ប្រទេសចិននឹងធ្វើសមយុទ្ធយោធាកងទ័ពជើងទឹករបស់ខ្លួននៅសមុទ្រចិនខាងត្បូងនៅថ្ងៃសៅរ៍ចុងសប្តាហិ៍នេះ។ នេះបើតាមការបញ្ជាក់ពីអាជ្ញាធរដែនសមុទ្ររបស់ចិន។ សមយុទ្ធកងទ័ពជើងទឹករបស់ចិននេះកើតមានឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីមហាអំណាចប្រទេសលោកខាងលិចបានរិះគន់ចិនក្នុងការប៉ុនប៉ងបង្ហាញមហិច្ឆតាយោធារបស់ខ្លួននៅទូទាំងតំបន់ប៉ាស៊ីហ្វិកនោះ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
ការធ្វើសមយុទ្ធបស់ចិននេះដែលមានគម្រោងនឹងធ្វើនៅក្នុងសមុទ្រដែលមានចម្ងាយតិចជាង២៥គីឡូម៉ែត្រពីឆ្នេររបស់ខេត្ត Hainan នៅភាគខាងត្បូងប្រទេសចិននោះកើតមានឡើង ស្របពេលដែលសហរដ្ឋអាមេរិកបានធ្វើការព្រមានពីវត្តមានផ្នែកសេដ្ឋកិច្ចនិងយោធារបស់ចិនដែលកំពុងតែរីកខ្លាំងឡើងនៅក្នុងតំបន់ដែលនៅជិតគ្នារវាងសមុទ្រចិនខាងត្បូងនិងតំបន់កោះប៉ាស៊ីហ្វិក។
ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ រដ្ឋបាលសុវត្ថិភាពដែនសមុទ្ររបស់ចិនបាននិយាយថា៖ «សមយុទ្ធយោធានឹងត្រូវធ្វើហើយការចេញចូលតំបន់នោះត្រូវបានហាមប្រាម»។ ទីភ្នាក់ងាររដ្ឋបាលរបស់ចិនក៏បានព្រមានផងដែរថា ទីតាំងដែលមានទំហំប្រមាណ១០០គីឡូម៉ែត្រក្រឡានឹងត្រូវបិទដល់ការធ្វើចរាចរណ៍តាមផ្លូវសមុទ្រក្នុងរយៈពេល៥ម៉ោង។
ចិនបានធ្វើសមយុទ្ធយោធាជាប្រចាំនៅលើផ្ទៃសមុទ្រក្បែរឆ្នេររបស់ខ្លួន ក៏ដូចជាសមយុទ្ធមួយចំនួននៅតាមបណ្តោយឆ្នេររបស់ខ្លួននៅភាគខាងកើតប្រទេសផងដែរ។
ក៏ប៉ុន្តែការធ្វើសមយុទ្ធយោធានៅពេលថ្មីៗរបស់ចិនបានធ្វើឱ្យរដ្ឋាភិបាលក្រុងប៉េកាំងប្រឈមនឹងការព្រមានជាបន្តបន្ទាប់ពីសហរដ្ឋអាមេរិកនិងសម្ពន្ធមិត្តប្រទេសលោកខាងលិចអំពីមហិច្ឆតានៃការពង្រីកកងកម្លាំងនាវាជើងទឹករបស់ខ្លួន ដែលអ្នករិះគន់និយាយថា ជាការប៉ុនប៉ងធ្វើការផ្លាស់ប្តូរដ៏ធំមួយរបស់ចិនដើម្បីឱ្យមានតុល្យភាពអំណាចក្នុងតំបន់។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken កាលពីថ្ងៃអង្គារកន្លងទៅ បានចោទប្រកាន់រដ្ឋាភិបាលក្រុងប៉េកាំងថា បានបង្កើនភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ ដែលចិនចាត់ទុកថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន៕