ក្រុមអ្នកតំណាងរាស្ត្រនៅក្នុងរដ្ឋសភា ពុំសូវមានភាពសកម្មក្នុងកិច្ចការជំនាញរបស់ខ្លួន ក៏ដូចជាការជជែកដេញដោលអំពីសេចក្ដីព្រាងច្បាប់នានា នៅពេលមានការរំលោភលើសិទ្ធិ និងតួនាទីជាច្រើនរបស់អ្នកតំណាងរាស្ត្រគណបក្សប្រឆាំង ដែលធ្វើឡើងដោយក្រុមមតិភាគច្រើនដែលកាន់អំណាច។
នេះបើយោងតាមរបាយការណ៍របស់ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា អង្គការខុមហ្វ្រែល (Comfrel) ។
របាយការណ៍របស់អង្គការ ខុមហ្វ្រែល ត្រូវបានចេញផ្សាយ នៅចំពេលដែលស្ថានការណ៍នយោបាយក្នុងប្រទេសកម្ពុជា កំពុងស្ថិតក្នុងភាពតានតឹង ក្រោយសភាជាតិខ្មែរដែលមានតែតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា អនុម័តសេចក្ដីស្នើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ។
ក្រុមអង្គការសិទ្ធិមនុស្សក្នុងស្រុក និងក្រៅប្រទេស បានចេញសេចក្ដីថ្លែងការណ៍ ជាបន្តបន្ទាប់គ្នា រិះគន់ខ្លាំងៗចំពោះការអនុម័ត សេចក្ដីស្នើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ដែលនឹងផ្ដល់សិទ្ធិអំណាចដល់រដ្ឋាភិបាល និងស្ថាប័នតុលាការ ក្នុងការរឹតបន្តឹងសកម្មភាពនិងរំលាយចោល គណបក្សនយោបាយ ហើយថា ការអនុម័តនេះ ជាប្រផ្នូលមួយនៃការស្លាប់របស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
យោងតាមរបាយការណ៍សង្កេតរដ្ឋសភាក្នុងឆ្នាំ ២០១៦ របស់អង្គការខុមហ្វ្រែល បានឲ្យដឹងថា ក្រុមមតិភាគច្រើន ដែលកាន់អំណាច បានបំពារបំពានដកអភ័យឯកសិទ្ធិសភារបស់តំណាងរាស្ត្រគណបក្សប្រឆាំង និងបន្ថយតួនាទីរបស់តំណាងរាស្ត្រគណបក្សប្រឆាំង ព្រមទាំងលុបចោលថ្នាក់ដឹកនាំតំណាងរាស្ត្រ និងប្រធានក្រុមមតិភាគតិចនៃគណបក្សប្រឆាំងទៀតផង។
របាយការណ៍របស់អង្គការខុមហ្វ្រែល បានបន្តថា តំណាងរាស្ត្រគណបក្សកាន់អំណាចនៃរដ្ឋសភា បានបើកផ្លូវឲ្យអាជ្ញាធរ មានសមត្ថកិច្ច ធ្វើការចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន និងឃុំខ្លួនតំណាងរាស្ត្រគណបក្សប្រឆាំង។
របាយការណ៍បញ្ជាក់បន្តថា៖«មានការលើកទឹកចិត្ត ដំឡើងឋានន្តរសក្ដិដល់អ្នកដៃដល់ដែលជាមន្ត្រីនៃកងកម្លាំងប្រដាប់អាវុធ កងអង្គរក្ស ដែលបានប្រើអំពើហិង្សាប្រឆាំងតំណាងរាស្ត្រគណបក្សមតិភាគតិច»។
នៅក្នុងឆ្នាំ២០១៥ សមាជិករដ្ឋសភាមកពីគណបក្សប្រឆាំងពីររូប ត្រូវបានអ្នកគាំទ្រគណបក្សកាន់អំណាចវាយយ៉ាងដំណំនៅមុខរដ្ឋសភាជាតិ។
នៅក្នុងឆ្នាំ២០១៦ អ្នកវាយសមាជិកសភាគណបក្សប្រឆាំងទាំងនោះដែលគេស្គាល់ថាជាកងអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានក្រសួងការពារជាតិដំឡើងដំណែង។
