ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជប៉ុន នឹង​ដាក់​ទណ្ឌកម្ម​លើ​ការនាំ​ចេញ​បន្ទះ​អេឡិចត្រូនិក​ទៅ​ប្រទេស​រុស្ស៊ី ដោយសារ​វិបត្តិ​អ៊ុយក្រែន


នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្នុង​ទីក្រុង​តូក្យូ កាលពី​ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។
នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្នុង​ទីក្រុង​តូក្យូ កាលពី​ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។

ជប៉ុន ​នឹង​ដាក់​ទណ្ឌកម្ម​ទៅ​លើ​រុស្ស៊ី​ដោយ​ដៅ​យក​វិស័យ​នាំ​ចេញ​បន្ទះ​អេឡិចត្រូនិក (semiconductor) ​និង​ស្ថាប័ន​ហិរញ្ញវត្ថុនានា​របស់​រុស្ស៊ី។ នេះ​បើ​តាម​ការ​ថ្លែង​របស់​នាយករដ្ឋមន្ត្រី​ជប៉ុន​ លោក Fumio Kishida ក្រោយ​ពី​មេដឹកនាំ​ក្រុម​ប្រទេស​ G-7 បាន​យល់​ព្រម​គ្នា​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅ​លើ​រដ្ឋាភិបាល​ក្រុង​មូស្គូ​ចំពោះ​ការ​ឈ្លានពាន​របស់​ខ្លួន​ទៅ​លើ​ប្រទេស​អ៊ុយក្រែន។

ការ​ប្រកាស​នេះ ​កើត​មាន​ឡើង​ក្រោយ​ពីប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin ធ្វើ​ការវាយប្រហារ​ឈ្លានពានពេញ​ទំហឹង​លើ​អ៊ុយក្រែន ទាំង​តាម​ដីគោក​ និង​តាម​អាកាស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។​

លោក Kishida ថ្លែង​ថា ប្រទេស​ជប៉ុន​ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទី​៣​ក្នុង​ពិភពលោក គ្រោង​នឹង​«បង្កក​ទ្រព្យ​សម្បត្តិ​និង​ព្យួរ​ការ​ចេញ​ទិដ្ឋាការ​ដល់​បុគ្គល​និង​ស្ថាប័ន​រុស្ស៊ី» ក៏​ដូច​ជា​បង្ក​ទ្រព្យ«របស់​ស្ថាប័ន​ហិរញ្ញវត្ថុ​រុស្ស៊ី»។

នាយករដ្ឋមន្ត្រី​ជប៉ុន​រូប​នេះ​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​ថា៖ «ទី​៣​ ​យើង​នឹង​ដាក់​ទណ្ឌកម្ម​ចំពោះ​ការ​នាំ​ចេញ​ទៅលក់​ឱ្យ​អង្គការ​នានា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​យោធា​រុស្ស៊ី និង​ការ​នាំ​ចេញទៅ​រុស្ស៊ី​នូវ​រាល់​ទំនិញ​ប្រើប្រាស់​ទូទៅ​ដូច​ជា​បន្ទះ​អេឡិចត្រូនិក និង​ទំនិញ​ផ្សេង​ទៀត​ដែល​មាន​នៅ​ក្នុង​បញ្ជី​រឹតត្បិត​ ដោយ​ផ្អែក​លើ​កិច្ចព្រមព្រៀង​អន្តរជាតិ»។

លោក Kishida មិន​បាន​បញ្ជាក់​ពី​ទំហំ​នៃ​ទណ្ឌកម្ម​ទាំង​នោះ​ទេ ហើយ​ក៏​មិន​បាន​បញ្ជាក់ថា​ តើ​បុគ្គល​និង​ស្ថាប័ន​រុស្ស៊ី​ណា​ខ្លះ​នឹង​ក្លាយ​ជា​គោលដៅ​នៃ​ទណ្ឌកម្ម​ទាំង​នោះ ក៏​ប៉ុន្តែ​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុកនិយាយ​ថា ធនាគារ Bank Rossiya ធនាគារ Promsvyazbank និង​ធនាគារ​អភិវឌ្ឍ​សេដ្ឋកិច្ច​រុស្ស៊ី (VEB) នឹង​ត្រូវ​រង​ទណ្ឌកម្ម។

បន្ទះ​អេឡិចត្រូនិក (semiconductor) ជា​គ្រឿង​បំណែក​សំខាន់​ក្នុង​ផលិតផល​នានា​ ដូច​ជា​រថយន្ត ប្រព័ន្ធ​កុំព្យូទ័រ​សម្រាប់​ហ្គេម ហើយការ​ផ្គត់ផ្គង់​បន្ទះ​ទាំង​នេះ​ កំពុង​មាន​ការ​ខ្វះខាត​នៅ​ជុំវិញ​ពិភពលោក៕

ប្រែសម្រួលដោយ​លោក សឹង សុផាត

អត្ថបទ​ទាក់ទង

XS
SM
MD
LG