ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេដ្ឋកិច្ចចិនឆ្នាំមុនកើនក្នុងអត្រាទាបបំផុតមួយតាំងពីឆ្នាំ ១៩៩០ មក ខណៈការរើបឡើងវិញជាប់គាំង


រូបឯកសារ៖ បុគ្គលិកម្នាក់កំពុង​ធ្វើការ​នៅ​ក្នុង​រោងចក្រ​ផ្គុំ​គ្រឿងចក្រ​មួយ​ នៅ​ទីក្រុង Qingzhou ខេត្ត Shandong ប្រទេសចិន កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។
រូបឯកសារ៖ បុគ្គលិកម្នាក់កំពុង​ធ្វើការ​នៅ​ក្នុង​រោងចក្រ​ផ្គុំ​គ្រឿងចក្រ​មួយ​ នៅ​ទីក្រុង Qingzhou ខេត្ត Shandong ប្រទេសចិន កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។

សេដ្ឋកិច្ច​ចិន​កាលពី​ឆ្នាំ​មុន​បាន​កើន​ក្នុង​អត្រា​ទាប​បំផុត​មួយ​នៅ​ក្នុង​រយៈពេល​ជាង ៣ ទសវត្សរ៍​កន្លង​មក​នេះ ខណៈ​ដែល​វា​រងគ្រោះ​ដោយសារ​វិបត្តិ​អចលនទ្រព្យ​ដែល​ជាប់​គាំង ការ​ចំណាយ​របស់​ពលរដ្ឋ​ធ្លាក់ចុះ និង​ភាព​ចលាចល​នៅ​លើ​ពិភពលោក។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ដែល​យោង​លើ​តួលេខ​ផ្លូវការ​ដែល​បាន​បង្ហាញ​កាលពី​ថ្ងៃ​ទី ១៧ ខែ​មករា​កន្លង​ទៅ​នេះ។

តួលេខ​នេះ​គឺ​ស្រប​ជាមួយ​ការ​រំពឹងទុក​និង​លើស​គោលដៅ​កំណត់​របស់​រដ្ឋាភិបាល​ចិន ប៉ុន្តែ​ទំនងជា​នឹង​ដាក់​សម្ពាធ​ថ្មី​ដល់​មន្ត្រី​ចិន​ឱ្យ​ចាត់​វិធានការ​ជួយ​សេដ្ឋកិច្ច​បន្ថែម​ទៀត ​ដើម្បី​ចាប់ផ្ដើម​សកម្មភាព​អាជីវកម្ម​និង​ធ្វើ​ឱ្យ​ក្រុម​អ្នក​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​ចាប់ផ្ដើម​ចំណាយ​លុយ​ឡើង​វិញ ​ដើម្បី​ទិញ​ផលិតផល​នានា។

ការិយាល័យ​ជាតិ​ស្ថិតិ​ចិន​បាន​បង្ហាញ​ថា ផលិតផល​ក្នុង​ស្រុក​សរុប (GDP) បាន​កើនឡើង ៥,២% រហូត​ដល់​ចំនួន ១៧,៦ លាន​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន។

តួលេខ​នេះ​គឺ​ប្រសើរ​ជាង​តួលេខ​ចំនួន ៣% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប (GDP) ដែល​គេ​បាន​កត់ត្រា​កាលពី​ឆ្នាំ ២០២២ ដែល​នៅ​ពេល​នោះ វិធានការ​បង្ការ​ជំងឺ​កូវីដ១៩ ដ៏​តឹងរ៉ឹង​របស់​រដ្ឋាភិបាល​ចិន​បាន​បង្អាក់​ដល់​សកម្មភាព​នានា។ តួលេខ​ចំនួន ៥,២% នេះ​ក៏​បង្ហាញ​ឱ្យ​ឃើញ​ផង​ដែរ​ថា សកម្មភាព​សេដ្ឋកិច្ច​មាន​ភាព​អន់ខ្សោយ​បំផុត​តាំងពី​ឆ្នាំ ១៩៩០ មក ដោយ​មិន​គិត​អំពី​ពេល​ដែល​មាន​វិបត្តិ​ជំងឺ​កូវីដ១៩។

ខណៈ​ដែល​កំណើន​សេដ្ឋកិច្ច​ចិន ៥,២% មើល​ទៅ​ហាក់​ដូចជា​តួលេខ​មួយ​គួរឱ្យ​ច្រណែន​ពី​សំណាក់​រដ្ឋាភិបាល​ផ្សេង​ទៀត​ដូចជា​សហរដ្ឋ​អាមេរិក​និង​ប្រទេស​នៅ​តំបន់​អឺរ៉ុប ដែល​មាន​កំណើន​សេដ្ឋកិច្ច​ប្រហែល​តែ ២% ប៉ុណ្ណោះ​នៅ​ក្នុង​ឆ្នាំ ២០២២ កំណើន​នេះ​បាន​ធ្លាក់ចុះ​ពី​កម្រិត​មួយ​ទៀងទាត់​ក្នុង​រង្វង់ ៦% ឬ ៧% ដែល​ចិន​ធ្លាប់​មាន​កាលពី​ទសវត្សរ៍ ២០១០។

បន្ទាប់ពី​បាន​ដក​វិធានការ​បង្ការ​ជំងឺ​កូវីដ១៩ ដ៏​តឹងរ៉ឹង​កាលពី​ចុង​ឆ្នាំ ២០២២ មក ចិន​បាន​កំណត់​គោលដៅ​កំណើន​សេដ្ឋកិច្ច «ក្នុង​រង្វង់ ៥%» សម្រាប់​ឆ្នាំ ២០២៣។

សេដ្ឋកិច្ច​ចិន​បាន​រើប​ឡើងវិញ​នៅ​ដំណាក់កាល​ដំបូង​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ១៩ ប៉ុន្តែ​វា​បាន​ថមថយ​ទៅវិញ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ក្រោយ​មក ដោយសារតែ​កង្វះ​ជំនឿ​ទុកចិត្ត​ក្នុង​ចំណោម​គ្រួសារ​និង អាជីវកម្ម​នានា។

ការ​នាំចេញ​របស់​ចិន ដែល​ជា​កត្តា​ជំរុញ​កំណើន​សេដ្ឋកិច្ច​ដ៏​សំខាន់​ជា​ប្រវត្តិសាស្ត្រ បាន​ធ្លាក់ចុះ​កាលពី​ឆ្នាំ​មុន​ជា​លើក​ដំបូង​បង្អស់​តាំងពី​ឆ្នាំ ២០១៦ មក។ នេះ​បើ​យោង​តាម​តួលេខ​ដែល​ផ្សព្វផ្សាយ​ដោយ​ទីភ្នាក់ងារ​គយ​របស់​ចិន​កាលពី​ថ្ងៃ​ទី ១២ ខែ​មករា​កន្លង​ទៅ​នេះ។

ភាព​តានតឹង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​ជាមួយ​សហរដ្ឋ​អាមេរិក​និង​កិច្ច​ប្រឹងប្រែង​របស់​បស្ចិម​ប្រទេស​មួយ​ចំនួន​ក្នុង​ការ​កាត់បន្ថយ​ការ​ពឹងផ្អែក​លើ​ចិន​ឬ​ក៏​ក្នុង​ការ​ធ្វើ​ពិពិធភាព​សង្វាក់​ផ្គត់ផ្គង់​របស់​ពួកគេ​ក៏​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច​ចិន​ផងដែរ។

រូបឯកសារ៖ បុរសម្នាក់​ជិះទូកនេសាទ ខណៈ​នាវា​ដឹក​ទំនិញ​ត្រៀមសំចត​នៅ​កំពង់ផែ​ ក្នុង​ក្រុង Xiamen នៃខេត្ត Fujian ប្រទេស​ចិន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។
រូបឯកសារ៖ បុរសម្នាក់​ជិះទូកនេសាទ ខណៈ​នាវា​ដឹក​ទំនិញ​ត្រៀមសំចត​នៅ​កំពង់ផែ​ ក្នុង​ក្រុង Xiamen នៃខេត្ត Fujian ប្រទេស​ចិន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។

ការ​រើបឡើង​វិញ «ដ៏ខកចិត្ត»

តួលេខ​ផលិតផល​ក្នុង​ស្រុក​សរុប (GDP) របស់​ចិន​នៅតែ​ជា​ប្រភព​ដ៏​សំខាន់​ក្នុង​ការ​ស្វែងយល់​អំពី​កម្រិត​រីក​ចម្រើន​ទូទៅ​របស់​ប្រទេស​ចិន ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទីពីរ​នៅ​លើ​ពិភពលោក។

មន្ត្រី​ចិន​គ្រោង​នឹង​ផ្សព្វផ្សាយ​អំពី​គោលដៅ​កំណើន​សេដ្ឋកិច្ច​របស់​ចិន​សម្រាប់​ឆ្នាំ ២០២៤ នៅ​ខែ​មីនា​ខាង​មុខ។

លោក Kang Yi ប្រធាន​ការិយាល័យ​ជាតិ​ស្ថិតិ​ចិន បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​កាលពី​ថ្ងៃ​ទី ១៧ ខែ​មករា​ថា ការ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ចិន​រើប​ឡើងវិញ​គឺជា «កិច្ចការដ៏​ពិបាក​បំផុត» នៅ​ក្នុង​ឆ្នាំ ២០២៣ ខណៈ​ដែល​ទិន្នន័យ​ផ្សេងទៀត​បាន​បង្ហាញ​អំពី​ទិដ្ឋភាព​ដ៏​អាប់អួរ​នៃ​សេដ្ឋកិច្ច​ចិន​នៅ​មុន​ដំណាច់​ឆ្នាំ​នោះ។

នៅ​ចន្លោះ​ត្រីមាស​ទី ៣ និង​ទី ៤ ឆ្នាំ​មុន តួលេខ​នានា​បាន​រំលេច​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​អំពី​ស្ថានភាព​សេដ្ឋកិច្ច​ជាក់ស្ដែង ដោយ​បង្ហាញ​ថា​កំណើន​សេដ្ឋកិច្ច​នា​ពេល​នោះ​មានតែ ១% ប៉ុណ្ណោះ។

នៅ​ក្នុង​ខែ​ធ្នូ​ឆ្នាំ​មុន តួលេខ​នៃ​ការ​លក់​រាយ ដែល​ជា​សូចនាករ​ដ៏​សំខាន់​បង្ហាញ​អំពី​ការ​ចំណាយ​ក្នុង​កម្រិត​គ្រួសារ មាន​កំណើន​យឺតយ៉ាវ បន្ទាប់ពី​បាន​រើប​ឡើងវិញ​កាលពី​ខែ​វិច្ឆិកា។

អត្រា​អត់​ការងារ​ធ្វើ​ក៏​បាន​កើន​បន្តិចបន្តួច​ផងដែរ​រហូត​ដល់​ចំនួន ៥,១% ទោះបីជា​តួលេខ​នេះ​មិន​បាន​បញ្ចូល​ពលករ​ចំណាក​ស្រុក​រាប់​លាន​នាក់​ដែល​មកពី​តំបន់​ជនបទ​ក៏ដោយ។

ស្ថិតិ​ផ្លូវការ​ក៏បាន​បង្ហាញ​ផងដែរ​ថា កម្រិត​នៃ​ការ​ធ្លាក់ចុះ​របស់​ប្រជាជន​ចិន​បាន​កើនឡើង​នៅ​ក្នុង​ឆ្នាំ ២០២៣ ដែល​នេះ​បង្ហាញ​ពី​និន្នាការ​ធ្លាក់ចុះ​បន្ទាប់ពី​មាន​កំណើន​ប្រជាជន​ជា​បន្តបន្ទាប់​អស់​រយៈពេល​ជាង ៦ ទសវត្សរ៍​កាលពី​មុន។ ការ​ធ្លាក់ចុះ​នេះ​កើតឡើង​ស្រប​ពេល​ដែល​ប្រទេស​ចិន​កំពុង​ប្រឈម​នឹង​បញ្ហា​ប្រជាសាស្ត្រ។

