្រទេស​អ៊ុយក្រែន​...អ.ស.ប.​និង​សមាគម​អាស៊ានមាន​អានុភាពបន្តិចបន្តួច​ជាមួយវិបត្តិ​មីយ៉ាន់ម៉ា។ ប្រសិន​បើ​ពួកប្រេសិតពិសេស​អំពី​ប្រទេសមីយ៉ាន់ម៉ា ជាពិសេស​ប្រទេស​ចិន ជប៉ុន អាស៊ាន​និង​ប្រទេសមាន​អំណាចក្នុង​តំបន់​អាច​ធ្វើការ​ជាមួយ​គ្នា ការណ៍​នេះអាចជំរុញរដ្ឋាភិបាលយោធា​ឱ្យ​បញ្ចប់​វិបត្តិ​នេះ​បាន៕



ព័ត៌មាន​ខ្លះនៅ​ក្នុង​សេចក្តី​រាយការណ៍​នេះ​មាន​ប្រភព​ពី​ទីភ្នាក់ងារ​ព័ត៌មាន AP។

ក្រុម​ផ្សាយ​ជា​ភាសា​ភូមា​នៃ​វីអូអ​បាន​រួម​ចំណែក​ដល់​សេចក្តី​រាយការណ៍​នេះ។

ប្រែសម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG