ខណៈដែលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានប្តេជ្ញាថានឹងនិយាយដោយសំឡេងតែមួយនៅក្នុងការចរចាអំពីក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (Code of Conduct/COC) រដ្ឋាភិបាលទីក្រុងប៉េកាំងកាន់តែយល់ឃើញថាយុទ្ធសាស្ត្រធ្វើការយឺតៗរបស់ខ្លួនលើបញ្ហាជម្លោះដែនទឹកនេះ កាន់តែរងការលំបាកពីសមាគមតំបន់អាស៊ាន។
ប្រទេសចិនដែលមានជម្លោះដែនទឹកជាមួយបណ្តាប្រទេសសមាជិកអាស៊ានមួយចំនួនរួមទាំងប្រទេសវៀតណាមនិងប្រទេសហ្វីលីពីន បាននិយាយថា ខ្លួននឹង«មិនប្រញាប់ប្រញាល់»ក្នុងការធ្វើការចរចាដើម្បីសម្រេចឲ្យបានក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងនោះទេ។ ជំហរនេះធ្វើឲ្យប្រទេសចិនផ្ទុយគ្នាជាមួយក្រុមប្រទេសអាស៊ីអាគ្នេយ៍ ដែលបានបង្ហាញថាពួកគេចង់ឲ្យការចរចាខាងមុខបានចប់ឆាប់ៗ។
ខណៈដែលបណ្តាប្រទេសអាស៊ាននិងប្រទេសចិនប្រុងប្រៀបខ្លួនចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៅទីក្រុងប៉េកាំងនៅក្នុងថ្ងៃទី២៩ខែសីហានេះ គោលជំហររបស់ប្រទេសចិនត្រូវបានប្រព័ន្ធផ្សព្វផ្សាយពិពណ៌នាថាជាយុទ្ធសាស្ត្រអូសបន្លាយ។
អ្នកស្រី Su Xiaohui អនុប្រធានផ្នែកយុទ្ធសាស្ត្រអន្តរជាតិនៃវិទ្យាស្ថានចិនសម្រាប់ការសិក្សាកិច្ចការអន្តរជាតិ ពន្យល់អំពីគោលជំហរប្រទេសចិនទៅលើបញ្ហាជម្លោះនេះ នៅក្នុងបទសម្ភាសន៍ជាមួយវីអូអេថា៖
«ភាគីចិនបានរកឃើញថា ខ្លួនមានការយល់ឃើញខុសគ្នាខ្លះអំពីរឿងក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង COC នេះជាមួយភាគីជាប់ទាក់ទងដទៃទៀត រួមទាំងបណ្តាប្រទេសអាស៊ាន។ ទី១ យើងចង់ឲ្យក្រមប្រតិបត្តិ COC នេះផ្តល់នូវបរិយាកាសល្អមួយសម្រាប់ពិភាក្សានិងចរចាអំពីដែនជម្លោះនានាក្នុងពេលអនាគត។ នេះជាគោលជំហរជាមូលដ្ឋានរបស់ចិន។ ប៉ុន្តែភាគីផ្សេងទៀតចាត់ទុកក្រមប្រតិបត្តិ COC ថាជាមធ្យោបាយជាក់ស្តែងមួយសម្រាប់ដោះស្រាយជម្លោះសមុទ្រចិនខាងត្បូងនេះទៅវិញ។ នេះជាការគិតខុសគ្នារវាងភាគីទាំងពីរ។ យើងជឿថា នៅក្រោយការសម្រេចបានក្រមប្រតិបត្តិនេះ ភាគីជាប់ទាក់ទងទាំងអស់នឹងគោរពតាមក្រឹត្យក្រមនានាបានជាប់លាប់ជាងមុន ដែលនេះនឹងបង្កើតបរិយាកាសល្អមួយសម្រាប់កិច្ចការតំបន់ ដើម្បីឲ្យយើងអាចដោះស្រាយជម្លោះនេះបានតាមការចរចាទ្វេភាគី។»
ការលេចធ្លោឡើងរបស់ប្រទេសចិនក្នុងឆាកអន្តរជាតិក៏ដូចជាការពង្រីកកងកម្លាំងជើងទឹករបស់ខ្លួន បានធ្វើឲ្យប្រទេសជិតខាងចិនមានការព្រួយបារម្ភ។ គោលនយោបាយសហរដ្ឋអាមេរិកដើម្បីធ្វើឲ្យមានតុល្យភាពអំណាចនៅអាស៊ី ត្រូវអ្នកវិភាគជាច្រើនមើលឃើញថាជាការជួយធ្វើឲ្យមានតុល្យភាពកម្លាំងយោធារបស់បណ្តាប្រទេសនានាដែលមានជម្លោះដែនដីជាមួយប្រទេសចិន។
លោក Luo Yuan អ្នកសិក្សាអំពីយោធាជាតិចិនដ៏មានប្រជាប្រិយភាពមួយរួមដែលមាន និន្នការយោធានិយម បានរិះគន់សហរដ្ឋអាមេរិកថាមានភាពលម្អៀង ហើយបានហៅប្រទេសហ្វីលីពីនថាជា«អ្នកបង្ករឿង»។
លោកថ្លែងថា៖ «ប្រទេសហ្វីលីពីនបានដើរតួជាអ្នកបង្ករឿងនៅក្នុងសមុទ្រចិនខាងត្បូង។ ហ្វីលីពីនព្យាយាមប្រើមធ្យោបាយយោធាដើម្បីដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង។ នេះជារឿងមិនអាចទៅរួចសោះ។ ប្រទេសហ្វីលីពីននឹងមិនអាចផ្លាស់ប្តូរអតុល្យភាពអំណាចដែលខ្លួនមានជាមួយចិន បើទោះបីជាខ្លួនទិញសព្វាវុធច្រើនប៉ុន្មានថែមទៀតក៏ដោយ។ យើងសង្ឃឹមថាប្រទេសហ្វីលីពីននឹងដើរជាមួយចិនតាមទិសដៅដូចគ្នាមួយដើម្បីឈានទៅរកការដោះស្រាយជម្លោះដោយសន្តិវិធីតាមការចរចា។»
សហរដ្ឋអាមេរិកបាននិយាយថា ខ្លួនប្រកាន់គោលជំហរអព្យាក្រឹត្យនៅក្នុងបញ្ហាជម្លោះដែនសមុទ្រនេះ ហើយបានអំពាវនាវឲ្យសមាគមអាស៊ាននិងចិនដោះស្រាយជម្លោះនេះដោយការចរចាតាមសន្តិវិធីនិងពហុភាគី។
ប៉ុន្តែប្រទេសចិននិយាយថាខ្លួននឹងពិភាក្សាអំពីបញ្ហាជម្លោះដែនទឹកនេះតាមរយៈការចរចាទ្វេភាគីតែប៉ុណ្ណោះ៕
ប្រែសម្រួលដោយ សឹង សុផាត
អ្នកស្រាវជ្រាវចិនព្រមានពីការប្រញាប់ប្រញាល់ពេកក្នុងការចរចាក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង
ប៉េកាំង —