ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មាន​ទស្សនៈ​ចម្រុះ​ចំពោះ​គោរមងារ​សម្តេច​សម្រាប់​លោក​ស ខេង និង​លោក​សាយ ឈុំ


ព្រះរាជ​ក្រិត្យ​​​​ប្រទាន​​​គោរមងារ​​លោកស ខេង​​ជា​«សម្តេច​ក្រឡា​ហោម​ស ខេង» ​​និង​​លោក​​សាយ ឈុំ ​ជា​«សម្តេច​វិបុល​សេនា​ភក្តី​​សាយ​ ឈុំ»​
ព្រះរាជ​ក្រិត្យ​​​​ប្រទាន​​​គោរមងារ​​លោកស ខេង​​ជា​«សម្តេច​ក្រឡា​ហោម​ស ខេង» ​​និង​​លោក​​សាយ ឈុំ ​ជា​«សម្តេច​វិបុល​សេនា​ភក្តី​​សាយ​ ឈុំ»​

ព្រះ​មហា​ក្សត្រ​ខ្មែរ​សម្តេច​ព្រះ​បរមនាថ ​នរោត្តម​ សីហមុនី​បាន​ប្រោស​ព្រះរាជ​ទាន​គោរមងារ​ដល់​លោក​ស ខេង​ រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ​ ជា​«សម្តេច​ក្រឡា​ហោម​ស ខេង» ​និង​លោក​សាយ ឈុំ ​ប្រធាន​ព្រឹទ្ធសភា​ទើប​ជាប់​ឆ្នោត​ថ្មី​ជា​«សម្តេច​វិបុល​សេនា​ភក្តី​សាយ​ ឈុំ»។ ​នេះ​បើ​យោងតាម​ព្រះរាជ្យ​ក្រិត្យ​ដែល​បាន​ផ្សព្វ​ផ្សាយ​ក្នុង​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​ និង​តាម​ការ​បញ្ជាក់​ពី​អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​ និង​អ្នក​នាំពាក្យ​ព្រឹទ្ធ​សភា​នៃ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​អាទិត្យ​នេះ។​

នៅ​ក្នុង​ព្រះ​រាជ្យក្រិត្យ​ដែល​ឡាយ​ព្រះហស្ថ​ដោយ​ព្រះ​មហា​ក្សត្រ​ខ្មែរ​សម្តេច​ព្រះ​បរមនាថ​នរោត្តម​ សីហមុនី​ចុះ​ក្នុង​ថ្ងៃទី​១៤​ខែ​មិថុនា​នេះ​ ព្រះ​ហាក្សត្រ​ខ្មែរ​សម្តេច​ព្រះ​បរមនាថ ​នរោត្តម ​សីហមុនី​ទ្រង់​បាន​ហៅ​ថ្នាក់​ដឹកនាំ​ទាំងពីរ​រូប​នេះ​ថា ជាអ្នក​ដឹក​នាំ​ដ៏ឆ្នើម​ក្នុង​ការ​កសាង​សនិ្តភាព​ រក្សា​ស្ថិរភាព ​និង​អភិវឌ្ឍន៍​ជាតិ​ ហើយនិង​ការ​កសាង​ប្រព័ន្ធ​ច្បាប់​សម្រាប់​ជា​ឧត្តម​ប្រយោជន៍​ដល់​សង្គមជាតិ។

លោក​នាយ​ឧត្តម​សេនីយ៍​ខៀវ សុភ័គ​ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ លោក​បាន​ទទួល​ដំណឹង​អំពី​ព្រះ​រាជ្យ​ក្រឹត្យ​នេះ​តាម​ការចុះ​ផ្សាយ​របស់​បណ្តាញព័ត៌មាន​ក្នុង​ស្រុក​ ហើយ​ថា ​លោក​ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ទំនង​ជាទទួល​បានព្រះ​រាជ​ក្រិត្យ​នេះ​ហើយ។​ លោក​មាន​ប្រសាសន៍​ថា​ គោរម​ងារ​ថ្មី​នេះ​គឺ​ស័ក្តិ​សមនឹង​ការ​ខិតខំ​របស់​លោក​ស ខេង​ក្នុង​ការ​បម្រើ​សង្គម​កម្ពុជា​ និង​ព្រះ​មហា​ក្សត្រ​ខ្មែរ។​

«ជា​យោបល់​ខ្ញុំ​ផ្ទាល់​គឺ​ខ្ញុំ​មាន​ការ​រីករាយ​ ហើយនឹងចាត់ទុក​ថា ​គោរម​ងារ​នេះ​ស័ក្តិសម​នឹង​អ្វី​ដែល​ឯក​ឧត្តម​ឧប​នាយក​រដ្ឋ​មន្ត្រី​ស ខេង​ លោក​បាន​ខិតខំ​បម្រើ​ជាតិ​ មាតុភូមិ​ និង​ព្រះ​មហា​ក្សត្រ​កន្លង​មក ​ហើយ​ខ្ញុំ​ចាត់​ទុក​ថា​ នេះ​ជា​ការ​ប្រគល់​នូវ​គោរមងារ​មួយ​ដ៏​ស័ក្តិ​សម​ចំពោះ​លោក»។

រី​ឯ​លោក​អ៊ុំ សារិទ្ធ​ អ្នក​នាំពាក្យ​ព្រឹទ្ធ​សភា​កម្ពុជា​ បាន​ប្រាប់​ VOA ​ថា​ ព្រឹទ្ធ​សភា​បាន​ទទួល​ព្រះ​រាជក្រិត្យ​នេះ​រួច​ហើយ​ ហើយ​លោក​បាន​មាន​ប្រសាសន៍​ស្រដៀង​គ្នា​ទៅ​នឹង​មតិ​របស់លោក​នាយ​ឧត្តម​សេនីយ៍​ខៀវ​ សុភ័គ​ដែរ​ ទាក់​ទង​នឹង​ការ​ប្រោស​ព្រះរាជ​ទាន​គោរមងារ​ពី​ព្រះ​មហា​ក្សត្រ​ខ្មែរ​សម្តេច​ព្រះ​បរមនាថ​ នរោត្តមសីហមុនី​ដល់​លោក​សាយ​ ឈុំ​ ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា។​

«ព្រះ​ករុណា​លោក​សព្វ​ព្រះ​ហឫទ័យ​ប្រទាន​គោរមងារ​នេះ​ដល់​ថ្នាក់​ដឹកនាំ​របស់​ព្រឹទ្ធ​សភា​ ដោយសារ​លោក​ទតឃើញ​នូវ​គុណ​សម្បត្តិ​របស់​ថ្នាក់​ដឹក​នាំ​ ហើយ​និង​ស្នា​ដៃ​ចំពោះ​ជាតិ​ និង​ប្រជា​ជន​ ហើយ​និង​ចំពោះ​ព្រះ​ពុទ្ធ​សាសនា​ និង​ព្រះ​រាជ​បល័្លង្គ​ហ្នឹង​ បាន​ជា​ព្រះ​អង្គ​លោក​សព្វ​ព្រះ​ហឫទ័យ​ប្រទាន»។​

ទោះបី​ជាយ៉ាងណា​ក៏ដោយ​ លោក​កែម​ ឡី ​អ្នក​វិភាគ​សង្គម​ បាន​មើល​ឃើញ​ថា​ គោរមងារ​របស់​លោក​ស ខេង ​និង​លោក​សាយ ឈុំ​នេះ​គឺ​ជា​រឿង​មួយ​គួរ​ឲ្យ​អស់​សំណើច​ ដោយ​លោក​ពន្យល់​ថា​ ប្រទេសកម្ពុជា​បាន​បាត់បង់​ទឹក​ដី​ ​ធនធាន​ធម្មជាតិ ​ហើយអយុតិ្តធម៌​សង្គម​នៅ​បន្ត​ញាំ​ញី​ពលរដ្ឋ​កម្ពុជា​នៅ​ឡើយ។​

«ខ្ញុំ​មើល​ឃើញ​មាន​ចំណុច​ល្អ​ ហើយ​ក៏​មាន​ចំណុច​អាក្រក់​ដែរ​ ព្រោះ​អី​នៅ​ក្នុង​ការ​ដឹក​នាំ​ប្រទេស​ហ្នឹង​មាន​ផល​អាក្រក់​ច្រើន​ជាង​ផល​ល្អ។ ​អញ្ចឹងបើ​ផល​អាក្រក់​មាន​ច្រើន​ជាង​ផល​ល្អ​ គាត់​ក៏ជា​អ្នករួម​ចំណែកធ្វើ​ឲ្យ​មាន​ផល​អាក្រក់​ដែរ។​ ខ្ញុំ ​ឧទាហរណ៍​ ដូចជា​បាត់បង់​ទឹក​ដី​ហ្នឹង​ ជា​ផល​អាក្រក់​ ហើយ​អំពើ​អយុត្តិ​ធម៌​នៅ​ក្នុង​សង្គម​ច្រើន​ហ្នឹង​ ធនធាន​ធម្មជាតិ​អស់​ហ្នឹង​ ហ្នឹង​ក៏​ផល​អាក្រក់​ហើយ។​ ហើយ​ផល​អាក្រក់​ទាំងនេះ ​បើ​មនុស្ស​ប្រព្រឹត្ត​ហើយ​ទទួល​បាន​ងារ​ជា​ឧកញ៉ា​ ជា​សម្តេច​ ខ្ញុំ​គិត​ថា ​គួរ​ឲ្យ​អស់​សំណើច​ទៅ​វិញ»។

ការ​ប្រោស​ព្រះ​រាជទាន​គោរមងារ​ពី​ព្រះ​មហា​ក្សត្រ​ខ្មែរ​សម្តេច​ព្រះ​បរមនាថ​ នរោត្តម​ សីហមុនី​គឺធ្វើ​ឡើង​ជិត​មួយ​សប្តាហ៍ក្រោយមរណភាព​របស់​លោក​ជា ស៊ីម ​អតីត​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ប្រធាន​ព្រឹទ្ធសភា៕​


XS
SM
MD
LG