លោក គល់ បញ្ញា នាយកប្រតិបត្តិរបស់អង្គការ ខុមហ្វ្រែល ថ្លែងក្នុងពិធីបង្ហាញរបាយការណ៍សង្កេតសភាក្នុងឆ្នាំ២០១៦ ដែលធ្វើឡើងនៅក្នុងរាជធានីភ្នំពេញថា ក្រុមតំណាងរាស្ត្រនៃគណបក្សធំៗពីរនៅក្នុងសភា ពុំសូវជជែកគ្នាផុលផុស ក្នុងពេលពិនិត្យលើសេចក្ដីព្រាងច្បាប់នានានោះទេ។
«បុគ្គលអ្នកតំណាងរាស្ត្រមួយៗ ជាការពិត ភាគច្រើន គាត់ដើរតាម គឺថាបក្សមានជំហរអីទៅលើសេចក្ដីព្រាងច្បាប់ហ្នឹង គាត់យកតាមជំហរហ្នឹងហើយ។ អញ្ចឹងហើយ យើងឃើញចំនួន ១២៣ ក៏ប៉ុន្តែពេល ពេលជាក់ស្ដែងរបៀបការដេញដោលពិភាក្សា បើយើងមើលតួលេខអស់នេះ យើងឃើញដូចជាពីរនាក់ទេ អ្នកប្រជែង»។
លោកមានប្រសាសន៍បន្ថែមថា ការជជែកដេញដោលលើសេចក្ដីព្រាងច្បាប់ គឺត្រូវបានធ្វើឡើង ដោយការបញ្ចេញមតិតទល់គ្នាដើម្បីយកឈ្នះចាញ់ ជាជាងការផ្ដោតលើផលប៉ះពាល់ដែលអាចកើតចេញពីខ្លឹមសារនៃសេចក្ដីព្រាងច្បាប់ទាំងឡាយនោះ។
«បើមិនតតាំងប្រឆាំងទេ គឺវិជ្ជមានទាំងអស់ទៅលើអាសេចក្ដីព្រាងច្បាប់ហ្នឹង។ ប៉ុន្តែបើសួរថា តើអាសេចក្ដីព្រាងច្បាប់ហ្នឹង វាប៉ះពាល់លើមណ្ឌល លើប្រជាពលរដ្ឋ នៅតាមមណ្ឌលរបស់ខ្លួនយ៉ាងដូចម្ដេច អត់មានការដេញដោលគ្នាស៊ីជម្រៅទេ»។
របាយការណ៍អង្គការខុមហ្វ្រែល ក៏បានឲ្យដឹងបន្តទៀតថា រដ្ឋសភាបានអនុម័តដោយសំឡេងឯកបក្សលើរបៀបវារៈសំខាន់ៗ ចំនួន ២១។ របៀបវារៈទាំងនោះ រួមមាន សេចក្ដីព្រាងច្បាប់ចំនួន ១៦ ការបោះឆ្នោតជ្រើសតាំងចំនួនពីរលើក ការអនុម័តសេចក្ដីសម្រេចចំនួន ពីរលើក និងការឆ្លើយបំភ្លឺចំនួនមួយលើក។
ក្រុមអ្នកវិភាគ ដែលបានចូលរួមក្នុងពិធីបង្ហាញរបាយការណ៍នេះ ថ្លែងថា ការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា នៅមិនទាន់ដំណើរការទៅដោយរលូននៅឡើយ ព្រោះមានការចែងមិនច្បាស់ពីអំណាចទាំងបីក្នុងរដ្ឋាភិបាលកម្ពុជា និងការសង្កត់សង្កិនពីក្រុមតំណាងរាស្ត្រគណបក្សកាន់អំណាចមកលើគណបក្សប្រឆាំង។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយ បានលើកឡើងអំពីការរារាំងរបស់សភា ក្នុងការសួរនាំមន្ត្រីរដ្ឋាភិបាល ទាក់ទិនបញ្ហារសើបមួយចំនួន ដូចជាករណីឃាតកម្មលើលោកកែម ឡី អ្នកវិភាគសង្គម និងនយោបាយដ៏ល្បីល្បាញមួយរូប។
លោក មេធាវី សុក សំអឿន អតីតប្រធានក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានថ្លែងថា រដ្ឋធម្មនុញ្ញកម្ពុជា បានចែងអំពីលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស តែពុំមានការកំណត់និយមន័យច្បាស់លាស់ថា អ្វីទៅជាលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនោះទេ ខណៈដែលរដ្ឋសភាបានសម្រេចលើកិច្ចការធ្វើច្បាប់ជាច្រើន ដោយតំណាងរាស្ត្រមកពីគណបក្សតែមួយនោះ។
