ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កោះតៃវ៉ាន់​ស្វាគមន៍​ការលក់​អាវុធ​របស់​អាមេរិក​ជា​លើក​ទី៤​មក​ឱ្យ​ខ្លួន​ក្រោម​អាណត្តិ​លោក Biden


រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ក្នុង​ពេល​ជួបប្រជុំ​តាម​អនឡាញ​មួយ​នៅក្នុង​អគារ​ការិយាល័យ​ប្រតិបត្តិ Eisenhower ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២។
រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ក្នុង​ពេល​ជួបប្រជុំ​តាម​អនឡាញ​មួយ​នៅក្នុង​អគារ​ការិយាល័យ​ប្រតិបត្តិ Eisenhower ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២។

កោះតៃវ៉ាន់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ស្វាគមន៍ការយល់ព្រមរបស់​អាមេរិក​ក្នុង​ការលក់ឧបករណ៍កងទ័ព​ជើង​ទឹកដែល​មាន​តម្លៃ​ប្រមាណ១២០លាន​ដុល្លារ​ឱ្យ​ខ្លួន​ដែលសម្ពន្ធមិត្ត​ទាំង២នេះ​និយាយ​ថា ជា​ការជំរុញឱ្យ​ដែន​កោះមួយ​នេះ «ត្រៀម​ល​ក្ខណៈ​ប្រយុទ្ធរួច​ជាស្រេច» ក៏​ដូច​ជា​ការផ្តល់សមត្ថភាព​ឱ្យ​ខ្លួន​ធ្វើការជា​មួយ​កងទ័ព​អាមេរិក​ផង​ដែរ។ នេះ​បើតាមសេចក្តី​រាយ ការណ៍​របស់ទីភ្នាក់ងារ​ព័ត៌មាន AFP។

តៃវ៉ាន់​ដែល​គ្រប់គ្រង​តាម​បែប​ប្រជាធិបតេយ្យ​នោះ​បាន​ទទួល​រង​ការគំរាម​កំហែង​ពីការ​ចូលឈ្លាន​ជា​ប្រចាំ​ពី​ប្រទេសផ្តាច់ការចិន​ដីគោក​ដែល​ចាត់ទុកដែនកោះ​មួយ​នេះ​ថា​ជា​ផ្នែក​មួយ​នៃ​បូរណភាព​ទឹកដី​របស់​ខ្លួន ​ហើយ​នឹង​ត្រូវ​យក​មក​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួនវិញ​នៅ​ថ្ងៃ​ណា​មួយ បើទោះ​ជា​ត្រូវ​ប្រើ​កម្លាំង​ទ័ពជា​ចាំ​បាច់​ក៏​ដោយ។

នៅ​ក្រោម​ច្បាប់ដែលអនុម័ត​ដោយ​សភា​អាមេរិក សហរដ្ឋ​អាមេរិក​ត្រូវលក់​គ្រឿង​សព្វាវុធឱ្យ​កោះតៃវ៉ាន់​ដើម្បីធានាថា តៃវ៉ាន់​អាច​ការពារ​ខ្លួនឯងប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដែល​មាន​កងទ័ព​ធំ​ជាង​ខ្លួន​ដ៏​លើស​លប់។

ទន្ទឹម​គ្នា​នោះ​ដែរ ប្រធានាធិបតី​អាមេរិក​លោក Joe Biden បាន​ស្ថិត​ក្រោម​សម្ពាធ​របស់​គណបក្ស​ទាំង​ពីរ​ ​ឱ្យ​បង្កើនទំនាក់​ទំនង​ដ៏​ជ្រាល​ជ្រៅ​ជាមួយ​កោះ​តៃវ៉ាន់​ខណៈ​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កំពុង​ប្រជែងយក​ឥទ្ធិពលនៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ដើម្បី​ទប់ទល់ជា​មួយ​ចិន​នោះ។

រដ្ឋាភិបាលក្រុង​វ៉ាស៊ីនតោន​បានប្រកាស​នៅ​ថ្ងៃ​ពុធ​ថា ខ្លួន​បាន​យល់ព្រមលក់​គ្រឿងបន្លាស់​និងឧបករណ៍​ជួសជុល​នាវា​និង​ប្រព័ន្ធនាវា​ក៏​ដូច​ជាការផ្តល់​ជំនួយ​បច្ចេកទេស ភស្តុភា​ដែល​ឧបករណ៍​ទាំង​នោះ នឹង​ជួយកោះតៃវ៉ាន់​ក្នុង​ការបង្កើន​សមត្ថភាពការងារជា​មួយសហរដ្ឋ​អាមេរិក​និង​សម្ពន្ធមិត្ត​ដទៃ​ទៀត​ផង​ដែរ។

ទីភ្នាក់ងារ​សហប្រតិបត្តិការ​សន្តិសុខនៃ​ក្រសួង​ការពារ​ជាតិ​សហរដ្ឋអាមេរិក​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថា «ការលក់​ឧបករណ៍​យោធា​ទំាង​នេះ​នឹង​ចូលរួមលើក​កម្ពស់​ដល់​នាវា​ចម្បាំងរបស់​កោះតៃវ៉ាន់​និង​បង្កើន​សមត្ថភាពដល់​តៃវ៉ាន់​ក្នុង​ការឆ្លើយតប​ទៅ​នឹងការ​គំរាម​កំហែងនាពេល​បច្ចុប្បន្ន​និងអនាគត»។

នេះ​ជា​ការ​លក់​អាវុធលើក​ទី៤របស់​សហរដ្ឋ​អាមេរិក​ទៅ​ឱ្យ​កោះ​តៃវ៉ាន់​ក្រោម​ប្រធានាធិបតីអាមេរិក​លោក Biden ហើយ​នឹង​ជា​លើក​ទី៣ផង​ដែរ​សម្រាប់​ឆ្នាំ​នេះ។

កោះតៃវ៉ាន់​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ការលក់​នេះ​នឹង​ចូល​ជា​ធរមានក្នុង​រយៈ​ពេល១ខែ៕

XS
SM
MD
LG