ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នក​ឃ្លាំ​មើល៖ ស្ថានភាព​សិទ្ធិ​មនុស្ស​និង​នយោបាយ​នៅ​កម្ពុជា កាន់តែ​អាក្រក់​ឡើង


រូបថត​លិខិត​របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិកាំង​មួយ​ក្រុម ដែល​បាន​ផ្ញើ​ទៅ​កាន់​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ លោក ហ៊ុន សែន អំពី​បញ្ហា​សិទ្ធិ​មនុស្ស កាលពី​ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០១៦។
រូបថត​លិខិត​របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិកាំង​មួយ​ក្រុម ដែល​បាន​ផ្ញើ​ទៅ​កាន់​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ លោក ហ៊ុន សែន អំពី​បញ្ហា​សិទ្ធិ​មនុស្ស កាលពី​ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០១៦។

ក្នុង​ខែ​នេះ​ឆ្នាំ​មុន សមាជិក​ព្រឹទ្ធសភា​អាមេរិកាំង​ចំនួន​៧រូប​​​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ បាន​សរសេរ​លិខិត​ចំហ​ដ៏​កម្រ​មួយ​ច្បាប់​ ទៅកាន់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដោយ​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​និង​ការ​រំខាន​ចិត្ត​របស់​ពួកគេ​ ទាក់ទង​នឹង​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​និង​ការ​រំលោភ​បំពាន​យក​ដីធ្លី​ប្រជាពលរដ្ឋ​ហើយនិង​ការ​យាយី​សកម្មជន​សិទ្ធិមនុស្ស​និង​បក្ស​ប្រឆាំង​ក្នុង​ប្រទេស​កម្ពុជា។

មួយ​ឆ្នាំ​ក្រោយ​ពី​សមាជិក​ព្រឹទ្ធសភា​អាមេរិកាំង​មួយ​ក្រុម បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅកាន់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន អំពី​បញ្ហា​សិទ្ធិមនុស្ស ក្រុម​អ្នក​តាមដាន​ការ​វិវត្តន៍​ក្នុង​ប្រទេស​កម្ពុជា មើល​ឃើញ​ថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​នេះ កាន់តែ​មាន​សភាព​ធ្លាក់​ដុនដាប​កាន់តែ​ខ្លាំង​ឡើង។

ក្នុង​ខែ​នេះ​ឆ្នាំ​មុន សមាជិក​ព្រឹទ្ធសភា​អាមេរិកាំង​ចំនួន​៧រូប​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ បាន​សរសេរ​លិខិត​ចំហ​ដ៏​កម្រ​មួយ​ច្បាប់​ ទៅកាន់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដោយ​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​និង​ការ​រំខាន​ចិត្ត​របស់​ពួកគេ​ ទាក់ទង​នឹង​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​និង​ការ​រំលោភ​បំពាន​យក​ដីធ្លី​ប្រជាពលរដ្ឋ​ហើយនិង​ការ​យាយី​សកម្មជន​សិទ្ធិមនុស្ស​និង​បក្ស​ប្រឆាំង​ក្នុង​ប្រទេស​កម្ពុជា។

រូបថត​លិខិត​របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិកាំង​មួយ​ក្រុម ដែល​បាន​ផ្ញើ​ទៅ​កាន់​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ លោក ហ៊ុន សែន អំពី​បញ្ហា​សិទ្ធិ​មនុស្ស កាលពី​ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០១៦។
រូបថត​លិខិត​របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិកាំង​មួយ​ក្រុម ដែល​បាន​ផ្ញើ​ទៅ​កាន់​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ លោក ហ៊ុន សែន អំពី​បញ្ហា​សិទ្ធិ​មនុស្ស កាលពី​ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០១៦។

មួយ​ឆ្នាំ​ក្រោយ​មក ក្រុម​អ្នក​តាមដាន​ការ​វិវត្តន៍​សង្គម​និង​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា មើល​ឃើញ​ថា ស្ថានភាព​ដែល​បាន​លើកឡើង​ក្នុង​លិខិត​របស់​ក្រុម​សមាជិក​ព្រឹទ្ធសភា​អាមេរិកាំង​នោះ កាន់តែ​មាន​សភាព​ដុនដាប​កាន់តែ​ខ្លាំង​ជាង​មុន។

លោក យឿង​ សុធារ៉ា មន្ត្រី​ផ្នែក​ច្បាប់​នៃ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ Comfrel មាន​ប្រសាសន៍​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​VOA កាលពី​ថ្ងៃ​អង្គារ​ថា លោក​មើល​ឃើញ​ថា ​រដ្ឋាភិបាល​កម្ពុជា​ មិន​បាន​ធ្វើ​កំណែ​ទម្រង់​បាន​ច្រើន​ ទៅ​តាម​ការ​ស្នើ​ឡើង​របស់​ក្រុម​សមាជិក​ព្រឹទ្ធសភា​អាមេរិកាំង​នោះ​ទេ​ក្នុង​រយៈពេល​១​ឆ្នាំ​មក​នេះ។

«ការ​លើក​ស្នើ​របស់​ព្រឹទ្ធសមាជិក​សភា​អាមេរិកាំង​នេះ​គឺ​ថា រដ្ឋាភិបាល​មិន​ទាន់​បាន​បំពេញ​អ្វី​ជា​ដំ​កំភួន​ទេ។ សម្រាប់​ការ​កែទម្រង់​ការបោះឆ្នោត​ យើង​ឃើញ​ថា វា​ដំណើរ​ការ​ទៅ​ប្រសើរ ប៉ុន្តែ សម្រាប់ ស្ថានការណ៍​ឬ​បរិយាកាស​នយោបាយ វា​កាន់តែ​អាប់អួ​ទៅៗ ជាពិសេស​គឺ រយៈពេល​ប៉ុន្មាន​ខែ​មុន​ការបោះឆ្នោត​នេះ គឺ​ថា​បរិយាកាស​នយោបាយ​ កាន់តែ​ធ្ងន់ធ្ងរ​ឡើងៗ »។

សមាជិក​ព្រឹទ្ធសភា​អាមេរិកាំង​ទាំង​៧​រូប​នេះ បាន​រៀបរាប់​នៅ​ក្នុង​លិខិត​របស់​ពួកគេ​ចុះ​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៦​នោះ​ថា ក្នុង​នាម​ពួកគេ​ជា​មិត្តភ័ក្ដិ​របស់​កម្ពុជា ពួកគេ​មាន​ការ​រំខាន​ចិត្ត​ដោយ​សារ​ការ​កើន​ឡើង​នូវ​ភាព​វឹកវរ​ខាង​សង្គម​និង​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ជាពិសេស​គឺ​ដោយសារ​មាន​របាយការណ៍​ជាច្រើន​ដែល​បង្ហាញ​ថា រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន បន្ត​ប្រកែក មិន​ព្រម​ធ្វើ​តាម​ការ​ទាមទារ​ដ៏​សម​ហេតុផល​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ចង់បាន​ប្រទេស​កម្ពុជា​មួយ​ដែល​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ យុត្តិធម៌​និង​មាន​តម្លាភាព​ជាង​នេះ។

លោក ព្រាប កុល នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា ថ្លែង​ប្រាប់​VOA កាល​ពី​ថ្ងៃ​អង្គារ​ថា លោក​ក៏​សង្កេតឃើញ​ ហាក់​ដូច​ជា​មិន​មាន​ការ​ផ្លាស់ប្ដូរ​ច្រើនទេ​ក្នុង​ពេល​មួយ​ឆ្នាំមក​នេះ​ក្នុង​ចំណោម​បញ្ហា​ធំៗ ដូច​ជា​ការ​រំលោភ​យក​ដីធ្លី​និង​ការ​ចាប់ខ្លួន​សកម្មជន​សិទ្ធិមនុស្ស​និង​មន្ត្រី​បក្ស​ប្រឆាំង​ជាច្រើន​រូប​ដោយ​រួម​ទាំង​ពលរដ្ឋ​អាមេរិកាំង​ផង ដូច​ដែល​ក្រុម​សមាជិក​ព្រឹទ្ធសភា​អាមេរិកាំង​បាន​បង្ហាញ​ការ​ព្រួយបារម្ភក្នុង​លិខិត​របស់​ពួកគេ​នោះ​ស្រាប់។

«យើង​មើល​ទៅ​លើ​បញ្ហា​ធំៗ​ទាំង​អស់​នេះ​ទៅ ខ្ញុំ​មើល​ឃើញ​ថា ​ក្នុង​រយៈពេល​១​ឆ្នាំ​កន្លង​ទៅ​នេះ ហាក់​ដូច​ជា​មិន​មាន​ឥរិយាបថ​ណា​មួយ​ដែល​កម្ពុជា​បាន​ធ្វើ ដែល​បង្ហាញ​ថា រៀបចំ​ខ្លួន​ឆ្លើយតប​ឬ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ស្ថានការណ៍​ទៅ​តាម​ការ​សំណូម​ពរ​របស់​ព្រឹទ្ធសមាជិក​អាមេរិកាំង​ទេ​បាទ»។

ក្រុម​សមាជិក​ព្រឹទ្ធសភា​អាមេរិកាំង​ទាំង​៧​រូបនេះរួម​មាន​ លោក Christopher Murphy​ និង​លោក Richard Blumenthal មក​ពី​រដ្ឋ Connecticut , លោកស្រី Amy Klobuchar និង​លោកAl Franken មកពី​រដ្ឋ Minnesota, លោកស្រី Maria Cantwell មក​ពី​រដ្ឋ​ Washington, លោកSheldon Whitehouse មក​ពី​រដ្ឋ​ Rhode Islandនិង​ លោកស្រី Elizabeth Warren មក​ពី​រដ្ឋ Massachusetts។

ក្រុម​សមាជិក​ព្រឹទ្ធសភា​អាមេរិកាំង​ដែល​សុទ្ធតែ​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ដូច​គ្នា​នេះ បាន​លើកឡើង​នៅ​ពេល​នោះ​ថា ពួកគេ នៅ​តែ​មាន​សង្ឃឹម​ថា​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ ហ៊ុន សែន នឹង​គោរព​ឆន្ទៈ​ប្រជាពលរដ្ឋ​ខ្មែរ​ និង​អនុញ្ញាត​ឲ្យ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​បក្ស​ប្រឆាំង អនុវត្ត​អាណត្តិ​របស់​ពួកគេ​តាម​បែប​ប្រជាធិបតេយ្យ ដោយ​គ្មាន​ការ​ភ័យខ្លាច​ឬ​ការ​បំភិតបំភ័យ​ណាមួយ​ឡើយ។

ក្រុម​សមាជិក​ព្រឹទ្ធសភា​អាមេរិកាំង​នេះ ក៏​បាន​បន្ថែម​នៅ​ក្នុង​លិខិត​របស់​ពួកគេ​ទៀត​ថា ពួកគេ​គាំទ្រ​សមាជិក​រដ្ឋសភា​អាមេរិកាំង ដែល​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​លោក ​ហ៊ុន សែន អនុញ្ញាត​ឲ្យ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ទាំងអស់ អាច«​វិលត្រឡប់​ចូល​ក្នុង​ប្រទេស​កម្ពុជា​វិញ ដោយ​ឥត​ភ័យ​ខ្លាច​ការ​ចាប់ខ្លួន​ឬ​ការ​កាត់​ទោស»​ណាមួយ ហើយ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន «បញ្ចប់​ការ​យាយី​និង​ការ​បំភិតបំភ័យ​សកម្មជន​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​កម្ពុជា»​ផង​ដែរ។

​ការ​សរសេរ​លិខិត​របស់​ក្រុម​សមាជិក​ព្រឹទ្ធសភា​អាមេរិកាំង​នេះ បាន​ធ្វើ​ឡើង​ ​បន្ទាប់​ពី​សមាជិកសភា​២​រូប​ខាង​គណបក្ស​សង្គ្រោះ​ជាតិ បាន​រង​ការ​វាយដំ​យ៉ាង​ដំណំ​ពី​សំណាក់​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ខាង​ក្រៅ​បរិវេណ​រដ្ឋ​សភា​ជាតិ​កម្ពុជា កាល​ពី​ខែ​តុលា ឆ្នាំ​២០១៥។

លិខិត​នោះ ក៏​បាន​ផ្ញើ​ទៅ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ មុន​ពេល​លោក ធ្វើ​ដំណើរ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-អាមេរិក នៅ​តំបន់​រមណីយដ្ឋាន​សាន់នីលែន ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃ​ទី​១៥ និង​១៦ ខែ​កុម្ភៈ​ ឆ្នាំ ២០១៦។

ដោយ​ស្រង់​របាយការណ៍​របស់​សហព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិមនុស្ស ក្រុម​សមាជិក​ព្រឹទ្ធសភា​អាមេរិកាំង​ទាំង​៧​រូប​នេះ ក៏​អះអាង​ផង​ដែរ​ថា ពួកគេ​មាន​ការ​រំខាន​ចិត្ត​ដែល​ក្រុមហ៊ុន​ជាច្រើន​ទាំង​ក្នុង​ស្រុក​ទាំង​ក្រៅ​ស្រុក​និង​បុគ្គល​មួយ​ចំនួន​ដែល​មាន​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា បាន​កាន់កាប់​ផ្ទៃដី​យ៉ាង​ច្រើន​ក្នុង​ប្រទេស​កម្ពុជា។

