ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការលំបាករបស់យុវជននៅចិនក្នុងការស្វែងរកការងារធ្វើនិងនិន្នាការសង្គមឆ្នាំ ២០២៣


រូបឯកសារ៖ មនុស្ស​ចូលរួម​កម្មវិធី​ស្តី​ពី​ឱកាស​ការងារ​នៅ​ក្រុង Chongqing នៃប្រទេសចិន កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។
រូបឯកសារ៖ មនុស្ស​ចូលរួម​កម្មវិធី​ស្តី​ពី​ឱកាស​ការងារ​នៅ​ក្រុង Chongqing នៃប្រទេសចិន កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។

បន្ទាប់ពី​បាន​បញ្ចប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ​ក្នុង​ឆ្នាំ ២០២០ មក នាង Gao Yu បាន​ប្រឈម​នឹង​បញ្ហា​ក្នុង​ការ​រក​ការងារ​ការិយាល័យ​ដ៏​ឋិតថេរ​មួយ​ធ្វើ​នៅ​ក្នុង​ទីក្រុង Guangzhou នៃ​ខេត្ត Guangdong នៅ​ភាគ​ខាងត្បូង​ប្រទេស​ចិន។

នាង Gao Yu ក៏​ដូចជា​យុវជន​ចិន​នៅ​តាម​ទី​ជនបទ​ជាច្រើន​ទៀត​ដែរ បាន​ត្រឡប់​ទៅ​ខេត្ត​កំណើត​វិញ​ទាំង​ស្ទាក់ស្ទើរ​ក្នុង​ការ​លះបង់​ក្ដីប្រាថ្នា​របស់​ខ្លួន ​ក្នុង​ការ​រក​ការងារ​ការិយាល័យ​ធ្វើ​នៅ​តាម​ទីក្រុង​ធំៗ។ នាង​បាន​ត្រឡប់​ទៅ​ខេត្ត Yunnan វិញ ដើម្បី​ជួយ​ដល់​អាជីវកម្ម​លក់​កសិផល​ស្រស់​តាម​អនឡាញ​របស់​គ្រួសារ​នាង។

ឈ្មោះ Gao Yu នេះ​គឺ​ជា​ឈ្មោះ​ដែល​អ្នក​យក​ព័ត៌មាន​បាន​ដាក់​ឱ្យ ដោយសារ​នាង​បាន​សុំ​មិន​បញ្ចេញ​ឈ្មោះ​ពិត​សម្រាប់​បទសម្ភាសន៍​នេះ ​ដោយសារ​ខ្លាច​មាន​ការ​សងសឹក​ពី​អាជ្ញាធរ​ចិន។

នាង​បាន​ប្រាប់ VOA ថា៖ «ដំបូង​ខ្ញុំ​ស្ទាក់ស្ទើរ​ក្នុង​ការ​ត្រឡប់​ទៅ​ខេត្ត​វិញ។ ខ្ញុំ​ពិតជា​មិន​ចង់​ធ្វើការ​លក់​កសិផល​តាម​អនឡាញ​នោះ​ទេ ពីព្រោះ​ខ្ញុំ​មិន​ដែល​ធ្លាប់​ធ្វើ​ការងារ​ដូច​នេះ ហើយ​តាមពិត​ទៅ ខ្ញុំ​មិន​សូវ​ចាប់អារម្មណ៍​លើ​ផ្នែក​នេះ​ទេ‍»។

នៅ​ខេត្ត Yunnan គ្រួសារ​របស់​នាង​បាន​ប្រថុយ​លក់​កសិផល​ដែល​ដាំ​នៅ​ក្នុង​ចម្ការ​របស់​ពួកគេ​តាម​អនឡាញ។ ក្នុង​នាម​ជា​និស្សិត​បញ្ចប់​ការសិក្សា​ពី​មហា​វិទ្យាល័យ​តែ​មួយ​រូប​គត់​នៅក្នុង​គ្រួសារ​ដ៏​ធំ​របស់​នាង នាង Gao Yu បាន​ក្លាយជា​មនុស្ស​ដ៏​សំខាន់​នៃ​ហាង​អនឡាញ​នេះ ដោយ​ទទួល​បន្ទុក​ផ្សេងៗ​តាំងពី​ការ​បង្កើត​វិធី​ទាក់ទាញ​អតិថិជន​រហូត​ដល់​ការ​ផ្សព្វផ្សាយ​ទំនិញ។

រូបឯកសារ៖ បុរសម្នាក់​ជិះ​ម៉ូតូកាត់​សំណង់​អគារ​កំពុង​ត្រូវបាន​សាងសង់​នៅ​តំបន់ពាណិជ្ជកម្ម Qianhai ក្នុងស្រុក Shenzhen នៃខេត្ត Guangdong ប្រទេសចិន កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣។
រូបឯកសារ៖ បុរសម្នាក់​ជិះ​ម៉ូតូកាត់​សំណង់​អគារ​កំពុង​ត្រូវបាន​សាងសង់​នៅ​តំបន់ពាណិជ្ជកម្ម Qianhai ក្នុងស្រុក Shenzhen នៃខេត្ត Guangdong ប្រទេសចិន កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣។

ទៅ​តំបន់​ភ្នំ ទៅ​តំបន់​ជនបទ

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ រដ្ឋាភិបាល​ចិន​បាន​លើក​ទឹកចិត្ត​យុវជន​ឱ្យ​ធ្វើការ​នៅ​តាម​តំបន់​ជនបទ ដែល​នេះ​មាន​ភាព​ស្រដៀង​គ្នា​ទៅនឹង​គំនិត​ផ្តួចផ្តើម​កាលពី​អំឡុង​បដិវត្តន៍​វប្បធម៌​នៅ​ទសវត្សរ៍ ១៩៦០។

កាលពី​ខែ​មេសា​ឆ្នាំ ២០២៣ ខេត្ត Guangdong បាន​ដាក់ចេញ​នូវ​ផែនការ​សកម្មភាព​មួយ​ដោយ​ធ្វើការ​កៀរគរ​យុវជន​ចំនួន ១០០.០០០ នាក់ ​ឱ្យ​ជួយ​នៅ​ក្នុង​ការ​អភិវឌ្ឍ​ជនបទ​នៅ​ត្រឹម​ចុង​ឆ្នាំ ២០២៥។

ទោះជា​យ៉ាងនេះ​ក្តី លោក Benn Steil ដែល​ជា​អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​និង​ជា​ប្រធាន​ផ្នែក​សេដ្ឋកិច្ច​អន្តរជាតិ​នៅ​អង្គការ Council on Foreign Relations ដែល​ជា​អង្គការ​ស្រាវជ្រាវ​គោល​នយោបាយ​មួយ​នៅ​សហរដ្ឋអាមេរិក បាន​បញ្ជាក់​ថា​ និស្សិត​បញ្ចប់​ការ​សិក្សា​ពី​មហា​វិទ្យាល័យ​នៅ​ប្រទេស​ចិន​ទំនងជា​មិន​ពេញចិត្ត​ក្នុង​ការ​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​ពួកគេ​វិញ​នៅតាម​ទីក្រុង​តូចៗ​ឬ​តំបន់​ជនបទ​នោះ​ទេ។

លោក Steil បាន​ប្រាប់ VOA ថា៖ «ដោយសារតែ​ពួកគេ​ចង់​បាន​បទពិសោធន៍​ដូច​នឹង​ជំនាន់​ឪពុក​ម្តាយ​របស់​ពួកគេ គឺ​ឱកាស​ដើម្បី​ផ្លាស់ប្តូរ​ស្ថានភាព​គ្រួសារ​ឱ្យ​ទៅ​ជា​វណ្ណៈ​កណ្តាល​និង​ការ​មាន​សមត្ថភាព​ក្នុង​ការ​កសាង​និង​ផ្គត់ផ្គង់​គ្រួសារ​របស់​ខ្លួន»។

ឥឡូវនេះ ដោយ​ប្រឈម​នឹង​ការ​ធ្លាក់ចុះ​នៃ​ប្រាក់​ចំណេញ​ពី​អាជីវកម្ម​តាម​អនឡាញ​របស់​នាង និង​ខណៈពេល​ដែល​នាង​នៅតែ​មាន​ក្តីប្រាថ្នា​ក្នុង​ការ​បន្ត​ជីវិត​តាម​ក្តីស្រមៃ​របស់​ខ្លួន នាង Gao Yu បាន​ពិចារណា​អំពី​ការ​វិល​ត្រឡប់​ទៅ​ទីក្រុង Guangzhou វិញ​សម្រាប់​ឱកាស​ការងារ។

ថ្វីបើ​យ៉ាងនេះ​ក៏ដោយ ទិន្នន័យ​ផ្លូវការ​ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី ១៥ ខែ​ធ្នូ ឆ្នាំ ២០២៣ អំពី​អត្រា​ថ្នាក់​ជាតិ​នៃ​អ្នក​អត់​ការងារ​ធ្វើ​ក្នុង​ទីក្រុង​របស់​ប្រទេស​ចិន​ បាន​បង្ហាញ​ថា អ្នក​អត់​ការងារ​ធ្វើ​មាន​ចំនួន ៥% នៅ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ ២០២៣ ដែល​ជា​កម្រិត​ទាប​បំផុត​ចាប់​តាំងពី​ខែ​ធ្នូ ឆ្នាំ ២០២១ មក។ អត្រា​នេះ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា ក្តីសង្ឃឹម​របស់​នាង Gao Yu ក្នុង​ការ​ផ្លាស់​ទៅ​តំបន់​ទីក្រុង​ដើម្បី​រក​ការងារ​ធ្វើ​គឺ​មិន​ទំនងកើត​ឡើងនោះ​ទេ​ នៅ​ពេល​នេះ។

និន្នាការ​នៃ​យុវជន​រស់នៅ​ជាមួយ​ឪពុកម្ដាយ​ដោយ «រក​ការងារ​ធ្វើ​តាម​សម្រួល»

នៅ​ចំ​ពេល​ដែល​មាន​កង្វះ​ការងារ​នៅក្នុង​ប្រទេស​ចិន ឥឡូវនេះ​មនុស្ស​មួយ​ចំនួន​កំពុង​ទទួល​យក​នូវ​ទស្សនៈ​នៃ «ការ​ដេក​នៅ​ស្ងៀម‍» ការ​ធ្វើ​ជា «កូន​ពេញ​ម៉ោង» និង​ការ​ចូលរួម​ក្នុង «ក្រុម​មនុស្ស​ដែល​រក​ការងារ​ធ្វើ​តាម​សម្រួល»។

ទស្សនៈ​នៃ «ការ​ដេក​នៅ​ស្ងៀម‍» គឺ​សំដៅ​ទៅ​លើ​របៀប​រស់នៅ​ធម្មតា​ដែល​មិនមាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​និង​មិន​ខ្វល់​ពី​ការ​រំពឹងទុក​ក្នុង​សង្គម។ រីឯ​ការ​ធ្វើ​ខ្លួន​ជា «កូន​ពេញ​ម៉ោង» វិញ​គឺ​សំដៅ​ទៅ​លើ​កូន​ធំ​ពេញវ័យ​ដែល​នៅ​រស់នៅ​ជាមួយ​ឪពុកម្តាយ​ដោយ​ជ្រើសរើស​មិន​ធ្វើ​ការងារ​ពេញ​ម៉ោង។ ចំណែក​ឯ​ពាក្យ​ថា «ក្រុម​មនុស្ស​ដែល​រក​ការងារ​ធ្វើ​តាម​សម្រួល‍» ក៏​កំពុង​លេច​ឡើង​នៅ​ក្នុង​ប្រទេស​ចិន​ផងដែរ ដោយ​ការ​និយាយ​បែប​នេះ​ គឺ​ចង់​សំដៅ​ទៅ​លើ​និស្សិត​ដែល​បញ្ចប់​ការ​សិក្សា​ ប៉ុន្តែ​មិន​ទាន់​មាន​ការងារ​ធ្វើ។

កាលពី​ខែ​កក្កដា​ឆ្នាំ​មុន អ្នកស្រី​សាស្ត្រាចារ្យ Zhang Dandan នៃ​សាកលវិទ្យាល័យ Peking University បាន​គូស​បញ្ជាក់​អំពី​ការ​វាយតម្លៃ​មិន​ពេញលេញ​អំពី​ភាព​អត់​ការងារ​ធ្វើ​របស់​យុវជន​នៅ​ក្នុង​ប្រទេស​ចិន​នៅក្នុង​អត្ថបទ​មួយ​ក្នុង​ទស្សនាវដ្ដី Caixin ដោយ​អ្នកស្រី​បាន​លើកឡើង​អំពី​ការ​ដែល​មនុស្ស​ជាច្រើន​ជ្រើសរើស​យក​ការ​រង់ចាំ ​ឬ​ការ​ដកខ្លួន​ចេញ​ពី​ទីផ្សារ​ការងារ​ ដោយសារ​លក្ខខណ្ឌ​មិន​អំណោយផល ហើយ​សុខចិត្ត «រក​ការងារ​ធ្វើ​តាម​សម្រួល»។

លោក Jacey ដែល​រស់នៅ​ជាមួយ​ឪពុក​ម្តាយ​របស់​លោក​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​គឺ​ជា​ឧទាហរណ៍​មួយ​នៃ​និន្នាការ​នេះ ដោយ​លោក​កំពុងតែ​រស់នៅ​ដោយ​ចាយវាយ​ប្រាក់​សន្សំ​និង​ទទួល​បាន​ការ​ទំនុក​បម្រុង​ពី​ឪពុក​ម្តាយ បន្ទាប់ពី​លោក​បាន​ព្យាយាម​បន្ត​ការសិក្សា​នៅ​បរទេស​មិន​បាន​សម្រេច។ ថ្វីបើ​លោក​កំពុង​ពិចារណា​អំពី​ការ​រក​ការងារ​ធ្វើ​ក៏ដោយ ក៏​លោក​មាន​អារម្មណ៍​ថា ​លោក «មាន​ការ​ឃ្លាតឆ្ងាយ​ពី​សង្គម‍»។

លោក​បាន​ប្រាប់ VOA ថា៖ «ជាញឹកញាប់ ខ្ញុំ​បាន​ជួប​មនុស្ស​ដូច​ខ្ញុំ​នៅ​លើ​បណ្តាញ​សង្គម​អនឡាញ Weibo និង​បណ្ដាញ​សង្គម​អនឡាញ​ផ្សេង​ទៀត​ដែល​មិន​ទៅ​ធ្វើការ​ឬ​មិន​អាច​រក​ការងារ​ធ្វើ​បាន»។

ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​ពី​មហាវិទ្យាល័យ លោក Jacey បាន​ធ្វើការ​មួយ​ឆ្នាំ​ហើយ​បាន​សន្សំ​ប្រាក់​ដែល​បាន​ពី​ការងារ​នោះ​សម្រាប់​ការ​សិក្សា​នៅ​សាលា​ភាសា​នៅ​ប្រទេស​ជប៉ុន។ បន្ទាប់ពី​បាន​ត្រៀម​ខ្លួន​រយៈពេល​ពីរ​ឆ្នាំ​និង​ប្រឡង​ធ្លាក់​ម្តង​ហើយ​ម្តង​ទៀត​មក លោក​បាន​ត្រឡប់​ទៅ​ទីក្រុង​ប៉េកាំង​វិញ​កាលពី​ខែ​កុម្ភៈ ឆ្នាំ ២០២៣។

រូបឯកសារ៖ យុវជនចិន​ចូលរួម​កម្មវិធីស្តីពី​ឱកាសការងារ​នៅ​ទីក្រុង​ប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។
រូបឯកសារ៖ យុវជនចិន​ចូលរួម​កម្មវិធីស្តីពី​ឱកាសការងារ​នៅ​ទីក្រុង​ប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។

លោក Jacey ដែល​ជា​ផ្នែក​មួយ​នៃ​និន្នាការ «រក​ការងារ​ធ្វើ​តាម​សម្រួល» ដែល​ជា​និន្នាការ​កំពុង​កើតឡើង​នៅ​ក្នុង​ប្រទេស​ចិន​នេះ បាន​និយាយ​ថា៖ «ប្រសិនបើ​ខ្ញុំ​ឃើញ​ការ​ប្រកាស​រក​បុគ្គលិក​ធ្វើការ​នៅ​ក្នុង​ភោជនីយដ្ឋាន ខ្ញុំ​នឹង​មិន​ទៅ​ទេ ពីព្រោះ​ខ្ញុំ​ខ្ជិល‍»។

លោក Jacey បាន​ទទួល​ស្គាល់​ថា ក្នុង​ពេល​បច្ចុប្បន្ន​នេះ លោក​បាន​ផ្តាច់​ទំនាក់ទំនង​ពី​សង្គម​ដោយ​មិន​ខ្វល់​អំពី​ការ​រក​ការងារ​ធ្វើ។ ថ្វីបើ​លោក​និយាយ​ថា លោក​មិន​ចូលចិត្ត​ទីក្រុង​ប៉េកាំង​ក៏ដោយ ក៏​លោក​មិន​មាន​គម្រោង​ស្វែងរក​ការងារ​ធ្វើ​នៅ​ទីក្រុង​ផ្សេង​នោះ​ដែរ។ លោក​បាន​និយាយ​ថា ការ​រស់នៅ​ជាមួយ​ឪពុក​ម្ដាយ​របស់​លោក​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​គឺ​លោក «មិន​ចាំបាច់​បង់​ថ្លៃ​ឈ្នួល​ផ្ទះ​នោះ​ទេ»។

ការ​ស្ទង់មតិ​កាលពី​ពេល​ថ្មីៗ​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​អំពី​ការ​កើនឡើង​នូវ​ចំនួន​ប្រជាពលរដ្ឋ​ដែល​សុខចិត្ត «រក​ការងារ​ធ្វើ​តាម​សម្រួល» នៅក្នុង​ប្រទេស​ចិន។ កាលពី​ខែ​កញ្ញា ឆ្នាំ ២០២៣ ការ​ស្ទង់មតិ​មួយ​ដែល​ធ្វើ​ឡើង​ដោយ​សារព័ត៌មាន China Youth Daily ដែល​មាន​អ្នក​ចូលរួម​ឆ្លើយ​សំណួរ​ចំនួន ២.០០៩ នាក់​ បាន​បង្ហាញ​ថា ៧២,៩% នៃ​អ្នក​ទាំងនេះ​មាន​មិត្តភក្តិ​ឬ​សាច់ញាតិ​ដែល​ជា​និស្សិត​បញ្ចប់​ការសិក្សា​ពី​មហាវិទ្យាល័យ​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ដែល​សុខចិត្ត «រក​ការងារ​ធ្វើ​តាម​សម្រួល»។

ការ​ជ្រើសរើស​មន្ត្រី​រដ្ឋការ​និង​និស្សិត​ថ្នាក់​ក្រោយ​ឧត្តមសិក្សា​កើនឡើង

កាលពី​ខែ​តុលា ឆ្នាំ ២០២៣ សេចក្ដីរាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន China News Service បាន​បង្ហាញ​អំពី​ផែនការ​របស់​រដ្ឋាភិបាល​ចិន​ក្នុង​ការ​ជ្រើសរើស​មន្ត្រី​រដ្ឋការ​ថ្នាក់​ជាតិ​ឆ្នាំ ២០២៤ ចំនួន ៣៩.៦០០ នាក់ ដែល​ជា​ការ​កើនឡើង​ចំនួន ៦,៧% ដោយ​កើន​ពី​ចំនួន ២៤.១០០ នាក់​ក្នុង​ឆ្នាំ ២០២០។

ការ​ចុះឈ្មោះ​ប្រឡង​ក្របខណ្ឌ​មន្ត្រី​រដ្ឋការ​ថ្នាក់​ជាតិ​បាន​កើនឡើង​ជាង ៦០% ការ​ចុះឈ្មោះ​ប្រឡង​ក្របខ័ណ្ឌ​មន្ត្រី​រដ្ឋការ​ថ្នាក់​ខេត្ត​បាន​កើនឡើង ១៧% ហើយ​ការ​ចុះឈ្មោះ​ចូលរៀន​ថ្នាក់​ក្រោយ​ឧត្តមសិក្សា​នៅ​តាម​សាកលវិទ្យាល័យ​នានា​បាន​កើនឡើង​ចំនួន ៥,៦១% សម្រាប់​ឆ្នាំ​សិក្សា ២០២៤ នេះ។ នេះ​បើ​យោង​តាម​ក្រសួង​អប់រំ​របស់​ប្រទេស​ចិន។

លោក Steil អះអាង​ថា ការ​ផ្ដោត​របស់​រដ្ឋាភិបាល​ចិន​លើ​ការ​ជ្រើសរើស​មន្ត្រី​រដ្ឋការ​និង​និស្សិត​បញ្ចប់​ការសិក្សា​នេះ​គឺ​គ្រាន់តែ​ជា​ការ​ដោះស្រាយ​រោគសញ្ញា​នៃ​បញ្ហា​អត្រា​យុវជន​គ្មាន​ការងារ​ធ្វើ​ខ្ពស់​នៅ​ក្នុង​ប្រទេស​ចិន​នេះ​តែ​ប៉ុណ្ណោះ មិន​មែន​ជា​ការ​ដោះស្រាយ​ឫសគល់​ពិត​ប្រាកដ​នៃ​បញ្ហា​នេះ​ទេ។

លោក​បាន​បន្ថែម​ថា៖ «បញ្ហា​នេះ​អាច​បង្កើត​ឱ្យ​មាន​ភាព​ចលាចល​ខាង​នយោបាយ​ច្រើន​គួរសម​នៅ​ក្នុង​ប្រទេស​ចិន ហើយ​ពិតជា​នឹង​ធ្វើឱ្យ​មាន​ភាព​ប្រេះស្រាំ​នៅក្នុង​សង្គម‍»។

រូបឯកសារ៖ ផ្លូវ Pudong ក្នុងទីក្រុងសៀងហៃ ត្រូវបាន​បិទខ្ទប់​ក្នុងអំឡុង​ជំងឺរាតត្បាត​នៃ​កូវីដ១៩ ក្នុងប្រទេសចិន កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២។
រូបឯកសារ៖ ផ្លូវ Pudong ក្នុងទីក្រុងសៀងហៃ ត្រូវបាន​បិទខ្ទប់​ក្នុងអំឡុង​ជំងឺរាតត្បាត​នៃ​កូវីដ១៩ ក្នុងប្រទេសចិន កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២។

និរទេស​ខ្លួន​ដោយសារ​ភាព​អត់​ការងារ​ធ្វើ

នាង Fu Zijin ដែល​ជា​និស្សិត​បញ្ចប់​ការ​សិក្សា​ផ្នែក​ការ​អប់រំ​ភាសា​អង់គ្លេស​ថ្នាក់​បឋមសិក្សា​ពី​សាកលវិទ្យាល័យ Bozhou នៅ​ឆ្នាំ ២០១៩ បាន​លើកឡើង​ថា បញ្ហា​ប្រឈម​នៅក្នុង​ការ​រក​ការងារ​ធ្វើ​គឺ​បណ្តាល​មក​ពី​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​ចិន​លើ​វិស័យ​អប់រំ​និង​ការ​បណ្តុះបណ្តាល​កាលពី​ឆ្នាំ ២០២១។

មិត្ត​រួមថ្នាក់​របស់​នាង ២ នាក់​ដែល​បាន​បញ្ចប់​ការសិក្សា​នៅ​ឆ្នាំ ២០២០ នៅតែ​មិន​ទាន់​មាន​ការងារ​ធ្វើ។ ពួកគេ​ព្យាយាម​រក​ការងារ​រដ្ឋការ​និង​ត្រៀម​ប្រឡង​ចូល​ធ្វើ​គ្រូ​បង្រៀន​នៅ​ចំ​ពេល​ដែល​មាន​ការ​ប្រកួតប្រជែង​ខ្លាំង។

តាមរយៈ​ការ​សង្កេត​មើល​និន្នាការ​នៅក្នុង​ស្រុក​កំណើត​របស់​នាង នាង Fu បាន​កត់សម្គាល់​ថា «អ្នក​ខ្លះ​ចាប់ផ្តើម​អាជីវកម្ម ហើយ​អ្នក​ខ្លះ​ទៀត​គ្រាន់តែ​នៅ​ផ្ទះ​ធ្វើ​ជា «កូន​ពេញ​ម៉ោង»។

បន្ទាប់ពី​បាត់បង់​ការងារ​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​ក្នុង​អំឡុង​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ នាង Fu បាន​តស៊ូ​ត្រៀម​ប្រឡង​ចូល​ធ្វើ​គ្រូបង្រៀន​និង​សិក្សា​ថ្នាក់​បណ្តុះបណ្តាល​ក្នុង​ស្រុក។

កាលពី​ខែ​តុលា ឆ្នាំ ២០២០ នាង​បាន​ទទួល​ការងារ​ជា​គ្រូ​បង្រៀន​នៅ​សាលា​បឋមសិក្សា​រដ្ឋ ក៏ប៉ុន្តែ​នាង​ប្រឈម​នឹង​បញ្ហា​ខាង​មនោគមវិជ្ជា​ដែល​បណ្តាល​ឱ្យ​នាង​លា​ឈប់​ពី​ការ​បង្រៀន​នៅ​ខែ​កញ្ញា ឆ្នាំ ២០២២។

នាង​បាន​ជ្រើសរើស​ផ្លូវ​ថ្មី ដោយ​នាង​និង​មិត្តប្រុស​របស់​នាង​បាន​ទៅ​ធ្វើការ​នៅ​ប្រទេស​សិង្ហបុរី ហើយ​ក្រោយមក​បាន​ជ្រើសរើស​យក​វិធី «ឆ្លងដែន​ដោយ​ខុសច្បាប់‍» ចូល​ក្នុង​សហរដ្ឋ​អាមេរិក។ បច្ចុប្បន្ន​នាង​ធ្វើការ​នៅ​ភោជនីយដ្ឋាន​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង Los Angeles រដ្ឋ California៕

ប្រែសម្រួល​ដោយ​អ្នកស្រី លី ម៉ូរីវ៉ាន់

XS
SM
MD
LG