ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មករចំណាកស្រុកនៅចិនប្រឈមនឹងការលំបាកខ្លាំងនៅចំពេលសេដ្ឋកិច្ចយ៉ាប់យ៉ឺន


រូបឯកសារ៖ អាជីវករម្នាក់​អង្គុយ​នៅ​មុខ​តូប​លក់​ទំនិញ​ក្នុង​ក្រុង Xiamen នៃ​ខេត្ត Fujian ប្រទេសចិន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។
រូបឯកសារ៖ អាជីវករម្នាក់​អង្គុយ​នៅ​មុខ​តូប​លក់​ទំនិញ​ក្នុង​ក្រុង Xiamen នៃ​ខេត្ត Fujian ប្រទេសចិន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។

ទោះបីជា​រដ្ឋាភិបាល​ចិន​បាន​សន្យា​ថា សេដ្ឋកិច្ច​ចិន​នៅ​ឆ្នាំ ២០២៤ នេះ​នឹង​មាន​ភាព​ប្រសើរ​ឡើង​ក៏ដោយ ក៏​កម្មករ​ចំណាក​ស្រុក ក្រុមហ៊ុន​ផ្គត់ផ្គង់​កម្លាំង​កម្មករ និង​ម្ចាស់​ហាង​មួយ​ចំនួន​បាន​ប្រាប់ VOA ផ្នែក​ភាសាចិន​កុកងឺ​ថា កន្លងមក​ការងារ​នៅ​តាម​ទីក្រុង​ជាប់​មាត់​សមុទ្រ​នានា​នៅ​ក្នុង​ប្រទេស​ចិន​កំពុង​ថយចុះ ដោយ​ករណី​នេះ​បាន​បង្ខំ​ឱ្យ​កម្មករ​ជាច្រើន​ត្រូវ​ត្រឡប់​ទៅ​ផ្ទះ​វិញ​និង​ហាង​ជាច្រើន​ត្រូវ​បិទ​អាជីវកម្ម។

សម្រាប់​រយៈពេល ៧ ឆ្នាំ​ចុងក្រោយ​នេះ លោក Ma Hailiang បាន​ធ្វើ​ជា​ឈ្មួញកណ្ដាល​ជ្រើសរើស​កម្មករ​ឱ្យ​រោងចក្រ​នានា​នៅ​ក្នុង​ទីក្រុង Shantou ជាប់​មាត់​សមុទ្រ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​ចិន។ លោក​បាន​និយាយ​ថា មុន​ពេល​ជំងឺ​រាតត្បាត​កូវីដ១៩​បាន​កើតឡើង មាន​ការងារ​ជាច្រើន​នៅ​ក្នុង​ស្រុក Chenghai នៃ​ទីក្រុង Shantou ដែល​ជា​ទីក្រុង​មាន​រោងចក្រ​ផលិត​សម្ភារ​ក្មេង​លេង​ជាច្រើន។

បច្ចុប្បន្ន​នេះ ការ​បញ្ជា​ទិញ​និង​តម្រូវការ​ការងារ​មាន​ការ​ធ្លាក់ចុះ​យ៉ាងខ្លាំង​នៅ​ក្នុង​ទីក្រុង​នេះ​ដែល​ស្ថិត​នៅ​ភាគ​ខាង​ជើង​នៃ​ទីក្រុង Guangzhou និង​ទីក្រុង Shenzhen។

លោក​និយាយ​ដូច្នេះ​ថា៖ «អាជីវកម្ម​នៅ​ក្នុង​ទីក្រុង Shantou មាន​ស្ថានភាព​មិន​ល្អ​ទេ​នា​ពេល​បច្ចុប្បន្ន​នេះ​ដោយសារ​គ្មាន​រោងចក្រ​ណា​មួយ​ទទួល​បាន​ការ​បញ្ជា​ទិញ។ ពីមុន​ខ្ញុំ​ធ្លាប់​ផ្ដល់​កម្លាំង​កម្មករ​ចំនួន ២០០ នាក់​ឱ្យ​រោចក្រ ប៉ុន្តែ​ពួកគេ​បាន​ឈប់​ពី​ការងារ​ដោយ​ហេតុផល​ផ្សេងៗ។ ឥឡូវ​នេះ នៅ​សល់​តែ ៣០ នាក់​ប៉ុណ្ណោះ»។