លោក សុក សំអឿន មានប្រសាសន៍ថា គណបក្សកាន់អំណាច ពេលខ្លះបានផ្ដល់សិទ្ធិសេរីភាពចូលរួមក្នុងកិច្ចការរដ្ឋសភាដល់ក្រុមតំណាងរាស្ត្រគណបក្សប្រឆាំង ប៉ុន្តែ ជារឿយៗសមាជិកគណបក្សប្រឆាំង បានធ្វើពហិការមិនចូលប្រជុំសភា ដើម្បីពិភាក្សាលើការអនុម័តសេចក្ដីព្រាងច្បាប់នានា។ លោកពន្យល់ថា៖
«តាមខ្ញុំយល់អញ្ចេះ ពេលដែលគណបក្សត្រូវរ៉ូវគ្នា គេបង្កើតឲ្យមានស្អីក្រុមភាគតិច ភាគច្រើន។ដូច្នេះ បើយើងមើលអាទំនោរហ្នឹងគឺមានន័យថា គណបក្សកាន់អំណាចហាក់ដូចឲ្យសិទ្ធិទៅគណបក្សសង្គ្រោះអាចមានលទ្ធភាពច្រើន។ ដូច្នេះ បើយើងមើលមានន័យថា សិទ្ធិសេរីភាពហ្នឹងវារាងឡើង ក៏ប៉ុន្តែដល់ពេលគេថា គេលុបវិញដូច្នេះ វាចុះមកវិញ»។
លោក សុក សំអឿន ក៏បានលើកឡើងថា ការកំណត់ច្បាប់មិនច្បាស់លាស់ ពាក់ព័ន្ធនឹងការចាប់ចង ធ្វើឲ្យស្ថាប័នតុលាការត្រូវបានគេប្រើសម្រាប់គាបសង្កត់លើសកម្មភាពសំដែងមតិ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់VOA ថា របាយការណ៍របស់អង្គការខុមហ្រ្វែល ត្រូវបានចងក្រងឡើងដើម្បីគាំទ្រគណបក្សប្រឆាំង។ លោកបញ្ជាក់ថា៖
«គាត់និយាយនេះ ការពារគណបក្សប្រឆាំងយ៉ាងផ្គាប់មុខ ពីព្រោះការចាប់ខ្លួន ហុង សុខហួរ អ៊ុំ សំអាន ក៏ដូចជាមនុស្សមួយចំនួនហ្នឹងវាអាស្រ័យទៅលើលទ្ធផលនៃអំពើប្រព្រឹត្តល្មើសច្បាប់របស់ជនទាំងនោះទេ មិនមែនរំលោភច្បាប់ទេ។ ពេលដែលចាប់យើងហ្នឹង យើងឃើញហើយថា ជាអំពើប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង»។
លោក សុខ ឥសាន បានថ្លែងការពារបក្សកាន់អំណាចថា ប្រទេសកម្ពុជាមានរដ្ឋាភិបាល ហើយអំណាចទាំងបីត្រូវបានបែងចែកដាច់ដោយឡែកពីគ្នា។
របាយការណ៍របស់អង្គការខុមហ្វ្រែល ក៏បានឲ្យដឹងបន្ថែមទៀតថា ក្រុមតំណាងរាស្ត្រនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានចុះទៅបំពេញការងារនៅតាមមូលដ្ឋាន ដែលភាគច្រើនសំដៅសំខាន់លើតែការចុះសួរសុខទុក្ខ ការចែកអំណោយ និងការសម្ភោធសមិទ្ធិផល ការចុះអន្តរាគមន៍ និងការចុះពង្រឹងគណបក្សប៉ុណ្ណោះ។
លោកបន្តថា សកម្មភាពចូលរួមរបស់តំណាងរាស្ត្រក្នុងវេទិកាសាធារណៈ ជាមួយប្រជាជន នៅតែមិនសូវមាននៅឡើយ។
ក្នុងពេលថ្មីៗនេះ ក្រុមអង្គការសិទ្ធិមនុស្សក្នុងស្រុក និងក្រៅប្រទេស បានចេញសេចក្ដីថ្លែងការណ៍ ជាបន្តបន្ទាប់គ្នា ដោយរិះគន់ខ្លាំងៗចំពោះការអនុម័តសេចក្ដីស្នើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ដែលនឹងផ្ដល់សិទ្ធិអំណាចដល់រដ្ឋាភិបាល និងស្ថាប័នតុលាការ ក្នុងការរឹតបន្តឹងសកម្មភាពនិងរំលាយចោល គណបក្សនយោបាយ ហើយថា ការអនុម័តនេះ ជាប្រផ្នូលមួយនៃការស្លាប់របស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