ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសពីការដាក់ទណ្ឌកម្មជុំថ្មីមួយលើរុស្ស៊ី បន្ទាប់ពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន ដោយចោទប្រកាន់ថាមេដឹកនាំរុស្ស៊ីលោក Vladimir Putin «បានជ្រើសរើសសង្គ្រាមនេះ» ហើយលោកថា ប្រទេសរុស្ស៊ីនឹងត្រូវទទួលផលវិបាកដោយសារតែសកម្មភាពរបស់លោក Putin។
លោក Biden ថ្លែងថា ទណ្ឌកម្មថ្មីទាំងនេះសំដៅទៅលើធនាគាររុស្ស៊ី ពាណិជ្ជកម្មធំៗដ៏មានឥទ្ធិពលរបស់រស្ស៊ីនិងវិស័យបច្ចេកវិទ្យាទំនើប។ សហរដ្ឋអាមេរិកនិងក្រុមសម្ព័ន្ធមិត្តនឹងរាំងខ្ទប់ទ្រព្យធនរបស់ធនាគារធំៗចំនួន ៤ របស់រុស្ស៊ី ដាក់ការត្រួតពិនិត្យលើការនាំចេញនិងដាក់ទណ្ឌកម្មលើពាណិជ្ជកម្មធំៗនានា។
លោក Biden ក៏បានថ្លែងផងដែរថា អាមេរិកនឹងពង្រាយកងកម្លាំងបន្ថែមទៅកាន់ប្រទេសអាល្លឺម៉ង់ដើម្បីគាំទ្រដល់អង្គការអូតង់បន្ទាប់ពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន ដែលមិនមែនជាសមាជិកនៃអង្គការការពារនេះ។
ការផាកពិន័យនានានឹងធ្វើឡើងស្របតាមការទទូចរបស់សេតវិមានដែលចង់ដាក់ទណ្ឌកម្មលើប្រព័ន្ធហិរញ្ញវត្ថុរបស់រុស្ស៊ីនិងបក្ខពួករបស់លោក Putin ហើយស្របពេលជាមួយគ្នានោះក៏បានដាក់ការត្រួតពិនិត្យទៅលើការនាំចេញ ដែលចង់កាត់ផ្តាច់ឧស្សាហកម្មនានារបស់រុស្ស៊ីបន្ទះអេឡិចត្រូនិច និងផលិតផលបច្ចេកវិទ្យាជាន់ខ្ពស់ផ្សេងៗទៀត។
លោក Biden បានថ្លែងថា៖ «លោក Putin ជាអ្នកវាយប្រហារមុន។ លោកបានជ្រើសរើសដើរលើផ្លូវសង្គ្រាម ហើយឥឡូវនេះ លោកនិងប្រទេសរបស់លោកនឹងត្រូវទទួលផលវិបាកទាំងនេះ»។
ក្នុងពេលឥឡូវនេះលោក Biden មិនទាន់ដាក់ទណ្ឌកម្មធ្ងន់ៗបំផុតមួយចំនួនដូចជាកាត់ផ្តាច់រុស្ស៊ីពីប្រព័ន្ធផ្ទេរប្រាក់ SWIFT ដែលអនុញ្ញាតឲ្យផ្ទេរប្រាក់ពីធនាគារមួយទៅកាន់ធនាគារផ្សេងទៀតនៅទូទាំងសាកលលោក ឬក៏កាត់ផ្តាច់វិស័យប្រេងរបស់រុស្ស៊ីនៅឡើយទេ។
លោក Biden បានប្រកាសដាក់ទណ្ឌកម្មទាំងនេះ ខណៈរដ្ឋាភិបាលអ៊ុយក្រែនបានរាយការណ៍អំពីការកើនឡើងនៃចំនួនមនុស្សស្លាប់។ កងកម្លាំងរុស្ស៊ីបានវាយប្រហារអ៊ុយក្រែនពីភាគខាងកើត ខាងជើងនិងខាងត្បូង។
លោក Biden បានថ្លែងទៅកាន់ពលរដ្ឋអាមេរិកាំងពីសេតវិមានប៉ុន្មានម៉ោងបន្ទាប់ពីបានជួបប្រជុំតាមអ៊ីនធឺណិតជាមួយនឹងមេដឹកនាំអង់គ្លេស កាណាដា បារាំង អ៊ីតាលី និងជប៉ុន។ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel និងអគ្គលេខាធិការអង្គការអូតង់លោក Jens Stoltenberg ក៏បានចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ។
លោកប្រធានាធិបតីBiden ក៏បានជួបជាមួយនឹងក្រុមសន្តិសុខជាតិកាលពីព្រឹកថ្ងៃព្រហស្បតិ៍នៅក្នុងបន្ទប់សម្ងាត់The Situation Room នៃសេតវិមានខណៈពេលលោកចង់ផ្តល់ព័ត៌មានបន្ថែមអំពីចំណាត់ការរបស់អាមេរិកនៅក្នុងវិបត្តិដែលកាន់តែតានតឹងឡើងយ៉ាងឆាប់រហ័សនេះ។
ខណៈលោក Biden ពណ៌នាថាទណ្ឌកម្មទាំងនេះមានសភាពធ្ងន់ធ្ងរ ក្រុមមន្ត្រីអ៊ុយក្រែនជំរុញឲ្យអាមេរិកនិងបណ្តាប្រទេសលោកខាងលិចចាត់វិធានការឲ្យខ្លាំងជាងនេះនិងកាត់ផ្តាច់រុស្ស៊ីពីប្រព័ន្ធផ្ទេរប្រាក់អន្តរជាតិ SWIFT៕