លោក Shehzad Qazi ដែល​ជា​នាយក​គ្រប់គ្រង​ក្រុមហ៊ុន China Beige Book ដែលជា​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​តាមដាន​ការ​វិវត្ត​នៃ​សេដ្ឋកិច្ច​ចិន បាន​និយាយ​ថា៖ «អ្វី​ដែល​ចិន​បាន​ឆ្លងកាត់​កាលពី​ឆ្នាំ​មុន​ប្រហែល​ជា​ការ​រើប​ឡើងវិញ​គួរឱ្យ​ខកចិត្ត​នៅ​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ១៩ ដែល​គេ​អាច​គិត​ស្រមៃ​ដល់»។

លោក​បាន​បន្ថែម​ថា៖ «សេដ្ឋកិច្ច​ចិន​បាន​រើប​ឡើង​ទាំង​ត្រដាបត្រដួស​រហូត​ដល់​ដំណាច់​ឆ្នាំ ២០២៣។ កំណើន​សេដ្ឋកិច្ច​ក្នុង​ល្បឿន​លឿន​ណា​មួយ​នៅ​ឆ្នាំ​បន្ទាប់​ដែល​អាច​ទៅរួច លុះត្រាណា​មាន​កំណើន​សេដ្ឋកិច្ច​គួរឱ្យ​ភ្ញាក់ផ្អើល​នៅលើ​ពិភពលោក ឬ​មាន​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ចិន​ដែល​កាន់តែ​សកម្ម​ជាងមុន»។

រូបឯកសារ៖ នាយករដ្ឋមន្ត្រីចិន​លោក Li Qiang ចូល​រួម​កិច្ច​ប្រជុំ​ប្រចាំឆ្នាំ​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក (WEF) នៅទីក្រុង​ Davos ប្រទេស​ស្វីស កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២៤។
រូបឯកសារ៖ នាយករដ្ឋមន្ត្រីចិន​លោក Li Qiang ចូល​រួម​កិច្ច​ប្រជុំ​ប្រចាំឆ្នាំ​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក (WEF) នៅទីក្រុង​ Davos ប្រទេស​ស្វីស កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២៤។


ហានិភ័យ​ដ៏ច្រើន

ដំណើរ​បង្អាក់​ដោយសារ​កង្វះ​ជំនឿ​ទុកចិត្ត​ផ្នែក​អាជីវកម្ម​និង​ការ​ប្រើប្រាស់​មាន​កម្រិត​តិចតួច​បាន​ជំរុញ​ឱ្យ​ចិន​ព្យាយាម​ទាក់ទាញ​វិនិយោគិន​អន្តរជាតិ​ឱ្យ​ត្រឡប់​មកវិញ។

នៅ​ក្នុង​ការ​ថ្លែង​ក្នុង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ក្រុម​ឥស្សរជន​នានា​មកពី​ជុំវិញ​ពិភពលោក​នៅ​ក្នុង​ទីក្រុង Davos ប្រទេស​ស្វីស​កាលពី​ថ្ងៃ​ទី ១៦ ខែ​មករា​កន្លង​ទៅ​នេះ នាយករដ្ឋមន្ត្រី​ចិន​លោក Li Qiang បាន​បង្ហាញ​អំពី​ទិដ្ឋភាព​សេដ្ឋកិច្ច​មួយ​ប្រកប​ដោយ​សុទិដ្ឋិនិយម។

លោក Li បាន​បញ្ជាក់​ដូច្នេះ​ថា៖ «មិន​ថា​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​ប្រែប្រួល​យ៉ាង​ណា​ទេ ចិន​នឹង​នៅតែ​ប្រកាន់​ខ្ជាប់​នូវ​គោល​នយោបាយ​ជាតិ​មូលដ្ឋាន​របស់​ខ្លួន​ក្នុង​ការ​បើក​ចំហ​ទៅកាន់​ពិភពលោក​ខាង​ក្រៅ»។ លោក​បាន​បន្ថែម​ថា៖ «ទ្វារ​ដែល​នឹង​បើក​ចំហ​នឹង​កាន់តែ​ធំ​ទូលំទូលាយ​ជាងមុន»។

លោក​បាន​លើកឡើង​ទៀត​ថា៖ «ការ​ជ្រើសរើស​យក​ទីផ្សារ​ចិន​មិន​មែន​ជា​ហានិភ័យ​នោះ​ទេ ប៉ុន្តែ​ជា​ឱកាស»។

ប៉ុន្តែ ហានិភ័យ​នឹង​មាន​កាន់តែ​ច្រើន ជាពិសេស​នៅ​ក្នុង​ទីផ្សារ​អចលនទ្រព្យ​ដែល​មិន​នឹងនរ​របស់​ប្រទេស​នេះ។

វិស័យ​អចលនទ្រព្យ​នេះ​រួម​ចំណែក​ជា​យូរ​មក​ហើយ​ប្រហែល​មួយ​ភាគ​បួន​នៃ​សេដ្ឋកិច្ច​ចិន និង​ធ្លាប់​មាន​កំណើន​ដ៏ខ្លាំង​រយៈពេល ២ ទសវត្សរ៍។

ប៉ុន្តែ ការ​លំបាក​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​ធំៗ​នៅ​ចិន​កំពុង​ជំរុញ​ឱ្យ​មាន​ការ​បាត់បង់​ជំនឿ​ទុកចិត្ត​របស់​អ្នក​ទិញ​កាន់តែ​ខ្លាំង នៅ​ក្នុង​ស្ថានការណ៍​ដែល​គម្រោង​អភិវឌ្ឍ​គេហដ្ឋាន​ជាច្រើន​មិន​ទាន់​បញ្ចប់​រួចរាល់​និង​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​ផ្ទះ។

អចលនទ្រព្យ​ត្រូវ​បាន​ពលរដ្ឋ​ចិន​ជាច្រើន​យល់ឃើញ​រាប់​ច្រើន​ឆ្នាំ​មក​ហើយ​ថា​ជា​អ្វី​ដែល​ពួកគេ​អាច​វិនិយោគ​សន្សំ​ប្រាក់​ដោយ​សុវត្ថិភាព ប៉ុន្តែ​ការ​ធ្លាក់ចុះ​តម្លៃ​អចលនទ្រព្យ​បាន​ប៉ះពាល់​ដល់​ហិរញ្ញវត្ថុ​របស់​ពួកគេ​យ៉ាង​ខ្លាំង ហើយ​វិធានការ​គាំទ្រ​របស់​រដ្ឋាភិបាល​ចិន​កន្លង​មក​លើ​វិស័យ​នេះ​មាន​ឥទ្ធិពល​តិចតួច​ប៉ុណ្ណោះ។

អ្វី​ដែល​បង្អាក់​ដល់​សេដ្ឋកិច្ច​ចិន​ផងដែរ​នោះ​គឺ​កង្វះ​ការងារ​សម្រាប់​យុវជន។

មន្ត្រី​ចិន​បាន​ឱ្យ​ដឹង​ថា យុវជន​យ៉ាង​តិច​ម្នាក់​ក្នុង​ចំណោម ៥ នាក់ អាយុ​ពី ១៦ ទៅ ២៤ ឆ្នាំ​នៅ​ក្នុង​ប្រទេស​ចិន​គ្មាន​ការងារ​ធ្វើ​នៅ​ក្នុង​ខែ​ឧសភា​ឆ្នាំ​មុន។

ចាប់ពី​ពេល​នោះ​មក រដ្ឋាភិបាល​ចិន​បាន​ផ្អាក​ការ​បោះពុម្ព​ផ្សាយ​ប្រចាំ​ខែ​នូវ​តួលេខ​យុវជន​ដែល​គ្មាន​ការងារ​ធ្វើ​នេះ៕

ប្រែ​សម្រួល​ដោយ​លោក នៀម ឆេង

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG