ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កាសែត Washington Post៖ មន្ត្រី​លោក​ខាង​លិច​​ថា ចិន​កំពុង​សាងសង់​ទីតាំង​​កងទ័ព​ជើងទឹក​​របស់​ខ្លួន​​ដោយ​សម្ងាត់​​នៅ​កម្ពុជា


រូបឯកសារ៖ ទាហាន​ជើងទឹក​ឈរ​យាម​ល្បាត​នៅ​ក្បែរ​នាវា​ល្បាត​នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​ក្នុង​ខេត្ត​ព្រះសីហនុ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩។ រូប​ថត​នេះ​ត្រូវ​បាន​ថត​ពី​តាម​កញ្ចក់​បង្អួច។ (REUTERS/Samrang Pring)
រូបឯកសារ៖ ទាហាន​ជើងទឹក​ឈរ​យាម​ល្បាត​នៅ​ក្បែរ​នាវា​ល្បាត​នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​ក្នុង​ខេត្ត​ព្រះសីហនុ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩។ រូប​ថត​នេះ​ត្រូវ​បាន​ថត​ពី​តាម​កញ្ចក់​បង្អួច។ (REUTERS/Samrang Pring)

​កាសែត The Washington Post ​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ចន្ទ​ ដោយ​ដក​ស្រង់​ប្រភព​ពី​មន្ត្រីប្រទេស​លោក​ខាង​លិច​មួយ​ចំនួនថា ចិន​កំពុង​សាងសង់​ទីតាំង​កងទ័ព​ជើង​ទឹក​របស់​ខ្លួន​មួយ​ដោយ​សម្ងាត់​នៅក្នុង​ប្រទេស​កម្ពុជា​សម្រាប់​ប្រើប្រាស់​ផ្ដាច់​មុខឱ្យ​កងទ័ព​របស់​ខ្លួន ប៉ុន្តែ​ប្រទេស​ទាំង​ពីរ​បាន​បដិសេធ​ជុំវិញ​រឿង​នេះ​និង​បាន​ចាត់​វិធានការសំខាន់​ផ្សេងៗ​ទៀត​ដើម្បី​បិទ​បាំង​នូវ​ប្រតិបត្តិការ​របស់​ខ្លួន។

កាសែតនេះ​បាន​រាយការណ៍​បន្ត​ទៀត​ថា ការសាងសង់​ទីតាំងយោធាចិន​នេះ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ផ្នែក​ខាង​ជើង​ក្នុង​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម​ក្នុង​ខេត្ត​ព្រះសីហនុ របស់​កម្ពុជា​ហើយ​ពិធី​សម្ពោធ​ការចាប់ផ្តើមនៃ​ការ​សាងសង់​ទីតាំង​នេះ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​សប្តាហ៍​នេះ។ នេះ​បើ​យោង​តាម​មន្ត្រីនៃ​ប្រទេស​លោក​ខាង​លិច​ទាំង​នោះ​ដែល​បាន​និយាយប្រាប់​កាសែត The Washington Post ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ដោយ​សារតែ​វា​ជា​បញ្ហាដ៏​រសើប។

ក្រុម​មន្ត្រី​ទាំង​នោះ​បានបញ្ជាក់​ប្រាប់​កាសែត​អាមេរិក​នេះទៀត​ថា ការ​បង្កើត​មូលដ្ឋានកងទ័ព​ជើង​ទឹករបស់​ចិន​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​ជា​ប៉ុស្តិ៍​យោធា​ជួរមុខនៅ​ក្រៅ​ប្រទេស​របស់​ចិនទី២​ហើយ​ជាប៉ុស្តិ៍ជួរមុខ​ទី​មួយនៅក្នុង​តំបន់​យុទ្ធសាស្ត្រ​ឥណ្ឌូប៉ាស៊ីហ្វិក​ដ៏​សំខាន់របស់​ខ្លួន​នោះ ​គឺ​ជា​ផ្នែក​មួយ​នៃយុទ្ធសាស្ត្ររបស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដើម្បី​បង្កើតបណ្តាញ​ទីតាំង​យោធា​នៅ​ជុំវិញ​ពិភពលោក​ ដើម្បី​គាំទ្រ​គោលបំណង​របស់​ខ្លួនក្លាយ​ជាអំណាច​ពិភពលោក​មួយ​ដ៏​ពិតប្រាកដ។

មូលដ្ឋានកងទ័ព​ជើង​ទឹកចិននៅ​ក្រៅ​ប្រទេស​ទី១​នា​ពេល​នេះ​គឺស្ថិត​នៅ​ក្នុង​ប្រទេស​ជីប៊ូទី​ (Djibouti) នៃ​ទ្វីប​អាហ្រ្វិក​ខាង​កើត។ កាសែត Washington Post បានដកស្រង់ប្រភព​មន្ត្រី​ និង​អ្នក​វិភាគ​មួយ​ចំនួន​ដែល​បញ្ជក់​ថា ការ​បង្កើត​ទីតាំង​យោធាដែល​មានសមត្ថភាព​ទទួលការ​ចូល​ចត​នាវាធំៗ​របស់​កងទ័ព​ជើង​ទឹក​សម្រាប់​ភាគ​ខាងលិច​នៃ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​ គឺ​ជា​រឿង​ដ៏​សំខាន់​មួយនៃ​មហិច្ឆតា​ពង្រីក​ឥទ្ធិពល​របស់​ចិន​នៅក្នុងតំបន់​និង​ជា​ការ​ពង្រឹងវត្តមាន​របស់​ខ្លួន​នៅជិត​ទីតាំងតំបន់​សមុទ្រ​អាស៊ីអាគ្នេយ៍។

មន្ត្រី​ប្រទេស​លោក​ខាង​លិច​មួយ​រូប​បាន​និយាយប្រាប់​កាសែត​ The Washington Post ​ថា៖ «យើង​វាយ​តម្លៃ​ថា តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក គឺ​ជាទីតាំង​ដ៏​សំខាន់សម្រាប់​មេដឹកនាំ​នៃ​ប្រទេសចិន​ដែល​បាន​មើល​ឃើញតំបន់​នេះ​ថា ជាទី​តាំង​ប្រវត្តិសាស្ត្រ​ដ៏​ត្រឹមត្រូវ​និង​ស្ថិត​នៅ​ក្នុង​រង្វង់​កណ្តាល​ជា​ប្រវត្តិសាស្រ្ត​សម្រាប់​ការពង្រីក​ឥទ្ធិពល​របស់​ខ្លួន។ គេ​មើល​ឃើញ​ការ​ពង្រីក​ខ្លួន​របស់​ចិន​នៅ​ក្នុង​តំបន់​នោះ ជា​ផ្នែក​មួយ​នៃ​និន្នាការ​ជា​សាកល​ដើម្បី​ឆ្ពោះ​ទៅ​រក​ពិភពលោក​ដែល​មាន​ប៉ូល​ចម្រុះ​ដែល​ប្រទេស​មហា​អំណាចនានា នឹង​ដាក់​បញ្ចូល​ផល​ប្រយោជន៍​របស់​គេ​ដើម្បី​ពង្រីក​នូវ​ឥទ្ធិពល​របស់​ខ្លួន»។

កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ មន្ត្រី​ចិន​មួយ​រូប​នៅក្នុង​ទីក្រុង​ប៉េកាំង​បាន​ប្រាប់​កាសែត The Washington Post ថា ​ផ្នែក​មួយ​នៃ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម​នេះ នឹង​ត្រូវ​ប្រើប្រាស់​ដោយ​កងទ័ព​ចិន។ មន្ត្រី​ចិន​រូប​នេះ​បាន​បដិសេធ​ថា មូលដ្ឋាន​នេះនឹង​មិនត្រូវបាន​ប្រើប្រាស់​ផ្តាច់​មុខ​ដោយ​កងទ័ព​ចិន​នោះ​ឡើយ​ ហើយ​ថា​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ក៏​នឹង​ប្រើប្រាស់​ទីតាំង​នោះ​ផង​ដែរ។ មន្ត្រី​ចិន​រូប​នេះ​ក៏​បាន​បន្ថែម​ទៀត​ថា ចិន​នឹង​មិន​ពាក់​ព័ន្ធ​ក្នុង​សកម្មភាព​ណា​មួយ​ ​នៅផ្នែក​ម្ខាង​ទៀត​នៃ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​នេះ​ ដែលគ្រប់គ្រង​ដោយ​ដោយ​កម្ពុជា​នោះ​ឡើយ។

នៅ​ពេល​សួរ​ជុំវិញ​បញ្ហា​នេះ ស្ថានទូតកម្ពុជា​នៅ​ក្នុងរដ្ឋធានី​វ៉ាស៊ីនតោនបានបញ្ជាក់​ប្រាប់​កាសែត​ The Washington Post នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយថា ខ្លួន‍«បដិសេធ​យ៉ាង​ខ្លាំងជុំវិញ​ខ្លឹមសារ​និង​អត្ថន័យនៃ​សេចក្តី​រាយការណ៍នេះ ដោយ​ថា វា​ជា​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​និង​មាន​បំណង​បង្ខូច​កេរ្តិ៍​ឈ្មោះ​ប្រទេស​កម្ពុជា។ ស្ថានទូត​កម្ពុជា​ក៏​បានបន្ថែម​ផងដែរ​ថា កម្ពុជា​គោរព​យ៉ាង​ខ្ជាប់​ខ្ជួន​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ដែល​មិន​អនុញ្ញាត​ឱ្យ​មានមូលដ្ឋាន​កងទ័ពបរទេស​ឬ​វត្តមាន​កងទ័ព​បរទេស​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ឡើយ»៕

XS
SM
MD
LG