ក្រុម​សមាជិក​ព្រឹទ្ធសភា​អាមេរិកាំង​ទាំង​នេះ អះអាង​ថា ​ការណ៍​នេះ បាន​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ពលរដ្ឋ​ប្រមាណ​៨៣ម៉ឺន​នាក់ ដោយ​ធ្វើឲ្យ​ពួកគេ​កាន់តែ​ក្រីក្រ និង​សង្គម​កាន់តែ​អស្ថិរភាព ខណៈ​ដែល​បុគ្គល​មួយ​ចំនួន​តូច កាន់​តែ​មាន​ឡើង​ ក្នុង​រយៈពេល​១៥​ឆ្នាំ​ចុងក្រោយ​នេះ។

លោក គឹម សុខ អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម​និង​នយោបាយ​នៅ​កម្ពុជា មាន​ប្រសាសន៍​ប្រាប់​VOA ថា លោក​សង្កេត​ឃើញ​ថា ជាជាង​ពិចារណា​ទៅលើអ្វី​ដែល​ក្រុម​សមាជិក​ព្រឹទ្ធសភា​អាមេរិកាំង​បាន​លើកឡើង​ក្នុង​លិខិត​របស់​ពួកគេ​នោះ គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បែរ​ជា​ធ្វើ​ផ្គើន​នឹង​ខ្លឹមសារ​នៃ​លិខិត​នោះ​ទៅ​វិញ។

«វា​ដូចជា​នយោបាយ​ដែល​មិនមែន​យក​លិខិត​របស់​សមាជិក​ព្រឹទ្ធ​សភា​ទាំង​៧​រូប​ទៅ​ពិចារណា​ទេ ប៉ុន្តែ ធ្វើ​ផ្គើន​ទៅ​ទៀត។ ធ្វើ​ផ្គើន ដោយ​បង្កើត​បញ្ហា​កាន់តែ​ខ្លាំង ហើយ​រឿង​ធំ​បំផុត គឺ​ហាក់​ដូចជា​កំពុង​រៀបចំ​ខ្លួន​ទៅ​បន្ត​ប្លន់​អំណាច​នៅ​មុន​ការបោះឆ្នោត ឬ​ដោយ​របៀប​ណាមួយ ដោយ​មិនមែន​ត្រៀម​ខ្លួន​ទៅ​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ទេ»។

អ្នកឃ្លាំមើល​វ័យ​៣៦​ឆ្នាំ ដែល​ជា​អតីត​គ្រូ​បង្រៀន​ហើយ​បច្ចុប្បន្ន​រស់នៅ​ទីក្រុង​ភ្នំពេញរូប​នេះ​ ដែល​ទើប​នឹង​លេច​មុខ​ឡើង ក្រោយ​ពី​មាន​ការ​បាញ់​សម្លាប់​អ្នក​វិភាគ​បញ្ហា​សង្គម​និង​នយោបាយ​ដ៏​លិច​ធ្លោ​ម្នាក់ គឺ​លោក​បណ្ឌិត កែម ឡី​កាល​ពី​ខែ​កក្កដា​ឆ្នាំ​មុន​នោះ បន្ត​ថា ជាជាង​អនុញ្ញាត​ឲ្យ​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង អនុវត្ត​សិទ្ធិ​នយោបាយ​របស់​ពួកគេ​ដោយ​ឥតមាន​ការ​បំភិតបំភ័យ​ទៅ​តាម​អ្វី​ដែល​ក្រុម​សមាជិក​ព្រឹទ្ធសភា​អាមេរិកាំង​ បាន​រំពឹង​នោះ គណបក្ស​កាន់អំណាច បែរ​ជា​កាន់តែ​រឹតត្បិត​និង​បំបិទ​សិទ្ធិ​សេរីភាព​របស់​បក្ស​ប្រឆាំង​ មិន​ឲ្យ​ចូល​រួម​ប្រកួតប្រជែង​នយោបាយ​ដោយ​ស្មើ​ភាព​ទៅ​ទៀត។

«គឺ​ក្នុង​របត់​មួយ​ដែល​គេ​ចង់មាន​គំនិត ក្នុង​ទិសដៅ​នៃ​ការ​ចង់​រំលាយ​គណបក្ស​ប្រឆាំង​ទៅ​ទៀត នៅ​ពេល​ដែល​គេ​មើល​ឃើញ​ថា ការ​ប្រកួតប្រជែង​ដោយ​សន្លឹកឆ្នោត​ប្រជារាស្ត្រ​អាច​នឹង​មិនបាន​ផល​ដល់​ការ​បន្ត​អំណាច​របស់​គេ»។

ប្រទេស​កម្ពុជា គ្រោង​នឹង​ធ្វើ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី​៤​របស់​ខ្លួន​នៅ​ខែ​មិថុនា​ឆ្នាំ​២០១៧​នេះ​ និង​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៦​នៅ​ឆ្នាំ​២០១៨។

លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​ប្រាប់VOA​កាល​ពី​ថ្ងៃ​អង្គារ​នេះថា កម្ពុជា ជា​រដ្ឋ​អធិបតេយ្យ​មួយ ដែល​មិន​មែន​ចេះ​តែ​អនុវត្ត​តាម​ការ​ចង់បាន​ឬ​ទាមទារ​របស់​បរទេស​ណាមួយ​នោះ​ទេ។

«ព្រះរាជាណាចក្រ​កម្ពុជា ជា​រដ្ឋ​ឯករាជ្យ​និង​មាន​អធិបតេយ្យ។ អ្វី​ដែល​មិន​មែន​ស្ថិត​ក្នុង​អធិបតេយ្យ​របស់​ជាតិ​ទេ អាហ្នឹង មិន​អាច​អនុវត្ត​តាម​បាន​ទេ។ មិន​មែន​អ្នក​ក្រៅ​ ចេះ​តែ​សរសេរ​សំបុត្រ​មក​តាពីសតាពាស [តាទីសតាទាស] បាន​ទេ»។

លោក​បន្ត​ថា គណបក្ស​កាន់អំណាច ក៏​មិន​បាន​បំបិទ​សិទ្ធិ​នយោបាយ​របស់​បក្ស​ប្រឆាំង​ មិន​ឲ្យ​ចូលរួម​ក្នុងការ​ប្រកួតប្រជែង​នយោបាយ​ដោយ​ស្មើ​ភាព​គ្នា​ ដូច​ការ​លើកឡើង​របស់​អ្នក​រិះគន់​នោះ​ដែរ។

«គណបក្ស​ប្រជាជន​កម្ពុជា​ ក៏​មិន​មាន​ចេតនា​ណាមួយ​ទប់ស្កាត់​ឬ​រារាំង​ មិន​ឲ្យ​ សម រង្ស៊ី ចូល​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះឆ្នោត​ទេ ក៏ប៉ុន្តែ ដោយសារ​គាត់​ពាក់ព័ន្ធ​នឹង​សាលក្រម​ស្ថាពរ​របស់​តុលាការ អា​ហ្នឹង គាត់​មិន​ហ៊ាន​ចូល​ស្រុក​ខ្លួន​ឯង។ អញ្ចឹង​ទេ កុំ​បន្ទោស​អ្នក​ដទៃ ពីព្រោះ​គាត់​ខ្លាច​គុក»។

ប៉ុន្តែ លោក សុខ ឥសាន​ មិន​បាន​បញ្ជាក់​ឲ្យ​ចំថា​តើ​រដ្ឋាភិបាល​កម្ពុជា នឹង​ហ៊ាន​ដក​បម្រាម ដែល​បាន​ហាម​មេដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ មិន​ឲ្យ​ចូល​ស្រុក​វិញ​នោះ​ទេ។

ឆ្លើយតប​ទៅ​នឹង​ការ​លើកឡើង​របស់​ក្រុម​សមាជិក​ព្រឹទ្ធសភា​អាមេរិកាំង ដែល​បាន​ស្រង់​របាយការណ៍​អង្គការ​សិទ្ធិមនុស្ស​ ដែល​លើកឡើង​ថា មាន​តែ​ជន​មួយ​ក្ដាប់​តូច​ប៉ុណ្ណោះ​នៅ​កម្ពុជា ដែល​ធ្វើ​ឲ្យ​ខ្លួនឯង​មាន​បាន ខណៈ​ពលរដ្ឋ​ខ្មែរ​រាប់​សែន​នាក់​ ត្រូវ​រង​ផល​ប៉ះពាល់​ដោយសារ​ការ​រំលោភ​បំពាន​យក​ដី​ធ្លី​ពី​សំណាក់​ក្រុមហ៊ុន​និង​បុគ្គល​មួយ​ចំនួន​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​កម្ពុជា​នោះ លោក សុខ ឥសាន​ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖

«នៅ​អាមេរិក ក៏​មិន​មាន​សេដ្ឋី​ទាំង​៣០០​លាន​នាក់​ហ្នឹង​ទេ។ សេដ្ឋី មាន​តែ​ប៉ុន្មាន​នាក់​ហ្នឹង​ទេ អញ្ចឹង​ខ្ញុំ​យល់​ថា​ឯកឧត្ដម​តំណាងរាស្ត្រ​ព្រឹទ្ធសភា​អាមេរិក​ហ្នឹង ដូចជា​មើល​ឃើញ​កម្ពុជា​ហ្នឹង ដូច​ជា​ខ្មៅ​ទាំង​អស់»។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ បន្ថែម​ថា ទិដ្ឋភាព​ជាក់​ស្ដែង នៅ​កម្ពុជា ​ខុស​គ្នា​នឹង​ទិដ្ឋភាព​ដែល​មើល​មក​ពី​អ្នក​នៅ​ខាង​ក្រៅ​ប្រទេស។

«កម្ពុជា​នៅ​អាមេរិក​ផ្សេង កម្ពុជា​នៅ​ភ្នំពេញ​នេះ​ផ្សេង។ អញ្ចឹង​ទេ បាន​សេចក្ដី​ថា អស់លោក​ព្រឹទ្ធសភា​ហ្នឹង និយាយ​វា​អត់​ត្រូវ​ពី​សភាពការណ៍​ពិត​នៅ​កម្ពុជា​ទេ».

លោក អៀង វុទ្ធី នាយក​អង្គការ​សមធម៌​កម្ពុជា ដែល​បាន​តាម​ដាន​ការ​វិវត្តន៍​ខាង​បញ្ហា​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​កម្ពុជា​យ៉ាង​ជាប់​លាប់​ដែរ​នោះ បាន​ថ្លែង​ប្រាប់​VOA នៅ​ថ្ងៃ​ពុធ​នេះ​ថា ទោះបី​ជា​រដ្ឋាភិបាល​កម្ពុជា មាន​សិទ្ធិ​ឆ្លើយតប​ឬ​មិន​ឆ្លើយតប​តាម​បែប​ណាមួយ​ទៅ​កាន់​ក្រុម​សមាជិក​ព្រឹទ្ធសភា​អាមេរិកាំង​ក៏​ដោយ ក៏​រដ្ឋាភិបាល​នៅ​តែ​មាន​កាតព្វកិច្ច​ ឆ្លើយតប​ទៅ​តាម​ការ​ចង់​បាន​របស់​ពលរដ្ឋ​ខ្លួន​ដែរ។​

«ចុងក្រោយ​គឺ​រដ្ឋាភិបាល​ជា​អ្នក​ដែល​ធ្វើ​ការ​សម្រេច​ចិត្ត​ថា​តើ​គួរ​ធ្វើ​យ៉ាង​ណា ដើម្បី​ធ្វើ​ឲ្យ​បញ្ហា​សិទ្ធិមនុស្ស​ឲ្យ​ល្អ​ប្រសើរ​ឡើង។ នេះ​គឺ​ជា​កាតព្វកិច្ច​របស់​រដ្ឋ ជាពិសេស​រដ្ឋ​ដែល​កំពុង​តែ​ធ្វើការ​បម្រើ​ប្រជាពលរដ្ឋ​នេះ​ឯង»។​

យ៉ាង​ណា​ក៏​ដោយ សមាជិក​ព្រឹទ្ធសភា​អាមេរិកាំង​ទាំង​៧​រូប បាន​ថ្លែង​នៅ​ក្នុង​លិខិត​របស់​ពួកគេ​ទៅកាន់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​កាល​ពី​ឆ្នាំ​មុន​នោះ​ថា ដោយ​សហរដ្ឋ​អាមេរិកាំង​គឺ​ជា​ប្រទេស​ហត្ថលេខី​មួយ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ពួកគេ​ «នឹង​បន្ត​ត្រួត​ពិនិត្យ​មើល​ការ​វិវត្តន៍​របស់​កម្ពុជា​យ៉ាង​យកចិត្ត​ទុកដាក់​តទៅទៀត»៕ ​

អត្ថបទ​ទាក់ទង

XS
SM
MD
LG