ការចាប់ខ្លួនអ្នកសារព័ត៌មានម្នាក់ទៀតគឺលោក រស់ សុឃិត ចាងហ្វាងសារព័ត៌មានជាតិខ្មែរកាលពីចុងសប្តាហ៍មុននាំឲ្យមានការព្រួយបារម្ភបន្ថែមទៀតទៅលើសេរីភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិនៅកម្ពុជា ជាពិសេសការបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុករិះគន់រដ្ឋាភិបាល។
កន្លងទៅសកម្មជនរបស់គណបក្សសង្រ្គោះជាតិនៅថ្នាក់ក្រោមជាគោលដៅនៃការចាប់ខ្លួន ប្រសិនបើពួកគេរិះគន់រដ្ឋាភិបាលលើបណ្តាញសង្គមហ្វេសប៊ុក ដែលរដ្ឋាភិបាលយល់ថាជាការញុះញង់ ឬប្រមាថថ្នាក់ដឹកនាំ។
ចាប់ពីខែមេសាអ្នកសារព័ត៌មាន៣នាក់ត្រូវបានចាប់ខ្លួន ដោយសារការបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកការសរសេរ ឬការរាយការណ៍តាមបណ្តាញសង្គមមួយនេះ។ ក្នុងនោះមានលោក សុវណ្ណ រិទ្ធី ដែលជាអ្នកសារព័ត៌មានរបស់ TVFB លោក សុខ ឧត្តម ដែលជាអ្នកសារព័ត៌មាននៅខេត្តកំពង់ឆ្នាំង និងចុងក្រោយ គឺលោក រស់ សុឃិត។
កាលពីសប្តាហ៍មុនតុលាការភ្នំពេញបានចេញបញ្ជាឲ្យនាំខ្លួនលោក រស់ សុឃិត ចាងហ្វាងសារព័ត៌មានជាតិខ្មែរ ឲ្យមកបង្ហាញខ្លួនតាមដីការបស់តុលាការ ចុះថ្ងៃទី២៤ ខែមិថុនា។
ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញលោក សេង ហៀង បានសរសេរនៅក្នុងដីកានោះថា តុលាការបានឃើញរបាយការណ៍ ចុះថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ របស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការនគរបាលរាជធានីភ្នំពេញ ដូច្នេះតុលាការបង្គាប់ឲ្យនាំខ្លួនលោក រស់ សុឃិត អាយុ៤១ឆ្នាំ ឲ្យមកបង្ហាញខ្លួននៅការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យបានមុនថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ដើម្បីសាកសួរពីដំណើររឿង« ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
ថ្វីបើដីកាតុលាការសរសេរថាការចាប់ខ្លួននេះ យោងតាមរបាយការណ៍របស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការនគរបាលរាជធានីភ្នំពេញក៏ដោយ លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញប្រាប់ VOA នៅថ្ងៃពុធនេះថា សមត្ថកិច្ចអនុវត្តតាមដីការបស់តុលាការតែប៉ុណ្ណោះ។
លោក ស ថេតបន្ត ថា សមត្ថកិច្ចបានចាប់ខ្លួនលោក រស់ សុឃិត ក្នុងខេត្តកំពង់ឆ្នាំង ហើយបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញប៉ុន្មានថ្ងៃមកហើយ។ លោកស្នើឲ្យសួរទៅខាងតុលាការរាជធានីភ្នំពេញវិញ។
អ្នកនាំពាក្យរបស់សាលាដំបូងរាជធានីភ្នំពេញលោក គុជ គឹមឡុង មិនឆ្លើយតបនឹងសំណួររបស់ VOA នៅថ្ងៃពុធនេះទេ។
ហ្វេសប៊ុករបស់លោក រស់ សុឃិត ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៥ ពេលដែលលោកត្រូវបានចាប់ខ្លួននោះ សរសេររិះគន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត។
ក្នុងចំណោមនោះមានការបង្ហោះសារមួយដែលលើកឡើងថា៖ «លោក ហ៊ុន សែន កំពុងទ័លច្រករឿងពលរដ្ឋធ្លាក់ខ្លួនក្រីក្រ គ្មានលុយសងធនាគារ ក៏លើកទឹកចិត្តឲ្យធនាគាររឹបអូសទ្រព្យសម្បត្តិពលរដ្ឋណាស្តាប់តាមក្រុមប្រឆាំង មិនព្រមសងលុយឲ្យធនាគារ»។
នេះជាការថ្លែងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០។
លោក ហ៊ុន សែន មានប្រសាសន៍កាលនោះថា៖ «ប៉ុន្តែខ្ញុំនឹងគាំទ្រឲ្យមានការរឹបអូស ប្រសិនបើអ្នកដែលជំពាក់ធនាគារបន្តការឃោសនាចលនាអ្នកដទៃខ្លួនឯង ក៏មិនបង់ស្អី ក៏មិនបង់ អ៊ីចឹងធនាគារប្តឹងរឹបអូសតែម្តងទៅ!»
ចំណែកការបង្ហោះមួយទៀតនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក រស់ សុឃិត មានអត្ថន័យថា៖«លោក ហ៊ុន សែន នឹងបាត់បង់អ្វីៗទាំងអស់ បើនៅតែចចេសចង់លើកបន្តុបកូនខ្លួនធ្វើជានាយករដ្ឋមន្ត្រីនោះ! យួនមិនគាំទ្រ ហ៊ុន ម៉ាណែត ឡើយ»។
លោក ណុប វី នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) លើកឡើងថា ដោយសារសម័យបច្ចេកវិទ្យាអ្នកសារព័ត៌មានបានប្រើប្រាស់បណ្តាញសង្គមសរសេរជាអត្ថបទព័ត៌មាន និងសរសេរបែបបញ្ចេញមតិរបស់ពួកគេផងដែរ។ លោកថា ទាំងអស់នេះជាការបញ្ចេញមតិ ហើយមិនគួរមានការរឹតត្បិតនោះទេ។
លោកមានប្រសាសន៍ថា៖ «ដូច្នេះការចាត់វិធានការដោយប្រើប្រាស់ច្បាប់ទៅលើសេរីភាពនៃការបញ្ចេញមតិ សេរីភាពនៃការសរសេរជា opinion (មតិ) របស់អ្នកសារព័ត៌មាន ក៏ជាផ្នែកមួយនៃការប៉ះទង្គិចដល់ការអនុវត្តសេរីភាពសារព័ត៌មានរបស់អ្នកសារព័ត៌មានយើងផងដែរ»។
លោក ណុប វី បន្តថាការចាប់ខ្លួនអ្នកសារព័ត៌មានជាបន្តបន្ទាប់ជាសញ្ញាមួយនៃការរឹតត្បិតទៅលើការងាររបស់អ្នកសារព័ត៌មានហើយជាការគំរាមទៅលើសិទ្ធិទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ។លោកបន្តថាការចាប់ខ្លួននេះនឹងនាំឲ្យអ្នកសារព័ត៌មានផ្សេងទៀតមានភាពភ័យខ្លាចនៅក្នុងការសរសេរ។
អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders) កាលពីថ្ងៃអង្គារ បានទាមទារឲ្យអាជ្ញាធរខ្មែរដោះលែងលោក រស់ សុឃិត ដោយអង្គការនេះចាត់ទុកថា ការចាប់ខ្លួនអ្នកកាសែតជាវិធានការរដ្ឋាភិបាលក្នុងការបំបិទសំឡេងប្រឆាំង។
លោក Daniel Bastard ប្រធានផ្នែកតំបន់អាស៊ីប៉ាស៊ីហ្វិកនៃអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា៖ «ការឃុំខ្លួនលោក រស់ សុឃិត ដោយសារការបង្ហោះសារចំនួនពីររិះគន់លោកនាយករដ្ឋមន្ត្រីនេះបង្ហាញថា រដ្ឋាភិបាលកម្ពុជាកំពុងតែអនុវត្តវិធីសាស្ត្ររបស់របបផ្តាច់ការដ៏អាក្រក់បំផុត»។
អ្នកនាំពាក្យរបស់ក្រសួងព័ត៌មានលោក មាស សុភ័ណ្ឌ លើកឡើងថា នេះមិនមែនការជារឹតត្បិតសេរីភាពសារព័ត៌មាន ឬសេរីភាពនៃការបញ្ចេញមតិនោះទេ។ លោកបន្តថា ការចាប់ខ្លួននិងចោទប្រកាន់អ្នកសារព័ត៌មានកន្លងមក ជាការអនុវត្តច្បាប់តែប៉ុណ្ណោះ។
លោកប្រាប់ VOA នៅថ្ងៃពុធនេះថា៖ «ការអនុវត្តកន្លងមកនេះរបស់ស្ថាប័នមានសមត្ថកិច្ច វាមិនមែនជាការរឹតត្បិតសេរីភាពសារព័ត៌មាន ឬរឹតត្បិតសេរីភាពនៃការបញ្ចេញមតិទេ គឺជាការអនុវត្តច្បាប់»។
លោក មាស សុភ័ណ្ឌ មានប្រសាសន៍ថា ក្រសួងព័ត៌មានកំពុងតែពិនិត្យទៅតាមនីតិវិធីរដ្ឋបាលលើការដកអាជ្ញាបណ្ណសារព័ត៌មានជាតិខ្មែររបស់លោក រស់ សុឃិត។
បើតាមអ្នកនាំពាក្យក្រសួងព័ត៌មានរូបនេះ ចាងហ្វាងសារព័ត៌មានជាតិខ្មែរលោក រស់ សុឃិត ទទួលបានការបន្តអាជ្ញាបណ្ណអនុញ្ញាតនៅច្រកចេញចូលតែមួយថ្នាក់រាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ ដែលមានសុពលភាព១ឆ្នាំ៕