ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​សិទ្ធិ​មនុស្ស៖ មរណភាព​លោក ជា ស៊ីម បង្ហាញ​អំពី​និទណ្ឌភាព


រូបឯកសារ៖ លោក ជា ស៊ីម (ឆ្វេង) អតីត​ប្រធាន​​គណបក្ស​ប្រជាជន​កម្ពុជា និង​ជាអតីត​ប្រធានព្រឹទ្ធសភាជាតិ បានទទួលមរណភាពនៅ​​ថ្ងៃ​ច័ន្ទ​ទី៨​ ខែ​មិថុនា​ ឆ្នាំ​២០១៥។
រូបឯកសារ៖ លោក ជា ស៊ីម (ឆ្វេង) អតីត​ប្រធាន​​គណបក្ស​ប្រជាជន​កម្ពុជា និង​ជាអតីត​ប្រធានព្រឹទ្ធសភាជាតិ បានទទួលមរណភាពនៅ​​ថ្ងៃ​ច័ន្ទ​ទី៨​ ខែ​មិថុនា​ ឆ្នាំ​២០១៥។

មរណភាព​មេ​ដឹកនាំ​កំពូល​របស់​គណបក្ស​គ្រប់គ្រង​ប្រទេស​គឺ​លោក​ជា ស៊ីម ​ដែល​ជា​អតីត​កម្មាភិបាល​ខ្មែរក្រហម​ ត្រូវគេ​ចាត់​ទុក​ថា ​ធ្វើ​ឲ្យ​វប្បធម៌​និទណ្ឌ​ភាព​ កើត​បន្ត ហើយ​ថា​ អ្នក​ដែល​ទទួល​ខុសត្រូវ​ចំពោះ​ការ​សម្លាប់​ពលរដ្ឋខ្មែរ​សម័យ​ខ្មែរក្រហម​ត្រូវរួច​ទោស។​ ក្រុមមន្ត្រី​កម្ពុជា​បាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​តប​ទៅនឹង​ការ​ចោទ​ប្រកាន់​ដែល​ថា ​មេដឹកនាំ​របស់ខ្លួន​គឺ​លោក​ជា ស៊ីម​ពាក់​ព័ន្ធ​នឹង​ឧក្រិដ្ឋ​កម្ម​ធ្ងន់ធ្ងរ​នា​នៅ​សម័យ​ខ្មែរក្រហម​នោះ។ ​

ក្រុម​អ្នកស្រាវ​ជ្រាវ ​និង​អ្នក​ឃ្លាំ​មើល​សាលាក្តី​ខ្មែរក្រហម​ ទាំង​ជាតិ​ និង​អន្តរជាតិ​រួមទាំង​អង្គការ​សិទ្ធិ​មនុស្ស​ Human ​Rights ​Watch ​ថ្មីៗ​នេះ​បាន​ភ្ជាប់​មេ​ដឹកនាំ​កំពូល​របស់​គណបក្ស​គ្រប់គ្រង​ប្រទេស​គឺ​លោក​ជា ស៊ីម​ថា​ ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​សម័យ​ខ្មែរក្រហម​ ហើយ​លោក​បាន​រួច​ផុត​ពី​ការ​ស៊ើប អង្គេត​រឿងរ៉ាវ​ក្នុង​ឃាតកម្ម​សម័យ​ខ្មែរក្រហម​រហូត​ដល់​លោក​ស្លាប់​ ដែល​គេ​ ចាត់​ទុក​ថា ​ជា​ការ​បង្ហាញ​ថា​ តុលាការ​ខ្មែរក្រហម​បាន​បរាជ័យ​ ហើយ​វប្បធម៌​រួច ទោស​កំពុង​បន្ត​កើត​មាន​ក្នុង​ប្រទេស​កម្ពុជា។​

របាយ​ការណ៍​របស់​លោក​ Brad Adams​ នាយក​អង្គការ ​Human​ Rights ​Watch​ ប្រចាំ​តំបន់​អាស៊ី​ហាក់ដូច​ជា​និយាយ​ប៉ះចំ​ទៅ​លើ​ចំណុច​រសើប​សំខាន់​មួយ​ មុន​ពេល​បោះ​ឆ្នោតឆ្នាំ​២០១៨ ​ហើយ​ប៉ះចំ​ត្រង់​ទៅលើ​បញ្ហា​ដែល​គណបក្ស​នេះ​ លាក់​ទុក ​និង​មិន​សូវ​មាន​គេហ៊ាន​និយាយ​ជា​ចំហ​ជាយូរ​មក​ហើយ​នោះ។​

តែ​អង្គការ​សិទ្ធិ​មនុស្ស ​Human ​Rights​ Watch ​នេះ​បាន​បញ្ជាក់​ចំៗ​ថា​ លោក​ជា ស៊ីម​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋ​កម្ម​ធ្ងន់ធ្ងរ​ក្នុង​ពេល​លោក​កាន់​មុខ​តំណែង ​ជា​លេខា​បក្ស​ស្រុក​ ឬ​គណៈ​ស្រុក​ពញា​ក្រែក តំបន់​២០ ​ភូមិភាគ​បូព៌ា​សម័យ​ខ្មែរ​ក្រហម។ ​បញ្ហា​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ការ​ចាប់​ខ្លួន​តាម​អំពើ​ចិត្ត​ ការ​ធ្វើ​ទារុណ​កម្ម​ ការ​សម្លាប់ ​និង​ទាសភាព​ជាដើម។​

អង្គការ​ Human ​Rights ​Watch ​បាន​និយាយ​ដូច្នេះ​ក្នុង​របាយ​ការណ៍​របស់​ខ្លួន​ចំ ថ្ងៃ​លោក​ជា ស៊ីម​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​និង​ជា​ប្រធាន​ព្រឹទ្ធ​សភា ​បាន​ស្លាប់​ក្នុង​ជន្មាយុ​៨២​ឆ្នាំ ​ដោយ​រោគា​ពាធ​កាលពី​ថ្ងៃ​ទី៨​ខែ​មិថុនា​ ឆ្នាំ​២០១៥។​ ថ្លែង​ប្រាប់​វីអូអេ​តាម​ទូរស័ព្ទ ​លោក ​Brad Adams ​បាន​បញ្ជាក់​បន្ថែម​ថា៖​

«មរណភាពរបស់​លោក​ជា ស៊ីម​គឺ​ជា​ការ​បង្ហាញ​ថា ​ក្រុម​មន្ត្រី​អតីត​ខ្មែរក្រហម​ស្ទើរ​តែ​ទាំងអស់​មិន​ត្រូវ​បាន​ទទួល​ការ​កាត់​ទោស​ចំពោះ​ការ​ស្លាប់​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​លាននាក់​ ហើយ​នឹង​មិន​ទទួល​ខុសត្រូវ​ចំពោះ​ទុក្ខ​វេទនា​ពិតៗ​របស់​ពលរដ្ឋ​ខ្មែរជា​ទូទៅ​ក្រោមការ​គ្រប់គ្រង​ខ្មែរក្រហម។​ វា​ជា​ការ​ចំអក​ដល់​យុត្តិធម៌​ដែល​លោកជា ស៊ីមអាច​កាន់​មុខ​តំណែង​ជា​មេដឹកនាំ​ប្រទេស​កម្ពុជា​ក្រោយ​របប​ខ្មែរក្រហម​ជាច្រើន​ទសវត្សរ៍ ​ដោយ​គ្មាន​ការ​ប្រឈម​មុខ​ការ​ស៊ើប​អង្កេត​ ការ​ចាប់​ខ្លួន​ ​ឬ​ចោទ​ប្រកាន់​ទោស​ទាល់តែ​សោះ»។​

ការ​បញ្ជាក់​របស់​នាយក​អង្គការ​ Human ​Rights ​Watch​ នេះគឺផ្ទុយ​ទៅ​នឹ​ង​អ្វី​ដែល​ជា​មូលដ្ឋាន​គ្រឹះ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ធ្លាប់​យក​មក​ឃោសនា​រក​សំឡេង​ឆ្នោត​មួយ​ផ្នែក។​ ការ​ឃោសនា​នោះ​បាន​លើក​ឡើង​ថា​ គណបក្ស​ប្រជាជន​កម្ពុជា ​និង​មេដឹកនាំ​គណបក្ស​នេះ​ជា​អ្នក​តស៊ូ​បណ្តេញ​ពួកខ្មែរក្រហម​ រំដោះ​ប្រទេស​ពី​ការ​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ កាល​ពី​ថ្ងៃ​៧​មករា​ឆ្នាំ​១៩៧៩។​គណបក្ស​កាន់​អំណាច​នេះ​បាន​ចេញ​ប្រតិកម្ម​យ៉ាង​ខ្លាំងភ្លាមៗ​ប្រឆាំង​តបនឹង​អង្គការ​សិទ្ធិ​មនុស្ស ​Human Rights ​Watch។​

លោក​សុខ ឦសាន ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ថ្លែង​ប្រតិកម្ម​ ចំពោះ​អង្គការ​ Human ​Rights ​Watch៖​

