ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មាន​មតិ​ចម្រុះគ្នា​​ចំពោះ​ការ​ផ្តល់​ឧទ្ធម្ភាគចក្រ​ចិន​ដល់​កម្ពុជា​តាម​រយៈ​ជំនួយ​ជាកម្ចី​របស់​ចិន


ឧទ្ធម្ភាគចក្រ​ចិន​ដែល​ប្រគល់ឲ្យ​កម្ពុជា​តាមរយៈ​ប្រាក់​កម្ចី​(រូបភាព​ Reuters)
ឧទ្ធម្ភាគចក្រ​ចិន​ដែល​ប្រគល់ឲ្យ​កម្ពុជា​តាមរយៈ​ប្រាក់​កម្ចី​(រូបភាព​ Reuters)
ប្រទេស​ចិន​បាន​ផ្តល់​កម្ចី​ដល់​កម្ពុជា​ដើម្បី​ទិញ​យន្តហោះ​ឧទ្ធម្ភាគ​ចក្រ​ចំនួន​១២​ គ្រឿង​ដើម្បី​ប្រើប្រាស់​ក្នុង​តម្រូវ​ការផ្សេងៗ ​ហើយ​ឧទ្ធម្ភាគចក្រ​នេះ​ត្រូវគេ​ប្រគល់​ជាផ្លូវ​ការ​ឲ្យ​កម្ពុជា​កាលពី​ដើម​សប្តាហ៍​នេះ​ ក្រោយ​ពេល​តែ​ប៉ុន្មាន​ថ្ងៃ​នៃ​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន ​ស្ស៉ីនហ្ស៊ូ អាបេ ​(Shinzo Abe) ​និង​ក្រោយ​ពេល​ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ​ ក្រុងឡាអេ ​បាន​បកស្រាយ​សាលក្រម​ទាក់ទង​នឹង​បញ្ហា​ដីក្បែរ​ប្រាសាទ​ព្រះវិហារ​ដ៏ចម្រូង​ចម្រាស​ជាមួយ​ប្រទេស​ថៃ​នោះ។​

ក្រៅពី​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន​ក្នុងការ​ប្រើប្រាស់​ជំនួយ​ថ្មី​របស់​ចិន​នេះ​ ក្រុម​អ្នក​វិភាគ​ខ្លះ​បាន​ក្រឡេក​ឃើញ​តួនាទី​សំខាន់​របស់​កម្ពុជា​ក្នុង​ចំណោម​មហា​អំណាច​តំបន់​ ជា​ពិសេស​ចិន​ និង​ជប៉ុន​ដែល​កំពុង​មាន​បញ្ហា​ប្រទាញ​ប្រទង់គ្នា​រឿងដែន​អធិបតេយ្យ​ និង​ដែន​អាកាស​ផង​នោះ។​

លោកស្រី​ ស្ស៉ីហុកុ ហ្គោតុ ​(Shihoko Goto) ​អ្នក​ស្រាវ​ជ្រាវ​ម្នាក់​សម្រាប់កិច្ចការ​អាស៊ី​នៃ​អង្គការ​តាក់​តែង​គោល​នយោបាយ​ស.រ.អា. ​Woodrow​ Wilson​ Center​ ក្នុង​រដ្ឋធានី​វ៉ាស៊ីន​តោន​បាន​អះអាង​ថា៖​ «ជាការណ៍​ពិត​ ការផ្តល់​ឧទ្ធម្ភាគចក្រ​១២​គ្រឿង​សម្តែងចេញឲ្យ​ឃើញ​ពី​កម្រិតនៃ​ការ​ប្តេជ្ញា​ចិត្ត​របស់​ចិន​ចំពោះ​ប្រទេស​កម្ពុជា។​ ជាមួយគ្នា​នេះ​ដែរ​ជា​ការ​បញ្ជាក់​ឲ្យ​ដឹង​អំពី​សារៈ​សំខាន់​ដែល​កម្ពុជា​កំពុង​ដើរ​តួនាទី​ក្នុង​នយោបាយ​បណ្តាប្រទេស​មហា​អំណាច​ក្នុង​តំបន់​អាស៊ី​ខាង​កើត»។​

លោកស្រី​បាន​អះអាង​ដូច្នេះ​ដោយ​យោង​ថា ​ការ​ប្រកាស​ពីការ​ទទួល​យក​ជំនួយ​យន្តហោះ​ដែល​ទិញ​ដោយ​កម្ចី​ចិន​នេះ​កើត​ឡើង​ក្រោយ​ពេល​ដែល​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ ដែល​ពង្រីក​ការ​យក​ចិត្ត​ទុកដាក់​ និង​កិច្ច​សហ​ប្រតិ​បត្តិការ​យោធា​ជាមួយ​កម្ពុជា ​ដោយសារ​តែ​បញ្ហា​ជម្លោះ​ដែន​សមុទ្រ​ខាង​ត្បូង​ប្រទេស​ចិន​នោះ​ បាន​ជួប​ជាមួយ​សមភាគី​កម្ពុជា​គឺ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ដែល​ជា​ជំនួប​លើក​ទី១​ក្នុង​រយៈពេល​១៣​ឆ្នាំ​រវាង​មេដឹក​នាំ​ជប៉ុន​ និង​កម្ពុជា។​

សំណួរ​មួយ​ដែល​លោកស្រី​ហ្គោតុ​បាន​លើក​ឡើង​ទាក់ទង​នឹង​ស្ថិរភាព​នយោបាយ​កម្ពុជា​គឺ​ ថា​តើ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​ធ្វើ​ម៉េច​អាច​បន្ត​ឲ្យ​មាន​ឥទ្ធិពល​លើ​ដៃគូប្រជែង​គឺ​មហា​អំណាច​ធំៗ​ទាំងពីរ​ក្នុង​តំបន់​អាស៊ី​ខាង​កើត​ដើម្បី​ផល​ប្រយោជន៍​របស់​ខ្លួន​នោះ?​

លោក​បណ្ឌិត​សុខ ទូច​ សាកល​វិទ្យាធិការ​នៃ​សាលក​វិទ្យាល័យ​ខេមរៈ​នៅ​កម្ពុជា​ បាន​អះអាង​ថា​ ការ​ផ្តល់​ជំនួយ​ជា​កច្ចី​របស់​ចិន​នេះ​គឺមាន​ការ​ពាក់ព័ន្ធ​នឹង​បញ្ហា​ សំខាន់ៗ​មួយ​ចំនួន។​

«ទី១​ចិន​ចង់​បង្ហាញ​ថា​ ចិន​នៅតែ​ជា​មិត្ត​ដ៏ល្អ​សម្រាប់កម្ពុជា​ ទោះជា​រដ្ឋាភិបាល​នេះ​គ្មាន​នរណា​ទទួល​ស្គាល់​ក្តី។ ​ទី២ ​ដោយសារ​តែ​កម្ពុជា​កំពុង​តែ​ស្ថិត​នៅក្នុង​ចំណុច​ក្តៅ​មួយ​ នៅ​ពេល​ដែល​កម្ពុជា​ទទួល​ការ​បកស្រាយ​សាលក្រម​ ICJ ​ តែថៃ​មិន​គោរព​ ហើយ​ថៃ​មាន​វិបត្តិ​ផ្ទៃក្នុង។​ ដូច្នេះ​ការ​ផ្តល់​គ្រឿង​សព្វាវុធ​ឬ​ឧទ្ធម្ភាគ​ចក្រ​នេះ​ចង់​បង្ហាញ​ថា​ ចិន​ជួយ​គាំទ្រ​ផ្នែក​វិស័យ​កងទ័ព​ទៅដល់​ភាគី​កម្ពុជា។​ ចំណុច​ទី៣​ ដើម្បី​ស្តែង​បញ្ជាក់​ឲ្យ​ឃើញ​អំពី​ភាព​កក់ក្តៅ​ដែល​នាយក​រដ្ឋមន្ត្រី​ជប៉ុន​បាន​មក​ធ្វើ​ទស្សន​កិច្ច​នៅ​កម្ពុជា ​ហើយ​ជប៉ុន​បាន​ធ្វើការ​គាំទ្រ​កម្ពុជា។​ អញ្ចឹង​ចិន​ក៏​មិន​ចង់​ឲ្យ​ភាពខ្លាំង​របស់​ជប៉ុន​មាន​ឥទ្ធិពល​មក​ដែរ»។​

លោក​សុខ ទូច​បាន​អះអាង​ថា​ ជំនួយ​ជា​កម្ចី​របស់​ចិន​នេះ​គឺ​ចាំបាច់​ណាស់​សម្រាប់វិស័យ​កងទ័ព​ និង​ការ​ពង្រឹង​កងទ័ព​ ហើយ​ត្រូវការ​ចាំបាច់​សម្រាប់ការ​ដឹក​ជញ្ជូន​ផ្នែក​វិស័យ​កងទ័ព ​និង​ជួយ​ផ្នែក​មនុស្សធម៌​សម្រាប់គ្រោះ​ធម្មជាតិ​ដូចជា​ទឹក​ជំនន់​ជាដើម។​

ប្រទេស​ចិនជា​ប្រទេស​ផ្តល់​ជំនួយ​ដ៏​ធំជាង​គេ​សម្រាប់កម្ពុជា​ នៅ​ប៉ុន្មាន​ឆ្នាំចុង​ ក្រោយ​នេះ​ ដោយ​មាន​ទឹកប្រាក់​១​ពាន់​លាន​ក្នុង​មួយ​ឆ្នាំៗ។​ ជំនួយ​ឬ​កម្ចី​ចិន​ត្រូវ​ គេ​ដឹង​ថា​ គ្មាន​ការ​ភ្ជាប់​លក្ខខណ្ឌ​ចំពោះ​រឿង​គោរព​សិទ្ធិ​មនុស្ស​ ប្រជាធិបតេយ្យ​ ដូច​ជំនួយ​ប្រទេស​លោក​ខាង​លិច​ទេ។

តែលោកផាត់ កុសល​ សាស្ត្រាចារ្យ​សាកល​វិទ្យាល័យ​ City ​នៃរដ្ឋ​ New​ York បាន​អះអាង​ថា​ ឧទ្ធម្ភាគ​ចក្រ​ទាំងនេះ​ដែល​កម្ពុជា​ជា​អ្នក​ទិញ ​ហើយ​ប្រើ​ប្រាស់​ប្រាក់​កម្ចី​ដល់​ទៅ​ចំនួន១៩៨​លាន​ដុល្លារ​ពីក្រុមហ៊ុន​យន្តហោះ​ចិន​គឺមិនមែន​ជា​ជំនួយ​ឥត​សំណង​ទេ។​ តែ​ជា​ជំនួយ​ដែល​កម្ពុជា​ត្រូវ​សង​ចិន​វិញ។​ លោក​ថ្លែង​ តាម​សារ​អេឡិច​ត្រូនិច​អ៊ីម៉េល​ថា៖​ «ប្រសិន​បើ​កម្ពុជា​ប៉ង​ប្រាថ្នា​ខាង​ផល​ប្រយោជន៍​សម្ភារៈ​ពីការ​ជឿន​លឿន​របស់​ចិន​ជាង​អ្វី​ផ្សេងទៀត​ កម្ពុជា​ឈរលើ​ជំហរ​ដើម្បី​ផល​ប្រយោជន៍​ពី​ជំហរ​របស់​ខ្លួន​នេះ​ ក្នុង​ថានៈ​ជា​រដ្ឋ​ដែល​ប្រែប្រួល​ដើម្បី​ផល​ប្រយោជន៍​ជាតិ​មួយ​ចំពោះ​ការ​ប្រជែង​រវាង​បទដ្ឋាន​ពីរ។ ​សំណួរគឺថា​តើ​អ្វី​ដែល​កំណត់ផល​ប្រយោជន៍​កម្ពុជា​ ឬអ្វី​ដែល​កម្ពុជា​ចង់​បាន​សម្រាប់អនាគត​របស់​ខ្លួន? ​នរណា​ត្រូវ​កំណត់​ផល​ប្រយោជន៍​របៀប​នោះ​សម្រាប់កម្ពុជា? ​ប្រសិន​បើ​កម្ពុជា​ប្រាថ្នា​ចង់​បាន​តម្លាភាព​ អភិបាល​កិច្ចល្អ ​និង​ការ​គោរព​សិទ្ធិមនុស្ស ​នោះ​ក្រុង​ប៉េកាំង​មិន​មែន​ជា​កន្លែង​សម្រាប់ធ្វើ​ឲ្យ​តម្លៃ​ទាំង​នោះ​បាន​ប្រសើរ​ទេ។​ សព្វ​ថ្ងៃ​ប្រទេស​កម្ពុជា​ឈរ​លើ​ផល​ប្រយោជន៍​ជា​សំខាន់​របស់ខ្លួន​គឺការ​ធ្វើឲ្យ​ប្រសើរ​នូវ​វិស័យ​អប់រំ​ វិទ្យាសាស្ត្រ​ បច្ចេក វិជ្ជា ​និង​ជាតិ​និយម​ជាជាង​យោធា​និយម»។​

ប្រទេស​ទាំងពីរ​កម្ពុជា ​និងចិន​បានបន្ត​ទំនាក់​ទំនង​ស្អិត​រមួត​ជាមួយ​គ្នារួម​ទាំង​តាម​រយៈការ​ផ្លាស់ប្តូរ​ទស្សនកិច្ច​របស់​មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​ បញ្ហា​វិនិយោគ ​ការ​ផ្តល់​ជំនួយ​ និង​កម្ចី​ ដូច​ប្រទេស​ជប៉ុន​ និង​បណ្តាប្រទេស​នានា​ដែរ។​ ប្រទេស​ចិន​កុំម្មុនីស្ត​ ​និង​កម្ពុជា​មាន​ចំណង​មិត្តភាព​ជ្រាលជ្រៅ​ដ៏យូរលង់​ណាស់​ហើយ។​ តែ​កំណើន​នៃ​កិច្ច​ទំនាក់​ទំនង ​និង​កិច្ច​សហប្រតិ​បត្តិការ​ត្រូវ​គេ​មើល​ឃើញ​ថា ​កើន​ឡើង​ខ្លាំង​ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ក្រោយ​ពេល​ដែល​ស.រ.អា.​ងាក​បែរ​ខ្លាំង​ទៅ​ពង្រឹង​ទំនាក់​ទំនង​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​តំបន់​អាស៊ី៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG