ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិនកំពុងប្រឈមនឹងអត្រាពលរដ្ឋវ័យក្មេងមិនទាន់រៀបការខ្ពស់បំផុត


រូបឯកសារ៖ ស្វាមីភរិយា​មួយ​គូរ​ទើប​រៀបការ​រួច នៅ​ការិយាល័យ​ចុះ​អេតាស៊ីវិល​ នៅទីក្រុង Hangzhou ខេត្ត Zhejiang ប្រទេសចិន កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៣។
រូបឯកសារ៖ ស្វាមីភរិយា​មួយ​គូរ​ទើប​រៀបការ​រួច នៅ​ការិយាល័យ​ចុះ​អេតាស៊ីវិល​ នៅទីក្រុង Hangzhou ខេត្ត Zhejiang ប្រទេសចិន កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៣។

ខណៈដែល​ប្រជាជន​នៅ​ក្នុង​ប្រទេស​ចិន​មាន​វ័យ​កាន់តែ​ចំណាស់​និង​កម្លាំង​ការងារនៅ​ក្នុង​ប្រទេស​ធ្លាក់ចុះ ប្រទេស​នេះ​កំពុង​ជួប​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​ចំនួន​ផ្នែក​ប្រជាសាស្ត្រ​ដូចជា​ការ​លើក​ទឹកចិត្ត​ឱ្យ​គូស្រករ​យក​កូន​បន្ថែម និង​ការ​លើក​ទឹកចិត្ត​ឱ្យ​ពលរដ្ឋ​វ័យក្មេង​រៀបការ​ជាដើម។

យោង​តាម​ទិន្នន័យ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ចុង​ខែ​ធ្នូ​ឆ្នាំ​មុន ប្រជាជន​ចិន​ជាង​ពាក់​កណ្ដាល​ដែល​មាន​អាយុ​ពី ២៥ ដល់ ២៩ ឆ្នាំ នៅតែ​មិន​ទាន់​រៀបការ​នៅឡើយ​នៅ​ឆ្នាំ ២០២៣។ តួលេខ​នេះ​ស្រប​ទៅ​នឹង​អត្រា​រៀបការ​សម្រាប់​មនុស្ស​នៅ​ក្នុង​ក្រុម​អាយុ​នេះ​នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍​ជាច្រើន ប៉ុន្តែ​វា​បង្ហាញ​ពី​ការ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​ចិន​បើ​ប្រៀបធៀប​ទៅ​នឹង​តួលេខ​កាល​ពី​មួយ​ទសវត្សរ៍​មុន។

សម្រាប់​ពលរដ្ឋ​ចិន​វ័យ​ក្មេង​ជាច្រើន មាន​ហេតុផល​ជាច្រើន​ដែល​ជំរុញ​ឱ្យ​ពួកគេ​មិន​រៀបការ។

នៅ​ពេល​សួរ​ថា​ហេតុអ្វី​បាន​ជា​មិន​រៀបការ លោក Zhang Yu អាយុ ៣២ ឆ្នាំ បាន​និយាយ​ថា៖ «ពេល​រៀបការ​នឹង​មាន​កូន​និង​មាន​កម្ចី​ទិញ​ផ្ទះ​និង​ឡាន។ ទាំង​នេះ​គឺ​សុទ្ធតែ​ជា​បំណុល​ដែល​ត្រូវ​សង ហើយ​ជា​ការ​ចំណាយ​លើស​ពី​អ្វី​ដែល​យើង​មាន​នា​ពេល​អនាគត។ នៅ​ពេល​ដែល​សេដ្ឋកិច្ច​ដាំក្បាល​ចុះក្រោម ប្រសិនបើ​គ្មាន​ប្រភព​ចំណូល​ទេ យើង​មានតែ​បន្ថយ​ការ​ចំណាយ​តែ​ប៉ុណ្ណោះ»។

លោក Zhang រស់នៅ​ភាគ​ឦសាន​នៃ​ប្រទេស​ចិន ហើយ​លោក​ធ្វើការ​នៅ​ក្រុមហ៊ុន​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ដែល​បាន​កាត់​ប្រាក់ខែ​បុគ្គលិក​សម្រាប់​ឆ្នាំ ២០២៣។ លោក​បាន​និយាយ​ថា ប្រាក់ខែ​បុគ្គលិក​បាន​ធ្លាក់ចុះ​ប្រហែល ៣០%។

Zhang គឺ​ជា​ឈ្មោះ​ហៅ​ក្រៅ​ដែល​លោក​ប្រើ​ដើម្បី​ថ្លែង​ប្រាប់ VOA អំពី​បញ្ហា​នេះ។ លោក​បាន​និយាយ​ថា៖ «តាមពិត ខ្ញុំ​សប្បាយចិត្ត​ដែល​ខ្ញុំ​មិន​ទាន់​រៀបការ​និង​មិន​ទាន់​មាន​កូន។ បើ​មិន​អ៊ីចឹង​ទេ ខ្ញុំ​ច្បាស់ជា​កំពុង​មាន​បញ្ហា​ធំ​មិន​ខាន»។

កំណើន​យឺតយ៉ាវ​នៃ​សេដ្ឋកិច្ច​ចិននិង​អត្រា​អត់​ការងារ​ធ្វើ​ខ្ពស់​ក្នុង​ចំណោម​យុវជន​នៅ​ឆ្នាំ ២០២៣ គឺជា​ក្ដី​បារម្ភ​បន្ថែម​ទៀត​សម្រាប់​យុវជន​ចិន។ អ្នកវិភាគ​នានា​បាន​បញ្ជាក់​ថា ពួកគេ​មិន​មាន​សុទិដ្ឋិនិយម​ថា​សេដ្ឋកិច្ច​ចិន​នឹង​មាន​ភាព​ប្រសើរ​ឡើង​នៅ​ឆ្នាំ ២០២៤ នេះ​ទេ។

នាង Jacey Zhang អាយុ ២៧ ឆ្នាំ​និង​នៅ​លីវ គឺជា​ពលរដ្ឋ​នៅ​ទីក្រុង​ប៉េកាំង​ដែល​បច្ចុប្បន្ន​នេះ​កំពុង​រស់នៅ​ជាមួយ​ឪពុក​ម្ដាយ​របស់​នាង។ នាងនិយាយចំអក​លេង​ឱ្យ​ខ្លួនឯង​និង​អំពី​ស្ថានភាព​លំបាក​របស់​នាង​ថា នាង​ជា «មនុស្ស​បរាជ័យ​ដែល​ខកចិត្ត​នៅ​ក្នុង​សង្គម»។

នាង​បាន​ប្រាប់ VOA ថា៖ «បើ​គ្មាន​ការងារ​ធ្វើ​ទេ យើង​មិន​អាច​រក​គូស្រករ​ឃើញ​ទេ»។ ប៉ុន្តែ នាង​បាន​បន្ថែម​ថា ដោយសារ​ស្ថានភាព​បច្ចុប្បន្ន​របស់​នាង ការ​នៅ​ម្នាក់​ឯង​គឺ​ប្រសើរ​ជាង​រៀបការ។

នាង​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ថា ទោះបីជា​ឪពុក​ម្ដាយ​របស់​នាង​អាច​រ៉ាប់រង​ឱ្យ​នាង​រស់នៅ​ជាមួយ​បាន​ក៏ដោយ ក៏​ពួកគាត់​មិន​មាន​ជីវភាព​ធូរធារ​ផ្នែក​ហិរញ្ញវត្ថុ​នោះ​ទេ ហើយ​ការ​រៀបការ​ត្រូវ​ចំណាយ​ប្រាក់​បន្ថែម​ទៀត។

អ្នកស្រី Fang Xu ដែល​ជា​គ្រូ​ឯកទេស​នៅ​សាកលវិទ្យាល័យ California ក្រុង Berkeley បាន​សង្កេត​ឃើញ​ថា អត្រា​រៀបការ​ទាប​និង​អត្រា​អត់​ការងារ​ធ្វើ​ខ្ពស់​នេះ​មាន​ទំនាក់ទំនង​ជាមួយ​គ្នា។

អ្នកស្រី​ជឿ​ថា និន្នាការ​កើនឡើង​នៃ​ទស្សនៈ «ដេក​នៅ​ស្ងៀម» ឬ​ការ​មិន​ខ្វល់​នឹង​ការ​ប្រកួត​ប្រជែង​ខ្លាំងក្លា​ឬក្ដី​រំពឹង​របស់​សង្គម មិន​ត្រឹមតែ​ប៉ះពាល់​ដល់​អាជីព​ការងារ​របស់​យុវជន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ប៉ះពាល់​ដល់​ផែនការ​រៀបការ​របស់​ពួកគេ​ទៀតផង។

អ្នកស្រី​និយាយ​ថា៖ «អ្នក​ត្រូវតែ​បដិសេធ​សម្ពាធ​ពី​សង្គម ហើយ​អ្នក​ក៏​ត្រូវតែ​កុំ​ខ្វល់​នឹង​ការ​រៀបការ​ និង​ការ​មាន​កូន​ផងដែរ ព្រោះ​ថា អ្នក​គ្មាន​ប្រាក់​សម្រាប់​ការ​ចំណាយ​ពេល​មាន​កូន​និង​រៀបការ​នោះ​ទេ»។

យោង​តាម​ការិយាល័យ​ជាតិ​ស្ថិតិ​ចិន អត្រា​អត់​ការងារ​ធ្វើ​នៅ​តំបន់​ទីក្រុង​ក្នុង​ចំណោម​មនុស្ស​អាយុ​ពី ១៦ ទៅ ២៤ ឆ្នាំ បាន​កើន​ដល់ ២១.៣% ដែល​ជា​កំណត់ត្រា​ខ្ពស់​បំផុត​នៅ​ក្នុង​ខែ​មិថុនា ឆ្នាំ ២០២៣។ បន្ទាប់ពី​មាន​ការ​បញ្ចេញ​តួលេខ​នេះ​មក អាជ្ញាធរ​ចិន​បាន​សម្រេច​ឈប់​បញ្ចេញ​អត្រា​អត់​ការងារ​ធ្វើ​តទៅ​ទៀត។ អ្នកខ្លះ​បាន​ប៉ាន់ប្រមាណ​ថា អត្រា​អត់​ការងារ​ធ្វើ​ក្នុង​ចំណោម​មនុស្ស​ក្រុម​នេះ មាន​រហូត​ដល់​ទៅ ៤០%។

លោក Zhang បាន​និយាយ​ថា ដោយសារតែ​មូលហេតុ​ផ្នែក​ហិរញ្ញវត្ថុ​នេះ មិត្ដភក្ដិ​របស់​លោក​មិន​ចង់​បាន​កូន​ទេ ទោះបីជា​មិត្តភក្តិ​របស់​លោក​បាន​រៀបការ​រួច​ហើយ​ក្ដី។ លោក​ក៏​បាន​ជួប​ស្ត្រី​ជាច្រើន​តាម​រយៈ​ការ​ណាត់ជួប​ដែល​មិន​ស្គាល់គ្នា​ពី​មុន​ផងដែរ ដែល​ស្ត្រី​ទាំងនោះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ពួកគេ​ចង់​មាន​គូស្រករ​ដែល​អាច​រក​ប្រាក់​ចំណូល​បាន​ផងដែរ​ដោយ​មាន​ប្រាក់​ចំណូល​ទាំង​ពីរ​នាក់ ប៉ុន្តែ​មិន​ចង់​មាន​កូន​ទេ។

«សៀវភៅ​ស្ថិតិ​ប្រជាជន​និង​ការងារ​នៅ​ចិន​ឆ្នាំ ២០២៣ (China Population and Employment Statistics Yearbook 2023)» ដែល​បាន​បោះពុម្ព​ផ្សាយ​កាលពី​ខែ​ធ្នូ​ឆ្នាំមុន​បាន​បង្ហាញ​ថា ក្នុង​ចំណោម​ប្រជាជន​ចិន​ទាំងអស់ អត្រា​អ្នក​មិន​ទាន់​រៀបការ​មាន​ចំនួន ៥១.៣% នៅ​ក្នុង​ក្រុម​មនុស្ស​អាយុ​ពី ២៥ ទៅ ២៩ ឆ្នាំ ចំនួន ១៨,៤% នៅ​ក្នុងក្រុម​មនុស្ស​អាយុ​ពី ៣០ ទៅ ៣៤ ឆ្នាំ និង​ចំនួន ៨% នៅ​ក្នុង​ក្រុម​មនុស្ស​អាយុ​ពី ៣៥ ទៅ ៣៩ ឆ្នាំ។

រូបឯកសារ៖ ស្វាមីភរិយាមួយ​គូរ​ថតរូប​ជាមួយគ្នា​ក្រោយ​ចុះ​អេតាស៊ីវិល​រួច ក្នុងអំឡុងជំងឺរាតត្បាតកូវីដ១៩ នៅ​ទីក្រុង​សៀងហៃ ប្រទេសចិន កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។
រូបឯកសារ៖ ស្វាមីភរិយាមួយ​គូរ​ថតរូប​ជាមួយគ្នា​ក្រោយ​ចុះ​អេតាស៊ីវិល​រួច ក្នុងអំឡុងជំងឺរាតត្បាតកូវីដ១៩ នៅ​ទីក្រុង​សៀងហៃ ប្រទេសចិន កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។

គោល​នយោបាយ​អាពាហ៍ពិពាហ៍

រដ្ឋបាល​មូលដ្ឋាន​ខ្លះ​បាន​ដាក់ចេញ​គោល​នយោបាយ​លើកតម្កើង​អាពាហ៍ពិពាហ៍។ រដ្ឋបាល​ស្រុក Changshan នៅ​ខេត្ត Zhejiang នឹង​ផ្ដល់​រង្វាន់​ដល់​កូន​ក្រមុំ​ដែល​មាន​អាយុ ២៥ ឆ្នាំ និង​តិច​ជាង​នេះ​ដែល​ទើប​រៀបការ​ថ្មីថ្មោង​ជា​ទឹកប្រាក់​ចំនួន ១៥០ ដុល្លារ ដែល​ជា​ចំនួន​មួយតិចតួច​នាំ​ឱ្យ​មាន​ការ​រិះគន់​នៅ​លើ​បណ្ដាញ​សង្គម​អនឡាញ។

«ឯកសារ​គោល​នយោបាយ​ស្ដីពី​ឧស្សាហកម្ម​អាពាហ៍ពិពាហ៍​នៅ​ឆ្នាំ ២០២១ (White Paper on Marriage Industry Insights in 2021)» ដែល​ចេញ​ផ្សាយ​ដោយ​ក្រុមហ៊ុន​បណ្ដាញ​សង្គម​អនឡាញ​ធំ​មួយ​ដែល​មាន​ឈ្មោះ​ថា Tencent បាន​បង្ហាញ​ថា ការ​ចំណាយ​ជា​មធ្យម​សម្រាប់​ពិធី​មង្គលការ​របស់​គូស្រករ​មួយ​គូមាន​ចំនួន ២៥.០០០ ដុល្លារ​នៅ​ក្នុង​ឆ្នាំ ២០២០។

ឯកសារ​ដដែល​នេះ​បាន​បញ្ជាក់​ថា ទោះបីជា​វិបត្តិ​ជំងឺ​កូវីដ១៩ ហាក់​ដូចជា​គ្មាន​ឥទ្ធិពល​អ្វី​ទៅ​លើ​ការ​ចំណាយ​នេះ​ក៏ដោយ ក៏​វិបត្តិ​នេះបាន​ជំរុញ​ឱ្យឪពុក​ម្ដាយ​ខ្លះ​ផ្ដោត​ការ​យកចិត្ត​ទុកដាក់​លើ​សុខភាព​ ជាជាង​ការ​ជំរុញ​កូន​តែ​មួយ​គត់​របស់​ពួកគេ​ឱ្យ​រៀបការ។

វិធានការ​ដ៏​តឹងរ៉ឹង​របស់​ចិន​ដើម្បីទប់ស្កាត់​ជំងឺ​កូវីដ១៩ ក៏​បាន​ធ្វើ​ឱ្យ​មនុស្ស​ជាច្រើន​មាន​ការ​លំបាក​ក្នុង​ការ​ចេញ​ក្រៅ​ទៅ​រក​តម្រូវការ​ចាំបាច់​សម្រាប់​ការ​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគេ​ផងដែរ។ ពលរដ្ឋ​ក្មេងៗ​ជាច្រើន​ត្រូវ​សម្រេចចិត្ត​បោះបង់​ចោល​ផែនការ​រៀបការ​និង​ការ​យក​កូន។