លោក​បាន​បន្ថែម​ថា កម្មករ​ខ្លះ​ឈប់​ពី​ការងារ​ដោយសារតែ​ពួកគេ​ត្រូវ​ធ្វើការ​នៅ​ទីនោះ​ជាង ១២ ម៉ោង​ក្នុង​មួយ​ថ្ងៃ។ អ្នក​ខ្លះ​ទៀត​ចាកចេញ​ដោយសារតែ​រោងចក្រ​គ្មាន​ការ​បញ្ជាទិញ​ដែល​បង្ខំ​ឱ្យ​រោងចក្រ​ត្រូវ​កាត់​បន្ថយ​បុគ្គលិក។

នៅ​ក្នុង​ប្រទេស​ចិន ខែ​មករា​គឺជា​ពេល​ដែល​កម្មករ​ចំណាកស្រុក​ជាច្រើន​ចាប់ផ្ដើម​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​ជារៀងរាល់​ឆ្នាំ​ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន។ ប៉ុន្តែ សម្រាប់​ឆ្នាំ​នេះ ការ​ធ្វើដំណើរ​ចេញ​ពី​ទីក្រុង​នានា​នៅ​តំបន់​ឆ្នេរ​សមុទ្រ​ឆ្ពោះ​ទៅ​កាន់​ខេត្ត​ផ្សេងៗ​នៅ​ទូទាំង​ប្រទេស​បាន​ចាប់ផ្ដើម​តាំង​ពី​មុន​ខែ​នេះ​ម្ល៉េះ។

អ្នកស្រី Shen Mei អាយុ ៣៧ ឆ្នាំ បាន​ត្រឡប់​ពី​ទីក្រុង Guangzhou ទៅ​កាន់​ទីក្រុង Xinxiang នៃ​ខេត្ត​Henan វិញ​កាលពី​ខែ​ធ្នូ​ឆ្នាំ​មុន។ អ្នកស្រី​ប្រាប់ VOA ថា អ្នកស្រី​ធ្លាប់​រក​ប្រាក់​បាន​ចន្លោះ​ពី ១.០០០ ទៅ ១.១០០ ដុល្លារ​ក្នុង​មួយ​ខែ​ពី​ការងារ​នៅ​ឯ​រោងចក្រ​មួយ ដែល​ប្រាក់ខែ​នេះ​គឺ​ច្រើន​ជាង​អ្វី​ដែល​អ្នកស្រី​អាច​រក​បាន​នៅ​ក្នុង​ស្រុក​កំណើត​របស់​អ្នកស្រី​ទៅទៀត។

អ្នកស្រី​និយាយ​ដូច្នេះ​ថា៖ «យើង​ត្រូវ​ធ្វើការ ១២ ម៉ោង​ក្នុង​មួយ​ថ្ងៃ ហើយ​ជាញឹកញាប់​ត្រូវ​ធ្វើការ​ថែម​ម៉ោង​ទៀត។ ដូច្នេះ​វា​ជា​រឿង​ធម្មតា​ទៅ​ហើយ​ដែល​យើង​ត្រូវ​ធ្វើការ ១៤ ម៉ោង​ក្នុង​មួយ​ថ្ងៃ។ ខ្ញុំ​ធ្វើការ​វេន​យប់ ហើយ​ញ៉ាំ​អាហារ​ដំបូង​នៅ​ម៉ោង ១១ យប់»។

អ្នកស្រី​បាន​បន្ថែម​ថា មនុស្ស​វ័យ​ក្មេង​ភាគច្រើន​នៅ​ក្នុង​ទីក្រុង​របស់​អ្នកស្រី​តែង​ទៅ​ធ្វើការ​នៅ​តាម​ទីក្រុង​ផ្សេងៗ ប៉ុន្តែ​នៅ​ទូទាំង​ប្រទេស​ចិន ការ​រក​ការងារ​ធ្វើ​គឺ​មាន​ការ​លំបាក​ណាស់​ដោយសារ​តែ​រោងចក្រ​ជាច្រើន​បាន​បិទ​អាជីវកម្ម​របស់​ខ្លួន។

អ្នកស្រី​លើកឡើង​ដូច្នេះ​ថា៖ «ស្ថានភាព​នៅ​ប្រទេស​ចិន​នៅ​ពេល​នេះ​គឺ​មិន​ល្អ​ទេ។ មនុស្ស​ជាច្រើន​មាន​ការ​ខឹង​សម្បា​នឹង​រដ្ឋាភិបាល ប៉ុន្តែ​មិន​ហ៊ាន​និយាយ។ គ្មាន​អ្នកណា​សប្បាយ​ចិត្ត​ទេ មាន​តែ​អ្នក​ដែល​ធ្វើការ​ក្នុង​ជួរ​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ​ដែល​សប្បាយ​ចិត្ត។ ស្ថានភាព​ជីវិត​ដ៏​លំបាក​របស់​ពលរដ្ឋ​ចិន​គឺ​ពិបាក​នឹង​បរិយាយ​ណាស់។ វា​មិន​មែន​ជា​ករណី​សម្រាប់​តែ​បុគ្គល​ម្នាក់ៗ​នោះ​ទេ វា​ជា​ស្ថានភាព​ទូទៅ​របស់​ពលរដ្ឋ​ភាគច្រើន»។