«ខ្ញុំ​យល់​ថា ​មតិ​របស់​លោក​ Brad Adams​ ហ្នឹង​វា​លម្អៀង។​ វា​មិនមែន​ផ្អែក​ទៅ​លើ​សច្ចធម៌​ទេ​ ព្រោះ​គាត់​តាំងខ្លួន​ជា​ខ្មាំង​សត្រូវ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទៅ​ហើយ។ ​ទោះ​ជា​និយាយ​ម៉េច​ក៏មិន​អាច​ទទួល​យក​បាន​ដែរ។​ តាំងពី​ដើម​មក​យើង​ឃើញ​ហើយ​ លោក​ Brad Adams ​មិន​ដែល​និយាយ​ល្អ​ពី​កម្ពុជា​ទេ​ ជាពិសេស​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។​ អញ្ចឹង​សម្តេច​ជា ស៊ីម​ អ្នក​ណា​ក៏ទទួល​ស្គាល់​ដែរ​ថា ​លោក​ជា​វីរជន​របស់​ជាតិ​យើង»។​

លោក​បាន​លើកឡើង​ពី​កេរដំណែល​របស់​លោក​ជា ស៊ីម​ថា​ បាន​រួម​ដៃ​រំដោះ​ ប្រទេស​ជាតិ​ពី​របប​ខ្មែរក្រហម។​ ក្រោយ​ពី​បាន​រំដោះ​ប្រទេស​ហើយ​ លោក​ក៏​បាន​រួម​ចំណែក​ក្នុង​ការ​ដឹកនាំ​ប្រទេស​ ស្តារ​ប្រទេស​តាំងពី​បាតដៃ​ទទេ។ ​លោកបន្ត​ថា​ រហូត​ដល់​បច្ចុប្បន្ន​នេះ​ លោក​ជា ស៊ីម​ក៏​បាន​រួម​ចំណែក​យ៉ាង​ធំធេង​ដែរ​ ហើយ​នរណា​ក៏​ដឹង​ដែរ។​

លោក​សុខ ឦសាន​បាន​កំណត់​ហើយ​ថា​ ខួរក្បាលលោក​ Brad Adams ​នៅ​មាន​ការ​បន្ត​បង្កប់​សង្គ្រាម​ត្រជាក់​នៅ​ឡើយ​ ព្រោះ​ទោះបី​ជា​គណបក្ស​ទាំងអស់​នៅ​កម្ពុជា​បាន​អនុវត្ត​ដំណាក់​កាលថ្មី ​អនុវត្ត​ច្បាប់​រដ្ឋធម្មនុញ្ញ​ របប​ប្រជា​ធិបតេយ្យ ​សេរី ​ពហុបក្ស​ក៏​ដោយ​ ក៏​លោក​ Brad Adams ​នៅតែ​ចាត់​ទុក​ថា ​គណបក្ស​ប្រជាជន​កម្ពុជាជា​គណបក្ស​កំម្មុយ​នីស្ត។​

ប្រតិកម្ម​ជា​បន្ត​បន្ទាប់​របស់​ក្រសួង​ព័ត៌មាន​ និង​ក្រសួង​មហាផ្ទៃ​ក៏​បាន​ចេញ​ ព្រោង​ព្រាត​ដើម្បី​ប្រឆាំង​នឹង​សារ​ព័ត៌មាន​ក្នុង​ប្រទេស​មួយ​ចំនួន​ ហើយ​នឹង​ អង្គការ​ Human ​Rights ​Watch ​ផង​ដែរ​ចំពោះ​ការ​ផ្សព្វផ្សាយ​អំពី​លោក​ជា ស៊ីម​ ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋ​កម្ម​ក្នុង​របប​ខ្មែរក្រហម។​

លោក​សុខ ឦសាន​បានបន្ថែម​ថា​ ជា​រឿង​មិន​អាច​ទទួល​យក​បាន​ដែល​លោក ​ជា ស៊ីម​ ជា​អ្នក​តស៊ូ ​បែរ​ជា​ត្រូវរង​ការ​ចោទ​ប្រកាន់​ថា​ ជា​ខ្មែរក្រហម​ទៅ​វិញ។

លោក​បាន​បន្ថែម​ថា​ គេ​មិន​អាច​ចាត់​ទុក​ថា ​អញ្ចឹង​បាន​ទេ​ ព្រោះ​លោក​ជា ស៊ីម​បានចូលព្រៃ​ម៉ាគី​ទៅតាម​ការ​អំពាវនាវ​របស់​ព្រះ​ករុណា ​សម្តេច​ព្រះ​នរោត្តម​ សីហនុ​ក្នុង​ការ​តស៊ូ​វ៉ៃ​ចក្រពត្តិ ​ហើយ​នឹង​បន​បរិវា​របស់​ចក្រពត្តិ។​ ហើយ​នៅ​ថ្ងៃ​រំដោះ​ឆ្នាំ​១៩៧៥​ ប្រជា​ពលរដ្ឋ​កម្ពុជា​អរណាស់​ថា ​ប្រទេស​បាន​សុខ​សន្តិភាព​ បញ្ចប់​សង្គ្រាម។ ​តែ​ផ្ទុយ​ទៅ​វិញ​ដោយ​សារ​ប៉ុល ពត​ក្បត់។​ ក្បត់​ទាំង​គណបក្ស​ ហើយ​ទាំង​ប្រជាជន។​ រួច​សាប​ព្រោះ​អំពើ​ប្រល័យ​ពូជសាសន៍​ កាប់​សម្លាប់។ លោក​បាន​បន្ថែម​ថា​ មិន​អាច​បញ្ចូល​លោក​ជា ស៊ីម​ទៅ​ក្នុង​ជួរខ្មែរក្រហម​ដោយ​សារ​តែ​ការ​ងើប​តស៊ូ​របស់​លោក​នោះទេ។​

«ព្រោះ​គាត់​តស៊ូ​នៅ​ក្នុង​ស្មារតី​សេ្នហាជាតិ​ ឧត្តុង្គ​ឧត្តម​របស់គាត់​ តាម​ការ​អំពាវនាវ​របស់​ព្រះ​ករុណា។​ អញ្ចឹង​ទេ ​ពេល​ដែល​ដឹង​ថា ​ប៉ុល ពត​ក្បត់​ហើយ​ ​គាត់​ធ្វើ​ការ​រើបម្រះ​ ធ្វើការ​តស៊ូ​ទាំង​សម្ងាត់​ ទាំង​ចំហ​ប្រឆាំង​នឹង​ប៉ុល ពត។​ អញ្ចឹង​ម៉េច​ក៏​បញ្ចូល​គាត់ទៅ​ជាមួយ​ប៉ុល ពត​កើត។​ ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជាមួយ​ចំនួន ​ដែល​មាន​ស្មារតី​សេ្នហាជាតិ​ ហើយ​ប្រឆាំង​ដាច់ខាត​ជាមួយ​របប​ប៉ុល​ ពត​នេះ ​យើង​ឃើញ​ហើយ​ថា​ បាន​រួម​កម្លាំង​គ្នា​បង្កើត​ជា​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​ដើម្បី​ធ្វើការ​តស៊ូ»។​

ទោះជា​យ៉ាងណា​ក៏ដោយ លោក​នេត ថេយ័រ ​(Nate Thayer) ​អ្នក​កាសែត​ អាមេរិកាំង​ល្បីល្បាញ​ម្នាក់​ដែល​បាន​សម្ភាស​ប៉ុល ពត​ពេល​នៅរស់​ ហើយ​បាន​តាម​ដាន​សាលាក្តី​ខ្មែរក្រហម​កម្ពុជា​នោះ​ បាន​ថ្លែង​ប្រាប់​វីអូអេ​ថា​ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​ភាគ​ច្រើន​ជា​មនុស្ស​ចេញពី​អតីត​ខ្មែរក្រហម ​ដែល​គ្មាន​ការ​ចាប់​អារម្មណ៍​នឹង​យុត្តិធម៌​ពិត​ប្រាកដ​ទេ។​ តែ​ផ្តោត​ទៅ​លើការ​ថែរក្សា​អំណាច​វិញ​ ដោយ​មាន​ការ​រារាំង​មន្ត្រី​របស់​ខ្លួន​មិន​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ និង​សាកសួរ​ដោយ​ តុលាការ​ខ្មែរក្រហម។​

«តែ​ការ​ស្លាប់​របស់​លោក​ជា ស៊ីម​ពិតជា​បង្កើត​ជា​សំណួរអំពីភាព​រួចទោស​ដល់​ ក្រុម​ខ្មែរក្រហម ​មិន​ឲ្យ​មាន​ការ​សាកសួរ​ ឬ​ស៊ើប​អង្កេត​ពី​បទ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ ​ឬ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដែល​ពេល​នេះ​តុលាការ​អន្តរជាតិ​កំពុង​ជំនុំ​ជម្រះ​ទោស​ក្នុង​ប្រទេស​កម្ពុជា»។​

លោក​សាស្ត្រាចារ្យ​ច្បាប់​អាមេរិកាំង​ម្នាក់​គឺ​លោក​ Peter Maguire ​ដែល​ជាអ្នក​និពន្ធ​សៀវភៅ​ខ្មែរក្រហម​ឈ្មោះ​ Facing Death in ​Cambodia ​បាន​ថ្លែង​ថា៖

«ជា​ការណ៍​ពិត​ ខ្ញុំ​ឃើញ​ការ​កាត់ទោស​ទាំងមូល​មាន​ការ​សម្រប​សម្រួល​តាំងពី​ដើម​ដំបូងៗ​ម្ល៉េះ។​ តុលាការ​នេះ​មិនមាន​បំណង​បង់​សំណាញ់​ឲ្យ​ធំ​ទេ។​ គេ​ធ្វើ​ការ​ កាត់​ទោស​ផ្តោត​ទៅ​លើ​តែ​បុគ្គល៣​ទៅ​៥​នាក់​ ហើយ​លោក​ហ៊ុន សែន​មិន​ដែល​ផ្លាស់ប្តូរ​គោល​ជំហរ​នោះ​ឡើយ។​ ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​គឺ​ជា​អ្នក​ដែល​ដាក់​សម្ពាធ ​តែ​លោក​ហ៊ុន សែន​បាន​សម្រេច​ចិត្ត​ជា​អចិន្ត្រៃយ៍​ តាំងពី​ថ្ងៃ​ដំបូង​ថា​ លោក​នឹង​ផ្តោត​លើ​ការកាត់​ទោស​មេដឹកនាំ​ខ្មែរក្រហម​តែ​ប៉ុន្មាន​នាក់​នេះ​ប៉ុណ្ណោះ»។​

លោក​បន្ត​ថា ​តុលាការ​នេះ​កាត់​ទោស​ទំហំ​តូចតាច​ ហើយនឹង​មាន​អំណាច​តិចតួច​ ដែល​រឿង​នេះ​ជា​ឧទាហរណ៍​ពី​ការ​គ្រប់គ្រង​ប្រទេស​មិន​តាម​បែប​ប្រជា​ធិបតេយ្យ ​ហើយ​វប្បធម៌​គ្មាន​ទោស​ពៃរ៍​នៅ​កើត​មាន​ជាបន្ត។​

លោក​នេត្រ ភក្រ្តា ​អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម​ បាន​បដិសេធ​ពុំ​ធ្វើ​អធិប្បាយ​ ចំពោះ​ការ​រិះគន់​តុលាការ​ខ្មែរក្រហម​ដោយ​អង្គការ ​Human ​Rights ​Watch ​ហើយ​នឹង​អ្នក​តាម​ដាន​នោះ​ទេ។​

ក៏​ប៉ុន្តែ ​លោក​សុខ ឦសាន​បាន​អះអាង​ថា​ គេគួរ​មើល​ពី​កិច្ច​ព្រម​ព្រៀង​រវាង​ អ.ស.ប. ​និង​កម្ពុជា​ស្តីពី​ការ​បង្កើត​តុលាការ​ខ្មែរក្រហម​ ដែល​កាត់​ទោស​តែ​ជំពូក​ មនុស្ស​ពីរ​ប្រភេទគឺ​មេ​ដឹកនាំ​ខ្មែរក្រហម​ជាន់ខ្ពស់​បំផុត​ហើយនឹង​អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​របស់​របប​ខ្មែរក្រហម​នៅ​ចន្លោះ​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩។​

«តុលាការ​ហ្នឹង​គេ​ធ្វើការ​ឲ្យ​វា​ត្រូវ​តាម​ក្រប​ខណ្ឌ​ដែល​មាន​កិច្ច​ព្រមព្រៀង​រវាង​រាជ​ រដ្ឋាភិបាល​កម្ពុជា​ជាមួយ​នឹង​អ.ស.ប.។​ អញ្ចឹង​ហើយ​មិន​ត្រូវរាល​ដាល​ដល់​អ្នក​នេះ​ ដល់​អ្នកនោះ​ទេ។ វា​នាំ​ឲ្យ​បង្កើត​សង្គ្រាម​ស៊ីវិល​ត​ទៅ​ទៀត។​ អាហ្នឹង​បាន​សេចក្តី​ថា​ គាត់​ហ្នឹង​មិនមែន​និយម​សន្តិភាព​ទេ។ ​យើង​ត្រូវ​មើល​អ្នក​ហ្នឹង។​ បើ​គាត់​ចាក់​ឆ្កិះ​អ្នក​ដែល​មិន​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត ​ហើយ​នឹង​អ្នក​ដែល​មិនមែន​ជា​អ្នក​ដឹកនាំ​កំពូល​របស់​ខ្មែរក្រហម​កម្ពុជា​ប្រជាធិប​តេយ្យ​ហើយ​ អាហ្នឹង​គឺ​ថា ​គាត់​ឆ្កិះ​យក​មក​អញ្ចឹង​ម៉េច​កើត?»។​

លោក​ Brad Adams​ អះអាង​ថា ​ជា​រឿង​គួរ​ឲ្យ​អស់​សំណើច​ចំពោះ​ប្រតិកម្ម​របស់​ មន្ត្រី​កម្ពុជា ​ដោយសារ​នេះ​គឺ​ជា​ការណ៍​ពិត​ ហើយ​គេ​បាន​សរសេរ​ជា​សៀវភៅ​ធ្វើ​ ជា​ឯកសារ ​របាយ​ការណ៍​របស់​អ្នក​កាសែត ​និង​គេ​ដឹង​ឮអស់​ហើយ​ពីការ​ជាប់​ពាក់​ព័ន្ធ​របស់​លោក​ជា ស៊ីម​នៅ​សម័យ​ខ្មែរក្រហម​នោះ។​

ទោះជា​យ៉ាងនេះ​ក្តី​ អ្នក​កាសែត​ជើង​ចាស់​កម្ពុជា​ម្នាក់​គឺ​លោកថេត សម្បត្តិ ​ផលិត​ករ​ឯកសារ​ភាពយន្ត​ខ្មែរក្រហម​«សត្រូវ​ប្រជាជន» ​ឬ ​«Enemies ​of the People»​ ​បាន​ថ្លែង​ថា​ លោក​ជា ស៊ីម​មានការ​ទទួល​ខុសត្រូវ​ចំពោះ​ការ​ស្លាប់​ប្រជាជន​ជា​ច្រើន។​

«បើ​ធៀប​ទៅនឹង​តា​ខៀវ សំផន​ គាត់​ត្រូវ​ទទួលខុស​ត្រូវ​ធំ​ជាង​ចំពោះ​ការ​ស្លាប់ ប្រជាជននៅ​សម័យ​ឆ្នាំ​១៩៧៥​ដល់ឆ្នាំ​១៩៧៩»។​

លោក​សុខ ភាព​ ជា​អតីត​មេ​បញ្ជាការ​ខ្មែរក្រហម ​ដែល​បាន​ផ្តាច់​ខ្លួន​ពី​ប៉ុល ពត​ចូល​ជាមួយ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​កាលពី​ថ្ងៃ​ទី១៥​ខែ​សីហា​ឆ្នាំ​១៩៩៦​ ក្នុង​តំបន់​ភ្នំម៉ាឡៃ​ ខេត្ត​បន្ទាយ​មានជ័យ ​ហើយ​បច្ចុប្បន្ន​នេះលោក​ធ្វើ​ជា​អនុ​រដ្ឋលេខា​ធិការ​ក្រសួង​ការពារ​ជាតិ។ ​លោក​បាន​អះអាង​ថា ​លោក​មិន​ឮ​ដំណឹង​ពី​លោក​ជា ស៊ីម​ទេ ​លុះគ្រា​ក្រោយ​សមាហរណកម្ម​ ទើប​លោក​បាន​ជួបគ្នា​ពេល​លោក​ធ្វើ​ដំណើរ​ទៅ​មូលដ្ឋាន​ ក្នុង​ខេត្ត​បន្ទាយ​មានជ័យ​ ឬ​ឆ្លងកាត់​ទៅ​ប្រទេស​ថៃ។​

លោក​ថា ​លោក​ជា ស៊ីម​ធ្លាប់​បញ្ជាក់​អំពី​អតីត​កាល​តិចតួច ​ពេល​ជួបគ្នា​ក្រោយ​សមាហរណ​កម្ម។​

«មិន​ដែល​និយាយ​អីទេ​ គ្រាន់តែ​និយាយ​ថា ​យើងពី​ដើម​ដូច​តែ​គ្នា​ហ្នឹង។ អ្នក​តស៊ូ តែ​ក្រោយ​មក​បែក​ផ្លូវ​គ្នា»។​

លោក​សុខ ភាព​បាន​អះអាង​ថា​ លោក​គ្រាន់តែ​ឮ​ថា​ លោក​ជា ស៊ីម​ជា​គណៈ​ស្រុក​ពញា​ក្រែក​ តែ​មិន​ធ្លាប់​ជួប​ទេ​ក្នុង​សម័យ​ខ្មែរក្រហម។​

ទោះ​ជា​យ៉ាងណា​ក៏ដោយ​ លោក​ថេត សម្បត្តិ ​ដែល​បាន​ស្រាវជ្រាវ​ឯកសារ​ សម្រាប់​ផលិត​ខ្សែ​ភាព​យន្ត​ឯកសារទី២​របស់​លោក​ បាន​បញ្ជាក់​ថា ​នៅ​ភូមិភាគ​ បូព៌ា ​ដែល​គ្រប់​គ្រង​ដោយ​លោក​សោ ភឹម​និង​លោកជា ស៊ីម​នេះ​គឺ​មាន​ប្រជាជន​ស្លាប់​ច្រើន​ ដោយ​លោក​អះអាង​ថា​ លោក​មាន​ឯកសារគ្រប់​គ្រាន់​ថា ​តើ​គាត់​ប្រព្រឹត្ត​យ៉ាង​ណា​ខ្លះ​នៅ​ក្នុង​តំបន់​របស់​គាត់។​

«ព្រោះ​អ្នក​ដែល​ប្រព្រឹត្ត​ការ​កាប់​សម្លាប់​ទាំង​ប៉ុន្មាន​ហ្នឹង​គឺ​ថា ​នៅ​ក្នុង​ជួរ​រដ្ឋា​ភិបាល​រាល់​ថ្ងៃ​ រស់​ដោយ​មាន​សេរីភាព​ មាន​អំណាច​ ហើយ​ចំពោះ​ការ​សម្លាប់​ដូច​ខ្ញុំ​បាន​និយាយ​រួច​ហើយ​គឺ​មិនមែន​តែ​ថ្នាក់​កំពូល​ឯណា។​ អញ្ចឹង​សម័យ​នោះ​ដូច​ខ្ញុំ​និយាយ​អញ្ចឹង​ វា​មាន​ភាព​ស្មុគ​ស្មាញ​ តែខ្ញុំ​មិន​ចង់​និយាយ​ទេ​ ខ្ញុំទុក​នៅក្នុង​ឯកសារ​របស់​ខ្ញុំ​ដើម្បី​បង្ហាញ​ការណ៍​ពិត​ ព្រោះ​ខ្ញុំ​មិន​ចង់​និយាយ​ឲ្យ​ពិស្តារថា​ តើ​វា​មូល​ហេតុ​អី​ខ្លះ​ ដែល​បណ្តាល​ឲ្យ​ប្រជាជន​យើង​ស្លាប់។​ តែ​ខ្ញុំ​គ្រាន់តែ​ចាត់​ទុក​ថា ​ តុលាការ​នេះ​គ្រាន់​តែ​ឧបករណ៍​មួយ​ដែល​ធ្វើ​ឲ្យ​របប​លោក​ហ៊ុន សែន​ លោក​ ហេង សំរិន ​ហើយនឹង​អ្នក​ដទៃ​ផ្សេង​ទៀត​ ហើយនឹង​ការ​ឈ្លានពាន​របស់​វៀតណាម​នោះ​ ឲ្យស្របច្បាប់​តែប៉ុណ្ណោះ​ទេ​ បាទ»។​

លោក​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​លោក​ហ៊ុន សែន​ចំណេញ​ច្រើន។​ រដ្ឋាភិបាល​វៀតណាម​គេ​ចំណេញ​ច្រើន​ទៅ​លើ​ការ​បង្កើត​សាលាក្តី​នេះ៖​

«ព្រោះ​មូលហេតុ​អី ​ព្រោះ​គេ​យក​តុលាការ​នេះ​ឯង​ដើម្បី​កាត់​ទោស​មេ​ដឹកនាំ​ខ្មែរក្រហម​ ដើម្បី​ធ្វើ​ឲ្យ​របប​ហ្នឹងហើយ​នឹង​ការ​ឈ្លានពានរបស់​គេ​ហ្នឹង​គឺ​ស្រប​ច្បាប់​ក្នុង​ឆ្នាំ​១៩៧៨​ ឆ្នាំ​១៩៧៩»។​

លោក​ថ្លែង​ថា ​តុលាការ​នេះ​មិន​អាច​រក​យុត្តិធម៌បាន​ទេ​ ព្រោះ​អ្វី​ដែល​តុលាការ​កំពុង​ធ្វើ​នោះ​ គឺ​វា​ផ្ទុយ​ពីអ្វី​ដែល​លោក​បាន​រក​ឃើញ។​

លោក​ថេត សម្បត្តិ​ ដែល​កំពុង​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​នៅ​ក្នុង​សាលកល​វិទ្យាល័យប្រទេស​អាមេរិក​ Harvard ​បាន​បន្ថែម​សេចក្តី​ថា ​ការ​កាត់​ទោស​ខ្មែរក្រហម​នេះ​គឺ​សំដៅ​ទៅ​លើ​ក្រុម​ខ្មែរក្រហម​មួយ​ចំហៀង​ដឹកនាំ​ដោយ​ប៉ុល ពត​ ​តែ​ក្រុម​ខ្មែរក្រហម​ម្ខាង​ទៀត​ ដែល​ស្ថិត​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​សព្វថ្ងៃ​ ដែល​លោក ​សម្បត្តិ​ថា ​បាន​សម្លាប់​ពលរដ្ឋ​សាហាវ​ជាង​ក្រុម​ប៉ុល ពត​ទៀត​នោះ​ មិន​ត្រូវ​គេ​នាំ​ខ្លួន​ទៅ​កាត់​ទោស​ទេ។​

«អ្នក​ទាំងអស់​ហ្នឹង​ទទួល​ខុសត្រូវ​ធំ​ណាស់​ ព្រោះ​អ្នក​ទាំងអស់​ហ្នឹង...​គឺ​ថា​ អញ្ចឹង​ ហើយ​បាន​ជា​ខ្ញុំ​សោកស្តាយ​ ដែល​លោក​ជា ស៊ីម​ គាត់​ស្លាប់​ហ្នឹង។​ ខ្ញុំ​សោក​ស្តាយ​មែនទែន។​ ខ្ញុំ​សោក​ស្តាយ​ចង់​ឲ្យ​គាត់​បាន​មើល​ឯកសារ​ខ្ញុំ​ដើម្បី​បង្ហាញ​ថា​ អ្វី​ដែល​គាត់​បាន​ប្រព្រឹត្ត​ក្នុង​សម័យ​នោះ​ ព្រោះ​ពួក​គាត់​ជា​អ្នក​ប្រព្រឹត្ត​បញ្ហា​ហ្នឹង​កើត​ឡើង ​មិនមែន​ប៉ុល ពត​ទេ។​ ខ្ញុំ​បញ្ជាក់​ឲ្យ​ច្បាស់​មិនមែន​ប៉ុល ពត ​នួន ជា​ទេ»។​

លោក​បាន​បន្ថែម​ថា ​លោក​គោរព​យុត្តិធម៌​ សច្ចធម៌ នរណា​ខុស​ នរណា​ត្រូវ។​ តែ​ក្រុម​ដែល​លោក​រក​ឃើញ​គឺ​ក្រុម​លោក​ជា ស៊ីម ​ដែល​បង្ក​ឲ្យ​ប្រជាជន​ស្លាប់​ច្រើន​នោះ។​

«ក្រុម​អ្នក​ទាំងអស់​ហ្នឹង​ឯង​ដែល​បង្ក​ឲ្យ​ប្រជាជន​ស្លាប់​នៅ​ក្នុង​តំបន់​របស់​ខ្លួន​ ​មិន​មែន​ប៉ុល ពត​ នួន​ជា​ទេ​បាទ»។​

សាលាក្តី​កាត់ទោស​ខ្មែរក្រហម​ ដែល​ចូលរួម​ដោយ​អ.ស.ប. ​បាន​ចាប់​ផ្តើម​ធ្វើ​កិច្ច​ព្រម​ព្រៀង​កាលពី​ឆ្នាំ​២០០៦។ ​ការបង្កើត​តុលាការ​នេះ​បាន​ខកខានជាង​បី​ទស​វត្សរ៍​ក្នុង​ពេលគណបក្ស​ប្រជាជន​កម្ពុជា​កាន់​អំណាច។​ សាលាក្តី​នេះ​រង​ការ​រិះគន់​ពី​ការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ​យ៉ាង​ខ្លាំង​កន្លង​មក​ក្នុង​ដំណើរការ​កាត់ទោស​ពួក​អតីត​មេ​ដឹកនាំ​ខ្មែរក្រហម​ដែល​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​ពលរដ្ឋ​ខ្មែរ​ស្លូត​ត្រង់​ជាង​១​លាន​៧​សែន​នាក់​ចន្លោះ​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩។​

សាលាក្តី​នេះ​បាន​បរាជ័យ​ជាច្រើន​លើក​ក្នុង​ការ​កោះហៅ​មន្ត្រី​កំពូល​ក្នុង​រដ្ឋាភិបាល​កម្ពុជា ​រួមទាំង​លោក​ជា ស៊ីម ​លោក​ហ៊ុន សែន​និង​មេដឹក​នាំ​ជាន់​ខ្ពស់​មួយ​ចំនួន​ទៀត​ដើម្បី​បំភ្លឺ​ចំពោះ​មុខ​ចៅក្រម​តុលាការ​ ក្នុងពេល​បន្ត​នីតិ​វិធី​តុលាការ។​

បន្ទាប់ពី​ការ​កាត់ទោសកាំង ហ្កេចអ៊ាវ ​ហៅ​ឌុច​ មេ​គុក​ទួលស្លែង​គឺ​មន្ទីរស​-២១​ ​មកនោះ​ សាលាក្តី​នេះ​កំពុង​កាត់ទោស​មេ​ដឹកនាំ​ខ្មែរក្រហម​តែ​ពីរ​នាក់​ប៉ុណ្ណោះ ​គឺ​នួន ជា​ និង​ខៀវ សំផន​ពី​បទ​ពាក់ព័ន្ធ​នឹង​បទ​ចោទ​ក្នុងកាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ជាង​១​លាន៧​សែន​នាក់​ក្នុង​ទសវត្សរ៍​១៩៧០៕

XS
SM
MD
LG