ប្រទេសកម្ពុជាអបអរសាទរចំពោះជំនួបរវាងមេដឹកនាំកូរ៉េទាំងពីរ ដែលទំនងជាឈានដល់ការលុបបំបាត់អាវុធប្រល័យលោក។ ការស្វាគមន៍របស់កម្ពុជាកើតឡើង ក្រោយពេលដែលមេដឹកនាំកូរ៉េទាំងពីរ ប្តេជ្ញារួមគ្នាថា នឹងធ្វើឲ្យមានសន្តិភាពក្នុងតំបន់ និង ប្រែក្លាយប្រទេសទាំងពីរ ទៅជាសម័យកាលដែលគ្មានសង្គ្រាម។
នៅពេលដែលមេដឹកនាំកូរ៉េទាំងពីរ បានប្តេជ្ញានាំសន្តិភាពនិងគ្មានសង្គ្រាមនុយក្លេអ៊ែរ កម្ពុជាបានចូលរួមជាមួយពិភពលោកដើម្បីអបអរសាទរប្រទេសទាំងពីរ ជាមួយនឹងពាក្យស្វាគមន៍ និងពេញចិត្តចំពោះជំនួបចរចា របស់មេដឹកនាំទាំងពីរ និង ការបួងសួងឲ្យបានទទួលជោគជ័យផងដែរ។
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានប្រកាសកាលពីថ្ងៃពុធថា លោកបានយល់ព្រមអនុញ្ញាតឱ្យអធិការកិច្ចអន្តរជាតិធ្វើការសង្កេតមើលសម្ភារៈសំខាន់ៗ សម្រាប់ កម្មវិធីផលិតមីស៊ីលក្នុងរោងចក្រនានា របស់ក្រុងព្យុងយ៉ាង។ លោកប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាថា នឹងប្រែក្លាយកូរ៉េទាំងពីរទៅជាសម័យកាលមួយ ដែលគ្មានសង្គ្រាម ក្រៅពីបានចាប់ផ្តើមអញ្ជើញលោកគីមឱ្យទៅបំពេញទស្សនកិច្ចក្នុងទីក្រុងសេអ៊ូល នៅចុងឆ្នាំនេះ។
ជុំទីពីរនៃកិច្ចចរចារបស់មេដឹកនាំឧបទ្វីបកូរ៉េ បានបញ្ចប់នៅថ្ងៃពុធនេះ ជាមួយនឹងការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ទីក្រុងព្យុងយ៉ាងនៅខែកញ្ញានិងកិច្ចព្រមព្រៀងយោធាដ៏ទូលំទូលាយមួយ។ ឯកសារចុងក្រោយដែលត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង Song Hyung-moo និង No Kwang Chul នៃមេដឹកនាំយោធា កូរ៉េខាងជើងបានគូសបញ្ជាក់ពីជំហានដើម្បីបន្ធូរបន្ថយភាពតានតឹងផ្នែកយោធារវាងប្រទេសទាំងពីរ។
លោកផៃ ស៊ីផានអ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយថា ប្រទេសកម្ពុជាស្វាគមន៍ចំពោះកិច្ចប្រជុំកំពូលរបស់មេដឹកនាំឧបទ្វីបកូរ៉េ និងគាំទ្រដល់កិច្ចប្រជុំកំពូលប្រវត្តិសាស្ត្រនេះ ដើម្បីនាំសន្តិភាពសម្រាប់ឧបទ្វីបកូរ៉េ តំបន់និងសកលផងដែរ។
«កម្ពុជា មានជំនឿលើកិច្ចពិភាក្សាទ្វេភាគីរវាងប្រទេសទាំងពីរ ដែលជាមូលដ្ឋានគ្រឹះក្នុងកិច្ចធានា និងបង្កើតបាននូវជំនឿ និងទំនុកចិត្ត ព្រមជាមួយនឹងកិច្ចឧបត្ថម្ភពីពហុភាគីដទៃផងដែរ។ សន្តិភាពជាគ្រឹះ និងជាបំណងរបស់មនុស្សជាតិទាំងមូល ដែលកម្ពុជា មានជំនឿខ្ពស់ និងអនុវត្តជាប្រចាំ»។
លោក ផៃ ស៊ីផាន បានអះអាងបន្តបញ្ជាក់ពីជំហរលើបញ្ហាអាវុធនុយក្លេអ៊ែ។
«កម្ពុជា ជាប្រទេសហត្ថលេខី នៃសន្ធិសញ្ញា និងកិច្ចព្រមព្រៀងអន្តរជាតិ ក៏ដូចជាតាមតំបន់ ក្នុងការប្រឆាំងទៅនឹងការផលិត ការប្រើប្រាស់ ការរក្សាទុក និងការធ្វើចរាចរ នូវអាវុធបរមាណូ អាវុធគីមី ឬអាវុធវេត្រាណូ និងអាវុធពាក់ព័ន្ធនឹងប្រភេទនេះ»។
លោកបណ្ឌិតឈាង វណ្ណារិទ្ធអ្នកវិភាគកិច្ចការតំបន់បានប្រាប់ VOAពីសុទិដ្ឋិនិយម របស់លោកទាក់ទងនឹងការចរចា និងតួនាទីរបស់កម្ពុជា។
«ទាក់ទងនឹងការវិវត្តន៍នៃឧបទ្វីបកូរ៉េហ្នឹង ជំហររបស់កម្ពុជាពីដើមក៏ដូចជាអនាគតដែរ គឺចង់ឃើញមានការចរចា និងការជឿទុកចិត្តគ្នា ហើយនឹងឧបទ្វីបកូរ៉េមួយប្រកបដោយសន្តិភាព គ្មានអាវុធនុយក្លេអ៊ែ និងការអភិវឌ្ឍ ហើយកម្ពុជាដែលជាសមាជិកអាស៊ាន គឺមានការអបអរសាទរចំពោះការវិវត្តន៍ជាវិជ្ជមាននូវឧបទ្វីបកូរ៉េហ្នឹងបាទ»។
សេចក្តីថ្លែងការណ៍ក្រុងព្យុងយ៉ាងនៅខែកញ្ញាបានគ្របដណ្ដប់លើប្រធានបទជាច្រើន។ ទាំងនេះរួមមានការបន្ធូរបន្ថយភាពតានតឹងផ្នែកយោធា ការអភិវឌ្ឍន៍សេដ្ឋកិច្ច ការដោះស្រាយបញ្ហា ការបែងចែកគ្រួសារ ការជំរុញនិងការផ្លាស់ប្តូរវប្បធម៌និងការរំសាយអាវុធនុយក្លេអ៊ែរឧបទ្វីបកូរ៉េ។ លោក Moon បានប្រកាសនៅចុងបញ្ចប់នៃសុន្ទរកថារបស់លោកថា លោកគីមបានទទួលយកការអញ្ជើញរបស់លោកទៅទស្សនាទីក្រុងសេអ៊ូលដោយសង្ឃឹមថា នៅចុងឆ្នាំនេះ។
លោក គីម ជុងអ៊ុន បានព្រមព្រៀងគ្នាក្នុងអំឡុងពេលនៃកិច្ចចរចា ដើម្បីលុបបំបាត់ជាអចិន្ត្រៃយ៍ នូវទីតាំងសាកល្បងមីស៊ីលនៅដុងឆាំង រីដែលស្ថិតនៅក្រោមការសង្កេតរបស់អធិការកិច្ចអន្តរជាតិ។ លោកក៏បានសម្តែងចេតនាក្នុងការរុះរើកន្លែងសាកល្បងនុយក្លេអ៊ែរ Yongbyon ផងដែរជាមួយគ្នាដែលសហរដ្ឋអាមេរិក ចង់ឃើញវិធានការពិតប្រាកដក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែ។
លោកប្រធានាធិបតីកូរ៉េខាងជើង គីម ជុងអ៊ុន បានជួបលោកប្រធានាធិបតីស.រ.អា. ដូណាល់ ត្រាំ នៅប្រទេស សិង្ហបុរី រយៈពេលជាង៣ខែហើយ ដែលគម្រោងមួយចំនួននៅមិនទាន់បានឈានដល់កិច្ចព្រមព្រៀងគ្នានៅឡើយ។ រឿងនេះធ្វើ ឲ្យអ្នកវិភាគមិនអាចវាស់ស្ទង់បានថាតើកូរ៉េខាងជើងចង់បានអ្វីពីស.រ.អា.និងសហគមន៍អន្តរជាតិ ដែលបានដាក់ទណ្ឌកម្មលើកូរ៉េខាងជើងយ៉ាងធ្ងន់ធ្ងរកន្លងមកនោះ៕