ចាប់តាំង​ពី​រដ្ឋាភិបាល​ចិន​បាន​ដក​វិធានការ​ដ៏​តឹងរ៉ឹង​នៅ​ក្នុង​ការ​គ្រប់គ្រង​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ កាលពី​ចុង​ឆ្នាំ ២០២២ មក សេដ្ឋកិច្ច​ចិន​បាន​ប្រឹងប្រែង​យ៉ាង​ត្រដាបត្រដួស​ដើម្បី​ត្រឡប់​ទៅ​រក​ស្ថានភាព​ធម្មតា​ឡើង​វិញ។ សូម្បីតែ​ប្រធានាធិបតី​ចិន​លោក Xi Jinping ក៏​បាន​ទទួលស្គាល់​ផងដែរ​នូវ​បញ្ហា​នានា​ដែល​សេដ្ឋកិច្ច​ចិន​បាន​ប្រឈម​នៅ​ក្នុង​ឆ្នាំ ២០២៣ នៅ​ពេល​ដែល​លោក​បាន​ថ្លែង​សុន្ទរថា​ស្វាគមន៍​ឆ្នាំ​ថ្មី​តាម​ទូរទស្សន៍​កាលពី​ថ្ងៃ​ទី ៣១ ខែ​ធ្នូ​កន្លង​ទៅ​នេះ។

លោក​ក៏​បាន​ប្ដេជ្ញា​ផងដែរ​ថា បញ្ហា​ទាំង​នេះ​នឹង​មាន​ភាព​ប្រសើរ​ឡើង។

លោក Xi បាន​និយាយ​ថា ចិន​នឹង​ជំរុញ​ទៅ​មុខ​នូវ​កំណែ​ទម្រង់​នានា​ក៏​ដូចជា «ពង្រឹង​និង​លើកកម្ពស់​និន្នាការ​វិជ្ជមាន​នៃ​ការ​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ ព្រមទាំង​សម្រេច​ឱ្យ​បាន​នូវ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​មួយ​ដែល​មាន​ស្ថិរភាព​យូរ​អង្វែង»។

ទោះជា​លោក​មាន​សុទិដ្ឋិនិយម​បែប​នេះ​ក្ដី មនុស្ស​មួយ​ចំនួន​មើល​ឃើញ​ថា ទស្សនវិស័យ​សេដ្ឋកិច្ច​ចិន​មាន​សភាព​អាប់អួ។

អ្នកស្រី Ma Lijuan អាយុ ៣៨ ឆ្នាំ គឺជា​មេចុងភៅ​ប្រចាំ​រោងចក្រ​ផលិត​សម្ភារ​ក្មេង​លេង​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង Guangzhou។ អ្នកស្រី​បាន​និយាយ​ថា បច្ចុប្បន្ន​នេះ អ្នកស្រី​ឃើញ​មាន​កម្មករ​តិចតួច​ប៉ុណ្ណោះ​នៅ​កន្លែង​ទទួល​ទាន​អាហារ។ អ្នកស្រី​បាន​ប្រាប់ VOA ថា កម្មករ​ជាច្រើន​ដែល​បាន​ធ្វើការ​នៅ​ក្នុង​រោងចក្រ​នេះ​អស់​រយៈពេល​ជាយូរ​មក​ហើយ​ត្រូវ​បាន​រោងចក្រ​កាត់​ប្រាក់ខែ​នៅ​ឆ្នាំ​នេះ។

អ្នកស្រី​ថ្លែង​ដូច្នេះ​ថា៖ «ប្រាក់​ចំណូល​របស់​ខ្ញុំ​បច្ចុប្បន្ន​នេះ​គឺ​ស្មើ​តែ​ពាក់​កណ្ដាល​ប៉ុណ្ណោះ​នៃ​ប្រាក់​ចំណូល​របស់​ខ្ញុំ​កាលពី​មុន​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ១៩»។

លោក Ma Xin គឺជា​ម្ចាស់​ហាង​លក់​គុយទាវ​សាច់គោ​នៅ​ជិត​សួន​ឧស្សាហកម្ម​ក្រុមហ៊ុន Foxconn នៅ​ក្នុង​ទីក្រុង Shenzhen។ ក្រុមហ៊ុន Foxconn នេះ​គឺជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ Iphone ធំ​ជាង​គេ​បង្អស់​នៅលើ​ពិភពលោក។ កាលពី​មុន រោងចក្រ​ដ៏​ធំ​របស់​ក្រុមហ៊ុន​នេះ​នៅ​សួន​ឧស្សាហកម្ម​នោះ​ធ្លាប់​បាន​ផ្ដល់​ការងារ​ដល់​កម្មករ​រាប់​សែន​នាក់។

លោក Ma បាន​ប្រាប់ VOA ថា លោក​មិន​ប្រាកដ​ក្នុង​ចិត្ត​ទេ​ថា​មាន​កម្មករ​ប៉ុន្មាន​នាក់​បាន​ចាកចេញ​ពី​ទីក្រុង Shenzhen កាលពី​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​បាន​រាយការណ៍​ថា មនុស្ស​ជាង ១ លាន​នាក់​បាន​ចាកចេញ​ពី​ទីក្រុង​នេះ​នៅ​ក្នុង​ឆ្នាំ ២០២៣។ ប៉ុន្តែ​អ្វី​ដែល​លោក Ma ច្បាស់​ក្នុង​ចិត្ត​នោះ​គឺ​ថា កង្វះ​អតិថិជន​បាន​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​រួចទៅហើយ​ដល់​អាជីវកម្ម​របស់​លោក។

លោក​ថ្លែង​ដូច្នេះ​ថា៖ «កាលពី​មុន ខ្ញុំ​មាន​អតិថិជន​ច្រើន​ណាស់ ហើយ​ខ្ញុំ​អាច​រក​ចំណូល​ប្រចាំ​ថ្ងៃ​បាន​ប្រហែល ៩៨៤ ដុល្លារ​អាមេរិក។ ប៉ុន្តែ​កាលពី​ឆ្នាំ ២០២៣ យើង​អាច​រក​បាន​តែ​ប្រហែល ២៥១ ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ»។ លោក​ថា ចំណូល​នេះ​គឺ​បាន​ត្រឹមតែ​ល្មម​គ្រប់គ្រាន់​សម្រាប់​ការ​ចំណាយ​លើការ​ជួល​ទីតាំង​និង​បើក​ប្រាក់ខែ​ឱ្យ​បុគ្គលិក​តែ​ប៉ុណ្ណោះ។

លោក Ali ដែល​ជា​ម្ចាស់​ហាង​លក់​គុយទាវ​សាច់គោ​ម្នាក់​ទៀត​នៅ​ទីក្រុង​សៀងហៃ បាន​ប្រាប់ VOA ថា ឆ្នាំ ២០២៣ គឺ​ជា​ឆ្នាំ​ដ៏​លំបាក​ខ្លាំង។

លោក​បាន​និយាយ​ថា មនុស្ស​ជាច្រើន «គ្មាន​ប្រាក់​នៅ​ក្នុង​ហោប៉ៅ​ទេ ហើយ​លទ្ធភាព​ចំណាយ​របស់​ពួកគេ​គឺ​លែង​មាន​ដូច​មុន​ទៀត​ហើយ»។

លោក Ma បាន​អះអាង​ថា បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុនៗ ចំនួន​កម្មករ​ចំណាកស្រុក​នៅ​ក្នុង​ទីក្រុង​សៀងហៃ​នៅ​ក្នុង​ឆ្នាំ ២០២៣ មាន​ចំនួន​តិច​យ៉ាង​ខ្លាំង។

លោក​លើកឡើង​ដូច្នេះ​ថា៖ «វា​ជារឿង​គួរ​ឱ្យ​សោកស្ដាយ​ណាស់។ រោងចក្រ​តូចៗ​ជាច្រើន​នៅ​ទីនេះ​បាន​បិទ​អាជីវកម្ម ហើយ​អតិថិជន​ចម្បង​សម្រាប់​ភោជនីយដ្ឋាន​នៅ​ជុំវិញ​រោងចក្រ​ទាំងនោះ​គឺជា​កម្មករ​ចំណាក​ស្រុក»។

កត្តា​នេះ​ហើយ​ដែល​ជំរុញ​ឱ្យ​ភោជនីយដ្ឋាន​ជាច្រើន​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅពី​ការ​បិទ​អាជីវកម្ម៕

ប្រែសម្រួល​ដោយ​លោក នៀម ឆេង

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG