រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា កាលពីព្រឹកថ្ងៃពុធ បានចូលរួមពិធីបើកការដ្ឋានសាងសង់សំណង់នានានៅមូលដ្ឋានបញ្ជាការដ្ឋានកងទ័ពរាម ក្នុងខេត្តព្រះសីហនុ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន និងសាងសង់ដោយក្រុមកងទ័ពរំដោះប្រជាជនចិន។ ប៉ុន្តែការសាងសង់សំណង់ថ្មី និងការធ្វើទំនើបកម្មផ្សេងៗក្នុងបញ្ជាការដ្ឋានកងទ័ពរាមនេះ ក្លាយជាបញ្ហាចម្រូងចម្រាសមួយ ដោយសារមានការចោទប្រកាន់ពីសហរដ្ឋអាមេរិកថាចិននឹងប្រើប្រាស់មូលដ្ឋាននេះសម្រាប់ពង្រីកអំណាចរបស់ខ្លួន ដែលរដ្ឋមន្រ្តីការពារជាតិកម្ពុជា និងភាគីចិនបានច្រានចោល។
នៅក្នុងពិធីបើកការដ្ឋាន ដែលមានការចូលរួមពីតំណាងទូតនានា ក្នុងនោះក៏មានមន្រ្តីសហរដ្ឋអាមេរិកផងដែរ រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក ទៀ បាញ់ បានថ្លែងថាកម្ពុជាមានភាពចាំបាច់ណាស់ក្នុងការធ្វើទំនើបកម្មបញ្ជាការដ្ឋានរាម ដែលលោកថាជាផ្នែកមួយនៃការទប់ទល់នឹងឥទ្ធិពលនៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយផងដែរ។ ប៉ុន្តែលោកច្រានចោលការចោទប្រកាន់ថាមូលដ្ឋានរាមដែលធ្វើទំនើបកម្ម ដោយអ្នកជំនាញចិននេះ មិនមែនធ្វើឡើង ដើម្បីបម្រើផលប្រយោជន៍ដល់ការពង្រីកឥទ្ធិពលរបស់ចិនក្នុងតំបន់។
លោកថ្លែងថា៖ «កម្ពុជាគ្មានចេតនាបង្កការគំរាមកំហែងដល់បណ្តាប្រទេសណាមួយ ហើយកម្ពុជាក៏មិនដែលជំទាស់រាល់ការចូលរួមអភិវឌ្ឍសមត្ថភាពកងទ័ពរបស់ប្រទេសដទៃនោះឡើយ។ កម្ពុជាគ្រាន់តែចង់លើកកម្រិតសមត្ថភាពការពារខ្លួនកាន់តែប្រសើរឡើងថែមទៀត ធានាបានភាពទប់ទល់ នឹងសម្ពាធ និងឥទ្ធិពលនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដែលកំពុងមាននាពេលបច្ចុប្បន្ន»។
ភាគីកម្ពុជា និងចិន មិនបានបង្ហាញពីទំហំទឹកប្រាក់នៃជំនួយឥតសំណងរបស់រដ្ឋាភិបាលចិនឡើយ។ គម្រោងធ្វើទំនើបកម្ម ដែលមានការសាងសង់ថ្មី និងជួសជុលផងនោះ នឹងប្រើរយៈពេល២៤ខែ។ នេះបើតាមលោក ចៅ ភិរុណ អគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសនៃក្រសួងការពារជាតិ។ លោកឱ្យដឹងថាសំណង់ដែលត្រូវសាងសង់ថ្មី មានដូចជាអគារប្រជុំ អគារបុគ្គលិក អគារជួសជុល កន្លែងកីឡា អាហារដ្ឋាន ផែសំចតនាវាថ្មីពីរកន្លែងសម្រាប់នាវាធុនមធ្យម ស្តារឃ្លងដែលនៅរាក់នៅឡើយ រៀបចំប្រព័ន្ធទឹក អគ្គិសនី លូ និងកន្លែងស្តុកប្រេងឥន្ធនៈសម្រាប់ឧទ្ធម្ភាគចក្រជាដើម។
លោក ចៅ ភិរុណ បញ្ជាក់ថាការធ្វើទំនើបកម្មនេះ«មិនសម្រាប់បម្រើឱ្យផលប្រយោជន៍ផ្សេងៗដែលជាការគំរាមកំហែងដល់សន្តិសុខប្រទេសជិតខាង ឬនៅក្នុងតំបន់ឡើយ»។
កាលពីចុងឆ្នាំ២០២១ ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក និងក្រសួងការបរទេសសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មមកលើនាយឧត្តមសេនីយ៍កំពូលៗ២រូបរបស់កម្ពុជា រួមមាននាយឧត្តមសេនីយ៍ ចៅ ភិរុណ និងនាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹកកម្ពុជា ឱ្យស្ថិតនៅក្នុងបញ្ជីខ្មៅនៃទណ្ឌកម្មរបស់សហរដ្ឋអាមេរិកពាក់ព័ន្ធនឹងអំពើពុករលួយ។ ចំណាត់ការរបស់សហរដ្ឋអាមេរិកលើឧត្តមសេនីយ៍យោធាទាំងពីររូបនេះ គឺយោងទៅលើការអភិវឌ្ឍតំបន់កងទ័ពជើងទឹករាម ក្នុងខេត្តព្រះសីហនុ ដែលសហរដ្ឋអាមេរិកមិនសប្បាយចិត្តនឹងការវាយបំផ្លាញចោលអគារជំនួយរបស់សហរដ្ឋអាមេរិកដល់យោធាកម្ពុជា។
មុនពិធីបើកការដ្ឋានសាងសង់នេះ កាសែត The Washington Post បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់ប្រភពពីមន្ត្រីប្រទេសលោកខាងលិចមួយចំនួនថាចិនកំពុងសាងសង់ទីតាំងកងទ័ពជើងទឹករបស់ខ្លួនមួយដោយសម្ងាត់នៅក្នុងប្រទេសកម្ពុជាសម្រាប់ប្រើប្រាស់ផ្ដាច់មុខឱ្យកងទ័ពរបស់ខ្លួន ប៉ុន្តែប្រទេសទាំងពីរបានបដិសេធជុំវិញរឿងនេះ។
សារព័ត៌មាន The Washington Post បានដកស្រង់សម្តីរបស់មន្រ្តីអាមេរិកាំងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដោយសារតែវាជាបញ្ហាដ៏រសើបថាការបង្កើតមូលដ្ឋានកងទ័ពជើងទឹករបស់ចិននៅក្នុងប្រទេសកម្ពុជាដែលជាប៉ុស្តិ៍យោធាជួរមុខនៅក្រៅប្រទេសរបស់ចិនទី២ ហើយជាប៉ុស្តិ៍ជួរមុខទីមួយនៅក្នុងតំបន់យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកដ៏សំខាន់របស់ខ្លួននោះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្រុងប៉េកាំងដើម្បីបង្កើតបណ្តាញទីតាំងយោធានៅជុំវិញពិភពលោក ដើម្បីគាំទ្រគោលបំណងរបស់ខ្លួនក្លាយជាប្រទេសមហាអំណាចលើពិភពលោកមួយដ៏ពិតប្រាកដ។
សារព័ត៌មានអាមេរិកាំងនេះបានដកស្រង់សម្តីមន្ត្រីប្រទេសលោកខាងលិចមួយរូបថា៖ «យើងវាយតម្លៃថាតំបន់ឥណ្ឌូប៉ាស៊ីហ្វិក គឺជាទីតាំងដ៏សំខាន់សម្រាប់មេដឹកនាំនៃប្រទេសចិនដែលបានមើលឃើញតំបន់នេះថា ជាទីតាំងប្រវត្តិសាស្ត្រដ៏ត្រឹមត្រូវ និងស្ថិតនៅក្នុងរង្វង់កណ្តាលជាប្រវត្តិសាស្រ្តសម្រាប់ការពង្រីកឥទ្ធិពលរបស់ខ្លួន។ គេមើលឃើញការពង្រីកខ្លួនរបស់ចិននៅក្នុងតំបន់នោះ ជាផ្នែកមួយនៃនិន្នាការជាសាកល ដើម្បីឆ្ពោះទៅរកពិភពលោកដែលមានប៉ូលចម្រុះដែលប្រទេសមហាអំណាចនានា នឹងដាក់បញ្ចូលផលប្រយោជន៍របស់គេដើម្បីពង្រីកនូវឥទ្ធិពលរបស់ខ្លួន»។
នៅក្នុងពិធីបើកការដ្ឋានកាលពីព្រឹកថ្ងៃពុធឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនធាន (Wang Wentian) អះអាងថាកម្ពុជានិងចិន គឺជាមិត្តដែកថែប ហើយកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅក្នុងការធ្វើទំនើបកម្មនេះ គឺស្របទៅតាមច្បាប់ជាតិនៃប្រទេសទាំងពីរ ព្រមទាំងមិនរំលោភបំពាននូវច្បាប់អន្តរជាតិណាមួយឡើយ។
លោកបញ្ជាក់តាមរយៈអ្នកបកប្រែថា៖ «ខ្ញុំកត់សម្គាល់ឃើញថាប្រទេសខ្លះឃោសនាបំប៉ោង និងលាបពណ៌ចំពោះកិច្ចសហប្រតិបត្តិការនិងការប្រាស្រ័យទាក់ទងគ្នាប្រក្រតីរវាងចិននិងកម្ពុជា។ យកលេសប្រជាធិបតេយ្យ ដាក់ទណ្ឌកម្មឯកតោភាគីស្រេចតែអំពើចិត្ត។ ប្រើអំណាចយុត្តាធិការហួសព្រំដែនយ៉ាងគឃ្លើន ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាយ៉ាងកំរោល។ យើងខ្ញុំប្រឆាំងជាដាច់ខាតចំពោះទង្វើទាំងអស់នេះ»។
នៅក្នុងពិធីបើកការដ្ឋាននោះ រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក ទៀ បាញ់ បានថ្លែងថាក្រោយពីការដ្ឋានត្រូវបានសាងសង់រួចរាល់ជាផ្លូវការ គឺកម្ពុជាលែងឱ្យជនបរទេសណាមួយចេញចូល ឬក៏ត្រួតពិនិត្យហើយដោយលោកថានេះជាសិទ្ធិ ហើយក៏ជាដែនអធិបតេយ្យភាពរបស់កម្ពុជា។
លោកបញ្ជាក់ថា៖ «ឆ្លៀតពេលថ្ងៃនេះខ្ញុំថាអញ្ជើញទាំងអស់។ នរណាដែលមានបំណងចង់មក អញ្ជើញទាំងអស់។ មកចុះៗ! អញ្ជើញទាំងអស់។ តែទៅមុខទៀត ពេលដែលការដ្ឋានដើរហើយ គឺប្រហែលជាវាចូលមកទីនេះពិបាកទៀត។ ព្រោះអ្វី?រឿងនេះនិយាយគ្នាឱ្យច្បាស់លាស់បន្តិចដែរ ព្រោះអីគឺការងារបច្ចេកទេស ឬនិយាយមួយម៉ាត់ថាបច្ចេកទេសយោធាទៀតសោត គឺហាក់ដូចជាមិនមានការចាំបាច់ ត្រូវមកឧទ្ទេសនាមបង្ហាត់បង្ហាញថាខ្ញុំត្រូវដាក់មីស៊ីលនៅកន្លែងនេះ ខ្ញុំត្រូវដាក់កាំជ្រួចនៅកន្លែងនេះ ឬដាក់រោងជាងកន្លែងនេះ ឃ្លាំងខ្ញុំរបៀបនេះ ហាក់ដូចជាមិនចាំបាច់ដល់ថ្នាក់ហ្នឹងទេ»។
អ្នកស្រី Stephanie Arzate អ្នកនាំពាក្យរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា ប្រាប់វីអូអេតាមសារអ៊ីម៉ែលនៅថ្ងៃពុធនេះថាការផ្តល់សិទ្ធិផ្តាច់មុខសម្រាប់វត្តមានកងទ័ពចិន «អាចគំរាមដល់ស្វ័យភាពរបស់កម្ពុជា និងធ្វើឱ្យចុះអន់ខ្សោយនៃសន្តិសុខតំបន់»។ អ្នកស្រីបន្ថែមថាសហរដ្ឋអាមេរិក និងប្រទេសផ្សេងៗក្នុងតំបន់បានបង្ហាញក្តីព្រួយបារម្ភអំពីកង្វះតម្លាភាពនៃគោលបំណងនៃការធ្វើទំនើបកម្ម លក្ខណៈនិងទំហំនៃគម្រោងមួយនេះ និងតួនាទីរបស់យោធាចិនក្នុងការស្ថាបនា និងការប្រើប្រាស់របស់ចិនលើសំណង់ទាំងនោះ៕