សេដ្ឋកិច្ចចិនកាលពីឆ្នាំមុនបានកើនក្នុងអត្រាទាបបំផុតមួយនៅក្នុងរយៈពេល ៣ ទសវត្សរ៍កន្លងមកនេះ ខណៈដែលវារងគ្រោះដោយសារវិបត្តិអចលនទ្រព្យដែលជាប់គាំង ការប្រើប្រាស់ធ្លាក់ចុះ និងភាពចលាចលនៅលើពិភពលោក។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP ដែលយោងលើតួលេខផ្លូវការដែលបានបង្ហាញនៅថ្ងៃពុធនេះ។
តួលេខនេះគឺស្របជាមួយការរំពឹងទុកនិងលើសគោលដៅកំណត់របស់រដ្ឋាភិបាលចិន ប៉ុន្តែទំនងជានឹងដាក់សម្ពាធថ្មីដល់មន្ត្រីចិនឱ្យចាត់វិធានការជួយសេដ្ឋកិច្ចបន្ថែមដើម្បីចាប់ផ្ដើមសកម្មភាពអាជីវកម្មនិងធ្វើឱ្យក្រុមអ្នកប្រើប្រាស់នៅក្នុងប្រទេសចាប់ផ្ដើមចំណាយលុយឡើងវិញដើម្បីទិញផលិតផលនានា។
ការិយាល័យជាតិស្ថិតិចិនបានបង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើង ៥,២% រហូតដល់ចំនួន ១៧,៦ លានលានដុល្លារកាលពីឆ្នាំមុន។
តួលេខនេះគឺប្រសើរជាងតួលេខចំនួន ៣% នៃផលិតផលក្នុងស្រុកសរុប (GDP) ដែលគេបានកត់ត្រាកាលពីឆ្នាំ ២០២២ ដែលនៅពេលនោះ វិធានការបង្ការជំងឺកូវីដ១៩ ដ៏តឹងរ៉ឹងរបស់រដ្ឋាភិបាលចិនបានបង្អាក់ដល់សកម្មភាពនានា។ តួលេខចំនួន ៥,២% នេះក៏បង្ហាញឱ្យឃើញផងដែរថា សកម្មភាពសេដ្ឋកិច្ចមានភាពអន់ខ្សោយបំផុតតាំងពីឆ្នាំ ១៩៩០ មក ដោយមិនគិតអំពីពេលដែលមានវិបត្តិជំងឺកូវីដ១៩។
ខណៈពេលដែលអត្រា៥,២% ត្រូវបានមើលដោយច្រណែនដោយរដ្ឋាភិបាលផ្សេងទៀតដូចជាសហរដ្ឋអាមេរិក និងតំបន់ចាយប្រាក់អឺរ៉ូ ដែលបានរីកចម្រើនប្រហែល២% នៅឆ្នាំ២០២២ វាបានធ្លាក់ចុះពីកម្រិតប្រហែល៦ ឬ ៧ ភាគរយដែលតែងតែទទួលបានក្នុងទសវត្សរ៍២០១០។
បន្ទាប់ពីបានលើកលែងវិធានការបម្រាមកូវីដដ៏ធ្ងន់ធ្ងររបស់ខ្លួននៅចុងឆ្នាំ២០២២ ទីក្រុងប៉េកាំងបានកំណត់គោលដៅកំណើន «ប្រហែលប្រាំភាគរយ» សម្រាប់ឆ្នាំមុន។
នៅពេលដំបូង សេដ្ឋកិច្ចបានស្ទុះងើបឡើងវិញក្រោយជំងឺរាតត្បាត ប៉ុន្តែបានចុះខ្សោយក្នុងរយៈពេលប៉ុន្មានខែក្រោយមក ដោយសារកង្វះទំនុកចិត្តក្នុងចំណោមក្រុមពលរដ្ឋនិងអាជីវកម្មដែលនាំឲ្យប៉ះពាល់ដល់ការប្រើប្រាស់៕
វេទិកាបញ្ចេញមតិ