ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ធនាគារ​មួយ​ដែល​គាំទ្រ​ដោយ​​ប្រទេស​ចិន​ នឹង​បញ្ឈប់​សកម្មភាព​ហិរញ្ញវត្ថុ​ជាមួយ​រុស្សី​និង​បេឡារុស


រូបឯកសារ៖ បដាសម្គាល់ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​ ឬ AIIB នៅទីស្នាក់ការកណ្តាលរបស់ខ្លួន ស្ថិតក្នុងទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២០។
រូបឯកសារ៖ បដាសម្គាល់ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​ ឬ AIIB នៅទីស្នាក់ការកណ្តាលរបស់ខ្លួន ស្ថិតក្នុងទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២០។

ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​ ឬ AIIB ដែល​គាំទ្រ​ដោយ​ប្រទេស​ចិន បាន​និយាយ​ថា ខ្លួន​នឹងផ្អាក​រាល់​មុខជំនួញជាមួយនឹង​ប្រទេស​រុស្សី​និង​បេឡារុស​ដោយសារ​ការ​ពាក់ព័ន្ធយ៉ាង​ជ្រៅ​របស់​ប្រទេស​ទាំង​ពីរ​នៅ​ក្នុង​សង្គ្រាមនៅ​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​តាម​សេចក្តីរាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ ធនាគារ AIIB បាន​បញ្ជាក់ថា «ដើម្បី​ផល​ប្រយោជន៍ដ៏​ត្រឹម​ត្រូវ​របស់​ធនាគារ ថ្នាក់ដឹកនាំរបស់ធនាគារ​បាន​សម្រេចថា រាល់​សកម្មភាព​នានា​ដែល​ទាក់ទិន​នឹង​ប្រទេស​រុស្សី​និង​បេឡារុស នឹង​ត្រូវ​ផ្អាក​ជា​បណ្តោះ​អាសន្ន​ហើយ​នឹង​ត្រូវការសើរើ​ពិនិត្យ​មើល​ឡើង​វិញ»។

ចិន​ដែល​បាន​ពង្រឹង​ទំនាក់ទំនងយ៉ាង​ជិតស្និទ្ធ​ទ្វេភាគី​ជាមួយ​រុស្សីក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមក​រហូត​មក​ដល់​ពេល​នេះ បាន​បញ្ចៀស​ការ​រិះគន់​រដ្ឋាភិបាល​ក្រុង​មូស្គូ​ដែល​បាន​ចូល​ឈ្លាន​ពាន​លើ​អ៊ុយក្រែន។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង ជា​ម្ចាស់​ភាគហ៊ុន​ដ៏​ធំបំផុត​នៅ​ក្នុង​ស្ថាប័ន​ធនាគារ​ពហុភាគី​នេះ​ដែលត្រូវ​បង្កើត​ឡើង​ក្រោម​ការផ្តូចផ្តើម​របស់​ប្រធានាធិបតី​ចិន​លោក Xi Jinping ដោយចិន​មាន​អំណាច​បោះឆ្នោត​ជិត ២៧%។

ធនាគារ​នេះ​ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរការនៅ​ឆ្នាំ ២០១៦ ដើម្បី​ទប់ទល់នឹងឥទ្ធិពលធនាគារ​ពិភព​លោកនិង​មូលនិធិ​រូបិយវត្ថុអន្តរជាតិ IMF។

រុស្សី​ក៏​ស្ថិតក្នុង​ចំណោមសមាជិក​ស្ថាបនិក​នៃធនាគារ AIIB នេះ​ផង​ដែរ​ហើយ​មាន​អំណាច​បោះ​ឆ្នោត ៦% នៅ​ក្នុង​កិច្ចប្រតិបត្តិការ​របស់​ធនាគារ​នេះ​និង​ជាម្ចាស់​ភាគហ៊ុន​ធំ​ទី ៣ បន្ទាប់ពី​ចិន​និង​ឥណ្ឌា។

រុស្សី​ក៏ជា​សមាជិក​មួយ​រូប​នៃ​គណៈកម្មាធិការ​នាយក​របស់ធនាគារ​នេះ​ផង​ដែរ។

ធនាគារ AIIB បាន​បញ្ជាក់​ថា ខ្លួន​កំពុង​តាមដាន​ស្ថានភាព​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​យ៉ាង​យក​ចិត្ត​ទុកដាក់​ហើយ​ថ្នាក់ដឹកនាំ​របស់​ធនាគារ​នេះ នឹង​ខិតខំ​ឲ្យ​ «អស់​លទ្ធភាព​ដើម្បី​ការពារ​សុច្ចរិតភាព​ខាង​ហិរញ្ញវត្ថុ» របស់​ខ្លួន៕

XS
SM
MD
LG