អង្គការសង្គមស៊ីវិលជាតិអង្គការយូណេស្កូនិងតំណាងស្ថានទូតស៊ុយអែត នៅថ្ងៃច័ន្ទនេះ បានជំរុញឲ្យការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន គោរពតាមស្តង់ដារអន្តរជាតិដោយបង្ហាញក្តីព្រួយបារម្ភទៅលើការចែងមិនច្បាស់ អំពីព័ត៌មានសម្ងាត់និងការដាក់ទោសទណ្ឌមន្រ្តី ដែលមានចេតនាមិនបញ្ចេញព័ត៌មាន។
ពួកគេបានលើកឡើងបែបនេះនៅក្នុងកម្មវិធីមួយ ដើម្បីអបអរសាទរទិវាអន្តរជាតិសម្រាប់សិទ្ធិទទួលបានព័ត៌មានជាសាកលឆ្នាំ ២០២០ ដែលធ្វើឡើងនៅរាជធានីភ្នំពេញ និងនៅក្នុងសន្និសីទសារព័ត៌មានដាច់ដោយឡែក ដែលធ្វើឡើងដោយអង្គការសង្គមស៊ីវិល។
ការពិភាក្សាផ្នែកបច្ចេកទេសអំពីសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ដែលមានសារប្រយោជន៍សម្រាប់សាធារណជនទូទៅ និងអ្នកសារព័ត៌មាន ក្នុងការសុំព័ត៌មានពីស្ថាប័នសាធារណៈត្រូវបានបញ្ចប់ ហើយគ្រោងនឹងត្រូវអនុម័តឲ្យបាន នៅចុងឆ្នាំ ២០២០ នេះ។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងព័ត៌មានលោក មាស សុភ័ណ្ឌ។
នៅក្នុងកម្មវិធីមួយដែលរៀបចំដោយអង្គការយូណេស្កូ នៅព្រឹកថ្ងៃច័ន្ទនេះ លោក Sardar Umar Alam តំណាងអង្គការយូណេស្កូប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា ការទទួលបានព័ត៌មានត្រូវតែទទួលស្គាល់នៅក្នុងការអភិវឌ្ឍប្រកបដោយចីរភាព ហើយវាជាធាតុចំបាច់ដំបូងសម្រាប់ប្រទេសក្នុងការគោរព និងលើកកម្ពស់និងការពារសិទ្ធិមនុស្ស។ លោកជំរុញឲ្យច្បាប់នេះធ្វើឡើងស្របតាមស្តង់ដារអន្តរជាតិ។
លោកមានប្រសាសន៍ថា៖ «យើងជឿជាក់ថាសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន នឹងត្រូវបានអនុម័តឆាប់ៗនេះ ហើយនឹងស្របតាមស្តង់ដារអន្តរជាតិស្តីពីសេរីភាពនៃការបញ្ចេញមតិ។ គោលការណ៍ចម្បងនៃការទទួលបានព័ត៌មាន មានគោលគំនិតគាំទ្រការទទួលបានព័ត៌មានជាអតិបរមាដោយមានការលើកលែងតិចតួច»។
ក្នុងឱកាសនោះផងដែរ លោកស្រី Camilla Ottosson លេខាទីមួយនៃស្ថានទូតស៊ុយអែតប្រចាំកម្ពុជា បានថ្លែងដូចគ្នាថា លោកស្រីសង្ឃឹមថា ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននេះនឹងស្របតាមស្តង់ដារអន្តរជាតិ។ លោកស្រីក៏បានសម្តែងការព្រួយបារម្ភអំពីការបំភិតបំភ័យ និងការយាយីដែលកំហិតសេរីភាពនៃការបញ្ចេញមតិ និងការចងក្រងសមាគមក្នុងប្រទេសកម្ពុជា។
លោកស្រីថ្លែងបន្ថែមថា៖ «ការសម្របខ្លួនទៅនឹងបច្ចេកវិទ្យាថ្មីប្រហែលមានភាពចាំបាច់ ប៉ុន្តែវាមិនមានន័យថា បន្ទាបស្តង់ដារ[នៃសិទ្ធិមនុស្ស]ទេ។ សិទ្ធិដែលមាននៅខាងក្រៅពីប្រព័ន្ធអនឡាញក៏ត្រូវតែការពារ ដូចគ្នានឹងប្រព័ន្ធអនឡាញដែរ ជាពិសេសទាក់ទងនឹងសេរីភាពនៃការបញ្ចេញមតិ»។
មាត្រា ៣ នៃសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ដែល VOA ទទួលបាន ចែងថា ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះព័ត៌មានគ្រប់ប្រភេទ ដែលត្រូវផ្តល់ដោយស្ថាប័នសាធារណៈ ទាំងរដ្ឋបាលថ្នាក់ជាតិ ទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ លើកលែងតែព័ត៌មានសម្ងាត់ដែលស្ថិតក្នុងបទបញ្ញត្តិហាមឃាត់។
សេចក្តីព្រាងច្បាប់ឲ្យដឹងថា ព័ត៌មានសម្ងាត់ដែលស្ថាប័នសាធារណៈអាចបដិសេធមិនផ្តល់ឲ្យមាន ដូចជាព័ត៌មានបណ្តាលឲ្យអន្តរាយ និងប៉ះពាល់ដល់វិស័យសាធារណៈនិងឯកជន ដូចជាអន្តរាយដល់វិស័យការពារជាតិ និងសន្តិសុខជាតិ ដូចជាការនាំចូល ការផលិត ការរក្សាទុក និងការប្រើប្រាស់គ្រឿងសព្វាវុធគ្រប់ប្រភេទ។
ព័ត៌មានដែលបណ្តាលឲ្យអន្តរាយដល់ទំនាក់ទំនងជាមួយរដ្ឋបរទេស ឬអន្តរជាតិព័ត៌មានធ្វើឲ្យអន្តរាយដល់សេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាតិ។ ព័ត៌មានបណ្តាលឲ្យរាំងស្ទះដល់ដំណើរការស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌ ការអនុវត្តច្បាប់និងការសម្ងាត់របស់តុលាការ ដែលត្រូវយកមកអនុវត្ត។ ព័ត៌មានដែលបណ្តាលឲ្យប៉ះពាល់ដល់ជីវភាពឯកជន ព័ត៌មានសម្ងាត់ដែលទាក់ទងទៅនឹងកិច្ចប្រជុំផ្ទៃក្នុង និងដំណើរនៃការតែងតាំងរបស់ស្ថាប័នសាធារណៈ និងព័ត៌មានសម្ងាត់ដទៃទៀត ដែលបទបញ្ញត្តិហាមឃាត់។
នាយកវិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយកម្ពុជា (API) លោក ឡាំ សុជាតិ មានប្រសាសន៍ថាស្ថាប័នសាធារណៈត្រូវរៀបចំព័ត៌មាននិងបញ្ចេញទៅឲ្យប្រជាពលរដ្ឋតាមលទ្ធភាពដែលអាចធ្វើទៅបាន ដោយមិនបាច់ប្រជាពលរដ្ឋសុំនោះទេ។ ប៉ុន្តែ លោកបារម្ភអំពីការមិនចែងច្បាស់ទាក់ទងនឹងទណ្ឌកម្មលើមន្រ្តី ដែលមានចេតនាមិនផ្តល់ព័ត៌មាន។
លោកមានប្រសាសន៍ថា៖ «ដាក់ទោសទណ្ឌទណ្ឌកម្ម ហើយនិងកិច្ចការពារឲ្យច្បាស់លាស់ដែលមន្រ្តីធ្វេសប្រហែស ឬក៏មិនបញ្ចេញ(ពត៌មាន)ដោយចេតនា។ បើមិនឲ្យត្រូវតែមានទោស....ឲ្យច្បាស់លាស់»។
លោកបន្តថា ការចែងអំពីព័ត៌មានសម្ងាត់នៅក្នុងសេចក្តីព្រាងច្បាប់នេះ នៅមានចំណុចខ្វះខាតនៅឡើយ ជាពិសេសត្រង់ចំណុចនៃការចែងថា «ព័ត៌មានដទៃទៀតស្ថិតក្នុងបញ្ញត្តិហាមឃាត់»។ លោកថា ការចែងចំណុចនេះធ្វើឲ្យច្បាប់នេះមិនមានអំណាចលើព័ត៌មានសម្ងាត់ផ្សេងៗ ដែលស្ថាប័នសាធារណៈខ្លួនឯងចាត់ទុកជាព័ត៌មានសម្ងាត់ហើយមិនចង់បញ្ចេញទៅសាធារណជន។
នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃច័ន្ទនេះ លោក អ៊ិត សូធឿត នាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ស្នើសុំឲ្យបន្ថយរយៈពេលនៃការទទួលបានព័ត៌មានដែលមានការកំណត់រហូតដល់ ១៥ ថ្ងៃ នៃថ្ងៃធ្វើការដែលលោកថា គួរតែមានការកំណត់ត្រឹមតែ ៥ ថ្ងៃបានហើយ។
លោកមានប្រសាសន៍ថា៖ «យើងឃើញថា រយៈពេល ១៥ ថ្ងៃនៃថ្ងៃធ្វើការនេះ វាមានរយៈពេលយូរបន្តិច។ បើយើងគិតទៅតាមប្រតិទិន វាអាចឡើងទៅដល់៣សប្តាហ៍»។
លោក ឡាំ សុជាតិ នាយកវិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយកម្ពុជា (API) មានប្រសាសន៍ថា ស្ថាប័នសាធារណៈអាចផ្តល់ព័ត៌មានភ្លាមៗដល់ប្រជាពលរដ្ឋ ប្រសិនបើព័ត៌មានទាំងនោះមាននៅក្នុងដៃដោយមិនចាំបាច់រង់ចាំដល់ទៅជាង១៥ថ្ងៃ។
លោកមានប្រសាសន៍ថា៖ «ប្រសិនបើគាត់អង្គុយចាំបាន អង្គុយយកតែម្តង បានន័យថាត្រឹមសាលាឃុំសាលាស្រុកសាលាអីហ្នឹង គឺសុំភ្លាមបានភ្លាម។ បើសិនព័ត៌មានវាមកដល់ថ្នាក់ជាតិ ឆ្លងកាត់ក្រសួងច្រើន អាចថាមួយអាទិត្យអីបានហើយ»។
លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មានមានប្រសាសន៍ថា មានប្រមាណ ៥ ប្រទេសនៃសមាជិកអាស៊ាន ដែលមានច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននេះ។ លោកបន្ថែមថា ច្បាប់នេះជាធាតុផ្សំមួយយ៉ាងសំខាន់ នៅក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
ត្រង់ការរិះគន់អំពីព័ត៌មានសម្ងាត់លោក មាស សុភ័ណ្ឌ មានប្រសាសន៍ថា ច្បាប់របស់ប្រទេសឥណ្ឌូនេស៊ីក៏ចែងអំពីព័ត៌មានសម្ងាត់ដទៃទៀត ដែលបទបញ្ញត្តិហាមឃាត់ដែរ។
លោកមានប្រសាសន៍ថា៖ «អ៊ីចឹងត្រូវយល់សិទ្ធិទទួលបានព័ត៌មាន ប្រជាពលរដ្ឋមានសិទ្ធិទទួលបានព័ត៌មាន លើកលែងតែព័ត៌មានសម្ងាត់។ អ៊ីចឹងយើងអត់អាចនិយាយបានថា ព័ត៌មានសម្ងាត់ត្រូវតែប៉ុននេះទេ។ សេចក្តីព្រាងច្បាប់យើងនេះក៏យើងមិនទាន់ចែងអស់ អំពីព័ត៌មានសម្ងាត់ដែរ។ យើងត្រូវទទួលស្គាល់ជារួមទៅលើលទ្ធផលនេះ។ ច្បាប់ឥណ្ឌូនេស៊ីក៏គេដាក់ចំណុចហ្នឹងដែរ។ អ៊ីចឹងយើងទៅមើលកុំថា កម្ពុជាចម្លែកម្ល៉េះសរសេរច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានចុងក្រោយ ដាក់ព័ត៌មានសម្ងាត់នៅក្នុងច្បាប់ដទៃទៀត»។
ត្រង់ការដាក់ទោសទណ្ឌលើមន្រ្តី លោក មាស សុភ័ណ្ឌ មានប្រសាសន៍ថា៖ «ប្រសិនបើមន្រ្តីទទួលបន្ទុកសារព័ត៌មាន ឬមន្រ្តីស្ថាប័នសាធារណៈអាក់ខាន ឬក៏មិនបានបំពេញតួនាទីភារកិច្ចតាមខ្លឹមសារនៃច្បាប់ គឺគាត់មានការទទួលខុសត្រូវចំពោះមុខច្បាប់។ អ៊ីចឹងនៅក្នុងនេះ យើងមានចែងអំពីវិន័យទាំងទោសទណ្ឌសម្រាប់មន្រ្តីទទួលបន្ទុកព័ត៌មាន»។
លោកបន្តថា ច្បាប់នេះក៏មានការចែងអំពីកិច្ចការរបស់អង្គភាពព័ត៌មាននៅក្នុងស្ថាប័នសាធារណៈ ដែលត្រូវរៀបចំព័ត៌មានសម្រាប់សាធារណជន។ លោកថា នៅពេលដែលសេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័ត ក្រសួងព័ត៌មាននឹងរៀបចំផ្សព្វផ្សាយទៅតាមស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ឲ្យយល់ដឹងអំពីច្បាប់នេះ៕