យោង​តាម «សៀវភៅ​ស្ថិតិ​ចិន​ឆ្នាំ ២០២៣» ពលរដ្ឋ​ចិន​ដែល​បាន​រៀបការ​លើក​ដំបូង​ក្នុង​ឆ្នាំ ២០២២ មាន​ចំនួន ១០ លាន ៥ សែន​នាក់ ដែល​មាន​ការ​ធ្លាក់ចុះ​ជាង​មួយ​លាន​នាក់​បើ​ធៀប​ទៅនឹង​តួលេខ​កាលពី​ឆ្នាំ ២០២១។

​របាយការណ៍​ស្ថិតិ​ប្រចាំ​ត្រីមាស​ចុងក្រោយ​បំផុត​ដែល​ចេញផ្សាយ​ដោយ​ក្រសួង​កិច្ចការ​ស៊ីវិល​ចិន​បាន​បង្ហាញ​ថា ចំនួន​គូស្រករ​សរុប​ទាំងអស់​ដែល​បាន​រៀបការ​នៅ​ឆ្នាំ ២០២២ មាន​ចំនួន ៦ លាន ៨ សែន​គូ ដែល​មាន​ការ​ធ្លាក់ចុះ​ចំនួន ១០.៥% បើ​ធៀប​ទៅនឹង​ឆ្នាំ ២០២១ ដែល​តួលេខ​នេះ​ជា​តួលេខ​ទាប​ថ្មី​មួយ​ចាប់​ពី​ឆ្នាំ ១៩៨៦ មក។

ពលរដ្ឋ​ចិន​ក៏​រង់ចាំ​យូរ​ជាងមុន​ផងដែរ​មុន​នឹង​ឈាន​ទៅ​ដល់​ការ​រៀបការ។ អាយុ​ជា​មធ្យម​របស់​គូស្រករ​ដែល​ចុះ​ឈ្មោះ​រៀបការ​បាន​ប្រែប្រួល​ពី​ក្រោម ២៤ ឆ្នាំ​នៅ​ឆ្នាំ ២០១៣ ទៅ​ជាង ៣០ ឆ្នាំ​នៅ​ក្នុង​តួលេខ​ចុងក្រោយ។

កាលពី​ខែ​តុលា​ឆ្នាំ​មុន ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​ថ្លែង​ថា វា​ជា​រឿង​ចាំបាច់​ដែល​ស្ត្រី​ត្រូវតែ «សកម្ម​ក្នុង​ការ​បណ្ដុះ​វប្បធម៌​ថ្មី​នៃ​អាពាហ៍ពិពាហ៍ ការ​ផ្ដល់​កំណើត​ដល់​កូន និង​ការ​ពង្រឹង​ការ​បង្ហាញ​ផ្លូវ​ដល់​ពលរដ្ឋ​វ័យក្មេង​នូវ​រឿង​អាពាហ៍ពិពាហ៍ ការ​ផ្ដល់​កំណើត​ដល់​កូន និង​គ្រួសារ»។

អ្នកស្រី Xu ដែល​ជា​គ្រូ​ឯកទេស​នៅ​សាកលវិទ្យាល័យ California ក្រុង Berkeley បាន​និយាយ​ថា ការ​ថ្លែង​បែប​នេះ​បាន​ធ្វើ​ឱ្យ​មនុស្ស​ជាច្រើន​ចោទ​ជា​សំណួរ​ថា​ហេតុអ្វី​បានជា​ពួកគេ​ត្រូវ​ធ្វើ​តាម​ដំបូន្មាន​បែបនេះ។

អ្នកស្រី​បញ្ជាក់​ដូច្នេះ​ថា៖ «ក្នុង​នាម​ជា​មនុស្ស​ស្រី ខ្ញុំ​មាន​សញ្ញាប័ត្រ​ពី​មហាវិទ្យាល័យ។ តើ​អ្នក​ចង់​ឱ្យ​ខ្ញុំ​បោះបង់​អាជីព​របស់​ខ្ញុំ​ទៅ​ធ្វើជា​ប្រពន្ធ​និង​ម្ដាយ​ល្អ​ហើយ​បម្រើ​អ្នក​ឬ? ហេតុអ្វី​បាន​ជា​ខ្ញុំ​ត្រូវ​រស់នៅ​ក្នុង​ជីវិត​បែប​នេះ​នោះ?»៕

ប្រែ​សម្រួល​ដោយ​លោក នៀម ឆេង

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG