មន្រ្តីតុលាការកំពូល នៅព្រឹកថ្ងៃពុធនេះ បានសម្រេចច្រានចោលបណ្តឹងសាទុក្ខរបស់អតីតអ្នកសារព័ត៌មានអាស៊ីសេរីពីរនាក់ គឺលោក យាង សុធារិន្ទ និងលោក អ៊ួន ឈិន ដោយអនុញ្ញាតឲ្យបន្តការស៊ើបអង្កេត ខណៈអ្នកទាំងពីរអំពាវនាវកុំឲ្យយកពួកគេជា«ចំណាប់ខ្មាំង»។
នៅម៉ោងជាង ៨និង៣០នាទីព្រឹកនេះ លោកស្រី គឹម សត្ថាវី ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល បានប្រកាសថា ការសម្រេចរបស់សាលាឧទ្ធរណ៍កាលពីកន្លងមក «ត្រឹមត្រូវតាមច្បាប់ទៅហើយ» ដូច្នេះបដិសេធបណ្តឹងសាទុក្ខរបស់ពួកគេ។
លោក យាង សុធារិន្ទ អតីតការីនិពន្ធនិងលោក អ៊ួន ឈិន អតីតអ្នកថតវីដេអូរបស់វិទ្យុអាស៊ីសេរីបានប្តឹងសាទុក្ខប្រឆាំងនឹងសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍និងសាលាដំបូងរាជធានីភ្នំពេញ ក្នុងការបើកការស៊ើបអង្កេតបន្ថែមទៅលើបទចោទប្រកាន់ប្រឆាំងអ្នកទាំងពីរពីបទ «ផលិតរូបភាពអាសអាភាស»។ បទចោទនេះបន្ថែមពីលើបទចោទ «ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលអាចធ្វើឱ្យអន្តរាយដល់ការការពារជាតិ» ក្រោយអ្នកទាំងពីរត្រូវបានចាប់ខ្លួន កាលពីខែវិច្ឆិកា ឆ្នាំ២០១៧។
លោក យាង សុធារិន្ទ ប្រាប់ក្រុមអ្នកយកព័ត៌មាននៅតុលាការកំពូលនៅព្រឹកថ្ងៃពុធនេះថាការសម្រេចរបស់តុលាការកំពូលជាការបន្តអូសបន្លាយពេលម្តងទៀត ដោយសារការស៊ើបអង្កេតរបស់តុលាការបានប្រើពេលអស់ជិត៣ឆ្នាំមកហើយ។ លោកបន្តថា នេះប៉ះពាល់សេរីភាពរបស់លោកក្នុងការបន្តអាជីពជាអ្នកសារព័ត៌មាន និងការរស់នៅប្រចាំថ្ងៃ។
លោកមានប្រសាសន៍ថា៖ «ជាទូទៅតុលាការជាកន្លែងដែលរកយុត្តិធម៌ រកសេរីភាពជូនប្រជាពលរដ្ឋរបស់ខ្លួន។ នៅពេលដែលសំណុំរឿងមិនមានបញ្ហាអី ហើយគិតតែអូសបន្លាយអញ្ចឹង ហើយអញ្ចឹងវាធ្វើឲ្យប៉ះពាល់អារម្មណ៍របស់មនុស្ស ភាពជំនឿចិត្តលើប្រព័ន្ធតុលាការ»។
លោកបន្ថែមថា ការបន្តការស៊ើបអង្កេតនេះ ជាការគំរាមកំហែងដល់អ្នកសារព័ត៌មានឯករាជ្យនិងអតីតអ្នកកាសែតអាស៊ីសេរីផ្សេងទៀត។ លោកចាត់ទុកការចោទប្រកាន់រូបលោក ជាការផ្សាភ្ជាប់នឹងរឿងនយោបាយ ហើយលោកជំរុញកុំឲ្យយករូបលោកជា «ចំណាប់ខ្មាំង»។
លោកបញ្ជាក់ថា៖ «អ្វីដែលខ្ញុំចង់បានពីតុលាការ មិនចង់ឲ្យយកពួកខ្ញុំជាចំណាប់ខ្មាំងទេ ព្រោះខ្ញុំជាប្រជាពលរដ្ឋមួយដែរ»។
ឈរនៅក្បែរគ្នាក្រៅរបងតុលាការកំពូល ដោយមានពាក់ម៉ាស់ផងនោះ លោក អ៊ួន ឈិន ក៏បានអំពាវនាវឲ្យបញ្ចប់ការធ្វើទុក្ខបុកម្នេញរូបលោកផងដែរ។
លោកមានប្រសាសន៍ថា៖ «សំណូមពរដូចសុធារិន្ទ និយាយពីខាងដើម សូមឲ្យផ្តល់យុត្តិធម៌ដល់ពួកយើង ហើយកុំឲ្យយកពួកយើងជាចំណាត់ខ្មាំង ហើយកុំធ្វើទុក្ខបុកម្នេញពួកយើង»។
លោក យី សុខសាន្ត មន្រ្តីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមអាដហុក ដែលបានឃ្លាំមើលការប្រកាសសេចក្តីសម្រេចនេះ មានប្រសាសន៍នៅខាងក្រៅរបងតុលាការថាការបន្តការស៊ើបអង្កេត មិនទម្លាក់ចោលការចោទប្រកាន់លើពួកគេ នាំឲ្យប៉ះពាល់ដល់ផ្លូវចិត្តអ្នកទាំងពីរ។
លោកមានប្រសាសន៍ថា៖ «ចោទប្រកាន់គាត់ ទោះដាក់ឲ្យគាត់នៅក្រៅឃុំក៏ដោយ ក៏ប៉ុន្តែអាការណ៍ដែលរឿងក្តីរបស់គាត់ ដែលមិនទម្លាក់ចោលការចោទប្រកាន់របស់គាត់ហ្នឹង វាធ្វើឲ្យប៉ះពាល់អារម្មណ៍ផ្លូវចិត្តរបស់គាត់ ហើយបើយើងនិយាយទៅ វាជាការធ្វើទុក្ខបុកម្នេញដល់ផ្លូវចិត្ត ធ្វើឲ្យគាត់ សូម្បីរកស៊ីក៏មិនបាន ធ្វើអីក៏មិនបានដែរ»។
បច្ចុប្បន្ននេះ អតីតអ្នកកាសែតអាស៊ីសេរីទាំងពីរនាក់ត្រូវបានតុលាការអនុញ្ញាតឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ដើម្បីរង់ចាំការជំនុំជម្រះក្តី បន្ទាប់ពីពួកគេបានជាប់ឃុំឃាំងក្នុងពន្ធនាគារប្រមាណ ១០ខែ៕