រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកនិងចិនមានគម្រោងនឹងជួបប្រជុំជាមួយគ្នានៅថ្ងៃសុក្រនេះនៅក្នុងប្រទេសសិង្ហបុរីខណៈពេលដែលសន្និសីទកំពូលស្តីពីសន្តិសុខ Shangri-La Dialogue កំពុងប្រព្រឹត្តទៅ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរដ្ឋចិន ហើយត្រូវបានផ្សព្វផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP។
កិច្ចប្រជុំរវាងរដ្ឋមន្ត្រីការពារជាតិចិនលោក Wei Fenghe និងរដ្ឋមន្ត្រីការពារអាមេរិកលោក Lloyd Austin គឺជាកិច្ចប្រជុំដំបូងរវាងមេដឹកនាំការពារជាតិនៃប្រទេសទាំង២ចាប់តាំងពីលោក Austin ចូលកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិអាមេរិកមក។ នេះបើតាមការផ្សព្វផ្សាយរបស់ទូរទស្សន៍រដ្ឋចិន CCTV។
កិច្ចប្រជុំ Shangri-La Dialogueជាវេទិកាសន្ទនានៃមន្ត្រីការពារជាតិថ្នាក់កំពូលរបស់ពិភពលោក អ្នកការទូតនិងក្រុមហ៊ុនផលិតអាវុធដែលកំពុងប្រព្រឹត្តធ្វើទៅនៅក្នុងប្រទេសសិង្ហបុរីពីថ្ងៃទី១០ដល់ថ្ងៃទី១២ ខែមិថុនានេះ។
នេះជាកិច្ចប្រជុំលើកទី១ដែលត្រូវបានរៀបចំធ្វើឡើងចាប់តាំងពីឆ្នាំ២០១៩មក ក្រោយការខកខានអស់រយៈពេល២ឆ្នាំដោយសារជំងឺកូវីដ១៩។
ចិននិងសហរដ្ឋអាមេរិកបានប្រឈមមុខគ្នាជាខ្លាំងក្នុងរយៈពេលជាប៉ុន្មានឆ្នាំថ្មីៗនេះទាក់ទិនការទាមទារកាន់កាប់របស់រដ្ឋាភិបាលក្រុងប៉េកាំងស្ទើរតែទាំងអស់ទៅលើតំបន់សមុទ្រចិនខាងត្បូង ក៏ដូចជាការបង្ហាញនូវកម្លាំងយោធារបស់ខ្លួនទៅលើកោះតៃវ៉ាន់ផងដែរ។
គណបក្សកុម្មុយនីស្តចិនចាត់ទុកកោះតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យជាផ្នែកមួយនៃទឹកដីរបស់ខ្លួនហើយបានសន្យាដណ្ដើមកាន់កាប់នៅថ្ងៃណាមួយដោយប្រើកម្លាំង ប្រសិនបើចាំ បាច់។
នៅពេលថ្មីៗនេះ ភាគីទាំ២មានការឈ្លោះប្រកែកគ្នាអំពីការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន ដោយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់រដ្ឋាភិបាលក្រុងប៉េកាំងពីការផ្តល់ការគាំទ្រស្ងៀមស្ងាត់ដល់រដ្ឋាភិបាលក្រុងមូស្គូ។
ចិនបានអំពាវនាវឱ្យមានការចរចាដើម្បីបញ្ចប់សង្គ្រាម ក៏ប៉ុន្តែ មិនបានធ្វើការថ្កោលទោសសកម្មភាពរបស់រុស្ស៊ីហើយបានរិះគន់ម្តងហើយម្តងទៀតអំពីការផ្តល់អាវុធរបស់សហរដ្ឋអាមេរិកទៅឱ្យអ៊ុយក្រែន៕
ប៉េកាំង —